The Cambodia Daily
21-2-2023
ក្រុមអ្នកឃ្លាំមើលនិយាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន ឡាវ និងវៀតណាម នៅមុនការបោះឆ្នោតឆ្នាំ២០២៣ នេះ គឺដើម្បីបញ្ចុះបញ្ចូលឱ្យមេដឹកនាំទាំងនោះគាំទ្រលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចបន្តពីខ្លួនតែប៉ុណ្ណោះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កុម្ភៈ នេះថា ចាប់តាំងពីលោក ហ៊ុន សែន ប្រកាសតែងតាំងកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមក ទាំងវៀតណាម ទាំងចិន នៅមិនទាន់បង្ហាញជំហរជាក់លាក់ណាមួយ ចំពោះការគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅឡើយទេ។ ដូច្នេះ ដើម្បីធានានូវការផ្ទេរអំណាចនៅពេលខាងមុខនេះប្រកបដោយសុវត្ថិភាព លោក ហ៊ុន សែន ត្រូវតែប្រឹងបញ្ចុះបញ្ចូលមេដឹកនាំនៃប្រទេសទាំងនោះ ឱ្យគាំទ្រកូនប្រុសរបស់គាត់ ឱ្យបាននៅមុនការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខនេះ។
លោក ម៉ែន ណាត លើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលវៀតណាម បានបង្កើតឡើង ដូច្នេះនៅក្នុងជួរគណបក្សនេះ ក៏មានមន្ត្រីដែលស្មោះស្ម័គ្រនឹងវៀតណាមដែរ ស្របពេលដែលលោក ហ៊ុន សែន កំពុងងាករេទៅរកចិន ជាខ្នងបង្អែកក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែវៀតណាម ក៏មិនអាចជំទាស់នឹងលោក ហ៊ុន សែន ដែលកំពុងផ្ចុងផ្ដើមលោក ហ៊ុន ម៉ាណែត ឱ្យស្នងអំណាចពីខ្លួនដែរ ដើម្បីកុំឱ្យផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា មានការបែកបាក់ ដែលនាំឱ្យខូចខាតប្រយោជន៍វៀតណាមទៅថ្ងៃមុខ ដូច្នេះពួកគេនៅតែរង់ចាំមើលសមត្ថភាពលោក ហ៊ុន ម៉ាណែត ប៉ុណ្ណោះ ថាតើបេក្ខភាពមួយនេះ អាចគ្រប់គ្រងអំណាចដែលឪពុកផ្ទេរឱ្យបានកម្រិតណា និងអាចផ្តល់ផលប្រយោជន៍ឱ្យវៀតណាម កម្រិតណានោះ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានចូលរួមក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សវៀតណាម លោក ង្វៀន ហ្វូជុង នៅទីក្រុងហាណូយ ដើម្បីបង្កើននូវទំនាក់ទំនងបន្ថែមទៀត នៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំ ស្ថិរភាពយូរអង្វែងរវាងគណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងសេចក្តីថ្លែងការណ៍នោះ លើកឡើងថា ភាគីទាំងពីរបានធ្វើរបាយការណ៍ជូនគ្នាទៅវិញទៅមក ជាពិសេសលទ្ធផលនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងគណបក្ស និងរដ្ឋនៃប្រទេសទាំងពីរ ក្នុងនោះភាគីទាំងពីរក៏បន្តបញ្ជាក់ពីទំនាក់ទំនងមិត្តភាពក្នុងការជួយគ្នាទៅវិញទៅមកផងដែរ។ លើសពីនេះ មេដឹកនាំកម្ពុជា និងវៀតណាម ក៏បានឯកភាពគ្នាលើទំនាក់ទំនងនយោបាយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ទំនាក់ទំនងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៨៥ ដែលកងទ័ពវៀតណាមបានលើកបន្តុបមេដឹកនាំខ្មែរ គឺលោក ហ៊ុន សែន ឱ្យធ្វើនាយករដ្ឋមន្ត្រីមក ត្រូវគេមើលឃើញថា រាល់ជំនួបទាំងអស់គ្មានអ្វីក្រៅពីការចរចា និងរកល្បិចបើកផ្លូវឱ្យវៀតណាម ឈ្លានពានកម្ពុជានោះទេ ខណៈមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ក៏មិនដែលបដិសេធរាល់សំណើក្នុងចេតនាឈ្លានពាន របស់មេដឹកនាំវៀតណាមនោះដែរ ជាថ្នូរដើម្បីឲ្យប្រទេសជិតខាងមួយនេះ គាំទ្រកូនប្រុសរបស់ខ្លួន ឡើងកាន់អំណាចបន្តពីខ្លួនទៅថ្ងៃមុខ។
ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ បានសុំឱ្យលោក ហ៊ុន សែន ជួយដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់មកជាការរស់នៅដោយស្របច្បាប់វិញ ខណៈមេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានយល់ព្រមនឹងសំណើនេះទាំងស្រុង។
ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ស្ដីពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន៍នៅកម្ពុជា ស្របពេលដែលគេមើលឃើញថា ជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ច្រើនលើសលប់សព្វថ្ងៃនេះ គឺមានតែជនជាតិវៀតណាមប៉ុណ្ណោះ៕
.