The Cambodia Daily
24-9-2022
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន អះអាងទៅកាន់ អគ្គលេខាធិការអង្គការសហប្រជាជាតិថា អស់រយៈពេល ៤៣ ឆ្នាំហើយ ដែលកម្ពុជា បានរួចពីការស្លាប់នៃ របបប្រល័យពូជសាសន៍ ប៉ុល ពត គឺដោយសារមានការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីកងទ័ព នៃប្រទេសវៀតណាម។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានលើកឡើងក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះថា ភាពជោគជ័យនៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការ រវាងរដ្ឋាភិបាលកម្ពុជា ជាមួយនឹងអង្គការសហប្រជាជាតិនៅពេលនេះ គឺតុលាការកូនកាត់មួយនេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ ជូនពលរដ្ឋ ដែលជាអ្នករងគ្រោះ ដោយរបបប្រល័យពូជសាសន៍ហើយនៅពេលនេះ។
បុរសខ្លាំងក្រាញអំណាចរូបនេះ បញ្ជាក់ថា លោកបានរង់ចាំអស់រយៈពេល ៤៣ ឆ្នាំហើយ សម្រាប់ការស្វែងរកយុត្តិធម៌ លើសំណុំរឿងខ្មែរក្រហមនេះ។ លោកបន្តថា ការស្វែងរកយុត្តិធម៌ សម្រាប់ប្រជាជនខ្មែរនេះ គឺដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍សម្លាប់រង្គាលប្រល័យពូជសាសន៍ កើតឡើងសាជាថ្មីម្តងទៀត នៅកម្ពុជា។
ទោះជាបែបនេះក្តី អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៣ កញ្ញា នេះថា ការលើកឡើងនេះ គឺជាការបិទបាំងឧក្រិដ្ឋកម្មយ៉ាងធំ ចំពោះពលរដ្ឋខ្មែរប្រមាណជាង ២ សែននាក់ ដែលបានស្លាប់ក្នុងផែនការ «ក៥» ដែលលោក ហ៊ុន សែន បានទទួលផែនការពីវៀតណាម មកអនុវត្ត ហើយឧក្រិដ្ឋកម្មមួយនេះ គឺជារឿងធំមួយ ដែលកម្ពុជាត្រូវតែរកយុត្តិធម៌ ជូនអ្នកដែលបានស្លាប់ក្នុងផែនការរបស់វៀតណាមនោះ។
លោកបន្ថែមថា លោក ហ៊ុន សែន ក៏បានជួយបិទបាំងឧក្រិដ្ឋកម្មនានា ក្នុងសម័យ ប៉ុល ពត ដែលពាក់ព័ន្ធយ៉ាងជ្រៅ ទៅនឹងចារកម្មរបស់វៀតណាម ដែលបានបង្កប់ខ្លួនចាក់ឫសយ៉ាងជ្រៅ ចូលទៅក្នុងប្រព័ន្ធដឹកនាំរបស់ខ្មែរក្រហម ដែលបានសម្លាប់ពលរដ្ឋខ្មែរ នាសម័យនោះផងដែរ។
លោក គឹម សុខ អះអាងថា អាថ៌កំបាំងដែលរដ្ឋាភិបាលលោក ហ៊ុន សែន លាក់បាំងរហូតដល់សព្វថ្ងៃនេះ តើមានឧក្រិដ្ឋកម្មនៃសម័យ ប៉ុល ពត មានជាប់ពាក់ព័ន្ធនឹងបរទេសណាខ្លះ ដែលកម្ពុជាត្រូវស្រាវជ្រាវ ដើម្បីឲ្យពួកគេមកទទួលខុសត្រូវលើរឿងនេះ? ប៉ុន្តែមេដឹកនាំខ្មែរ លោក ហ៊ុន សែន បានបិទចោលនូវការស្រាវជ្រាវនេះទាំងស្រុង។
លោ គឹម សុខ លើកឡើងថា ដើម្បីឲ្យជាក់ច្បាស់ថាវៀតណាម បានជួយពលរដ្ឋខ្មែរ ពីរបបប្រល័យពូជសាសន៍មែន ឬមិនមែននោះ លុះត្រាតែកម្ពុជា ហ៊ានប្រគល់សំណុំរឿងនេះ ទៅឲ្យតុលាការអន្តរជាតិ ជាអ្នកស៊ើបអង្កេត និងកាត់ទោសអ្នកដែលពាក់ព័ន្ធទាំងអស់ រួមទាំងបរទេសជិតខាង ដែលបានលូកដៃចូល ក្នុងរឿងនេះផងដែរ ប៉ុន្តែការធ្វើបែបនេះ ត្រូវលោក ហ៊ុន សែន ព្យាយាមជំទាស់ដាច់អហង្ការ។
ប្រធានវេទិកាពលរដ្ឋរូបនេះ ព្រមានថា ប្រសិនបើលោក ហ៊ុន សែន មិនព្រមអនុវត្តតាមគោលការណ៍នៃ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទេ ហើយនៅតែបន្តអនុវត្តតាមកិច្ចព្រមព្រៀងខុសច្បាប់នានា ជាមួយវៀតណាមទៀតនោះ គឺក្រុមរបស់លោក ហ៊ុន សែន នេះតែម្តង ដែលកំពុងនាំកម្ពុជា ឲ្យប្រឈមនឹងវិនាសកម្មជាថ្មីម្តងទៀត ដែលជាវិនាសកម្ម នឹងធ្វើឲ្យបាត់បង់ពូជសាសន៍ខ្មែរ ទៅថ្ងៃមុខដែលមិនអាចស្រោចស្រង់បាន។
លោក គឹម សុខ គូសបញ្ជាក់ថា ដើម្បីកុំឲ្យរបបពិឃាតវិលត្រឡប់មកវិញ រដ្ឋាភិបាលកម្ពុជាគ្រាន់តែអនុវត្តតែ ២ចំណុចប៉ុណ្ណោះ ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្នុងទីក្រុងប៉ារីស ឆ្នាំ១៩៩១ នោះ គឺទី១ ត្រូវរៀបចំឲ្យពលរដ្ឋខ្មែរអាចជ្រើសរើសមេដឹកនាំតាមរយៈនៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ហើយ ទី២ ប្រសិនបើមានការរំលោភដែនអធិបតេយ្យរបស់កម្ពុជា រដ្ឋាភិបាលខ្មែរ គ្រាន់តែស្នើឲ្យមានកិច្ចអន្តរាគមន៍ពីអង្គភាពមានសមត្ថកិច្ចរបស់ អង្គការសហប្រជាជាតិ ដើម្បីជួយដោះស្រាយនោះ គឺអាចធានាបានពេញលេញថាកម្ពុជា នឹងគ្មានរបបខ្មៅងងឹតនេះវិលមកវិញទេ៕
.