រឿង​ព្រំដែន ស្រុកកំណើត ហេង សំរិន ជុំវិញការដោះដូរ ជាមួយ​វៀតណាម
ដោយលោក មួង សូនី (Moung Sony)៖ បេសសកម្ម១០០រាត្រី! /ថ្ងៃ ១១ ធ្នូ ២០១៨

នៅ​ខាង​ក្រោម​នេះ​ជា​ការ​អង្កេតរកឃើញ​របស់​ក្រុម​ការងារ ១០០​រាត្រី ដែល​​មាន​​ខ្លឹមសារ​​ដូច​តទៅ៖

I/ ការរកឃើញ

ទី១. ពលរដ្ឋនៅក្នុងតំបន់បានអះអាងថា អជ្ញាធរវៀតណាម តែងតែចូលល្បាតក្នុងដីខ្មែរ ស្ទើរជារៀងរាល់ថ្ងៃ។

ទី២. ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ បានអះអាងថា ខ្លួនពុំអាចធ្វើអ្វីនៅទីនោះ បានទេ ដូចជា​ការ​ដាំ​កូន​ស្វាយ កាប់​ឈើ​ជាដើម ដោយ​មាន​ការ​រារាំង ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

ទី៣. កម្ពុជា បានបាត់បង់វត្តត្នោត ដែលជាវត្តបុរាណ្យ ទៅប្រទេសវៀតណាម ដែល​មាន​ចម្ងាយ ពី​បង្គោល​ព្រំដែន លេខ ១២៧ ដែល​បាន​បោះ ក្នុង​ឆ្នាំ​២០០៨ ប្រមាណ​ជាង ២ គីឡូម៉ែត្រ តែ​តាម​ពិត​ទៅ​វត្តត្នោត​នោះ ស្ថិតក្នុង ភូមិអន្លុងជ្រៃ ភាគខាងកើត ស្រុកពញាក្រែក ត្បូងឃ្មុំ (តាមការអះអាងរបស់ពលរដ្ឋ នៅក្នុងតំបន់)។

ទី៤. ប្រជាពលរដ្ឋនៅរស់នៅក្នុង ភូមិថ្លុកត្រាច និង ភូមិ​អន្លុងជ្រៃ ផ្ទាល់ សុទ្ឋ​តែ​​បាន​អះ​អាង​ថា ខ្លួន​បាន​បាត់​បង់​ដី ស្រែចម្ការ ទៅ​ប្រទេស​វៀតណាម ក្នុង​ភូមិ​អន្លុងជ្រៃ និង ភូមិ​ថ្លុកត្រាច (​ភាគ​ខាង​កើត​ភូមិ) ស្រុក​កំណើត លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ ដែល​សព្វថ្ងៃ ក្នុង​ប្រទេស​​វៀតណាម ខណ្ឌ​ដោយ​បង្គោល​ព្រំដែន​ថ្មី ដែល​បោះ​ក្នុងឆ្នាំ២០០៨ គឺបង្គោលលេខ ១២៥ ដល់បង្គោល លេខ ១៣១។ ដី ស្រែចម្ការ ដែល​ក្រុម​គ្រួសារ​គាត់​​បាន​​ធ្វើ​ការ​ដាំដុះ​​នៅ​​ទីនោះ ជា​យូរណាស់មកហើយ ដែល​អាជ្ញាធរ​វៀតណាម បាន​​បញ្ឈប់​​ពួក​​គាត់​​មិន​ឱ្យ​ធ្វើ​​ស្រែ​​ចម្ការ រវាង​​នៅ​​ចន្លោះ​​ឆ្នាំ​​១៩៨៥ និង​​បាន​បញ្ឈប់​ទាំង​ស្រុង នៅ​ពេល​ដែល​បាន​បោះ​បង្គោល​ព្រំដែន​រួច នៅ​ឆ្នាំ​២០០៨។

