កត់សម្គាល់ ៖ នាយករដ្ឋមន្ត្រីថ្មី ហ៊ុន ម៉ាណែត ដែលទទួលមរតកពីឪពុករបស់ខ្លួន គឺលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានស្នើព្រះមហាក្សត្រ នរោត្តម សីហមុនី តែងតាំងសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រួមទាំងតំណែងអនុរដ្ឋលេខាធិការអមក្រសួងស្ថាប័នជាតិ មានចំនួនសរុប ១៥៤៣ នាក់។ លុះមកដល់ថ្ងៃទី២៥ ខែសីហា លោក ហ៊ុន ម៉ាណែត បានស្នីតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រី ចំនួន ១៧៤ នាក់បន្ថែមទៀត។
ដូច្នេះក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ សមាសភាពគណៈរដ្ឋមន្ត្រី និងមន្ត្រីជាន់អមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកើនឡើងរហូតដល់ ១៧១៧ នាក់ ដែលជាចំនួនដ៏ខ្ពស់ហួសហេតុ។ (ដោយលោក ម៉ែន ណាត អតីតមន្ត្រីនាយកដ្ឋាននីតិវិធី នៃរដ្ឋសភា)
ការតែងតាំងទីប្រឹក្សានាយករដ្ឋមន្ត្រី ជិត ២០០នាក់ «ជាការចំណាយថវិកាជាតិខ្ជះខ្ជាយ»
វិទ្យុអាស៊ីសេរី RFA /ដោយ យន់ សាមៀន
27-8-2023
អ្នកវិភាគនយោបាយ លើកឡើងថា ការតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រី រហូតទៅដល់ជិត ២រយនាក់ (១៧៤) គឺជាការចំណាយថវិកាជាតិខ្ជះខ្ជាយ ដែលបានមកពីការប្រមូលពន្ធ របស់ប្រជាពលរដ្ឋ។ មន្ត្រីគណបក្សប្រឆាំង យល់ឃើញថា ការតែងតាំងទីប្រឹក្សាច្រើនសន្ធឹកសន្ធាប់ដូច្នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មី តែប៉ុណ្ណោះទេ តែក៏ជាការបង្កើតប្រព័ន្ធការពារគ្នាទៅវិញទៅមក ក្នុងការធ្វើអាជីវកម្មខុសច្បាប់ផងដែរ។
ផ្ទុយពីការរំពឹងថា នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងកាត់បន្ថយការចំណាយថវិកាជាតិ ទៅលើទីប្រឹក្សា និងជំនួយការនោះ លោកបានតែងតាំងទីប្រឹក្សា និងជំនួយការផ្ទាល់ខ្លួន សរុបរហូតទៅដល់ ១៧៤ នាក់ កាលពីថ្ងៃទី២៥ ខែសីហា។
អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ឃើញថា ការតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រីច្រើនសន្ធឹកសន្ធាប់ដូច្នេះ គឺជាការចំណាយថវិកាជាតិ ដែលបានមកពីញើសឈាមប្រជាពលរដ្ឋខ្ជះខ្ជាយ ខណៈប្រជាពលរដ្ឋភាគច្រើន កំពុងប្រឈមនឹងជីវភាពកាន់តែក្រីក្រ។ លោកបន្ថែមថា ការតែងតាំងទីប្រឹក្សា និងជំនួយការរហូតដល់ចំនួនរាប់រយនាក់ដូច្នេះ នឹងមិនធ្វើឱ្យការងាររបស់នាយករដ្ឋមន្ត្រី មានប្រសិទ្ធិភាពនោះឡើយ។
លោក គឹម សុខ៖ «ឪពុកបានអនុវត្តនូវនយោបាយសំពោងសំពាយ ទីប្រឹក្សាច្រើន គណៈរដ្ឋមន្ត្រីរាប់រយនាក់ដោយគ្មានការខ្មាសអៀន។ វាសមណាស់ កូនហ្នឹងឡើងមក នាំគ្នាលាងសម្អាតនូវអំពើដ៏គគ្រិចរបស់ឪពុកហ្នឹង ប៉ុន្តែអត់ធ្វើទេ បែរជាបន្តកាន់តែអាក្រក់ជាងឪពុក ទៅទៀត។ អាហ្នឹងហើយ នាំភាពអាប់ឱន និងអាម៉ាស់ធ្ងន់ធ្ងរណាស់ ទៅដល់ប្រទេសជាតិ»។
