រំលឹក៖ ដីខ្មែរប្រមាណ ៤ ម៉ឺនហិកតា តាមព្រំដែនវៀតណាម ខេត្តរតនគីរី ត្រូវបានគ្រប់គ្រង ដោយ ក្រុមហ៊ុនកងទ័ពវៀតណាម ក្រោមរូបភាពដីសម្បទានសេដកិច្ច។ ប៉ុន្តែធាតុពិត ដី សម្បទាននេះ ត្រូវបានរាប់បញ្ចូលទៅក្នុង តំបន់ត្រីកោនអភិវឌ្ឍឥណ្ឌូចិន របស់ប្រទេសទាំង ៣ ដែលយើងជឿថា នេះជានយោបាយឈ្លានពានតាមរបៀបថ្មី របស់ប្រទេសវៀតណាម។
លោក ហ៊ុន សែន មិនដែលឆ្លើយសំណួររបស់អ្នកជំនាញព្រំដែន និង អ្នកឯកទេសនានា ដែលចោទសួរថា រដ្ឋាភិបាល នៅតែបន្តបម្រើនយោបាយវៀតណាម។ ហើយមានសកម្មជនព្រំដែន និងអ្នកវិភាគមួយចំនូន ត្រូវបានក្រុមចារកិច្ចរបស់រដ្ឋាភិបាល បាញ់សម្លាប់ និងចាប់ឃុំឃាំង ដោយសារពួកគេ ប្រឆាំងជំទាស់នឹងនយោបាយរបស់ រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរឿងព្រំដែន រឿងដីសម្បទានសេដ្ឋកិច្ច និងរឿងអន្តោប្រវេសន៍ វៀតណាមខុសច្បាប់ នៅកម្ពុជា ជាដើម។ល។
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

លោក ហ៊ុន សែន ថាតំបន់អភិវឌ្ឍន៍ត្រីកោណជានិមិត្តរូបនៃ កិច្ចសហប្រតិបត្តិការល្អ
(RFA Khmer, ដោយ ហង្ស សាវយុត, 23-11-2016)
ប្រមុខរដ្ឋាភិបាលកម្ពុជា រំពឹងថា កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម លើកទី៩ ស្ដីពី ការអភិវឌ្ឍតំបន់ត្រីកោណ ដែលកំពុងប្រព្រឹត្តទៅនៅ ខេត្តសៀមរាប មិនត្រឹមតែជាឱកាសដ៏ល្អ សម្រាប់ប្រទេសទាំង ៣ បញ្ជាក់ឲ្យឃើញ ពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយគ្នាប៉ុណ្ណោះទេ វាក៏ជាការជំរុញសកម្មភាព វិនិយោគអាជីវកម្មរបស់ សហគមន៍ផ្សេងៗ នៅជុំវិញនោះ ឲ្យមាន ជីវភាពប្រសើរឡើងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ តំបន់អភិវឌ្ឍន៍ ត្រីកោណ កំពុងក្លាយទៅជា តំបន់កសិឧស្សាហកម្មដ៏ធំមួយ តាមរយៈការវិនិយោគទុន ពីបរទេស និងអ្នកវិនិយោគ នៅក្នុងស្រុក។
ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា វៀតណាម និងឡាវ បានជួបពិភាក្សាគ្នាជាទ្វេភាគី និង ពហុភាគី នៅក្នុងកិច្ចប្រជុំកំពូលលើកទី៩ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណ នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឯខេត្តសៀមរាប។
ចាប់តាំងពីព្រឹករហូតដល់រសៀលថ្ងៃដដែលនេះ មេដឹកនាំប្រទេសទាំង ៣ បានចំណាយពេល ជាច្រើនម៉ោង ដើម្បីពិភាក្សាគ្នា ទៅលើគម្រោងជាច្រើន នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ ដែល ជាប់ព្រំដែនគ្នា រវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម នោះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍បន្ទាប់ពីឡើងចាប់ដៃគ្នា នៅក្នុងកិច្ចប្រជុំ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ថា