(ដោយ តាំង សារ៉ាដា នៃឌីខេមបូឌា ដេលី – The Cambodia Daily / 15-5-2020)
ជាដំបូងសារព័ត៌មាន ឌឹខេមបូឌា ដេលី សូមបង្ហាញត្រួសៗសិន អំពីការងារក្នុងប្រទេស{កម្ពុជា} របស់លោក ហេង សួរ។ លោក ជាអ្នកនាំពាក្យក្រសួងការងារ ដែលតែងនិយាយការពាររដ្ឋាភិបាល និងតែងតែប្រើសារគម្រាមកំហែង កម្មកររោងចក្រ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ លោកចេញសកម្មភាពព្រមានកម្មករ ថានឹងត្រូវបញ្ឈប់កម្មករទាំងឡាយណាពីការងារ ដោយគ្មានប្រាក់សំណង បើកម្មករណាហ៊ានឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ខណ:កម្ពុជាកំពុងរាតត្បាតជំងឺកូវីដ១៩ និងរដ្ឋាភិបាលចេញបម្រាម មិនឲ្យមានការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំ។
ត្បិតលោកជាអ្នកនាំពាក្យរបស់ក្រសួងការងារក្តី ប៉ុន្តែលោកជាអ្នកនាំពាក្យដែលស្ទើរតែមិនដែលលើកទូរស័ព្ទរបស់អ្នកកាសែតទៅហើយ។
លោក ហេង សួរ ក៏មានតួនាទីជាក្រុមពង្រឹងមូលដ្ឋានរបស់ គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះ លោកក៏ជាអ្នកពង្វក់យុវជននៃក្រុមសហភាពសហព័ន្ធរបស់ លោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន ថែមទៀត។
រីឯការងារពង្រឹកបក្ស ឬបំបែកបំបាក់ខ្មែរ នៅក្រៅប្រទេសវិញម្តង លោក ហេង សួរ ជាមនុស្សជំនិតរបស់ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោក ហ៊ុន សែន។ លោក ហេង សួរ តែងដើរហែរហមអមដំណើរ លោក ហ៊ុន ម៉ាណែត ពេលចេញទៅក្រៅប្រទេស ដើម្បីរកសំឡេងគាំទ្រឲ្យគណបក្សប្រជាជននៅក្រៅប្រទេស ដូចជានៅប្រទេស ថៃ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប ជាដើម។
ការងារពង្រឹងបក្សនេះ បើទោះជាក្រុមរបស់លោក ខំប្រឹងប្រើទឹកលុយ ប៉ុន្តែមិនអាចទិញអ្នកគាំទ្របាននោះទេ។ ជាងនេះទៅទៀត ក្រុមនេះក៏បានប្រើទឹកលុយ ដើម្បីបំបែកបំបាកខ្មែរនៅក្រៅប្រទេសដែរ ជាពិសេសបានធ្វើឲ្យខ្មែរនៅសហរដ្ឋអាមេរិក បែកខ្ញែកជាចម្រៀកតូចៗ ក្រោយពេលពួកគេ បានឡើងចុះសហរដ្ឋអាមេរិកញឹកញាប់ កាលពីអំឡុងឆ្នាំ ២០១៦។
ពេលនោះហើយដែលក្រុម លោក ហេង សួរ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត គ្រោងទៅចូលរួមពិធីបុណ្យចូលឆ្នាំ នៅទឹកដីអាមេរិក ប៉ុន្តែសហគមន៍ខ្មែរ លើកឡើងថា ពិធីបុណ្យចូលឆ្នាំខ្មែរ គ្មានវត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួមនឹងធ្វើឲ្យពលរដ្ឋខ្មែរនៅអាមេរិក សប្បាយរីករាយ ព្រោះមិនបានបង្ហាញពីការបែកបាក់ រវាងខ្មែរ និងខ្មែរ។
