អត្ថបទ The Cambodia Daily
17-7-2023

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ ​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​វៀតណាម​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​គាប​សង្កត់​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ទទូល​​យក​នូវ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ដែល​ប៉ុនប៉ង​រំលោភ​យក​ទឹកដី​ខ្មែរ​ ដោយ​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ ដែល​ប្រឆាំង​តវ៉ា​នឹង​ល្បិចកល​កាត់​ទឹកដី​ខ្មែរ ​ឱ្យ​បរទេស​ឈ្លានពាន​នេះ។

អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន​ The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ កក្កដា ថា លោក ហ៊ុន សែន តែង​អះអាង​ប្រាប់​ប្រជា​ពលរដ្ឋ​ពី​ការងារ​​នៃ​​រដ្ឋាភិបាល​របស់​គាត់​ ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ​ជា​បន្តបន្ទាប់ ក្នុង​​នោះ​គាត់​បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម គឺ​ធ្វើឡើង​ដោយ​ត្រឹមត្រូវ​ជាទីបំផុត ប៉ុន្តែ​លោក ហ៊ុន សែន បែរ​ជា​ហាមឃាត់​ប្រជាពលរដ្ឋ​ខ្មែរ ​មិន​ឱ្យ​ទៅ​មើល​ការ​កំណត់​ព្រំដែន ​ដែល​រដ្ឋាភិបាល​របស់​គាត់​ បាន​ចុះ​កិច្ចព្រមព្រៀង​កំណត់​ជាមួយ​ប្រទេស​វៀតណាម​ទៅវិញ។

លោក គឹម សុខ បន្ថែម​ថា អ្នក​ដែល​ចុះ​ទៅ​មើល​ព្រំដែន ​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់ និង​ចាប់​ដាក់​គុក​ថែម​ទៀត ដូច្នេះ​ក្នុង​រឿង​កំណត់​ព្រំដែន​ រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​នេះ គឺ​ស្ថិត​ក្នុង​ការ​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ ចំពោះ​ទំនាក់ទំនង​លោក ហ៊ុន សែន និង​វៀតណាម​ជា​រហូត​មក។

លោក គឹម សុខ ត្អូញត្អែរ​ថា នៅ​លើ​ពិភពលោក​នេះ ​ទោះ​ជា​មេដឹកនាំ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ ឬ​មេដឹកនាំ​ប្រទេស​លោក​សេរី​ប្រជាធិបតេយ្យ​ក៏ដោយ គឺ​គេ​ដឹង​ពី​មុខនាទី​របស់​ខ្លួន​ច្បាស់​ថា ពួកគេ​ត្រូវតែ​ការពារ​ទឹកដី​របស់​ខ្លួន ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏ដោយ ប៉ុន្តែ​ចម្លែក​អី​តែ​មេដឹកនាំ​ខ្មែរ​ លោក ហ៊ុន សែន បែរ​ជា​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ខ្លួនឯង​ ឱ្យ​ព្រម​ទទួល​យក​ល្បិច​ឈ្លានពាន​របស់​បរទេស​ជិតខាង ដែល​បាន​រំលោភ​យក​ទឹកដី​របស់​ខ្លួន​ទៅវិញ ដែល​នេះ​ គឺ​ពិត​ជា​រឿង​ចម្លែក​ មិន​ដែល​ធ្លាប់​កើតមាន​នៅ​លើ​ពិភពលោក​នេះ​ទាល់តែសោះ

អ្នកវិភាគ​រូប​នេះ ​បញ្ជាក់​ថា អំពើ​ព្រៃផ្សៃ​ចំពោះ​ជាតិ​ខ្មែរ​របស់​លោក ហ៊ុន សែន ដែល​គាត់​បាន​ប្រព្រឹត្ត​ចាប់តាំងពី​វៀតណាម​ លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​មក បាន​ក្លាយ​ទៅ​ជា​អំពើ​ឧក្រិដ្ឋកម្ម​បំផ្លាញ​ជាតិ​ខ្មែរ​ ដល់​ឫសគល់ ខណៈ​អំពើ​ព្រៃផ្សៃ​ទាំងនោះ គឺ​មាន​ការ​ជ្រោមជ្រែង​ពី​វៀតណាម​ដោយ​ផ្ទាល់។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ នៅ​មុន​ការ​បោះឆ្នោត​ នា​ចុងខែ​កក្កដា នេះ វីដេអូ​មួយ​ដែល​លោក ហ៊ុន សែន លើកឡើង​ពី​ការ​កំណត់​ព្រំដែន ​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម កាលពី​អំឡុង​ខែ​ សីហា ឆ្នាំ​២០២០ ត្រូវ​បាន​គេ​ចែកចាយ​តៗ​គ្នា​ព្រោងព្រាត​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ក្នុង​វីដេអូ​នោះ លោក ហ៊ុន សែន ពន្យល់​ថា ការ​ដែល​ភូមិ​របស់​លោក ហេង សំរិន [ភូមិត្លុកត្រាច និង អន្លុងជ្រៃ ឃុំកក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ] ស្ថិត​ក្នុង​ដី​វៀតណាម ហើយ​ភូមិ​របស់​វៀតណាម​ខ្លះ​ បាន​ស្ថិត​នៅ​ក្នុង​ដី​ខ្មែរ គឺ​ដោយសារ​តែ​​បារាំង ​ដែល​ធ្លាប់​ជា​អាណាព្យាបាល​លើ​ប្រទេស​​កម្ពុជា បាន​គូស​ខ្សែ​ព្រំដែន ​ដែល​កំពុង​នៅ​ជា​ធរមាន​សព្វថ្ងៃ​នេះ ដូច្នេះ​ហើយ​បាន​ជា​ទឹកដី​ខ្មែរ​មួយ​ចំនួន រួម​ទាំង​កោះត្រល់ ​ផង បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម រហូត​ដល់​ពេលនេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា បើ​ផ្អែក​ទៅ​លើ​ខ្សែបន្ទាត់​ព្រំដែន ​ដែល​បារាំង​បាន​គូស​នោះ យើង​អាច​ឱ្យ​កម្ពុជា​ចំណេញ​ដី​ពី​វៀតណាម​ជាង ២​០០០​​ហិកតារ​ឯណោះ ប្រសិនបើ​ភាគី​ទាំង​សងខាង ​ព្រម​ដោះដូរ​ភូមិ​នៅ​តាម​ព្រំដែន​ជាមួយ​គ្នា​ទៅវិញ​ទៅមក

