អត្ថបទ The Cambodia Daily
21-10-2022
បុរសខ្លាំង លោក ហ៊ុន សែន មេដឹកនាំខ្មែរដែលគេដឹងថា ធ្លាប់បានកាត់ទឹកដីខ្មែរឱ្យវៀតណាម ព្រមានថា កុំថាឡើយអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលមិនកាន់អំណាច ហ៊ានកាត់ទឹកដីឱ្យបរទេស ត្រូវទទួលទោសចំពោះមុខច្បាប់ សូម្បីតែលោកខ្លួនឯង ដែលកំពុងតែកាន់អំណាច ក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា បើហ៊ានចុះហត្ថលេខាកាត់ទឹកដី ឱ្យទៅប្រទេសណាមួយនោះ។
មេដឹកនាំខ្មែរដែលគេដឹងថា ធ្លាប់បានកាត់ទឹកដីខ្មែរឱ្យវៀតណាមរូបនេះ បានអះអាងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះថា លោកបានចាត់ទុកសាលក្រម របស់តុលាការក្រុងភ្នំពេញ កាត់ទោសអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៉ី ដាក់គុកមួយជីវិត គឺជារឿងត្រឹមត្រូវជាទីបំផុត ព្រោះថា លោកធ្លាប់បានអនុគ្រោះឱ្យលោក សម រង្ស៊ី ជាច្រើនលើកច្រើនសារួចមកហើយ តែអតីតមេដឹកនាំប្រឆាំងរូបនេះ មិនត្រឹមតែមិនកែប្រែនោះទេ បែរជានៅតែបន្តបំផ្លិចបំផ្លាញកម្ពុជា ឥតឈប់ទៅវិញ។
លោក ហ៊ុន សែន សន្យាថា លោកមិនត្រឹមតែមិនលើកដៃចុះហត្ថលេខាលើកលែងទោស ឱ្យអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ប៉ុណ្ណោះទេ ប៉ុន្តែលោកកំពុងតែបំផុសចលនា ដើម្បីនឹងកម្ចាត់ចោល នូវមនោគមន៍វិជ្ជាជ្រុលនិយមរបស់លោក សម រង្ស៊ី ថែមទៀត។
បុរសខ្លាំងដែលឧស្សាហ៍ ប្រើកណ្ដាប់ដៃដែករូបនេះ បញ្ជាក់ថា ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែង ចាំបាច់ត្រូវតែបំផ្លាញចោលនូវ មនោគមន៍វិជ្ជាជ្រុលនិយមនេះ ឱ្យអស់ពីទឹកដីកម្ពុជា។ លោក ហ៊ុន សែន គូសបញ្ជាក់ថា លោក សម រង្ស៊ី នឹងចោលឆ្អឹងនៅក្រៅស្រុក យ៉ាងពិតប្រាកដ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម កាត់ទោសអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៉ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត ក្រោមបទចោទប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីមួយផ្នែក កាលពីពេលកន្លងទៅ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ តុលា នេះថា ការចោទប្រកាន់របស់លោក ហ៊ុន សែន លើលោក សម រង្ស៊ី ថាប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេស នូវដែនដីមួយផ្នែកបែបនេះ គ្រាន់តែជាការមួលបង្កាច់លោក សម រង្ស៊ី ប៉ុណ្ណោះ ប៉ុន្តែលោកបញ្ជាក់ថា ជម្លោះរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅពេលនេះ មិនមែនដើម្បីប្រយោជន៍ជាតិទេ គឺជារឿងគំនុំសងសឹកបុគ្គលប៉ុណ្ណោះ ព្រោះថាលោក សម រង្ស៊ី ក៏រិះគន់ពីពូជអំបូររបស់លោក ហ៊ុន សែន ចំណែកលោក ហ៊ុន សែន ក៏ដៀលត្មះពីពូជអំបូររបស់លោក សម រង្ស៊ី វិញដែរ។
លោក ម៉ែន ណាត លើកឡើងថា លោក ហ៊ុន សែន គួរមើលប្រវត្តិនៃការដឹកនាំរបស់គាត់ឡើងវិញ ជុំវិញទំនាក់ទំនងជាមួយរដ្ឋាភិបាលវៀតណាម ដើម្បីឆ្លុះបញ្ចាំងការអួតអាងរបស់គាត់ ថាបើគាត់ហ៊ានកាត់ទឹកដីខ្មែរឱ្យបរទេសក៏មានទោសដែរនោះ ត្បិតលោក ហ៊ុន សែន ក្រោយការលើកបន្តុបរបស់វៀតណាម គាត់បានចុះហត្ថលេខាខុសច្បាប់ច្រើនណាស់ ជាមួយវៀតណាម ដែលជាការរំលោភលើរដ្ឋធម្មនុញ្ញរបស់កម្ពុជាផង និងរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ផងដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ រៀបរាប់ថា សារាចរបើកផ្លូវឱ្យអន្តោប្រវេសន៍វៀតណាមខុសច្បាប់ ទៅរស់នៅលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦, ការចុះហត្ថលេខាលើការកំណត់ព្រំដែនទឹក ឆ្នាំ១៩៨២, ការចុះហត្ថលេខាកំណត់ព្រំដែនរដ្ឋ ដោយខុសច្បាប់ឆ្នាំ១៩៨៥ និង ការចុះហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដើម្បីធានាសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានា សុទ្ធសឹងតែជាស្នាដៃរបស់លោក ហ៊ុន សែន ដែលសហការដោយលួចលាក់ជាមួយវៀតណាម ទាំងអស់។
លោក ម៉ែន ណាត គូសបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងខុសច្បាប់ទាំងអស់ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាយល់ព្រម ជាមួយវៀតណាមបែបនេះហើយ ទើបកម្ពុជា បាត់បង់ដែនទឹករបស់ខ្លួន ដូចជា កោះត្រល់ និង ចង្កោមកោះក្រចកសេះ ក្នុងនោះ ដែនគោករបស់កម្ពុជា ក៏បានបាត់បង់ទៅខាងវៀតណាម ផងដែរ។ ដោយឡែក ផែនទីកំណត់ព្រំដែនប្រទេសកម្ពុជា ក៏ត្រូវលោក ហ៊ុន សែន កែប្រែដោយខុសច្បាប់ពីខ្នាត ១/១០០.០០០ មកជាខ្នាតលើ ១/២៥.០០០ ទៅវិញ ដូច្នេះបើផ្អែកលើភស្តុតាងទាំងនេះ អាចបញ្ជាក់បានថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលក្បត់ជាតិឯង យ៉ាងពិតប្រាកដ៕

.