លោក ហេង សួរ កើតក្នុងទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៧៤ ប៉ុន្តែដោយសារការចូលរៀនថ្នាក់បឋមសិក្សា មានបញ្ហា ឳពុកម្តាយរបស់លោក បានប្តូរឆ្នាំកំណើតរបស់លោក មកខែកញ្ញា ឆ្នាំ១៩៧៥ វិញ។ ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ១៩៨៧ លោករៀននៅសាលាបឋមសិក្សាទួលថ្ម ក្នុងខេត្តកំពង់ចាម បន្ទាប់មក ផ្លាស់មករៀនសាលាបឋមសិក្សាទួលស្លែង ក្នុងទីក្រុងភ្នំពេញ។ ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៨ លោករៀនចប់សកលវិទ្យាល័យជាតិគ្រប់គ្រង។ ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៤ បុរសរូបនេះ បម្រើការជាមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ លោក ហេង សួរ បម្រើការជាអគ្គនាយក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ លោកជាប្រធានខុទ្ទកាល័យ និងជាអ្នកនាំពាក្យនៃក្រសួងការងារ។
ប៉ុន្តែការងារសំខាន់សម្រាប់ លោក ហេង សួរ មួយទៀតក្នុងពេលបច្ចុប្បន្ននេះ គឺការដើរកៀគរពលរដ្ឋ និងនិស្សិតខ្មែរនៅក្រៅប្រទេស ឲ្យរង់ចាំទទួល លោក ហ៊ុន សែន ពេលមេដឹកនាំក្រាញអំណាចរូបនេះ ចេញក្រៅប្រទេស ខណៈពលរដ្ឋខ្មែរក្រៅស្រុក ដែលមាននិន្នាការគាំទ្រគណបក្សសង្រ្គោះជាតិ ធ្វើបាតុកម្មប្រឆាំង លោក ហ៊ុន សែន កាលពីអំឡុងឆ្នាំ ២០១៨។ បុរសឈាមរាវ {ឬមន្រ្តីពាល} រូបនេះ បានរៀបចំផែនការជួលក្រុមជនពាល ឲ្យធ្វើបាបក្រុមប្រឆាំងនៅក្រៅប្រទេស ក្រោមរូបភាពបង្កហិង្សា និងគ្រោះថ្នាក់ចរាចរណ៍ ផងដែរ។
ខ្សែរអាត់សំឡេង មានរយៈពេលជាង ១នាទី ដែលគេចែកចាយពីមួយទៅមួយ នៅតាមបណ្ដាញហ្វេសប៊ុក សំឡេង លោក ហេង សួរ បញ្ជាឲ្យបក្ខពួករបស់ខ្លួន វាយធ្វើបាបអ្នក ដែលហ៊ានងើបតតាំងនឹងលោក ហ៊ុន សែន តាមរយៈការជួលក្រុមជើងកាង ឲ្យវាយធ្វើបាបអ្នកប្រឆាំងទាំងនោះ នៅក្រៅប្រទេស ឬរៀបចំសម្លាប់ ក្រោមលេសគ្រោះថ្នាក់ចរាចរ ប្រសិនបើជននោះ ហ៊ានចូលមកស្រុកវិញ។
សំឡេងបែកធ្លាយដដែលនោះ និយាយទៅកាន់បុរសម្នាក់ដែលលោក ហៅថា «បងស្រេង» ដែលទំនងជាលោក ហេង សួរ និយាយទៅកាន់អភិបាលរាជធានីភ្នំពេញ លោក ឃួងស្រេង ដោយនិយាយពីមុខសញ្ញាជាសកម្មជន{បក្សប្រឆាំង} ឲ្យមានគ្រោះថ្នាក់ចរាណ៍ នៅស្រុកខ្មែរ។
ក្រោយបែកធ្លាយសំឡេងនោះ គេសង្កេតឃើញសកម្មជនមួយចំនួននៃ គណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ ត្រូវមនុស្សមិនស្គាល់មុខ វាយធ្វើបាប។ ចំណែកនៅក្នុងស្រុកវិញ យ៉ាងហោចណាស់មានសកម្មជនគណបក្សសង្រ្គោះជាតិ ១៥ នាក់ ត្រូវជនមិនស្គាល់មុខ វាយធ្វើបាប បណ្តាលឲ្យបាក់ដៃ បែកក្បាល ហើយអ្នកទាំងនោះ មិនត្រូវបានសមត្ថកិច្ច ស្រាវជ្រាវរកមុខឃើញនោះទេ បើទោះជាការណីខ្លះ ត្រូវគេថតបាន ទាំងស្លាកលេខម៉ូតូនៃជនដៃដល់ ថែមទៀតផង៕

.