(CWCI Cambodia អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /១៨ ធ្នូ ២០១៩)
ថ្មីៗនេះលោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា បានថ្លែងកើតសរសើរវៀតណាមកប់ៗមាត់ថា «កម្ពុជា មានការអភិវឌ្ឍរីកចម្រើន ដោយមានបងប្អូនមិត្ដវៀតណាម ជួយជ្រោមជ្រែងគ្រប់បែបយ៉ាង ពិសេសជួយឲ្យកម្ពុជា មានមុខមានមាត់នៅលើឆាកអន្ដរជាតិ និងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច វប្បធម៏ សង្គមកិច្ច និងវិស័យឧស្សាហកម្មទេសចរណ៏»។ នេះបើតាមការដកស្រង់កាសែតក្នុងស្រុក ខណៈពេលលោស្រី ជួបសំណេះសំណាលជាមួយលោក ជឿង ហ័រប៊ីញ ឧបនាយករដ្ឋមន្ត្រីប្រចាំការរបស់វៀតណាម នៅវិមានសន្តិភាព ក្រុងភ្នំពេញ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩។ មេដឹកនាំវៀតណាមរូបនេះ ធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែធ្នូ។
លោក ជឿង ហ័រប៊ីញ បានថ្លែងទៅកាន់លោកស្រី ម៉ែន សំអន ថា «កម្ពុជាជាប្រទេសដ៏ស្រស់បំព្រង ដែលគួរឲ្យចង់រស់នៅ និងស្នាក់អាស្រ័យ»។ លោក ក៏បានកោតសសើរពីការដឹកនាំរបស់លោក ហ៊ុន សែន មានការរីកចម្រើន និងខំថែរក្សាចំណងមិត្តភាព សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
គេហទំព័រមួយចំនួន ចុះផ្សាយថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា មេដឹកនាំវៀតណាម លោក ជឿង ហ័រប៊ីញ រូបនេះ ក៏បានទៅសួរសុខទុក្ខពលរដ្ឋរបស់ខ្លួន នៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន ប្រគល់ដីធ្លី ៤០ ហិកតា នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីបម្លាស់ទីជនជាតិវៀតណាម ចេញពីផ្ទះទឹក លើផ្ទៃបឹងទន្លេសាប។
កាលពីថ្ងៃទី ០២ ខែធ្នូ ២០១៩ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានជំរុញទៅរដ្ឋាភិបាល ឱ្យដោះស្រាយបញ្ហាប្រគល់ដី ៤០ ហិកតា ទៅជនជាតិវៀតណាមនេះ ដោយតម្លាភាព ពិសេសរដ្ឋាភិបាលកម្ពុជា មិនត្រូវផ្ដល់ដីធ្លី ដល់ជនអន្តោប្រវេសន៍វៀតណាមណាម្នាក់ ធ្វើជាលំនៅឋានដាច់ខាត។ ក្រុមប្រឹក្សាឃ្លាំមើលនេះ ព្រមានថា ជនជាតិវៀតណាម ដែលទទួលបានសញ្ជាតិខ្មែររួចហើយ ពួកគេត្រូវតែរកលទ្ធភាពទិញ ឬជួលផ្ទះ សម្រាប់ស្នាក់នៅដោយខ្លួនឯង។ ហើយបើជនជាតិវៀតណាមនោះ រស់នៅដោយខុសច្បាប់ ត្រូវបញ្ជូនពួកគេ ទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្ទាន់។
អ្នកជំនាញព្រំដែន លោកបណ្ឌិតច្បាប់ ឌី ការ៉េត ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅប្រទេសបារាំង ពីថ្ងៃទី១៥ ខែធ្នូ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញអំពីយុទ្ធសាស្ត្ររបស់វៀតណាម «យួន» បង្ខំឲ្យរបបលោក ហ៊ុន សែន ត្រូវបន្តជួយជ្រោមជ្រែង«និគមជនយួនខុសច្បាប់» ឲ្យបានរស់នៅស្របច្បាប់ ដូចពលរដ្ឋខ្មែរ។ លោក ឌី ការ៉េត លើកឡើងអំពីករណីទំហំដី ៤០ ហិកតា នៅខេត្តកំពង់ឆ្នាំងថា «សម្រាប់យួន ជារឿងស្របច្បាប់» ដោយសារតែលោក ហ៊ុន សែន បានព្រមព្រៀងជាមួយវៀតណាម តាំងពីទសវត្សទី៨០ ជាពិសេសសារាចរណែនាំមួយ នៅខែកុម្ភៈ ឆ្នាំ១៩៨៦ ដែលផ្ទុយស្រឡះពីខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
គួររំលឹកថា ក្នុងជំនួបជាមួយអនុប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម កាលពីថ្ងៃទី ០៩ ខែកក្កដា ២០១៥ នៅវិមានសន្តិភាព លោក ហ៊ុន សែន ធ្លាប់បានថ្លែងថា «បើគ្មានវៀតណាម កម្ពុជាគ្មានមុខមាត់ដូចសព្វថ្ងៃទេ»។ លោកថា កងទ័ពស្ម័គ្រចិត្តវៀតណាម ចូលមកកម្ពុជា ជួយរំដោះប្រទេស និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម ដែលធ្វើឲ្យមុខមាត់កម្ពុជាបច្ចុប្បន្ននេះ មានការអភិវឌ្ឍ និងរីកចម្រើន។
គួរបញ្ជាក់ថាមេដឹកនាំកម្ពុជា និងវៀតណាម តែងតែធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក។ ជាទូទៅ ភាគីវៀតណាម រំលឹកម្តងហើយម្តងទៀត តម្រូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវជួយសម្រួលភាពស្របច្បាប់ និងផ្តល់ភាពងាយស្រួល ដល់ជនជាតិវៀតណាម នៅកម្ពុជា បើទោះបីជនជាតិវៀតណាម រស់នៅខុសច្បាប់ក៏ដោយ។ លើសពីនេះ ភាគីវៀតណាម ក៏ជម្រុញឲ្យភាគីកម្ពុជា ពន្លឿនដំណើរការបោះបង្គោលព្រំដែន ឲ្យបានឆាប់ចប់សព្វគ្រប់ តាមដែលខ្លួនចង់បាន។ ចំណែកភាគីមេដឹកនាំកម្ពុជា មិនដែលប្រឆាំងជំទាស់ចំពោះការស្នើឡើង ឬទាមទាររបស់វៀតណាមទេ។
ជាការកត់សម្គាល់ ពលរដ្ឋខ្មែរ មិនដែលយល់ស្រប ដូចទៅលើការលើកឡើងរបស់លោកស្រី ម៉ែន សំអន និងលោក ហ៊ុន សែន ទេ។ ពលរដ្ឋខ្មែរសព្វថ្ងៃ នាំគ្នាបញ្ចេញមតិលើបណ្តាញសង្គម រួមទាំងអ្នកច្បាប់ អ្នកជំនាញកិច្ចការព្រំដែន និងសកម្មជនព្រំដែនខ្មែរ សម្តែងការព្រួយបារម្ភកាន់តែខ្លាំងទៅថ្ងៃអានាគត អំពីមហិច្ឆតារបស់វៀតណាម ដាក់ណានិគមតាមបែបទំនើបថ្មី មកលើប្រទេសកម្ពុជា៕