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk ខាងលើ​នេះ​ថា បារាំង​បាន​កំណត់​ព្រំដែន​រដ្ឋបាល​ រវាង​ប្រទេស​កម្ពុជា និង​ដែនដី​កូសាំងស៊ីន ឬ​កម្ពុជា​ក្រោម​តាម​អនុ​សញ្ញា​​មួយ ​នៅ​ឆ្នាំ​ ១៨៧៣ ដែល​គេ​បាន​បោះ​បង្គោល​កំណត់​ព្រំដែន​ចំនួន ១២៤​ បង្គោល ប៉ុន្តែ​អនុសញ្ញា​នេះ​ មិន​បាន​ធ្វើ​ឱ្យ​ភូមិ​លោក ហេង សំរិន និង​ កោះត្រល់ ​ធ្លាក់​ក្នុង​ការ​គ្រប់គ្រង​វៀតណាម​ឡើយ

លោក ម៉ែន ណាត អះអាង​ថា នៅ​អំឡុង​ខែ​ ឧសភា ឆ្នាំ​១៩៩៣ សម្តេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ផ្ញើ​លិខិត​មួយ​​ទៅ​កាន់​លោក ហ៊ុន សែន ​[នាយករដ្ឋមន្ត្រីទី២ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្ត្រីទី២] ឱ្យ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ យក​បង្គោល​ព្រំដែន​ទាំង ១២៤ ដែល​បារាំង​បាន​កំណត់​ នៅ​ឆ្នាំ​១៨៧៣ នោះ មក​​តម្កល់​នៅ​ទីតាំង​ដើម​វិញ ប៉ុន្តែ​លោក ហ៊ុន សែន មិន​បាន​ធ្វើ​តាម​ការ​ដាស់​តឿន​​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ទេ។

ចំណែក​អ្នកជំនាញ​ខាង​ព្រំដែន និង​​ជា​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក អ៊ុំ សំអាន បាន​លើក​ឡើង​​ជុំវិញ​បញ្ហា​ព្រំដែន​នេះ​ថា ភូមិកំណើត​របស់​លោក ហេង សំរិន និង ​កោះត្រល់ ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​​វៀតណាម គឺ​ដោយសារ​សន្ធិសញ្ញា​ខុស​ច្បាប់​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ​​១៩៨៥ ដែល​ចុះហត្ថលេខា​ទទួលស្គាល់​រវាង​លោក ហ៊ុន សែន និង​​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ង្វៀង កឺថាច់ ដែល​ជា​សន្ធិសញ្ញា​មួយ ​ធ្វើឡើង​នៅ​អំឡុង​​ពេល​​ដែល​កងទ័ព​វៀតណាម ​ឈ្លានពាន និង​ត្រួតត្រា​ប្រទេស​កម្ពុជា

លោក អ៊ុំ សំអាន លើកឡើង​ថា ភូមិកំណើត​របស់​លោក ហេង សំរិន គឺជា​ដី​ខ្មែរ ប៉ុន្តែ​ត្រូវ​លោក ហ៊ុន សែន ចាត់ទុក​ថា​ជា​ដី​របស់​វៀតណាម ដូច្នេះ​នៅ​ពេលនេះ បើ​គាត់​យក​ដី​ខ្មែរ​នៅ​តំបន់​ណា​មួយ​ ទៅ​ដោះដូរ​នឹង​ភូមិ​លោក ហេង សំរិន ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខ្មែរ​វិញ​នោះ គឺ​មាន​ន័យ​ថា លោក ហ៊ុន សែន បាន​យក​ដី​ខ្មែរ​ ទៅ​ដោះ​ដូរ​​យក​ដី​ខ្មែរ​ ពី​វៀតណាម ដែល​គាត់​បាន​កាត់​ទៅ​ឱ្យ​វៀតណាម កាលពី​ឆ្នាំ​​១៩៨៥ នោះ៕

លោក អ៊ុំ សំអាន រូបថត​ឆ្នាំ​២០១៦
លោក អ៊ុំ សំអាន រូបថត​ឆ្នាំ​២០១៦