វិទ្យុអាស៊ីសេរី RFA /ដោយ ម៉ៅ សុធានី
04th-9-2023

អ្នកវិភាគ និង​មន្ត្រី​គណបក្សប្រឆាំង ​ថាលោក ហ៊ុន ម៉ាណែត នឹង​យក​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន ​លើក​ទី៤៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ទៅ​ជួប​ជាមួយ​មេដឹកនាំ នៅ​តាម​បណ្ដា​ប្រទេស​ដែល​មក​ចូលរួម ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ ឱ្យ​​ទទួល​ស្គាល់​​រដ្ឋាភិបាល​របស់​លោក ជា​រដ្ឋាភិបាល​ស្រប​ច្បាប់។

ប្រធានាធិបតី​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី (Indonesia) លោក ចូកូ វីដូដូ (Joko Widodo) ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន បាន​អញ្ជើញ​លោក ហ៊ុន ម៉ាណែត ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី៤៣ ​វេទិកា​អាស៊ាន​-​ឥណ្ឌូ​​ប៉ាស៊ីហ្វិក និង​​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ នៅ​ទីក្រុង​ហ្សាកាតា (Jakarta) ចាប់ពី​ថ្ងៃ​ទី៥ ដល់​ថ្ងៃ​ទី៧ ខែ​កញ្ញា ផង​ដែរ។ លោក​ក៏បាន​អបអរសាទរ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី និង​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ ក្នុង​ការ​ពង្រឹង​​កិច្ច​​សហ​ប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ​ ក្នុង​វិស័យ​សេដ្ឋកិច្ច។ នៅ​ក្នុង​ឱកាស​បង្ហាញមុខ ​ជា​លើក​ដំបូង​បង្អស់​​លើឆាក​អន្តរជាតិ របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​កំពូល​អាស៊ាន ​នេះ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​លើក​​សរសើរ​ពី​មន្ត្រី​ហែហម ថា លោក ហ៊ុន ម៉ាណែត គឺជា​មេដឹកនាំ​កំពូល​វ័យក្មេង​ជាងគេ មាន​សមត្ថភាព​ពេញ​លេញ និង​ឆន្ទៈ​មុតមាំ ក្នុង​ការ​តម្កើង​មុខមាត់​ជាតិ​ ជាដើម។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​ថា លោក ហ៊ុន ម៉ាណែត នឹង​​ប្រើប្រាស់​ឱកាស​ជំនួប​កំពូល​អាស៊ាន នៅ​ប្រទេស​​ឥណ្ឌូណេស៊ី​ នេះ ដើម្បី​ស្វែងរក​ការ​ទទួល​ស្គាល់​ពី​ប្រទេស ​ដែល​​មក​ចូលរួម និង​ថតរូប​ជាមួយ​មេដឹកនាំ​តាម​បណ្ដា​ប្រទេស យក​មក​បង្ហាញ​ប្រជាពលរដ្ឋ ដូច​ទៅ​នឹង​វិធី​ ដែល​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​កន្លងមក។

លោក អ៊ុំ សំអាន៖ «មេដឹកនាំ​ដែល​កើត​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ តែងតែ​អង្គុយ​លើ​ចង្អេរ​លើកខ្លួន​ឯកង​ អ៊ីចឹង​​ហើយ។ ព្រោះ​គាត់​ដឹង​ថា ​ខ្លួនឯង​ហ្នឹង មិន​ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​មេដឹកនាំ​ស្របច្បាប់។ ហើយ​គេ​អញ្ជើញ​​​​ទៅ​​ហ្នឹង ក្នុង​នាម​ជា​ការទូត​ប៉ុណ្ណោះ​ឯង មិនមែន​មានន័យ​ថា គេ​ទទួលស្គាល់​ជា​មេដឹកនាំ ដែល​កើត​ចេញ​ពី​​ការ​បោះ​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​​នៅ​​កម្ពុជា​នោះ​​ទេ»។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​គណ​បក្ស​ប្រជាជន​​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី២ កញ្ញា។

ទោះជា​យ៉ាងណា កាលពី​កម្ពុជា ក្រោម​ការ​​​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន បាន​បរាជ័យ ​ដោយ​មិន​អាច​ដោះស្រាយ​វិបត្តិ​ នៅ​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) បាន​ឡើយ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើកឡើង​ថា លុះត្រាតែ​លោក ចូកូ វីដូដូ អញ្ជើញ​លោក ហ៊ុន ម៉ាណែត ក្នុង​ជំនួប​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ទើប​អាច​បញ្ជាក់​បាន​ថា ឥណ្ឌូណេស៊ី ទទួលស្គាល់​រដ្ឋាភិបាល​​​ថ្មី​​​របស់​​កម្ពុជា ខណៈ​ជំនួប​នៅ​ថ្ងៃខាងមុខ គេ​អញ្ជើញ​លោក ហ៊ុន ម៉ាណែត ជា​តំណាង​​ឱ្យ​​កម្ពុជា​ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោក​បន្ត​ថា ប្រសិនបើ​ក្នុង​ជំនួប​ទ្វេភាគី ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងនោះ​ នៅ​តែ​​លើក​ឡើង​​​ពី​​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធ​មនុស្ស ដូច​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន នោះ​មានន័យ​ថា ​ក្រុម​ប្រទេស​​​ទាំង​​នោះ​ នៅតែ​មិនទាន់​​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​រដ្ឋាភិបាល​ស្រប​ច្បាប់ ​នោះ​ដែរ។

លោក គឹម សុខ៖ «អាហ្នឹង​មានន័យ​ថា គេ​អត់​ទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ហ្នឹងហើយ ពីព្រោះ​អ្នកឯង ​មិន​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ ម្ល៉ោះ​ហើយ ​កុំ​ស្រមៃ​ថា​ស្មើមុខ​ជាមួយ​គេ ទៅ​មិន​រួច​ទេ ហើយ​ពាក្យ​ថា​ស្មើ​មុខ​​ជាមួយ​គេ​ហ្នឹង​ណា វា​ចេញ​តែ​ពី​មាត់​របស់​លោក ហ៊ុន ម៉ាណែត ធ្វើ​តាម​គំរូ​របស់​ឪពុក​គាត់។ ឱ្យ​តែ​ជួប​នរណា គេ​ជួប​​ដើម្បី​ប្រដៅ​ ឱ្យ​គាត់​វិល​ទៅ​រក​ប្រជាធិបតេយ្យ​វិញ​សោះ គាត់​ប​កថា គេ​ជួប​ដើម្បី​ទទួលស្គាល់​គាត់​ថា ស្រប​ច្បាប់ ហើយ​ថា រដ្ឋាភិបាល​របស់​គាត់​ស្រប​ច្បាប់។ គាត់​បោកប្រាស់​ប្រជាពលរដ្ឋ»។

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង យល់​ឃើញ​ថា រដ្ឋាភិបាល​ថ្មី​នេះ គួរ​ចំណាយ​ពេល ដោះស្រាយ​វិបត្តិនយោបាយ វិបត្តិសេដ្ឋកិច្ច លើកស្ទួយ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​ឱ្យ​ប្រទេស​ប្រជាធិបតេយ្យ​ទទួល​ស្គាល់ ជា​ជាង​ចរចា​ឱ្យ​អន្តរជាតិ​ទទួលស្គាល់៕

រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។
រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។