វិទ្យុអាស៊ីសេរី RFA /ដោយ ម៉ៅ សុធានី
17-9-2023

អ្នកឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ថា រដ្ឋាភិបាល​កម្ពុជា​ អាច​បែកបាក់​ឯកភាព​ជាតិ​កាន់​តែ​ខ្លាំង​ឡើង ប្រសិន​​បើ​ប្រជាធិបតេយ្យ​ គ្មាន​ការ​ស្ដារ​ឡើង​វិញ ប៉ុន្តែ​បែរ​ជា​ព្យាយាម​បន្ត​រឹត​ចំណង​មិត្តភាព ​ជាមួយ​មិត្ត​ដែក​ថែប​ចិន ​កាន់​តែ​ស៊ីជម្រៅ។ អ្នក​ឃ្លាំមើល​ លើកឡើង​ថា បើ​កម្ពុជា​រៀបចំ​កំណែ​ទម្រង់​ដឹកនាំ​ប្រទេស​ តាម​បែប​ប្រជា​ធិបតេយ្យ មាន​ការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ នោះ​វា​នឹង​ប៉ះពាល់​ដល់​អំណាច​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន

ទំព័រ​សករាជ​ថ្មី​​នៃ​របត់​នយោបាយ​កម្ពុជា​ ដឹកនាំ​ដោយ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត ត្រូវ​បាន​អ្នក​ដាន​ស្ថានការណ៍​នយោបាយ​​វាយ​តម្លៃ​ថា ជំហរ​នយោបាយ​លោក ហ៊ុន ម៉ាណែត មិន​ខុស​ពី​ឪពុក​លោក​នេះ​ទេ ដោយ​លោក​ព្យាយាម​រណែបរណប​អែបអប​ចិន ដើម្បី​ឱ្យ​ជួយ​គាំទ្រ​រដ្ឋាភិបាល​របស់​លោក ​ស្ទើរ​គ្រប់​វិស័យ។

ប្រធាន​​អង្គការ​សម្ព័ន្ធភាព​​ការពារ​​សិទ្ធិ​​មនុស្ស​​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា ប្រាប់​វិទ្យុ​អាស៊ីសេរី ​នៅ​ថ្ងៃទី១៦ ខែ​​កញ្ញា​ថា ចំណង​ការ​ទូត​កម្ពុជា​ជាមួយ​បណ្ដា​ប្រទេស​មហា​អំណាច​ គឺ​ពិតជា​មាន​សារសំខាន់​ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​ការ​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ និង​ការ​ផ្ដល់​ផល​ប្រយោជន៍​ ជូន​ប្រជាជន។ ប៉ុន្តែ លោក​ថា បើ​កម្ពុជា ​ពុំ​មាន​ជំហរ​នយោបាយ​អព្យាក្រឹត្យ ហើយ​រដ្ឋាភិបាល ធ្វើ​នយោបាយ​ការបរទេស​ ​មិន​ឈរ​លើ​ឧត្ដម​ប្រយោជន៍​ជាតិ គិត​ពី​ប្រយោជន៍​បក្ខ​ពួក​ជា​ធំ​នោះ កម្ពុជា​ នឹង​មិន​អាច​មាន​ការ​អភិវឌ្ឍ​ ប្រកប​ដោយ​តម្លាភាព​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ បន្ថែម​ទៀត​ថា បើ​អ្នក​នយោបាយ​កម្ពុជា​ ធ្វើ​នយោបាយ​ការ​បរទេស ​ចេះ​បត់​បែន​តាម​ស្ថានការណ៍ និង​មាន​ការ​ស្ដារ​ប្រជាធិបតេយ្យ​ គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច ជំនួយ​ការ​អភិវឌ្ឍ​ជាតិ និង​ផល​ប្រយោជន៍​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នានា ​ពី​បណ្ដា​ប្រទេស​លោក​ខាង​លិច ហើយ​កម្ពុជា​ ក៏​នៅ​តែ​បន្ត​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ ​ជាមួយ​ប្រទេស​ចិន​ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​​កម្ពុជា។

