RFA Khmer /ដោយ សេក បណ្ឌិត
7-7-2023

អតីតមន្ត្រី​យោធា​ម្នាក់​ រស់នៅ​ខេត្តសៀមរាប​ បាន​រងគ្រោះ​ពិការ​ភ្នែក​ម្ខាង ​ដោយសារតែ​សង្គ្រាម ច្បាំង​ជាមួយ​កង​ទ័ព​​ខ្មែរក្រហម អំឡុង​ទសវត្សរ៍​ទៅ៨០​។ បច្ចុប្បន្ន​លោក​ ដើរ​រើស​អេតចាយ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត។ អតីតមន្ត្រី​យោធា​រូប​នេះ​ អះអាង​ថា លោក​បាក់​ទឹកចិត្ត លោក​តស៊ូ​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ការពារ​ជាតិ ក៏ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​​ទុក​លោក​ចោល។

បើ​គេ​ធ្វើដំណើរ​នៅ​តាម​ដងផ្លូវ​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប ជាពិសេស​នៅ​ក្បែរ​វត្ត​រាជបូព៌ គេ​តែងតែ​ប្រទះឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់ ពិការ​ភ្នែក​ម្ខាង រុញ​រទេះ​ដើរ​រើស និង​ទិញ​អេតចាយ​តែម្នាក់ឯង ស្ទើរ​ជា​រៀងរាល់​ព្រឹក។បុរស​កម្សត់​ម្នាក់​នោះ គឺ​លោក ហេង ភាព វ័យ ៦១ ឆ្នាំ​។ លោក​ជា​អតីតមន្ត្រី​យោធា​ ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ហើយ​បាន​ប្រកប​មុខរបរ​រើស​អេតចាយ ចិញ្ចឹមជីវិត​ជាច្រើន​ឆ្នាំ​មក​ហើយ ក្រោយពី​លោក​បាន​លាឈប់​ពី​កងទ័ព​ក្នុង​ឆ្នាំ​១៩៩៣។

បុរស​មាន​រូបរាង​ស្គម​សម្បុរ​ខ្មៅ​ស្រអែម​រូប​នេះ រៀបរាប់​ថា លោក​បាន​ចូល​បម្រើ​កងទ័ព រយៈពេល ១៣ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០ រហូត​ដល់​ឆ្នាំ​១៩៩៣ ឈរជើង​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ​ដែល​សំបូរ​ទៅ​ដោយ​ព្រៃភ្នំ ​ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​បម្រើ​ឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ដែល​មាន​ប្រទេស​វៀតណាម ​ជា​អ្នក​លើក​បន្តុប និង​គាំទ្រ​ពីក្រោយ។

ក្នុង​ស្លៀក​សំលៀកបំពាក់​ចាស់​រហែក​ដោយ​អន្លើ ទឹកមុខ​ស្រពោន និង​កំពុង​រៀបចំ​សម្ភារៈ​អេតចាយ​តាម​ដងផ្លូវ ដែល​គាត់​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ អតីតមន្ត្រី​យោធា​រូប​នេះ​ រៀបរាប់​បន្ត​ថា លោក​ពិការ​ភ្នែក​ម្ខាង ​នៅ​អំឡុង​ឆ្នាំ​១៩៩៣ ក្នុង​ពេលដែល​លោក​ច្បាំង​គ្នា​ក្នុង​ព្រៃ ជាមួយ​កងទ័ព​ខ្មែរក្រហម នៅ​តំបន់​កៀក​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន។

លោក​ថា ក្នុង​ស្ថានភាព​ការងារ​បម្រើកងទ័ព អស់​រយៈពេល ១៣​ឆ្នាំ ភាគច្រើន លោក​រស់​នៅតែ​ក្នុង​ព្រៃភ្នំ ប្រឈម​នឹង​ជំងឺគ្រុនចាញ់ និង​សត្វ​សាហាវ នៅពេល​ចុះ​ល្បាត​តាម​តំបន់​ព្រំដែន​ម្តងៗ​។ លោក​អះអាង​ថា មាន​កងទ័ព​ខ្មែរ​រាប់​រយ​នាក់ ​បាន​ស្លាប់​ជា​បន្តបន្ទាប់​ ដោយសារ​ជំងឺគ្រុនចាញ់ ហើយ​លោក​ប៊ិះ​នឹង​ស្លាប់​ចំនួន ៣ ​ដង​មក​ហើយ ដោយសារ​ជំងឺ​នេះ។