ទី៥. បើទោះបីជាមានការដុះដូរ ភូមិអន្លុងជ្រៃ និងភូមិថ្លុកត្រាច នៅ​ឃុំកក់ ស្រុក​ពញាក្រែក មក​​ប្រទេស​កម្ពុជា​វិញ ដែល​វៀតណាម បាន​អះ​អាង​ថា ជា​របស់​ខ្លួន​នោះ ក៏​ប្រទេស​កម្ពុជា មិន​បាន​ទទួល​ផ្ទៃដី ពេញ​លេញ នូវ​ភូមិ​ទាំង​២ នោះ​ដែរ។ គឺ​ទទួល​បាន​ត្រឹម​ភូមិ​ថ្លុកត្រាច​ខាង​លិច ​រីឯ​ខាងកើត បាន​​បាត់​​បង់​​ទៅ​​ប្រទេស​​វៀតណាម និង​ទទួល​បាន​ភូមិ​អន្លុងជ្រៃ ខាងលិច រីឯ​ខាងកើត​បាន​ទៅ​ប្រទេស​វៀតណាម។ មូលហេតុ​នេះ​ឯង​​ បាន​​ជា​​ប្រជា​​ពលរដ្ឋ​​ដែល​រស់នៅ​​ក្នុង​តំបន់​ផ្ទាល់ បាន​បាត់​បង់ដី​ស្រែ​ចម្ការ​របស់​ខ្លួន ដែល​ធ្លាប់​ប្រកប​ផល​តាំង​ពី​យូរ​ណាស់​មក​ហើយ។ ក្រុមការងារ ១០០​រាត្រី មិន​បាន​រក​ឃើញ​ថា ផ្ទៃ​ដី នៅ​ភូមិ​ថ្លុកត្រាច​ខាង​កើត និង​អន្លុង​ជ្រៃ​ខាង​កើត ដែល​បាត់​បង់​ទៅ​វៀតណាម​នោះ ចំនួន​ប៉ុន្មាន​នោះ​ទេ។ (តាម​ការ​អះអាង​របស់​ប្រជា​ពលរដ្ឋ ក្នុង​តំបន់)។

ទី៦. បងប្អូន​ប្រជា​ពលរដ្ឋ ដែល​បាន​រស់​នៅ​ក្នុង​ភូមិ​អន្លុងជ្រៃ និង​ភូមិ​ថ្លុកត្រាច បាន​រៀប​រាប់​ថា ក្រៅ​ពី​ការ​បាត់​បង់​ចំណែក​ខ្លះ​នៃ ភូមិ​អន្លុងជ្រៃ និង ភូមិ​ថ្លុកត្រាច មាន​ភូមិ​ចំនួន​ផ្សេង​ទៀត ដែល​វៀតណាម បាន​យក​នោះ​គឺ ភូមិ​ត្នោត និង​ភូមិ​វត្តត្នោត ដែល​ភូមិ​ទាំង ២ នេះ មិន​បាន​និយាយ​រៀបរាប់​អ្វី ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ឡើយ។

ទី៧. ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ជន្លុងជ្រៃ និង​ភូមិ​ថ្លុកត្រាច មិន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ដោះ​ដូរ​ភូមិ​របស់​ខ្មែរ ទៅ​ឱ្យ​ប្រទេស​វៀតណាម និង​មិន​បាន​ចូល​រួម​សម្រេច​ផង ដែល​ក្នុង​ការ​ដោះ​ដូរ​ភូមិ​ទាំង​នោះ។

ទី៨. ច្រកព្រំដែនត្នោត ដែល​ជា​ច្រក​របៀង មាន​ការ​ដឹក​ទំនិញ​ចេញ​ចូល​សេរី ពី​វៀតណាម និង​កម្ពុជា មន្ត្រី​ព្រំដែន ខ្មែរ​ទទូល​បាន​ប្រាក់​ខែ​តិច​តូច​គឺ​ត្រឹម ១២០០០០០ រៀល ឬស្មើនឹង ៣០០​ដុល្លា ដែល​ប្រាក់​ខែ​នេះ មាន​ចំនួន​តិច​តួច ហើយ​អាច​នាំ​អោយ​មាន​អំពើ​ពុករលួយ។ ដោយ​ឡែក មន្ត្រី​បុស្តិ៍​របៀង​វៀតណាម ទទួល​បាន​ប្រាក់​ខែ​ជាង ១២០០​ដុល្លា ដែល​ច្រើន​ជាង​កម្ពុជា ៤ ដង​ឯនោះ។

