(ដោយ មាន ប្ញទ្ធិ, FRA Khmer, 30-11-2018)

ក្រសួងការបរទេស មិន​បង្ហាញ​ព័ត៌មាន ដែល​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បាន​បង្គាប់បញ្ជា​ឲ្យ​ប្រមុខ​ការទូត​ខ្មែរ​លោក ប្រាក់ សុខុន ដោះស្រាយ​ការ​បំឡាស់​ទីលំនៅ​របស់​ជនជាតិ​វៀតណាម​ពី​តំបន់​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ។ ការ​ព្យាយាម​បិទបាំង​ព័ត៌មាន​នេះ គឺ​បន្ទាប់ពី​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA រាយការណ៍​លម្អិត​អំពី​រឿង​នេះ ក្នុង​អំឡុង​ពេល​ដែល​លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី២៦ ដល់​ថ្ងៃទី២៨ វិច្ឆិកា នេះ ខណៈ​ដែល​ព័ត៌មាន​នេះ រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ ក្រសួង​ការបរទេស ផ្សាយ​ថ្ងៃទី ២៩ វិច្ឆិកា ជុំវិញ​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប្រាក់ សុខុន ទៅកាន់​ទីក្រុង​ហាណូយ មិនបាន​លើកឡើង​សូម្បី​តែមួយ​ម៉ាត់ អំពី​រឿង​ដែល​មេដឹកនាំ​វៀតណាម​បាន​បង្គាប់បញ្ជា​មក​លើ​លោក ប្រាក់ សុខុន នេះ​ទេ​។ ក្រសួង​ការបរទេស គ្រាន់តែ​លើកឡើង​ថា ក្នុង​ជំនួប​នោះ លោក ង្វៀន សួនហ្វ៊ុក សាទរ​ទំនាក់ទំនង ប្រទេស​ទាំងពីរ និង​បាន​ស្នើ​ឲ្យ​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​នេះ។ ក្រសួង​ក៏​បញ្ជាក់​ថា ការ​ឯកភាព​ក្នុង​ការ​បញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​សម្រេច​ទិសដៅ​ពាណិជ្ជកម្ម​ឲ្យ​បាន​ក្នុង​រង្វង់ ៥ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ ២០២០ ខាងមុខ​។ ចំណែក​ឯ​វិស័យ​សន្តិសុខ ភាគី​ទាំងពីរ​ក៏​គ្រោង​បង្កើន​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ទាន់​ពេលវេលា ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​រាល់​បញ្ហា​គ្រោះធម្មជាតិ ការ​រត់ពន្ធ ការ​ជួញដូរ​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​កាប់​ឈើ​ខុសច្បាប់​ជាដើម។ ក្រសួង​ថា ភាគី​ទាំង​ពីរ​ប្ដេជ្ញា​ខិតខំ​ដោះស្រាយ​ការងារ​រាំងស្ទះ​នានា ដើម្បី​ឈាន​ទៅ​សម្រេច​ការកំណត់​ខណ្ឌសីមា​ព្រំដែន​គោក និង​ការ​ពោះ​បង្គោល​ព្រំដែន​ទាំងស្រុង ដែល​បច្ចុប្បន្ន​ភាគី​ទាំងពីរ​សម្រេច​បាន ៨៤ ភាគរយ ហើយ​នៅសល់ ១៦ ភាគរយ​ទៀត​មិនទាន់​ឯកភាព​គ្នា។

ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប្រាក់ សុខុន ទៅកាន់​ប្រទេស​វៀតណាម​នេះ កើតមានឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​ផ្អែមល្ហែម​ចាក់ទឹក​មិនលិច​រវាង​កម្ពុជា និង​វៀតណាម កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល និង​សង្ស័យ​ថា​អាច​នឹង​រង​ការ​ប្រេះឆា ខណៈ​ដែល​របប​ក្រុងភ្នំពេញ កំពុងតែ​បង្កើន​ទំនោរ​ផ្អៀង​កាន់តែ​ខ្លាំង​ឡើងៗ ទៅ​រក​មហាអំណាច​ចិន ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម និង​ស្រប​ពេល​ដែល​មាន​ព័ត៌មាន​អំពី​លទ្ធភាព​ដែល​កម្ពុជា​អាច​អនុញ្ញាត​ឲ្យ​ចិន​សាងសង់​មូលដ្ឋាន​កងទ័ពជើងទឹក​នៅ​ខេត្ត​កោះកុង។ ក្រសួងការបរទេស​កម្ពុជា ក៏​មិនបាន​លាតត្រដាង​ឲ្យ​ដឹង​ទេ ថា​តើ​ភាគី​វៀតណាម​មានបាន​លើកឡើង​ពី​កង្វល់​របស់​ខ្លួន ឬ​បាន​ស្ដីបន្ទោស ឬ​សង្កត់​កម្ពុជា ពី​រឿង​ងាគ​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​ឡើងៗ​យ៉ាងណា​នោះ​ទេ។ ក៏ប៉ុន្តែ ចំណុច​លេចធ្លោ​មួយ​ក្នុង​សេចក្ដីថ្លែងការណ៍ បាន​រំលេច​ឲ្យ​ឃើញ​ថា ភាគី​ទាំងពីរ បាន​អះអាង​អំពី​ឆន្ទៈ​នយោបាយ​របស់​ខ្លួន ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន «​កម្លាំង​អមិត្រ​» ណាមួយ ប្រើប្រាស់​ទឹកដី​របស់​ខ្លួន​ដើម្បី​ប្រឆាំង ឬ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មួយទៀត​នោះ​ឡើយ។ ក្រសួង​មិនបាន​បញ្ជាក់​ទេ​ថា តើ​កម្លាំង​អមិត្រ​នេះ ជា​ប្រទេស​ណាមួយ​ឲ្យ​ពិតប្រាកដ ឬក៏​វៀតណាម​ចង់​សម្តៅ​ទៅ​វត្តមាន​កាន់តែ​ច្រើន និង​ឥទ្ធិពល​របស់​ចិន​កាន់តែ​ខ្លាំង​នៅ​កម្ពុជា​នោះ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម (Vietnam News Agency – VNA) រាយការណ៍​ជា​ភាសា​អង់គ្លេស កាលពី​ថ្ងៃទី២៧ វិច្ឆិកា ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក ប្រាប់​ទៅ​លោក ប្រាក់ សុខុន ឲ្យ​បន្ត​ធ្វើ​ការងារ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា​ខ្លួនឯង ជុំវិញ​រឿង​ចម្រូងចម្រាស​នៃ​ការ​បំឡាស់​ទីលំនៅ​ផ្ទះ​បណ្ដែត​ទឹក​របស់​អាណិកជន​វៀតណាម ដែល​កំពុង​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ពួកគេ​មក​តាំងទី​លំនៅ​លើ​ដី​គោក​វិញ ឲ្យ​បាន​ដូច​តាម​អ្វី​ដែល​លោក ហ៊ុន សែន បាន​ដាក់​ចេញ។

ជា​កិច្ច​ឆ្លើយតប លោក ប្រាក់ សុខុន បាន​ធានា​អះអាង​ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​វិញ​ថា អាជ្ញាធរ​ខេត្ត​របស់​កម្ពុជា មាន​គម្រោង​សាងសង់​លំនៅឋាន​ថ្មី សម្រាប់​ផ្ដល់​ដល់​អាណិកជន​វៀតណាម ដែល​នឹង​ត្រូវ​រើ​ទីលំនៅ​ទៅ​នៅ​ទី​គោក​វិញ​ទាំងនោះ ដោយ​លោក​បង្ហាញ​ការ​ជឿជាក់​ថា ភាគី​ទាំងពីរ នឹង​អាច​សម្រេច​បាន​នូវ​ដំណោះស្រាយ​សមស្រប​មួយ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ។ លោក ប្រាក់ សុខុន ក៏បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​ថា នឹង​ធ្វើ​ការងារ​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធជាមួយ​រដ្ឋមន្ត្រីការបរទេស​វៀតណាម ផ្អែកលើ​សមិទ្ធិ​ផលកាល​ពី​ពេល​អតីតកាល​រវាង​ប្រទេស​ទាំងពីរ។ លោក ប្រាក់ សុខុន បាន​ពន្យល់​ប្រាប់​ទៅ​ភាគី​វៀតណាម​វិញ​ថា លោក​តែងតែ​ផ្ដោត​អាទិភាព ទៅលើ​ការ​អភិវឌ្ឍ ភាពជា​អ្នកជិតខាង​ក្នុងនាម​ជា​មិត្ត​ល្អ កិច្ច​សហ​ប្រតិ្តបត្តិ​ការ​ប្រកបដោយ​ភាព​ទូលំទូលាយ និង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ។

