អត្ថបទ The Cambodia Daily
27-10-2022
អ្នកឃ្លាំមើលសង្គម ជំរុញឲ្យលោក ហ៊ុន សែន ជាប្រធានអាស៊ាន គួរចេញមុខថ្កោលទោសមេដឹកនាំយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង ដែលកំពុងបង្កអំពើហិង្សាដោយប្រដាប់អាវុធ វាយប្រហារលើជនស៊ីវិល និងរំលោភបំពានលើកិច្ចព្រមព្រៀងកុងសង់ស៊ីសទាំង ៥ ចំណុចរបស់អាស៊ាន។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ តុលា នេះថា លោកសូមអបអរសាទរនូវចេតនារបស់អាស៊ាន ដែលចង់ឲ្យមានការបញ្ចប់វិបត្តិនៅភូមា ប៉ុន្តែមេដឹកនាំកម្ពុជាក្នុងនាមប្រធានអាស៊ាន គួរតែមានឥរិយាបថត្រឹមត្រូវ និងច្បាស់លាស់ ដោយឯករាជ្យជាងពេលបច្ចុប្បន្ននេះ។ ជាងនេះទៀត គួរចៀសវាងនូវការបម្រើសេណារីយ៉ូនយោបាយណាមួយ ឲ្យមហាអំណាចកុម្មុយនីស្ត ជាជាងការបម្រើផលប្រយោជន៍របស់អាស៊ាន ខ្លួនឯង។
លោក ម៉ែន ណាត លើកឡើងថា ស្ថានការណ៍វិបត្តិនៅភូមា ដែលកំពុងកើតមានសព្វថ្ងៃនេះ គឺមិនអាចធ្វើឲ្យលោក ហ៊ុន សែន កែខៃឲ្យល្អប្រសើរឡើងវិញបានទេ ដោយសារតែគាត់ បានធ្វើឲ្យខូចនយោបាយការទូត ដែលដាក់ចេញដោយមេដឹកនាំអាស៊ាន នូវការជំរុញឲ្យមេយោធាផ្ដាច់ការភូមា ឲ្យអនុវត្តកិច្ចព្រមព្រៀងទាំង ៥ ចំណុច តាំងពីគាត់បានសម្រេចចូលទៅដោះស្រាយវិបត្តិនៅភូមា ដោយឯកតោភាគីជាមួយមេដឹកនាំភូមា កាលពីដើមឆ្នាំ២០២២ មកម្ល៉េះ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា លោក ហ៊ុន សែន ធ្វើជាប្រធានអាស៊ាន អស់រយៈពេលជិត ១ ឆ្នាំហើយ នៅតែមិនអាចរុញច្រានឲ្យមេយោធាផ្ដាច់ការភូមា អនុវត្តនូវគោលការណ៍កុងសង់ស៊ីសទាំង ៥ ចំណុចសូម្បីតែមួយ ខណៈវិបត្តិផ្ទៃក្នុងជាតិរបស់ខ្លួនកាន់តែកើនឡើង តាមរយៈជម្លោះបុគ្គល ជាមួយលោក សម រង្ស៊ី ដែលមានលក្ខណៈដូចគ្នា ទៅនឹងរបបសឹកភូមា ដែលកំពុងតែបង្កជម្លោះ ជាមួយជាតិសាសន៍របស់ពួកគេដូច្នោះដែរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញវិបត្តិនៃប្រទេសភូមា កាលពីថ្ងៃអង្គារ ទី២៥ តុលា នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នេះ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសភូមា ក្នុងពេលថ្មីៗនេះ រួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន ការវាយប្រហារតាមអាកាស នៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិល ដែលបណ្តាលឲ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។
មេដឹកនាំខ្មែរ ដែលបរាជ័យលើការដោះស្រាយវិបត្តិនៅភូមា លោ ហ៊ុន សែន លើកឡើងថា ការប្រយុទ្ធដ៏ខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ មិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន យ៉ាងធ្ងន់ធ្ងរថែមទៀត។
លោក ហ៊ុន សែន អំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់ និងបញ្ឈប់ជាបន្ទាន់ នូវអំពើហិង្សានានា ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូលដ្ឋានជាក់ស្តែង ឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឲ្យមានកិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិ នៅប្រទេសភូមា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ផងដែរ។
កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មេយោធាផ្ដាច់ការភូមា លោក មីន អ៊ុងឡាំង បានដឹកនាំកងកម្លាំងប្រដាប់អាវុធ ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់អ្នកស្រី អ៊ុងសាន ស៊ូជី ដែលបានជាប់ឆ្នោតដោយស្របច្បាប់ ដើម្បីខ្លួនឯងឡើងកាន់អំណាច ក្នុងនោះរបបសឹករបស់លោក មីន អ៊ុងឡាំង បានសម្លាប់ពលរដ្ឋស្លូតត្រង់ភូមា និងកាត់ទោសប្រហារជីវិតសកម្មជន និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលស៊ីវិល ដែលប្រឆាំងនឹងរបបសឹករបស់ខ្លួនអស់ជាច្រើននាក់ យ៉ាងឃោរឃៅ។
ក្រោយរដ្ឋប្រហារបង្ហូរឈាមនេះ ប្រទេសដែលជាសមាជិកអាស៊ាន បានឯកភាពគ្នានូវកិច្ចព្រមព្រៀងកុងសង់ស៊ីសចំនួន ៥ចំណុចនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ស្ដីពីជម្លោះនៅមីយ៉ាន់ម៉ា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ រួមមានការផ្អាកនូវការប្រើអំពើហិង្សាលើជនស៊ីវិល ដែលពុំមានប្រដាប់អាវុធ ការដោះស្រាយជម្លោះដោយសន្តិវិធី ដោយគិតពីប្រយោជន៍ប្រជាជនភូមាជាធំ ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកកិច្ចព្រមព្រៀង ៥ ចំណុចនោះបានបរាជ័យទៅហើយ៕

.