II/ សេចក្តីសន្ធិដ្ឋាន

បើទោះបីជាមានការអះអាង ពីសំណាក់​ឯកឧត្តម វ៉ា គីមហុង នៅថ្ងៃទី ១៩ ខែ​មិថុនា ឆ្នាំ​២០១២ តាម​រយៈ​សារពត័មាន​ វិទ្យុអាស៊ីសេរី​ ថា ភូមិ​អន្លុងជ្រៃ ភូមិ​ថ្លុកត្រាច ដែល​ត្រូវ​បាន​គេគូស​ចូល​ក្នុង​ផែនទី​បារាំង មាន​មួយ​ខ្នាត​មួយ​លើ​មួយ​រយពាន់ (១/១០០.០០០) របស់​ក្រុម​ប្រឹក្សា​ភូមិ​សាស្ត្រ​ឥណ្ឌូចិន ទៅ​ហើយ។ យ៉ាង​ណា​យើង​មិន​ដែល​បាន​ឃើញ​ថា មាន​ការ​យក​ផែនទី១ ខ្នាតលើ ១០០​ពាន់​នោះ មក​បក​ស្រាយ​ជុំវិញ​បញ្ហា​ការ​ដោះដូរ​ភូមិ​នេះ​ដែរ។

ហេតុដូចនេះ ប្រជាពលរដ្ឋខ្មែរ​ទាំង​មូល រួម​ទាំង​ពលរដ្ឋ​រងគ្រោះ ដែល​បាន​បាត់​បង់ដី​ស្រែ​ចម្ការ​របស់​ខ្លួន មិន​ដឹង​អ្វី​ទាំង​អស់ អំពីការពិតនៃរឿងនេះ។ ហើយប្រជាពលរដ្ឋ ដែលរងគ្រោះពីការបាត់បង់ដីស្រែចម្ការ ទៅ​វៀតណាម ក៏​មិនបានទទួលយុត្តិធម៌អ្វីដែរ។ ប្រសិន​បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ យើង​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​បាន​ថា វៀតណាម​នៅ​តែ​មាន​ព្រៀប​ជាង​កម្ពុជា ព្រោះ​ហេតុ​ថា ភូមិ​ដែល​វៀតណាម អោយ​មក​កម្ពុជា​វិញ​នោះ វៀតណាម នៅ​តែ​គ្រប់​គ្រង មិន​ព្រម​ចាត់​ទុក​ជា​ដែន​អធិបតេយ្យ របស់​កម្ពុជា​ពិត​ប្រាក រីឯ​ភូមិ​ដែល​កម្ពុជា ត្រូវ​ដោះ​ដូរ​ ជា​ថ្នូរយក ភូមិ​អន្លុងជ្រៃ និង​ធ្លុកត្រាច​នោះ មិន​ដឹង​ភូមិ​មួយណា ដែល​មិន​ត្រូវ​បង្ហាញ​ជា​សាធារណ:។ ហើយ​ប្រសិន​បើ​កម្ពុជា បាន​ប្រគល់​ភូមិ​២ ទៅ​ប្រទស​វៀតណាម ជាថ្នូរ​នឹង​​ការ​ដោះ​ដូរ​ភូមិ​ថ្លុកត្រាច និង​អន្លុងជ្រៃ ពិត​ប្រាដក​មែន វៀតណាម គួរ​លែង​លូក​លាន់​ដែន​​អធិតេយ្យ​​កម្ពុជា នៅ​ក្នុង​ភូមិ​នោះ​បន្តទៀត។

III/ អនុសាសន៍

ទី១. រាជរដ្ឋាភិបាល ត្រូវរៀបចំក្រុម​សិក្សា​ស្រាវ​ជ្រាវ ឯករាជ្យ​ពិត​ប្រាកដ និង​មាន​ជំនាញ​វិជ្ជាជីវ: ច្បាស់​លាស់ មក​ពី​ស្ថានប័ន​អន្តរជាតិ ដូចជា​ក្រសួង​ផែនការ និង​ស្ថានប័ន​អន្តរជាតិ​ណា​ល្បីៗ រួច​ប្តឹង​ទៅ​តុលាការ ទីក្រុង​ឡាអេ។