លោក រស់ សុដ្ឋា៖ «សេដ្ឋកិច្ច​នយោបាយ​កន្លង​មក កម្ពុជា​ពុំ​អាច​អត់​ទំនាក់ទំនង​ការទូត​ប្រទេស​មហា​អំណាច​លោក​សេរី​ បាន​ទេ។ យើង​ឃើញ​ថា ចិន​ក៏​មិន​ទាន់​ជួយ​យើង​ផ្នែក​សេដ្ឋកិច្ច​ធំ​ដុំ​ទេ ទន្ទឹម​នោះ​ ក៏​មាន​បញ្ហា​ការ​បង្ក​ឱ្យ​មាន​អសន្តិសុខ​មួយ​ចំនួន​ ពី​បុគ្គល​នៃ​ប្រជាជន​ចិន ឧក្រិដ្ឋកម្ម​អ៊ីនធឺណិត បញ្ហា​ក្រុមហ៊ុន​ខ្លះ​ ក៏​រំលោភ​សិទ្ធិ​ដល់​ប្រជាជន​ខ្មែរ និង​មាន​អាជីវកម្ម​តាម​របៀប​ខុស​ច្បាប់​មួយ​ចំនួន​ដែរ»

ការ​លើកឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា និង​ចិន ប្រកាស​ជា​ថ្មី​ទៀត ក្នុង​ការ​​ការពារ​នយោបាយ​គ្នា​ទៅ​វិញ​ទៅ​មក និង​បន្ត​រឹត​ចំណងមិត្តភាព​លើ​កិច្ច​សហប្រតិបត្តិការ ត្បូងពេជ្រ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​កសាង​ជោគវាសនា​កម្ពុជា​-​ចិ​ន ​រួម​គ្នា​ នៅ​អាណត្តិ​កម្ពុជា​ ដឹកនាំ​ដោយ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត

ទំព័រ​ហ្វេកប៊ុក (Facebook Page) របស់​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា​ថា ក្នុង​ជំនួប​ទ្វេភាគី​ រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង (Xi Jinping) ប្រទេស​ចិន​ ប្រកាស​ថា ប្ដេជ្ញា​ការពារ​កម្ពុជា ​ពី​ការ​ប៉ុនប៉ង​ក្នុង​ផ្លូវ​អវិជ្ជមាន​ណា​មួយ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក៏​លើកឡើង​អំពី​មិត្តភាព​កម្ពុជា​-​ចិន​ ថា នៅ​តែ​មាន​ភាព​រឹងមាំ​ក្នុង​កិច្ច​សហប្រតិបត្តិការ ​សម្រាប់​ពេល​អនាគត​នៃ​ប្រទេស​ទាំងពីរ។ ចំណែក កម្ពុជា​វិញ​លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យ​ភាគី​ចិន ​បន្ត​ជួយ​ធានា​ផ្នែក​សន្តិសុខ ថាមពល និង​សន្តិសុខ​ស្បៀង​កម្ពុជា​តាមរយៈ​ការ​នាំ​ចូល​អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​ពី​កម្ពុជា ​យក​មក​លក់​នៅ​ប្រទេស​ចិន។ លោក ហ៊ុន ម៉ាណែត ក៏​ប្រកាស​ប្រាប់​មេដឹកនាំ​ចិន ​ដែរ​ថា កម្ពុជា​នឹង​គ្មាន​ការ​ប្រែប្រួល​ឡើយ ​ក្នុង​ការ​គាំទ្រ​គោល​នយោបាយ​ចិន​តែ​មួយ។