ប្រតិកម្មរបស់អ្នកវិភាគនយោបាយបែបនេះ ធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រសម្ដេច នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ២ ដាច់ដោយឡែកពីគ្នា ដោយតែងតាំងទីប្រឹក្សានាយករដ្ឋមន្ត្រី ចំនួន ១០៤នាក់ និង ជំនួយការនាយករដ្ឋមន្ត្រី ចំនួន ៧០ នាក់ កាលពីថ្ងៃទី២៥ ខែសីហា។ ទីប្រឹក្សានាយករដ្ឋមន្ត្រី និង ជំនួយការនាយករដ្ឋមន្ត្រី សុទ្ធតែទទួលបានងារជាឯកឧត្ដម និងបានទទួលប្រាក់បំណាច់មុខងារ ដែលមានឋានៈចាប់ពីអគ្គនាយក រហូតដល់ទេសរដ្ឋមន្ត្រី។
ជាមួយគ្នានេះ បើទោះបីជាទីប្រឹក្សានាយករដ្ឋមន្ត្រីមួយចំនួន ពុំទទួលបានប្រាក់បំណាច់មុខងារក្ដី ប៉ុន្តែទីប្រឹក្សាទាំងនោះ ត្រូវបានគេមើលឃើញថា គឺជាបុគ្គលដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងពាក់ព័ន្ធជាមួយអាជីវកម្ម ដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ជាក់ស្ដែង ឧកញ៉ា ពុង ឃាវសែ ដែលល្បីល្បាញខាងលុបបឹងទន្លេ និងមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋក្នុងការកសាងប្រលានយន្តហោះថ្មី ក្នុងខេត្តកណ្ដាល និងឧកញ៉ា លី យ៉ុងផាត់ ដែលជាថៅកែស្ករឈាម ប្រើអំពើហិង្សា ទៅលើប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី នៅឃុំអមលាំង ខេត្តកំពង់ស្ពឺ ផងនោះ ក៏ត្រូវតែងតាំងជាទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត ផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៦ ខែសីហា។
ជុំវិញរឿងនេះដែរ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន មានប្រសាសន៍ថា ការតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រីច្រើនបែបនេះ គឺជាការឆ្លុះបញ្ចាំងអំពីអសមត្ថភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ជាការបង្កើតប្រព័ន្ធការពារគ្នាទៅវិញទៅមក។
លោក អ៊ំ សំអាន៖ «សុភាសិតខ្មែរយើងថា មនុស្សតិចអន្សមខ្លោច មនុស្សដូចស្រមោចអន្សមឆៅ អាហ្នឹងការងារអត់មានប្រសិទ្ធភាពទេ ផ្ទុយទៅវិញធ្វើឱ្យមានបក្ខពួកនិយម គ្រួសារនិយម អំពើពុករលួយនៅក្នុងហ្នឹង»។
ក្រៅពីទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត មានលេខាផ្ទាល់ខ្លួន ដែលត្រូវទទួលប្រាក់បំណាច់ ដែលជាបន្ទុកថវិកាជាតិបន្ថែមទៀត ខណៈគណៈរដ្ឋមន្ត្រី នីតិកាលទី៧ ដែលមានមន្ត្រីជាន់ខ្ពស់ រហូតដល់ទៅជាង ១ពាន់៥រយនាក់ (១៥១២) រួចទៅហើយនោះ ត្រូវបានគេរិះគន់ថា ជារដ្ឋាភិបាលក្បាលធំ ខ្លួនតូច។
អ្នកវិភាគនយោបាយ លើកឡើងថា ការតែងតាំងទីប្រឹក្សា និងជំនួយការនាយករដ្ឋមន្ត្រីច្រើនបែបនេះ គឺជាការអនុវត្តបញ្ច្រាសយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលថ្មី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ ហើយក៏ឆ្លុះបញ្ចាំងពីអសមត្ថភាព របស់អ្នកដឹកនាំរដ្ឋាភិបាលផងដែរ៕