ទី២. រាជរដ្ឋាភិបាល អនុញ្ញាត​អោយ​ឯកឧត្តមបណ្ឌិត សុខ ទូច ដែល​មិន​ជា​អ្នក​ជំនាញ​ត្រឹមត្រូវ និង ធ្វើការ​តាម​អារម្មណ៍ មក​សិក្សា​អំពី​បញ្ហា​ផែនទី​នោះ ដូចនេះ​ ដើម្បី​អោយ​ភ្លឺ​ច្បាស់​ប្តូរ​យុទ្ឋសាស្ត្រ​ក្នុង​​ការ​សិក្សា​អំពី​បញ្ហា​ព្រំដែន។

ទី៣. ប្រសិនបើមានការដោះដូរភូមិមែននោះ រដ្ឋាភិបាល គួរ​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋសភា និង​ មិន​គួរ​បំពាន​ច្បាប់​ព្រហ្មទណ្ឌ ក្នុង​មាត្រា​៤៤0 ដែល​បាន​ចែង​ថា «អំពើ​ប្រគល់​​អោយ​រដ្ឋ​បរទេស ឬ ភ្នាក់​ងារ​​បរទេស នូវ​ដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក​ ត្រូវ​ផ្តន្ទាទោស ដាក់​ពន្ឋនាគារ​អស់​មួយ​ជីវិត»

ទី៤. រាជរដ្ឋាភិបាល គួរ​បន្ថែម​ប្រាក់​ខែ ដល់​មន្ត្រីរាជការ ដែល​យាម និង​ការពារ​តាម​ព្រំដែន​កម្ពុជា​ យ៉ាង​ហោច​ណាស់​អោយ​បាន​ស្នើ​មន្ត្រី​វៀតណាម។

ទី៥. រាជរដ្ឋាភិបាល​គួរ​តែ​ផ្លាស់​ប្តូរ​មន្ត្រី​យាម​ព្រំដែន ក្នុង​រយៈ​ពេល ២ អាទិត្យ​ម្តង ដើម្បី​កុំ​អោយ​មាន​អំពើ​ពុករលួយ និង​ឃុបឃិត ជាមួយ​បរទេស។

ទី៦. រាជរដ្ឋាភិបាល គួរ​សិក្សា​អោយ​បាន​លំអិត ចំពោះ​មន្ត្រី​ណាដែ​ល​ឃុប​ឃិត​ជាមួយ​បរទេស យក​​មក​ដាក់​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ។

ទី៧. រាជរដ្ឋាភិបាល គួរចេញបំរាម​ហាម​ឃាត់​មន្ត្រី​អជ្ញាធរ​វៀតណាម ដែល​​ចេញ​ចូល​ល្បាត ក្នុង​ទឹក​ដី​ខ្មែរ ដើម្បី​រក្សា​ជំហរ​ឯករាជ្យ របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ការពារ​ព្រំដែន។

ក្រុមការងារ ១០០ រាត្រី សង្ឃឹម​ថា របាយការណ៍​ស្រាវ​ជ្រាវ​នេះ អាច​ចូល​រួម​ចំណែក​ក្នុង​ការ​សិក្សា អំពី​បញ្ហា​នៃ​ការ​ដោះ​ដូរ​ភូមិ​ថ្លុកត្រាច និង អន្លុងជ្រៃ ជូន​ដល់​រដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ទូទៅ ហើយ​ក៏​បាន​ជា​ឯកសារ​ប្រវត្តិ​សាស្ត្រ សំរាប់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ។

កំណត់ចំណាំ៖ ក្រុមការងារ ១០០រាត្រី សូមស្វាគមន៍ ចំពោះ​មតិ​រិះគន់​របស់​បងប្អូន​ជន​រួម​ជាតិ​ ក្នុង​ន័យ​ស្ថាបនា និង​ក៍​សូម​អំពាវនាវ​អោយ​បង​ប្អូន​ជន​រួម​ជាតិ មេត្តា​ចូលរួម​ទាំង​អស់​គ្នា ដើម្បី​បន្ត​គាំទ្រ​បេសកម្ម​លោក​បណ្ឌិត កែម ឡី ១០០​រាត្រី និង​គ្រួសារ​ខ្មែរ។