(ដោយ ម៉ែន គឹមសេង / VOA / 20-7-2018)
អង្គការ Global Witness អំពាវនាវឱ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋីកម្ពុជាចំនួន ៤ រូប ដែលអង្គការនេះចាត់ទុកថា បានដើរតួនាទីសំខាន់ ក្នុងការគៃបន្លំនយោបាយ និងសេដ្ឋកិច្ចកម្ពុជា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា បន្តក្តោបក្តាប់អំណាចទាំងស្រុង។សេដ្ឋីទាំង ៤ នាក់ មានបីនាក់ ជាសមាជិកព្រឹទ្ធសភានៃ គណបក្សប្រជាជនកម្ពុជា គឺលោកឧកញ៉ា ម៉ុង ឫទ្ធី លោកឧកញ៉ា លី យ៉ុងផាត់ លោកឧកញ៉ា ទ្រី ភាព និងលោកឧកញ៉ា ឡៅ ម៉េងឃីន។
អង្គការ Global Witness បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «ក្នុងពេលដែលសហរដ្ឋអាមេរិក កំពុងពិចារណាដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាមួយចំនួន អង្គការ Global Witness សូមអំពាវនាវឱ្យបញ្ចូលបុគ្គលទាំងនេះ ក្នុងបញ្ជីដាក់ទណ្ឌកម្មផង ដោយសារតែពួកគេ មានតួនាទីក្នុងការធ្វើឱ្យខូច លទ្ធិប្រជាធិបតេយ្យកម្ពុជា និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រព្រឹត្តឡើងក្រោមស្លាកក្រុមហ៊ុនរបស់ពួកគេ»។
ទង្វើខុសឆ្គងរបស់សេដ្ឋីទាំង ៤ រូប មានការរឹបអូសដីធ្លីពលរដ្ឋរាប់ពាន់គ្រួសារ កាប់បំផ្លាញព្រៃឈើ រត់ពន្ធឈើខុសច្បាប់ បូមខ្សាច់និងអាជីវកម្មកាស៊ីណូជាដើម។ ក្នុងប្រតិបត្តិការទាំងនោះ ពួកគេប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល។
នៅក្នុងយុទ្ធនាការថ្មីនេះ អង្គការ Global Witness បានចាត់ទុកថាការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺជាការឆក់ប្លន់សន្លឹកឆ្នោត របស់ពលរដ្ឋកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានឆក់ប្លន់សំឡេងរបស់ពួកគេ ក្នុងពេលកន្លងមក និងឆក់ប្លន់ធនធានធម្មជាតិ របស់ប្រទេសជាតិ។
លោកស្រី Emma Burnett អ្នកធ្វើយុទ្ធនាការ បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយជាមួយ VOA ថា (ចុចស្តាប់បទសម្ភាសន៍ទាំងស្រុងត្រង់នេះ)៖ «នេះគឺជាការក្បត់ពលរដ្ឋកម្ពុជា និងប្រទេសទាំងអស់ ដែលបានផ្តល់ប្រាក់ជំនួយរាប់ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋកម្ពុជា កសាងប្រព័ន្ធប្រជាធិបតេយ្យ ពីការវិនាសដោយរបបខ្មែរក្រហម ដើម្បីបានប្រព័ន្ធមួយ ដែលគោរពនីតិរដ្ឋ និងសិទ្ធិមនុស្សជាមូលដ្ឋាន។ ដល់ពេលដែលគេត្រូវឱ្យក្រុមវរជន ដែលបានឆក់ប្លន់យកស្នាដៃទាំងនេះពីពលរដ្ឋ ទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេហើយ»។
អង្គការឃ្លាំមើលបរិស្ថានមួយនេះ ក៏បានចេញផ្សាយគំនូរថ្លុកមួយចំនួន ដែលបង្ហាញថា ឧកញ៉ាទាំង ៤ មានទំនាក់ទំនងជិតស្និទ្ធនឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារ និងជាប្រភពថវិការរបស់គណបក្សប្រជាជនកម្ពុជា។
ក្នុងខណៈពេលដែលក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ដែលមានកូនស្រីឈ្មោះលោកស្រី ហ៊ុន ម៉ាណា មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនជីករករ៉ែ ហើយធ្លាប់ជានាយិការក្រុមហ៊ុន WS Mining ដែលក្រុមហ៊ុននេះ ប្រើប្រាស់ទាហានរដ្ឋាភិបាល រារាំងមិនឱ្យពលរដ្ឋ ចូលទៅធ្វើស្រែនៅតំបន់ក្បែរនោះ ហើយបំពុលទឹកធ្វើឱ្យពលរដ្ឋឈឺ និងងាប់សត្វពាហនៈជាដើម។
ក្មួយប្រុសលោក ហ៊ុន សែន គឺលោកឧកញ៉ា ហ៊ុន តូ មានជាប់ពាក់ព័ន្ធនឹងការជួញដូរប្រេងឥន្ធនៈដ៏ធំ ក៏ដូចជាត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធនឹងបណ្តាញរត់ពន្ធគ្រឿងញៀន និងលាងលុយកខ្វក់ ប៉ុន្តែលោកបានប្រកែក។ រី
ឯកូនប្រសាររបស់លោកនាយករដ្ឋមន្ត្រី គឺលោក សុខ ពុទ្ធិវុធ គឺជាអគ្គនាយក្រុមហ៊ុន Soma Group ដែលមានជាប់ពាក់ព័ន្ធនឹងការបំផ្លាញ និងបណ្តេញពលរដ្ឋចេញពីលំនៅដ្ឋាន នៅតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
អង្គការ Global Witness ថាអ្នកទាំងនេះ នឹងបាត់បង់ផលប្រយោជន៍ ប្រសិនបើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ដូច្នេះហើយទើបគណបក្សកាន់អំណាច ត្រូវធ្វើកិច្ចការសព្វបែបយ៉ាង។
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជាតិ នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕
.