អត្ថបទ The Cambodia Daily
09th-8-2022
បេក្ខជនស្នងតំណែងអនាគតនាយករដ្ឋមន្ត្រី ដែលជាកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងថា កងទ័ពជើងគោកកម្ពុជា និងវៀតណាម បានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព ដើម្បីការពារ និងកសាងប្រទេសទាំងពីរ នៅក្រោមម្លប់នៃសន្តិភាពក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយអនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោក ង្វៀន វ៉ាន់ងៀ (Nguyen Van Nghia) អំឡុងដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នេះថា ការសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម គឺជាមូលដ្ឋានមិនអាចខ្វះបាន ដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើន និងរុងរឿងទាំងអស់គ្នា។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបក្សកុម្មុយនីស្ត រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ថា ពួកគេតែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជា ជួបការលំបាក។
បេក្ខជនអនាគតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បញ្ជាក់ថា ការមកបំពេញទស្សនកិច្ចផ្លូវការ ក្នុងប្រទេសវៀតណាមនៅពេលនេះ គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀត ជាពិសេសពង្រឹងវិស័យយោធា ស្របតាមពាក្យស្លោកថា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ការអះអាងនេះ ត្រូវគេមើលឃើញថា ជាការបញ្ជាក់ជំហររបស់កម្ពុជា ចំពោះវៀតណាម ឱ្យកាន់តែច្បាស់បន្ថែមទៀត ចំពោះទំនាក់ទំនងប្រទេសទាំងពីរ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីកម្ពុជា នាពេលអនាគតនៅពេលនេះ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់ The Cambodia Daily នៅថ្ងៃទី៩ ខែសីហា នេះថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត គឺជាការទាមទាររបស់វៀតណាម ដើម្បីឱ្យបេក្ខជនស្នងមរតកអំណាច នៅកម្ពុជារូបនេះ បញ្ជាក់ជំហររបស់ខ្លួន ឱ្យកាន់តែច្បាស់ជាមួយវៀតណាម បន្ថែមទៀត បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ប្រកាសគាំទ្រខ្លួនធ្វើជាអ្នកបន្តវេនកាលពីពេលថ្មីៗនេះ ថាតើក្រោយឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត នឹងនៅតែរក្សាទំនាក់ទំនង ជាមួយវៀតណាមដូចមុនដែរឬទេ ទៅថ្ងៃមុខ។
លោក ម៉ែន ណាត អះអាងថា ការស្នងអំណាចរបស់លោក ហ៊ុន ម៉ាណែត នឹងមិនអាចធ្វើទៅរួចទេ បើគ្មានការជួយជ្រោមជ្រែងពីវៀតណាម ព្រោះថាជំនាញការ និងក្រុមចារកិច្ចរបស់វៀតណាម បានរៀបបណ្ដាញចូលយ៉ាងជ្រៅ ទៅក្នុងប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា និងបណ្ដាញខ្សែបក្ខពួកទាំងអស់របស់ គ្រួសារត្រកូល ហ៊ុន។ ដូច្នេះ ត្រកូល ហ៊ុន គ្មានជម្រើសណាល្អក្រៅតែពីបន្តទំនាក់ទំនងល្អ ជាមួយវៀតណាម តាមរយៈនៃការសម្បទានទឹកដីកម្ពុជាបន្ថែមទៀត ដើម្បីស្ថិរភាព នៃការគ្រប់គ្រងអំណាចនេះទេ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា ប្រទេសកម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះគួរឱ្យព្រួយបារម្ភ ពីព្រោះប្រទេសនេះ បានស្ថិតក្នុងការក្តោបក្តាប់របស់ ត្រកូល ហ៊ុន ទាំងស្រុង ខណៈត្រកូល ហ៊ុន ត្រូវបានរៀបចំចាត់ចែងដោយរដ្ឋាភិបាលវៀតណាម ដើម្បីទាញយកផលប្រយោជន៍គ្រប់បែបយ៉ាងពីកម្ពុជា ខណៈចិន ក៏កំពុងតែដើរតួជាម្ចាស់បំណុលចិត្តធម៌ ក្នុងចេតនាទាញកម្ពុជា ធ្វើជាកូនអុកបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួន ក្នុងពេលបច្ចុប្បន្ននេះផងដែរ។
កម្ពុជាដែលក្រោមការដឹកនាំរបស់ត្រកូល ហ៊ុន ជាង ៤០ ឆ្នាំមកនេះ ត្រូវគេមើលឃើញថា មានតែការកាត់ទឹកដីឱ្យវៀតណាម ដើម្បីអំណាច និងប្រឹងខ្ចីបំណុលចិន ដើម្បីបន្តអំណាចរបស់ខ្លួនប៉ុណ្ណោះ ហើយបញ្ហានេះ ពលរដ្ឋខ្មែរព្រួយបារម្ភថា កម្ពុជាដ៏តូចចង្អៀតមួយនេះ នឹងត្រូវបរទេសឈ្លានពានរើខ្លួនមិនរួចទៅថ្ងៃមុខ ប្រសិនបើកម្ពុជា នៅតែស្ថិតក្នុងទម្រង់នៃការដឹកនាំតាមរបៀបគ្មានតម្លាភាព របស់ត្រកូល ហ៊ុន ដូចសព្វថ្ងៃនេះ៕


.