ក្រោយពី​កែវភ្នែក​របស់​លោក ​ត្រូវ​អំបែង​គ្រាប់បែក បណ្ដាល​ឱ្យ​លោក​ខ្វាក់ភ្នែក​ម្ខាង​ចំហៀង​ខាងឆ្វេង លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង ម្តុំ​វត្តភ្នំ ក្នុង​ក្រុងភ្នំពេញ ហើយ​មេបញ្ជាការ​របស់​លោក ទុក​លោក​ចោល គ្មាន​ការ​យកចិត្តទុកដាក់​ថែទាំ​សុខភាព និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នោះ​ឡើយ។ ទង្វើ​នេះ​ហើយ ធ្វើឱ្យ​លោក​ឈឺចាប់​ដក់​ក្នុង​ចិត្ត និង​សម្រេចចិត្ត​លាឈប់​ធ្វើជា​កងទ័ព ហើយ​ដើរ​រើស​អេតចាយ​ចិញ្ចឹម​ជីវិត​ជំនួស​វិញ ចាប់តាំងពី​ឆ្នាំ​១៩៩៣ រហូត​មក​ទល់​ពេល​នេះ។

ការងារ​ជា​អ្នក​រើស​អេតចាយ និង​ទិញ​លក់​អេតចាយ ថ្វីត្បិតតែ​មិនអាច​មាន​ជីវភាព​ធូរធារ តែ​លោក​រីករាយ​នឹង​ប្រកបមុខរបរ​នេះ ដោយសារ​មាន​ពេលវេលា​ច្រើន​ជួបជុំ​ក្រុម​គ្រួសារ មើលថែ​កូនៗ និង​ណែនាំ​ឱ្យ​ពួកគាត់​ខំរៀន​សូត្រ ធ្វើជា​មនុស្ស​ល្អ។

លោក ហេង ភាព ថា លោក​អន់​ចិត្តនឹង​រដ្ឋាភិបាល ដែល​មិន​យកចិត្តទុកដាក់ ជួយ​ដល់​គ្រួសារ​យោធា ដែល​លះ​បង់​ជីវិត​ខ្លួនឯង និង​សេចក្ដីសុខ​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ជាតិ​រហូត​រង​គ្រោះ​បាត់បង់​ភ្នែក​ម្ខាង ធ្លាក់ខ្លួន​ក្រីក្រ​លំបាក។ បន្ថែម​ពី​នេះ​ទៀត ក្រោយពី​លោក ​ត្រូវ​គ្រាប់បែក​ខ្វាក់ភ្នែក​ម្ខាង ពុំ​មាន​មន្ត្រី​រដ្ឋាភិបាល​ណា ឬក៏​មេ​បញ្ជាការ​ណាមួយ មក​សួរសុខទុក្ខ ផ្តល់​ប្រាក់​ឧបត្ថម្ភ​នោះ​ឡើយ គឺ​ទុក​លោក​ចោល ក្នុង​មន្ទីរពេទ្យ ខ្វះ​អាហារ និង​ការ​យកចិត្តទុក​ដាក់​មើល​ថែ៖

លោក ហេង ភាព «អស់​ទឹកចិត្ត​ ដែល​យើង​ត្រូវរបួស ​គេ​មិន​មក​យក ដល់​ពេល​ស្រុក​មាន​សង្គ្រាម ​គេ​មក​ចាប់​ចង​យើង​វាយ​ខ្មាំង គេ​មិន​គិតគូរ។ ខ្ញុំ​ដេក​ពេទ្យ ​គេ​មិន​ជួយ​យើង​ផង ដាក់​ចោល ហូប​បាយទឹក​ពេទ្យ​ហ្នឹង​ទៅ»

អតីតមន្ត្រី​យោធា​រូប​នេះ ដើរ​រើស និង​ទិញ​អេតចាយ​ ដោយ​ក្នុង​មួយថ្ងៃ​ អាច​រក​ប្រាក់​កម្រៃ​បាន​ចន្លោះ​ពី ៣ ​ម៉ឺន​រៀល ដល់​ជាង ៤​ម៉ឺន​រៀល ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​បង់ថ្លៃ​សិក្សា​ឱ្យ​កូនៗ​របស់​លោក។