គម្រោងអនុវត្តន៍ ក្នុងតំបន់ត្រីកោណ គឺមានសារសំខាន់ យ៉ាងខ្លាំង មិនត្រឹមតែជំរុញឲ្យមានការកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសកម្មភាព វិនិយោគ អាជីវកម្មរបស់សហគមន៍ផ្សេងៗប៉ុណ្ណោះទេ វាថែមទាំងជាការយកចិត្តទុកដាក់ ទៅលើការកាត់បន្ថយការជួញដូរមនុស្ស និងគ្រឿងញៀន ការរំលោភពាណិជ្ជកម្ម ការបង្កើត ឲ្យមានទំនាក់ទំនងល្អ រវាងពលរដ្ឋនៃប្រទេសទាំង ៣ ដែល រស់នៅជិតគ្នា ព្រមទាំងការលើក កម្ពស់ វិស័យទេសចរណ៍ផងដែរ។
លោក ហ៊ុន សែន សម្លឹងមើលឃើញថា តំបន់ត្រីកោណអភិវឌ្ឍរយៈពេល ២-៣ឆ្នាំចុងក្រោយនេះ បានក្លាយទៅជាតំបន់កសិឧស្សាហកម្មមួយដ៏ធំ តាមរយៈការវិនិយោគទុនរបស់បរទេស និង អ្នកវិនិយោគក្នុងស្រុក៖ «ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួម ដើម្បី អភិវឌ្ឍតំបន់ ត្រីកោណ»។
កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមគណៈកម្មការសម្របសម្រួលចម្រុះកម្ពុជា ឡាវ និងវៀតណាម បានប្រឹងប្រែងបញ្ចប់សេចក្តីព្រាងសំខាន់ៗចំនួន ៦ចំណុចរួមគ្នា។
អ្នកនាំពាក្យខុទ្ទកាល័យក្រសួងពាណិជ្ជ កញ្ញា សឹង សុផារី មានប្រសាសន៍ថា សេចក្តីព្រាងចំនួន ៦ចំណុចនោះ មានដូចជា កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម។ ចំណុចទី២ ស្ដីពីការតភ្ជាប់ និងពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ត្រីកោណ ព្រមទាំងរៀបចំសេចក្តីថ្លែងការណ៍រួម រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម៖ «ទី៣ នៅក្នុងកិច្ចប្រជុំហ្នឹង ស្ដីពី ការរៀបចំរបាយការណ៍សិក្សា អំពីការអភិវឌ្ឍដំណាំកៅស៊ូនៅក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍»។
ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណដែលកម្ពុជា ឡាវ និងវៀតណាម កំពុងប្រឹងប្រែងនោះ គេរំពឹងថាប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តចំនួន៤ ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ រួមជាមួយប្រជាពលរដ្ឋឡាវ ក្នុងខេត្តចំនួន៤ ដូចជា អាតាពឺ (Attapeu) សេកុង (Sekong) ចម្ប៉ាសាក់ (Champasak) និងសាឡាវ៉ាន (Salavan) ព្រមទាំងខេត្តវៀតណាម ចំនួន ៥ទៀតមានខេត្តកនទុំ (Kon Tum) យ៉ាឡាយ (Gia Lai) ដាកឡាក់ (Dak Lak) ដាណុង (Dak Nong) និងខេត្តប៊ិញភឿក (Binh Phuoc) ជាដើម នឹងបានទទួលផលប្រយោជន៍ ពីវិស័យជាច្រើន ដូចបង្កើតឲ្យមានការងារធ្វើ និង មានមុខរបរចិញ្ចឹមជីវិត។
កិច្ចប្រជុំកំពូលលើកទី៩ ស្ដីពីការអភិវឌ្ឍតំបន់ត្រីកោណនេះ បានបញ្ចប់កាលពីវេលាម៉ោង ៥ និង ៤០ នាទីល្ងាចថ្ងៃពុធ ដោយប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ព្រមទាំងធ្វើសន្និសីទកាសែតរួមគ្នាផង៕