The Cambodia Daily
06th-9-2023

នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា ដែល​ទើប​ត្រូវ​បាន​ឪពុក​លើក​បន្តុប គឺ​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ឯកភាព​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ និង​លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី​ឡាវ បន្ត​អនុវត្ត​យន្តការ​បញ្ចប់​ការ​កំណត់​ព្រំដែន​ រវាង​ប្រទេស​ទាំង​បី​ ឱ្យ​បាន​ទាំងស្រុង​ នា​ពេល​ដ៏​ខ្លី​ខាងមុខ។

ការ​សម្រេច​ឯកភាព​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម និង​នាយករដ្ឋមន្ត្រី​ឡាវ នេះ ធ្វើឡើង​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ នៃ​ប្រទេស​ទាំង​បី។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​បី សម្រេច​អនុវត្ត​គោលការណ៍​មួយ​ចំនួន ដូចជា​បន្ត​រក្សា​ប្រពៃណី​ នៃ​ការ​ពិភាក្សា​ការងារ​ត្រីភាគី​ នៅ​មុន​ពេល​បើក​កិច្ចប្រជុំ​កំពូល​ធំៗ​ក្នុង​តំបន់ ដែល​តែង​ផ្ដល់​ផល​ប្រយោជន៍​ជាច្រើន ដល់​ប្រទេស​ទាំង​បី បន្ត​ដោះស្រាយ​ជាមួយ​គ្នា និង​ជំរុញ​សម្រេច​ឱ្យ​បាន​នូវ​លទ្ធផល​ ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​ទាំង​ឡាយ​រវាង​ប្រទេស​ទាំង​បី​ផង​ដែរ។

នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម បញ្ជាក់​ថា ភាគី​ទាំង​បី​ត្រូវតែ​បន្ត​អនុវត្ត​យន្តការ​នៃ​ការ​កំណត់​ព្រំដែន​ រវាង​​ប្រទេស​ទាំង​បី ដើម្បី​បញ្ចប់​ទាំងស្រុង​ឱ្យ​បាន​ឆាប់ៗ និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ ទាំង​ក្នុង​ទិដ្ឋភាព​សង្គម សេដ្ឋកិច្ច សន្តិសុខ ការ​ផ្សារភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន វប្បធម៌ និង​ប្រពៃណី ព្រមទាំង​ជំរុញ​នូវ​ទំនាក់​ទំនង និង​ការ​ផ្សារភ្ជាប់​រវាង​ប្រទេស​ទាំង​បី​ លើ​គ្រប់​មធ្យោបាយ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ស្ពាន ផ្លូវ ផ្លូវដែក កំពង់ផែ សង្វាក់​ផ្គត់ផ្គង់ និង​ទេសចរណ៍ ជាដើម។

ការ​ឯកភាព​គ្នា​លើ​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា ឡាវ និង​វៀតណាម នេះ ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​កាន់តែ​ខាតបង់​ទឹកដី​របស់​ខ្លួន​ ទៅ​ខាង​ភាគី​វៀតណាម​ តាំងពី​លោក ហ៊ុន សែន នៅ​ជា​នាយករដ្ឋមន្ត្រី​មក​ម្ល៉េះ។

ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន ៩ ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្ត​កំពត ខេត្ត​ព្រៃវែង ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ចាម ខេត្ត​ក្រចេះ ខេត្ត​មណ្ឌលគិរី ខេត្ត​រតនគិរី ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ ដែល​មាន​ព្រំដែន​គោក​រួម​គ្នា​ ប្រវែង ១២៧០​គីឡូម៉ែត្រ ខណៈ​ការ​កំណត់​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ នៅ​សល់​តែ ១០% ទៀត​ប៉ុណ្ណោះ ដែល​កំពុង​ចរចា​ដើម្បី​បោះ​បង្គោល​បញ្ចប់ ចំណែក​ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ បាន​ប្រមាណ​ជា ៨៦% នៅ​ពេលនេះ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២២ លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ថា សព្វថ្ងៃ​នេះ​ការ​បោះ​បង្គោល​ព្រំដែន​​រវាង​កម្ពុជា​-​វៀតណាម សម្រេច​បាន ៩០% ហើយ ខណៈ​ភាគី​ទាំង​ពីរ​ កំពុង​ចរចា​គ្នា​បន្ត​ទៀត ដើម្បី​ឱ្យ​ឈាន​ទៅ​ដល់​គោលដៅ ​បោះ​បង្គោល​ឱ្យ​បាន ១០០% តែម្តង។

លោក ហ៊ុន សែន អះអាង​ថា កម្ពុជា-វៀតណាម បាន​ឯកភាព​គ្នា ​ស្នើសុំ​អ្នក​ជំនាញការ​បារាំង ​ដើម្បី​ជួយ​ផ្ទេរ​ផែនទី​ពី​ផែនទី​បោន​ខ្នាត ១/១០០​ពាន់ មក​ផែនទី UTM ខ្នាត ១/៥០​ពាន់​វិញ ដើម្បី​មាន​ភាព​ច្បាស់លាស់​ងាយស្រួល​ ក្នុង​​ការ​បោះ​បង្គោល​ព្រំដែន ​រវាង​ប្រទេស​ទាំង​ពីរ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ប្រើ​ផែនទី​ខ្នាត ១/២៥​ពាន់ និង​ផែនទី​ខ្នាត ១/៥០​ពាន់ ជំនួស​ផែនទី​ខ្នាត ១/១០០​ពាន់​​ដូច​លោក ហ៊ុន សែន ឪពុក​របស់​គាត់​នោះ គឺ​មាន​ន័យ​ថា ផែនការ​សម្បទាន​ទឹកដី​របស់​កម្ពុជា​ ឱ្យ​ទៅ​វៀត​ណាម គឺ​នៅតែ​បន្ត​ក្នុង​ជំនាន់​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដដែល។

លោក ម៉ែន ណាត អះអាង​ថា ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ដោយ​កំណត់​យក​ផែនទី​ ខ្នាត ១/២៥​​ពាន់ និង​ផែនទី​ខ្នាត ១/៥០​​ពាន់ ​ជំនួស​ផែនទី​ខ្នាត ១/១០០​​ពាន់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ដើម្បី​កំណត់​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នោះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ បាត់បង់​ទឹកដី​ទៅ​វៀតណាម​យ៉ាង​ធ្ងន់ធ្ងរ ដែល​បង្ហាញ​ពី​ការ​បាត់បង់​បូរណភាព​ទឹកដី​របស់​កម្ពុជា​ផង​ដែរ​ ទៅ​ថ្ងៃ​អនាគត​កាន់តែ​ជ្រៅ​ទៅៗ

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​ អំពាវនាវ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​ លោក ហ៊ុន ម៉ាណែត សើរើ​ឯកសារ​ខុស​​​ច្បាប់​ ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​ខុស​ច្បាប់​ កាត់​ទឹកដី​ឱ្យ​វៀតណាម​កន្លងមក ប្រសិនបើ​គាត់​ពិត​ជា​គិតគូរ​ពី​បូរណភាព​ទឹកដី​របស់​ប្រទេស​ជាតិ​ នៅ​ពេល​ដែល​គាត់​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា​ នៅ​ពេលនេះ​មែន​នោះ៕

រូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត
រូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក ម៉ែន ណាត