The Cambodia Daily
14-9-2023

ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ប្រជាធិបតេយ្យ​ នៅ​សហរដ្ឋ​អាមេរិក ​រាប់​រយ​នាក់ ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​របស់​កម្ពុជា គឺ​លោក ហ៊ុន ម៉ាណែត នៅ​អង្គការ​សហប្រជាជាតិ (UN) នៅ​ចុង​ខែ​កញ្ញា នេះ ដោយសារតែ​ពួកគេ​ មិន​ចាត់ទុក​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​របស់​ពលរដ្ឋ​កម្ពុជា​ឡើយ។

អ្នក​នាំពាក្យ​អង្គការ​សង្គ្រោះ​កម្ពុជា ​លោក សោម កុលវឌ្ឍន៍ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១២ ខែ​កញ្ញា នេះ​ថា វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត មក​ចូលរួម​កិច្ច​ប្រជុំ​​នៅ​​អង្គការ​សហប្រជាជាតិ​ នៅ​ចុង​ខែ​កញ្ញា ខាងមុខ​នេះ មិនមែន​មាន​ន័យ​ថា ​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប ឬ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដទៃ​ទៀត ​ទទួលស្គាល់​គាត់​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​របស់​កម្ពុជា និង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ថា​ ជា​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ​ឡើយ ប៉ុន្តែ​គ្រាន់តែ​ជា​កិច្ចប្រជុំ​មួយ​ ដែល​តម្រូវ​ឱ្យ​មាន​​ការ​ចូលរួម​ពី​មេដឹកនាំ​តំណាង​ប្រទេស​ ដែល​ជា​សមាជិក​ទៅ​តាម​កាតព្វកិច្ច​របស់​ខ្លួន​ ប៉ុណ្ណោះ។

លោក សោម កុលវឌ្ឍន៍ លើកឡើង​ថា គោលជំហរ​នៃ​ការ​ធ្វើ​បាតុកម្ម​ ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត នៅ​អង្គការ​សហប្រជាជាតិ​នៅ​ពេលនេះ គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ នៅ​កម្ពុជា​ឡើង​វិញ ក្នុង​នោះ​ តំណាង​ក្រុម​អ្នក​ធ្វើ​បាតុកម្ម​ ក៏​បាន​ធ្វើ​លិខិត និង​ញត្តិ​ដាក់​ជូន​គណៈកម្មការ​នានា​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ និង​គោលការណ៍​នៃ​ការ​ធ្វើ​បាតុកម្ម​នេះ។

អនុប្រធាន​​វេទិកា​ពលរដ្ឋ​ លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា លោក ហ៊ុន ម៉ាណែត មិន​មែន​​ជា​នាយករដ្ឋមន្ត្រី​ ដែល​កើតឡើង​ពី​ការ​បោះឆ្នោត​ត្រឹមត្រូវ​ទេ ហើយ​តំណែង​នាយករដ្ឋមន្ត្រី​របស់​គាត់ ​នៅ​ពេលនេះ​ គ្រាន់តែ​ជា​តំណែង​ដើម្បី​បន្ត​ពូជ​ថែរក្សា​អំណាច​ក្នុង​វង្ស​ត្រកូល​របស់​គាត់​ប៉ុណ្ណោះ មិនមែន​ដើម្បី​លើក​​ស្ទួយ​ប្រជាធិបតេយ្យ ឬ​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ដែល​ត្រូវ​លោក ហ៊ុន សែន ឪពុក​របស់​គាត់​បាន​បំផ្លាញ​ ជាង ៤​ទសវត្សរ៍​កន្លងមក​នោះ​ទេ។