លោក​មាន​ស្រុក​កំណើត ក្នុង​ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​លោក​ជួល​ផ្ទះ​គេ​មួយ​កន្លែង ក្នុង​ក្រុង​សៀមរាប ​ដើម្បី​រស់នៅ និង​ចិញ្ចឹម​កូនៗ ៣​នាក់ ដែល​កំពុង​សិក្សា​នៅ​វិទ្យាល័យ និង​មហា​វិទ្យាល័យ។ លោក​មានកូន​ប្រុស ២​នាក់ និង​ស្រី​ម្នាក់ ដោយ​កូនប្រុស​ច្បង​កំពុង​រៀន​នៅ​សកល​វិទ្យាល័យ​មួយ នៅ​រាជធានី​ភ្នំពេញ ឯ​កូន​ទី​០២ ធ្វើជា​កម្មករ​នៅ​ប្រទេស​ថៃ ហើយ​កូន​ទី​០៣ ជា​ស្ត្រី កំពុង​រៀន​ថ្នាក់​ទី ១០ នៅ​វិទ្យាល័យ​អង្គរ ក្រុង​សៀមរាប។

អតីតមន្ត្រី​យោធា​រូប​នេះ ​បន្ថែម​ថា ទោះបីជា​គ្រួសារ​លោក​ទីទ័លក្រ​ក្តី ក៏ប៉ុន្តែ​លោក​តែងតែ​គាំទ្រ​ឱ្យ​កូនៗ របស់​លោក រៀន​បាន​ខ្ពស់ ដើម្បី​យក​ចំណេះ​ដឹង​ជួយ​សង្គមជាតិ។ លោក​បន្ថែម​ថា ក្រោយ​ពី​ការងារ​រើស​អេតចាយ​លោក​ឆ្លៀត​ចិញ្ចឹមសត្វ​មាន់ និង​ធ្វើស្រែ​លើ​ផ្ទៃដី​ជាង ១ ហិកតារ ដែល​ជា​ដី​កេរ​ឪពុកម្ដាយ។

វិទ្យុ​អាស៊ីសេរី ​មិន​ទាន់​អាច​សុំ​ការអធិប្បាយ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន លោក តូច ចាន់នី បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី៧ កក្កដា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង។ ចំណែក​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ក៏​មិនទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏ប៉ុន្តែ​អ្នកនាំពាក្យ​​គណបក្ស​​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​យកចិត្តទុកដាក់ ក្នុង​ការ​ផ្តល់​ប្រាក់​សោធន​និវត្តន៍​ដល់​យោធា ដោយមាន​ក្រសួង​សង្គមកិច្ច​ជា​សេនាធិការ​ចាត់ចែង​រឿង​នេះ។លោក​សង្ស័យ​ថា មន្ត្រី​យោធា​រូប​នេះ អាច​នឹង​មិន​បាន​ទៅ​បំពេញ​បែបបទ​ផ្សេងៗ និង​បង្ហាញខ្លួន​ទៅតាម​អង្គភាព​ដើម​របស់​គាត់ ដែល​មាន​ឈ្មោះ និង​បញ្ជី​ផ្លូវការ របស់​កងទ័ព ទើប​ជួប​បញ្ហា​នេះ។

 លោក សុខ ឥសាន៖ «យោធា​ក៏​មកពី​បក្ស​ហ៊ុនស៊ិនប៉ិច ក៏​មាន​គោលនយោបាយ​ដូចគ្នា សុទ្ធតែ​ក្របខណ្ឌ​កង​យោធពល​ខេមរភូមិន្ទ​ទាំងអស់ យើង​អត់​មាន​រើសអើង​ទេ​។ គ្រាន់​មិន​បាន​បំពេញ​បែបបទ​ផ្សេងៗ មាន​ពី​ណា​ទៅ​តាម​រក​គាត់»។

ទាក់ទង​ករណី​នេះ មន្ត្រីជាន់ខ្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា យល់​ថា រដ្ឋាភិបាល​គួរតែ​គិតគូរ​​ដល់​ជីវភាព​​គ្រួសារ​អតីតមន្ត្រី​យោធា​ទាំងឡាយ​ណា ដែល​លះបង់​ការពារ​ទឹកដី ធ្លាក់ខ្លួន​ពិការ បាត់បង់​សមត្ថភាព​ការងារ ដោយសារ​តែ​សង្គ្រាម។

