The Cambodia Daily
19-11-2023
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ ចោទលោក ហ៊ុន សែន ថាជាមនុស្សតែម្នាក់គត់ ដែលធ្វើឲ្យអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ធ្លាក់ទៅក្រោមអាណានិគមរបស់ចិន និងវៀតណាម ក្នុងសម័យបច្ចេកវិទ្យាទំនើប។
លោក អ៊ុំ សំអាន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ថាលោក ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជា បាត់បង់អធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងឯករាជភាពរបស់កម្ពុជាដោយផ្ទាល់ដៃរបស់គាត់ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងឆ្នាំ២០១៩ ស្របតាមខ្លឹមសារសន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ ក្នុងសម័យដែលវៀតណាមគ្រប់គ្រងកម្ពុជា ហើយដែលពេលនោះ វៀតណាមបានលើកបន្តុបលោក ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្ត្រី។
លោក អ៊ុំ សំអាន លើកឡើងថា ការព្រមានរបស់លោក ហ៊ុន សែន ដែលថា ការបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ នឹងនាំមកនូវសង្គ្រាម គ្រាន់តែពាក្យប្រជាភិថុតិប៉ុណ្ណោះ ព្រោះថា មានតែលោក ហ៊ុន សែន ម្នាក់គត់ដែលបានធ្វើឲ្យបាត់បង់ឯករាជភាពកម្ពុជា ហើយបានដាក់ឱ្យកម្ពុជា ស្ថិតក្រោមអាណានិគមរបស់ចិន និងវៀតណាម សព្វថ្ងៃនេះ។
កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មេដឹកនាំបក្សកាន់អំណាច ដែលកងទ័ពវៀតណាមលើកបន្តុប លោក ហ៊ុន សែន ព្រមានក្នុងមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ថា ការចុះខ្សោយ ឬបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ នឹងនាំមកនូវការបែកបាក់ សង្គ្រាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយពីជាតិសាសន៍ដទៃ។
លោក ហ៊ុន សែន អះអាងថា គ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព អង្គការចាត់តាំងដឹកនាំប្រទេសរបស់បក្សប្រជាជនកម្ពុជា ត្រូវតែលើកកម្ពស់មនសិការភ្ញាក់រឭក ប្ដូរផ្ដាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ឱ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ចំពោះការរំលោភបំពានណាមួយ ពីបរទេសខាងក្រៅ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងជាអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ ត្រូវគេដឹងថា ធ្លាប់យល់ព្រមទទួលយកផែនការ «ក៥» របស់វៀតណាម ជាផែនការប្រល័យពូជសាសន៍ទី២ ដែលបានបញ្ជូនបុរសខ្មែរភាគច្រើន ឲ្យទៅជាន់មីនស្លាប់ប្រហែល ១សែននាក់ ហើយរាប់ពាន់នាក់ ធ្លាក់ខ្លួនពិការពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨ និង ការទទួលយកផែនការបញ្ជូននិគមជនវៀតណាមខុសច្បាប់ ឱ្យទៅរស់នៅលើទឹកដីខ្មែរ រហូតមកទល់សព្វថ្ងៃនេះ ជាដើម។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ហ៊ុន សែន យល់ព្រមនឹងសំណើរដ្ឋាភិបាលវៀតណាម ថា នឹងពន្លឿននីតិវិធីដើម្បីផ្លាស់ប្ដូរលិខិតុបករណ៍លើការផ្តល់សច្ចាប័ននៃ ការផ្តល់សន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន។ លើសពីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនហ្វុក បានបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា-វៀតណាម ជាកិច្ចការចាំបាច់បំផុត និងត្រូវធ្វើជាបន្ទាន់ថែមទៀត។
ក្រុមអ្នកសង្កេតការណ៍រិះគន់ថា នាយករដ្ឋមន្ត្រីរបស់កម្ពុជាពិតប្រាកដ គឺវៀតណាមទៅវិញទេ ខណៈនាយករដ្ឋមន្ត្រីស្រមោលរបស់ខ្មែរ គឺជានាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ននេះ ត្បិតរាល់ពេលផ្លាស់ប្ដូរមេដឹកនាំធំៗវៀតណាមម្តងៗ លោក ហ៊ុន សែន តែងសម្បទានទៅតាមការចង់បានរបស់វៀតណាម ជាបន្តបន្ទាប់រហូតមក។
ជាក់ស្តែង កាលពីឆ្នាំ១៩៨២ នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀង កូថាច់ បានចុះហត្ថលេខាខុសច្បាប់កំណត់ព្រំដែនទឹកឆ្នាំ១៩៨២ និងចុះហត្ថលេខាលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋដោយខុសច្បាប់ ឆ្នាំ១៩៨៥ ជាមួយលោក ហ៊ុន សែន ដែលជារដ្ឋមន្ត្រីការបរទេសរបស់កម្ពុជា នាពេលនោះ។
ជាងនេះទៀត កាលពីឆ្នាំ២០០៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខាយ បានសហការជាមួយប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន ចុះហត្ថលេខាទទួលស្គាល់ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដោយខុសច្បាប់ ដែលផ្ទុយទៅនឹងខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង។
បន្ថែមលើនេះ កាលពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់លោក ង្វៀន ស៊ួនហ្វុក ជានាយករដ្ឋមន្ត្រីវៀតណាម នៅពេលនោះ បានទាមទារឲ្យលោក ហ៊ុន សែន ចុះហត្ថលេខាខុសច្បាប់ លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ មួយទៀត ដើម្បីបញ្ជាក់ពីសុពលភាពកិច្ចព្រមព្រៀងខុសច្បាប់នានា រវាងកម្ពុជា-វៀតណាម កន្លងមក ដែលបានមោឃភាព ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថានៅតែមានសុពលភាពសម្រាប់ប្រទេសទាំងពីរ។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត មួយរូប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ក្រោមការគ្រប់គ្រងរបស់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រទេសកម្ពុជា មិនមានឯករាជភាព និងអធិបតេយ្យជាតិនោះទេ ដោយសារតែមេដឹកនាំខ្មែររូបនេះ បានយកប្រទេសរបស់ខ្លួន ទៅដាក់ជាថ្នូរនឹងការជួយជ្រោមជ្រែងអំណាចពីវៀតណាម និងជាថ្នូរក្នុងការខ្ចីបុល ពីប្រទេសចិន ទៅហើយ ដូច្នេះកម្ពុជានៅពេលនេះ គឺប្រៀបបានកំពុងស្ថិតក្នុងមាត់ខ្លា និងមាត់ក្រពើ ដែលគេលេបត្របាក់ពេលណាក៏បាន៕