លោក ម៉ែន ណាត លើកឡើង​ថា វត្តមាន​ក្នុង​កិច្ចប្រជុំ​របស់​លោក ហ៊ុន ម៉ាណែត នៅ​អង្គការ​សហប្រជាជាតិ​ នៅ​ពេលនេះ​ ដែល​គាត់​បាន​អះអាង​ថា នឹង​ទាក់ទង​ឱ្យ​មាន​ការ​ទៅ​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ​ពី​អ្នក​ធុរកិច្ច​អាមេរិក​នោះ នឹង​​មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ទេ ព្រោះ​ប្រទេស​ដែល​ទទួល​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ពី​អាមេរិក ទាល់​តែ​​ប្រទេស​នោះ​គោរព​សិទ្ធិមនុស្ស និង​អនុវត្ត​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ បើ​លោក ហ៊ុន ម៉ាណែត រំពឹង​​ចង់​បាន​ឱ្យ​មាន​ការ​វិនិយោគ​ពី​សហរដ្ឋ​អាមេរិក ​នៅ​កម្ពុជា ទាល់តែ​គាត់​ងាក​ទៅ​រក​ការ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ ក្នុង​រដ្ឋាភិបាល​ដឹកនាំ​របស់​គាត់ ​នៅ​ពេលនេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ ​បញ្ជាក់​ថា ប្រសិនបើ​សហរដ្ឋ​អាមេរិក ​ពិត​ជា​ចាប់អារម្មណ៍​នឹង​ការ​ធ្វើ​វិនិយោគ​នៅ​​កម្ពុជា ម្ល៉េះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បៃដិន ទៅ​កាន់​ប្រទេស​វៀត​ណាម នៅ​ពេលនេះ គួរតែ​មាន​ចំណែក​ចូល​ទៅ​កម្ពុជា​ដែរ​ហើយ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​រំលង​កម្ពុជា ​បែប​នេះ អាច​​បង្ហាញ​ឱ្យ​ឃើញ​ថា អ្នក​ធុរកិច្ច​អាមេរិក ​មិន​មាន​ទំនុក​ចិត្ត​ទៅ​វិនិយោគ​នៅ​កម្ពុជា​ទេ ដូច្នេះ​ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ការ​កុហក​ភូតភរ​ពលរដ្ឋ​ខ្មែរ ​តែប៉ុណ្ណោះ។

ក្នុង​ពិធី​ជួប​កម្មករ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ លោក ហ៊ុន ម៉ាណែត អះអាង​ថា គម្រោង​​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក ​ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ ​អង្គការ​សហប្រជាជាតិ​ នៅ​ចុង​ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ពី​សំណាក់​សកម្មជន និង​ក្រុម​នយោបាយ​ប្រឆាំង​ នៅ​សហរដ្ឋ​អាមេរិក គឺជា​គោលដៅ​បរាជ័យ។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា អង្គការ​សហប្រជាជាតិ (UN) បាន​ទទួល​ស្គាល់​លោក​ជា​មេដឹកនាំ​របស់​កម្ពុជា​​រួច​​ហើយ ទើប​គេ​អញ្ជើញ​លោក​ឱ្យ​ទៅ​ថ្លែង​សុន្ទរកថា ​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ខាងមុខ​នេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ស្រុក បាន​នាំគ្នា​ប្រកាស​ធ្វើ​យុទ្ធនាការ​ថ្កោលទោស​រដ្ឋាភិបាល​ថ្មី​ របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ដល់​ថ្ងៃ​បើក​កិច្ច​ប្រជុំ​​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាងមុខ​នេះ​តែម្តង ដើម្បី​ឱ្យ​អង្គការ​សហប្រជាជាតិ​ បាន​ឃើញ​កាន់តែ​ច្បាស់​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​កម្ពុជា ​ចំពោះ​នាយករដ្ឋមន្ត្រី​ខ្មែរ​ បន្ត​ពូជ​ថ្មី​នេះ។

ចំណែក​វេទិកា​ប្រជាធិបតេយ្យ​ខ្មែរ (Khmer Democracy Forum) បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ដើម្បី​ប្រឆាំង​តវ៉ា​នឹង​រដ្ឋាភិបាល ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ មិន​ស្រប​ច្បាប់ នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ នឹង​ដាក់​ស្នើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ ​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (UNHRC) ដើម្បី​ឱ្យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ពិនិត្យ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើង​វិញ។

ដោយឡែក​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ ​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក ចូលរួម​ធ្វើ​បាតុកម្ម​ឱ្យ​បាន​ច្រើន​កុះករ ​នៅ​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ ផង​ដែរ នៅ​មុខ​ទីស្នាក់ការ​កណ្ដាល​​អង្គការ​សហប្រជាជាតិ ក្នុង​ទីក្រុង New York ដើម្បី​រួបរួម​សំឡេង​ប្រឆាំង​ បង្ហាញ​ពី​ការ​មិន​ទទួលស្គាល់​លោក ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​របស់​កម្ពុជា និង​រដ្ឋាភិបាល​ថ្មី​ របស់​លោក៕

រូបថត៖ លោក តាំង សារ៉ាដា លោក អ៊ុង រិទ្ធី លោក សោម កុលវឌ្ឍ និងលោក ម៉ែន ណាត។
រូបថត៖ លោក តាំង សារ៉ាដា លោក អ៊ុង រិទ្ធី លោក សោម កុលវឌ្ឍ និងលោក ម៉ែន ណាត។