ក្រុមអ្នកឃ្លាំមើលសង្គម ព្រមានថា កម្ពុជាគឺជាប្រទេសដែលគ្មានសន្តិភាព ដោយសារតែប្រទេសក្រីក្រមួយនេះ ញាំញីទៅដោយអំពើអយុត្តិធម៌ អំពើជួញដូរមនុស្ស និងអំពើឃាតកម្មជាច្រើន។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៣ ខែតុលា ថា ជារឿងគួរឱ្យអាម៉ាស់បំផុត ដែលកម្ពុជាបានធ្លាក់ចូលទៅក្នុងបញ្ជីប្រផេះ និងជាប់ចំណាត់ថ្នាក់លេខ៣ ដ៏អាក្រក់ ក្នុងចំណោមប្រទេសដែលលាងលុយកខ្វក់ និងប្រព្រឹត្តអំពើជួញដូរមនុស្សធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការតាមដានកាន់តែខ្លាំង ក្នុងឆ្នាំ២០២២ នេះ ប៉ុន្តែបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បែរអួតអាងថា កម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់លោកទៅវិញ។
លោក គឹម សុខ លើកឡើងថា កេរ្តិ៍ឈ្មោះរបស់កម្ពុជា តាមរយៈនៃការរកឃើញថា ជាទីតាំងសម្រាប់លាងលុយកខ្វក់ ជាកន្លែងជួញដូរមនុស្ស កន្លែងប្រព្រឹត្តល្បែងខុសច្បាប់ និងជាកន្លែងប្រព្រឹត្តអំពើឃាតកម្មយ៉ាងអនាធិបតេយ្យសព្វថ្ងៃនេះ ត្រូវគេចាត់ចូលក្នុងប្រទេស ដែលមានហានិភ័យខ្ពស់បំផុត ជាពិសេសផ្នែកខាងអំពើអយុត្តិធម៌ និងអសន្តិសុខសង្គម នៅលើឆាកអន្តរជាតិ។
លោកបន្តថា សព្វថ្ងៃនេះ កម្ពុជាមិនមែនជាប្រទេស ដែលពោរពេញទៅដោយសន្តិភាព និងសុភមង្គល ដូចការអះអាងរបស់បុរសខ្លាំង លោក ហ៊ុន សែន នោះឡើយ។
ប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន កម្ពុជាមិនត្រឹមតែគ្មានសន្តិភាពក្នុងជំនាន់ដឹកនាំរបស់គាត់នោះទេ គឺកម្ពុជានឹងបន្តនៅក្រោមការដឹកនាំដែលកាន់តែអាក្រក់ជាងនេះទៀត នៅក្នុងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ទៅថ្ងៃមុខបន្ថែមទៀត ប្រសិនបើគ្មានការងើបឡើងតវ៉ា ទៅនឹងការដឹកនាំផ្ដាច់មុខរបស់គ្រួសារត្រកូល «ហ៊ុន» ទេនោះ។
ចំណែកប្រធានកម្មវិធីសុចរិតភាពធុរកិច្ច និងធនធានរ៉ែនៃ អង្គការតម្លាភាពកម្ពុជា លោក តុង សុប្រាជ្ញ បានលើកឡើងក្នុងកម្មវិធីនេះដែរថា សន្តិភាពពិតប្រាកដ គឺសំដៅដល់សេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តរបស់ពលរដ្ឋ។
លោកបន្តថា ការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ ត្រូវគេមើលថា ពោរពេញទៅដោយការគំរាមកំហែង ហើយការរស់នៅរបស់ពលរដ្ឋ ពោរពេញដោយការភ័យខ្លាច ហើយការដឹកនាំបែបនេះ មិនត្រូវបានចាត់ទុកថា មានសន្តិភាពពេញលេញនោះទេ។
លោក តុង សុប្រាជ្ញ បញ្ជាក់ថា នៅពេលដែលកម្ពុជា ត្រូវបានគេចាត់ចូលទៅក្នុងចំណោមប្រទេសលាងលុយកខ្វក់ និងជួញដូរមនុស្សដូចសព្វថ្ងៃនេះ គេមិនត្រឹមតែចាត់ទុកកម្ពុជា ជាប្រទេសដែលគ្មានសន្តិភាពនោះទេ ប៉ុន្តែកម្ពុជានឹងរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចជាតិធ្ងន់ធ្ងរ ទៅថ្ងៃមុខថែមទៀត ដោយសារតែរដ្ឋាភិបាលបណ្តែតបណ្តោយឱ្យមានការធ្វើចរាចរណ៍លុយខ្មៅ នៅក្នុងប្រទេសរបស់ខ្លួនសព្វថ្ងៃនេះ។
កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បុរសខ្លាំងកម្ពុជាឧស្សាហ៍ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានលើកឡើងក្នុងវេទិកាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្សលើកទី៦ ថា ការជួញដូរមនុស្សដែលកំពុងកើតមាននៅកម្ពុជាសព្វថ្ងៃនេះ គឺដោយសារតែកម្ពុជាមានសន្តិភាព ទើបអ្នកទាំងនោះ នាំគ្នាសម្រុកចូលទៅកម្ពុជាបែបនេះ។
បន្ថែមពីនេះ កាលពីចុងឆ្នាំ២០២១ លោក ហ៊ុន សែន ធ្លាប់បានព្រមានថា ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ក៏លោកត្រូវតែការពារឯករាជ្យ សន្តិភាពឱ្យបានលុះដល់ជីវិតចុងក្រោយ ក្នុងនោះ លោក ហ៊ុន សែន បញ្ជាក់ថា ទោះត្រូវកម្ទេចក្រុមប្រឆាំងឲ្យអស់ចាប់ពី ១០០ ទៅ ២០០នាក់ក៏ដោយ ប្រសិនបើពួកគេបំផ្លាញសន្តិភាព ដែលលោកខំកសាងឡើងដោយលំបាកនេះ៕
.