The Cambodia Daily
04th-10-2023
អ្នកឃ្លាំមើលជំរុញឲ្យលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ដើម្បីទប់ស្កាត់អំពើពុករលួយ តាមរយៈការប្រមូលពន្ធឱ្យមានប្រសិទ្ធភាព និងបង្ហាញពីការអនុវត្តច្បាប់គ្មានស្តង់ដារពីរ។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបំពេញច្បាប់ លោក ហ៊ុន ម៉ាណែត បញ្ជាទៅអគ្គនាយកពន្ធដារលោក គង់ វិបុល ឲ្យពិនិត្យមើលលើក្រមសីលធម៌មន្ត្រី រត់ការរកប្រាក់ក្រៅផ្លូវការ ក្នុងការចុះប្រមូលពន្ធពីពលរដ្ឋ និងវិស័យឯកជន នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ថា មន្ត្រីពន្ធដារមិនបានចុះទៅប្រមូលពន្ធឲ្យបានត្រឹមត្រូវនោះទេ ដោយពួកគេបានដើរតួជាអ្នកសម្របសម្រួល ជាមួយម្ចាស់ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ ដើម្បីចរចារកផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ។
ជាក់ស្ដែងថ្មីៗនេះ លោកបានបញ្ជាឲ្យអគ្គនាយកពន្ធដារ បញ្ចប់កិច្ចសន្យារបស់មន្ត្រីម្នាក់ ដើម្បីកុំឲ្យប៉ះពាល់ដល់មុខមាត់អង្គភាព ក្រោយពីមន្ត្រីកិច្ចសន្យាពន្ធដាររូបនេះ បានអនុវត្តនីតិវិធីលើស ដោយដើរតួនាទីជាមន្ត្រីសម្របសម្រួល ដើម្បីចរចារកប្រាក់ពីម្ចាស់ក្រុមហ៊ុន និងសហគ្រាស។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ចាត់ទុកការបញ្ជារបស់លោក ហ៊ុន ម៉ាណែត ថា ជាគំនិតដែលអាចប្រើប្រាស់បាន ប៉ុន្តែមិនអាចទប់ស្កាត់អំពើពុករលួយបានឡើយ។
លោកបន្តថា ដើម្បីទប់ស្កាត់អំពើពុករលួយ តាមរយៈការប្រមូលពន្ធឲ្យមានប្រសិទ្ធភាព លោកថា លុះត្រាតែលោក ហ៊ុន ម៉ាណែត ឲ្យខាងសវនកម្មជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលទ្រព្យសម្បត្តិមន្ត្រីស្ថាប័នពន្ធដារថ្នាក់ជាតិទាំងអស់ ជាពិសេសលោក គង់ វិបុល ដែលមានលុយរាប់លានដុល្លារ ប្រើប្រាស់រថយន្តទំនើបៗ ដើរចាយវាយខ្ជះខ្ជាយ និងទិញផ្ទះនៅប្រទេសអូស្ត្រាលី រាប់លានដុល្លារ ជាដើម។ ចំណែកមន្ត្រីៗនៅក្នុងស្ថាប័នពន្ធដារវិញ ក៏ប្រើប្រាស់សុទ្ធតែរថយន្តស៊េរីទំនើបៗ និងមានប្រាក់រាប់លានដុល្លារផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកមិនមានជំនឿលើលោក ហ៊ុន ម៉ាណែត ថាអាចធ្វើទប់ស្កាត់អំពើពុករលួយបានទេ ដោយចាត់ទុកការលើកឡើងនេះ គ្រាន់តែធ្វើឲ្យពីរោះស្ដាប់ និងល្អមើលតែប៉ុណ្ណោះ។
មូលហេតុដែលលោក [ម៉ែន ណាត] អះអាងដូច្នេះ ដោយសារលោក គង់ វិបុល ជាមនុស្សដែលជួយរកចំណូលឲ្យគ្រួសារត្រកូល ហ៊ុន ដើម្បីរក្សាអំណាចតាំងពីលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត និងបក្ខពួកក្នុងជួរគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។
កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ទូរទស្សន៍ Aljazeera បានរកឃើញលោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ មានក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារ និងជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរកស៊ីលាងលុយកខ្វក់ នៅក្នុងប្រទេសអូស្ត្រាលី ផងដែរ។
បើតាមទូរទស្សន៍ Aljazeera រាយការណ៍ថា ក្រុមហ៊ុនរបស់លោក គង់ វិបុល ក្នុងប្រទេសអូស្ត្រាលី ដែលដាក់ឈ្មោះថា ផាញ៉ារិទ្ធិ ភីធីវ៉ាយ (Panhariddh PTY Ltd.) បានបង្កើតឡើងកាលពីឆ្នាំ២០១១ កំពុងរំលោភច្បាប់ពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ដោយសារតែម្ចាស់ក្រុមហ៊ុននេះ មិនបានស្នាក់នៅជាអចិន្ត្រៃយ៍ ក្នុងប្រទេសអូស្ត្រាលី តាមច្បាប់កំណត់។
ប៉ុន្តែលោក គង់ វិបុល បានបដិសេធថា ក្រុមហ៊ុននោះគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោកទៀតនោះទេ ក្រោយពីលោកបានលក់ក្រុមហ៊ុននោះ ទៅឲ្យមនុស្សផ្សេងទៀតជាយូរមកហើយ ហើយលោកក៏មិនដឹងថា ហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនថ្មី ប្រើប្រាស់អាសយដ្ឋានរបស់លោកទៀតនោះដែរ។
លោក គង់ វិបុល បន្ថែមនៅក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ Aljazeera ជាភាសាអង់គ្លេសនោះ ដោយបដិសេធថា លោកមិនមានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនណាមួយ ដែលមានតម្លៃរាប់លានដុល្លារនេះឡើយ ហើយលោកបានបន្ទោសព័ត៌មានដែលអ្នកស្រី Marie Ann Jolly នៃទូរទស្សន៍ Aljazeera ទទួលបាន គឺជាព័ត៌មានខុស។
ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មាន Aljazeera អ្នកស្រី Marie Ann Jolly សួរថា អ៊ីចឹងលោកមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុន ឬការរកស៊ីណាមួយក្នុងប្រទេសអូស្ត្រាលីទេ មែនទេ? ពេលនោះលោក គង់ វិបុល ឆ្លើយថា ប្រាកដហើយ។
អ្នកស្រីបន្តសួរទៀតថា លោកប្រាកដហើយមែនទេ ដែលលោកថា មិនមានការជាប់ពាក់ព័ន្ធនឹងការរកស៊ីក្នុងប្រទេសអូស្ត្រាលី ទោះបីរដ្ឋាភិបាលអូស្ត្រាលីមានឯកសារ និងព័ត៌មានគ្រប់គ្រាន់អំពីការរកស៊ីរបស់លោកនោះ? លោក គង់ វិបុល ឆ្លើយថា ពិតជាមិនមានទេ ហើយឯកសារ និងព័ត៌មានទាំងនេះ ជាព័ត៌មានខុស។
អ្នកស្រីបន្តសួរថា តើលោកគ្រប់គ្រងទ្រព្យសម្បត្តិរបស់លោកដោយរបៀបណា ដែលថា មិនមានអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះរបស់លោក? ពេលនោះលោក គង់ វិបុល ឆ្លើយថា លោកមិនចង់និយាយអំពីរឿងនេះទេ?៕