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួងការបរទេស ជុំវិញ​ការ​មិន​បញ្ចេញ​ព័ត៌មាន​ជុំវិញ​បញ្ហា​ចម្រូងចម្រាស​និគមជន​ជាតិ​វៀតណាម​រស់នៅ​លើ​បឹង​ទន្លេសាប បាន​នៅឡើយ​ទេ កាលពី​ថ្ងៃទី ២៩ វិច្ឆិកា។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​លោក ប្រាក់ សុខុន ទទួលរង​នូវ​ការ​បង្គាប់​បញ្ជា​ពី​ភាគី​វៀតណាម​នេះ។ កាលពី​អំឡុង​ពេល​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៣ នៅ​សិង្ហបុរី កាលពី​ថ្ងៃទី១៣ វិច្ឆិកា រឿង​បំឡាស់​ទី​និគមជន​វៀតណាម​បណ្ដែត​ទឹក​នៅ​លើ​បឹង​ទន្លេសាប​នេះ ក៏​ត្រូវ​បាន​រដ្ឋមន្ត្រីការបរទេស​វៀតណាម​លោក ផាម ប៊ិ​ញមិញ (Pham Binh Minh) លើកឡើង ជាមួយ​លោក ប្រាក់ សុខុន ដែរ​។ ពេលនោះ លោក ប្រាក់ សុខុន បាន​សន្យា​ជាមួយ​ភាគី​វៀតណាម​វិញ​ថា របប​ក្រុងភ្នំពេញ នឹង​ជួយ​ផ្តល់​ការ​ជួយ​គាំទ្រ​ដល់​និគមជន​វៀតណាម​ទាំងនោះ ដើម្បី​ទៅ​តាំងទី​លំនៅ​ថ្មី​នៅ​លើ​តំបន់​ដីគោក​វិញ ដោយ​សន្យា​ថា​នឹង​បង្កើត​នូវ​លក្ខខណ្ឌ ដែល​លោក​ហៅថា «​ប្រសើរ​បំផុត​» សម្រាប់​និគមជន​វៀតណាម ក្នុង​ការ​ទៅ​តាំងទី​លំនៅ​ថ្មី។

ក្រៅពី​ការ​បង្គាប់​បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​វៀតណាម​នេះ លោក ង្វៀន សួនហ្វ៊ុក ក៏បាន​ស្នើ​ក្រសួង​ការបរទេស​កម្ពុជា និង​វៀតណាម ឲ្យ​បន្ត​ពិនិត្យមើល​ឡើងវិញ​នូវ​រាល់​កិច្ចព្រមព្រៀង​កម្រិត​ខ្ពស់​នានា និង​ធ្វើការ​កែ​លម្អ​ឡើងវិញ​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន កសិ​រុក្ខកម្ម ការ​បណ្ដុះបណ្ដាល និង​ការអប់រំ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួនហ្វ៊ុក ក៏​មាន​បំណង​ចង់​ឲ្យ​កម្ពុជា និង​វៀតណាម រួមគ្នា​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៅ​ថ្ងៃទី៧ មករា ដែល​វៀតណាម​បាន​លើកទ័ព​ចូល​លុកលុយ​កម្ពុជា តែ​ក្រោយមក​ត្រូវ​ប្រទេស​ទាំងពីរ​ហៅថា​ជា «​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យពូជសាសន៍​» ដើម្បី​ជា​ការ​ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​ជ្រាលជ្រៅ និង​លើកកម្ពស់​ការ​យល់ដឹង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ អំពី​សារៈសំខាន់​នៃ​ប្រវត្តិសាស្ត្រ​នេះ។

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ​ភាគី​វៀតណាម នឹង​បន្ត​លើក​យក​បញ្ហា​នេះ​មក​និយាយ​ជាថ្មី​ម្តង​ទៀត នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន និង​ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ទៅកាន់​ទីក្រុង​ហាណូយ នៅ​ខែ​ធ្នូ​ខាងមុខនេះ ឬក៏​យ៉ាងណា​នោះ៕