The Cambodia Daily
20-9-2023
អ្នកឃ្លាំមើល ជំរុញឲ្យអាជ្ញាធរគ្រឿងញៀន លោក នេត សាវឿន បើកការស៊ើបអង្កេតវះកាត់សាច់ញាតិ និងមន្ត្រីធំៗដូចជាឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និងឧកញ៉ា ម៉ុង ឫទ្ធី ទើបអាចទប់ស្កាត់បទល្មើសនេះមានប្រសិទ្ធភាព។
ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញរបាយការណ៍ នៃការបង្ក្រាបបទល្មើសគ្រឿងញៀន ចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ន បានជាង ៤ពាន់ករណី ក្នុងនោះមានសារធាតុញៀនជាង ២តោន និងសារធាតុគីមីផ្សំប្រមាណ ៩០០គីឡូក្រាម ដោយឃាត់ខ្លួនមនុស្សចំនួនជាង ១ម៉ឺននាក់ (១១៧០៦ នាក់)។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ជំរុញនិងលើកទឹកចិត្តឲ្យ ប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន មានវិធានការជាក់លាក់។ មួយវិញទៀត លោកចង់ឃើញអាជ្ញាធរគ្រឿងញៀន បើកការស៊ើបអង្កេតលើឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និងឧកញ៉ា ម៉ុង ឫទ្ធី ជាដើម ដោយសារអ្នកទាំងនេះ ធ្លាប់ត្រូវបានសារព័ត៌មានអន្តរជាតិ លាតត្រដាងថា ពាក់ព័ន្ធនឹងគ្រឿងញៀន។
ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនបាន លោកថា លុះត្រាតែរដ្ឋាភិបាល និងអាជ្ញាធរគ្រឿងញៀន ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដោយត្រូវហ៊ានវះកាត់សាច់ញាតិ និងមន្ត្រីធំៗ ចាប់ផ្ដើមពីការបញ្ឈប់ការប្រើប្រាស់អំពើពុករលួយ បើសិនរកឃើញពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោកយល់ថា មនុស្សជាង ១ម៉ឺននាក់ ដែលត្រូវបានអាជ្ញាធរគ្រឿងញៀនចាប់ខ្លួន ភាគច្រើនជាជនរងគ្រោះ ពីក្រុមឧក្រិដ្ឋជនគ្រឿងញៀនតែប៉ុណ្ណោះ ខណៈមេខ្លោងធំៗ ដែលជួញដូរ ផលិត និងចែកចាយ សមត្ថកិច្ច មិនទាន់បានចាប់ខ្លួននៅឡើយ ចាប់តាំងពីរបបដឹកនាំដោយលោក ហ៊ុន សែន រហូតដល់របបលោក ហ៊ុន ម៉ាណែត ដឹកនាំ។
ការលើកឡើងរបស់អ្នកឃ្លាំមើលនេះ ស្របពេលដែលនាយករដ្ឋមន្ត្រីលើកបន្តុប លោក ហ៊ុន ម៉ាណែត បានតែងតាំងលោក នេត សាវឿន អតីតអគ្គស្នងការនគរបាលជាតិ និងជាក្មួយប្រសារបស់លោក ហ៊ុន សែន ជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំនួសលោក កែ គឹមយ៉ាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋាភិបាលអាណត្តិចាស់ដឹកនាំដោយលោក ហ៊ុន សែន រយៈពេលជិត ៤០ឆ្នាំមកនេះ បានបរាជ័យទប់ស្កាត់បទល្មើសគ្រឿងញៀននៅកម្ពុជា ខណៈរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំដោយកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាបង្ក្រាបបទល្មើសគ្រឿងញៀន បន្តពីឪពុកឲ្យមានប្រសិទ្ធភាព។
បរាជ័យនេះ ត្រូវបានសារព័ត៌មានអន្តរជាតិចុះផ្សាយថា គ្រួសារលោក ហ៊ុន សែន ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំបំផុតនៅកម្ពុជា ដែលកំពុងចែកចាយយ៉ាងអនាធិបតេយ្យ នៅតាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន។
ជាមួយគ្នានេះ បទល្មើសគ្រឿងញៀន នៅប្រទេសកម្ពុជា បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៧ អាជ្ញាធរ ចាប់បានគ្រឿងញៀនជិត ៣០០គីឡូក្រាម (២៩៦គីឡូក្រាម) នៅឆ្នាំ២០១៨ ចាប់បានជិត ៥០០គីឡូក្រាម (៤៧២,៥៣គីឡូក្រាម) ហើយឆ្នាំ២០១៩ ចាប់បាន ៧៥០គីឡូក្រាម។ ចំណែកនៅឆ្នាំ២០២០ ចាប់យកបានជិត ៤ពាន់គីឡូក្រាម (៣៨៧៦គីឡូក្រាម) ខណៈឆ្នាំ២០២១ ចាប់បានជាង ៤៦០០គីឡូក្រាម (៤៦៨៩គីឡូក្រាម) និងឆ្នាំ២០២២ ចាប់បានជាង ១ម៉ឺន ៤ពាន់គីឡូក្រាម (១៤៩១៩ គីឡូក្រាម)។
ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ លើកឡើងថា តួលេខជនល្មើសប្រព្រឹត្តគ្រឿងញៀន ជាង ១ម៉ឺននាក់នេះ ជាចំនួនដែលអាជ្ញាធរគ្រប់គ្រង និងបង្ក្រាបបាន ខណៈបទល្មើសជាក់ស្ដែងប្រមាណ ៣ម៉ឺននាក់ ដែលធ្វើឲ្យអាជ្ញាធរ មិនអាចគ្រប់គ្រងបានឡើយ៕