លោក ម៉ា ចិត្រា៖ «ចំណុច​នេះ ខ្ញុំ​គិតថា រដ្ឋាភិបាល​គួរតែ​ពិនិត្យមើល​ឡើងវិញ អាច​ទំនាក់ទំនង​គាត់​ផ្ទាល់ ដើម្បី​ធ្វើការ​ផ្តល់​ប្រាក់​បៀវត្ស​ឱ្យ​គាត់​ឡើងវិញ ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់ ជូន​បងៗ​ទាហាន ដែល​ពួកគាត់​ខំ​បម្រើ​ជាតិ និង​សង្គម​ការពារ​ទឹកដី»។

ជុំវិញ​រឿង​នេះ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត សង្កេត​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ដែល​អតីតមន្ត្រី​យោធា​ជាច្រើន​នាក់ យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​ប្រទេសជាតិ បែរជា​រង​​ភាព​អយុត្តិធម៌ ធ្លាក់ខ្លួន​ក្រីក្រ ខ្លះ​ដើរ​សុំទាន ដោយសារតែ​ខ្វះ​ការ​យកចិត្តទុកដាក់​ពី​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។ លោក​មើល​ឃើញ​ថា កន្លងទៅ​រដ្ឋាភិបាល​ខ្វល់​តែ​មន្ត្រី​យោធា​ណា ដែល​បម្រើ​គណបក្ស​កាន់​អំណាច និង​ក្រុម​គ្រួសារ​ត្រកូល ​ហ៊ុន ហើយ​មើល​រំលង​ទុក្ខវេទនា អតីតមន្ត្រី​យោធា ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម បាត់បង់​សមត្ថភាព។

លោក ម៉ែន ណាត៖ «ទ្រឹស្ដី​អរគុណ​សន្តិភាព​ ការពារ​ត្រកូល ​ហ៊ុន​ ហូរ​ដូច​ទឹក តែ​ការ​ពិត​គ្មាន​បាន​ជួយ​ស្អី​ ដល់​យោធា​រងគ្រោះ បាត់បង់​សមត្ថភាព និង​ពិការ​។ សូម្បីតែ​យោធិន​នៅ​មាន​សមត្ថភាព​ធ្វើការ ក្រីក្រ ប្រាក់ខែ​គេ​ស៊ីដាច់​ទៀត»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ធ្វើជា​កងទ័ព​ខ្មែរក្រហម ពិការ​ភ្នែក​ម្ខាង ដោយសារតែ​សង្គ្រាម គួរតែ​យល់​ពី​អារម្មណ៍​ឈឺចាប់​មួយ​នេះ ហើយ​ប្តូរ​ឥរិយាបថ យកចិត្តទុកដាក់ ដល់​ជន​ពិការ​ដូចគ្នា ដែល​លះបង់​ការពារ​ជាតិ។

ក្រោយ​ឆ្នាំ១៩៧៩ អំឡុង​ឆ្នាំ​១៩៨០ ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត ដួល​រលំ​ក្នុង​រាជធានី​ភ្នំពេញ កម្ពុជា​បាន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម និង​រដ្ឋាភិបាល​និយម​ហាណូយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ​ដែល​ដឹកនាំ​ដោយលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន

រីឯ​រដ្ឋាភិបាល​និរទេស​ដែល​បង្កើត​ឡើង ផ្សំ​ចូលគ្នា ដោយ​អ្នកនយោបាយ​កម្ពុជា​ចំនួន ៣​ក្រុម រួមមាន​គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេច ​នរោត្តម​ សីហនុ, គណបក្ស​កម្ពុជា​ប្រជាធិបតេយ្យ​ ដឹកនាំ​ដោយ​ខ្មែរក្រហម និង​រណសិរ្ស​រំដោះជាតិ​ប្រជាជន​ខ្មែរ (រ.រ.ជ.ប.ខ.) ដឹកនាំ​ដោយ​លោក សឺន សាន

ក្នុង​ឆ្នាំ ១៩៩១ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា កងទ័ព​ទាំងឡាយ​ បាន​រួម​បញ្ចូល​គ្នា​តែមួយ ក្លាយជា​កង​យោធពលខេមរភូមិន្ទ រហូត​មក​ទល់​ពេលនេះ៕