លោក ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន និង​ចូល​រួម​ពិព័រណ៍ អាស៊ាន​-​ចិន លើក​ទី២០។ ក្នុង​ជំនួប​ទ្វេភាគី ​ជាមួយ​លេខាធិការ​បក្ស​នៅ​តំបន់​ស្វ័យ​ជនជាតិ​ជាំងក្វាងស៊ី លោក លាវ នីង (Liu Ning) នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត ក៏​បាន​ស្នើ​ដល់​ភាគី​ចិន ឱ្យ​ជួយ​ពង្រីក និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ក្នុង​ការ​គាំទ្រ​ផលិត​ផល​កសិកម្ម​កម្ពុជា វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ វិស័យ​ផ្នែក​សុខាភិបាល ទេសចរណ៍ និង​ពង្រីក​ការ​បណ្ដុះបណ្ដាល ការ​អប់រំ ជាដើម។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ មើល​ឃើញ​ថា ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន ម៉ាណែត ទៅ​ប្រទេស​ចិន​ ពុំ​បាន​នាំ​ផល​ប្រយោជន៍​ជូន​ជាតិ​ជា​ដុំ​កំភួន​នោះ​ទេ ក្រៅ​ពី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចិន ដើម្បី​ឱ្យ​ការពារ​អំណាច។ លោក​អះអាង​ថា កម្ពុជា​មាន​ការ​រៀបចំ​នយោបាយ​ដឹកនាំ​ តាម​បែប​ប្រជាធិបតេយ្យ​ពិត​ប្រាកដ អំណាច​ត្រកូល ហ៊ុន នឹង​ប្រឈម​បាត់បង់​ ដោយ​សារ​ខ្លាច​នឹង​ការ​ប្រកួតប្រជែង ​ដោយ​យុត្តិធម៌។

លោក គឹម សុខ៖ «រដ្ឋាភិបាល​គ្រួសារ ហ៊ុន នេះ​ ផ្លូវ​ណា​ក៏​លំបាក​ដែរ​ ប្រសិន​បើ​ងាក​ចេញ​ពី​ចិន ​ត្រូវ​កសាង​នយោបាយ​​ប្រជា​ធិបតេយ្យ មាន​សញ្ញា​ប្រជា​ធិបតេយ្យ​ ជា​រឿង​ដែល​ក្រុម​គ្រួសារ ហ៊ុន មាន​ការ​បារម្ភ​ខ្លាច​ចាញ់​ក្នុង​ការ​ប្រកួត​ប្រជែង ឧទាហរណ៍​ចុង​ក្រោយ ​គណបក្ស​ភ្លើង​ទៀន​ មិន​ហ៊ាន​ឱ្យ​ចូល​រួម​ប្រកួត​ផង​ហ្នឹង មិន​ចាំ​បាច់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​ផង។ ឧទាហរណ៍​ចុង​ក្រោយ​មួយ​ទៀត សូម្បី​តែ​ជា​បុគ្គល​អ្នកណា​ក៏​ដោយ​ ហ៊ាន ក្រោក​ឡើង​និយាយ​អំពី​យុត្តិធម៌​សង្គម​ ហ្នឹង​ក៏​អត់​បាន​ផង ​ម្នាក់​ពីរ​នាក់​តាម​វាយ​គ្នា។ ហើយ​នយោបាយ​របស់​ពួកគាត់ ​មាន​តែ​ត្រដរ​រស់​នៅ​ជាមួយ​ចិន យក​ចិត្ត​ចិន ​តែ​ប៉ុណ្ណោះ»

វិទ្យុអាស៊ីសេរី​ មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការ​លើក​ឡើង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា។

ស្រប​ពេល​កម្ពុជា និង​ចិន ​បង្កើន​ការ​រឹត​ចំណង​មិត្តភាព​កាន់​តែ​ស៊ីជម្រៅ ហើយ​រដ្ឋាភិបាល​កម្ពុជា ស្នើ​ឱ្យ​ចិន​គាំទ្រ​ស្ទើរ​គ្រប់​វិស័យ​បែប​នេះ អ្នក​ឃ្លាំ​មើល​វាយ​តម្លៃ​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា ​ជាប់​គាំង​សព្វ​ថ្ងៃ និង​បញ្ហា​ការ​រំលោភ​សិទ្ធិមនុស្ស​កំពុង​កើត​ឡើង ពុំ​មាន​សញ្ញា​វិជ្ជមាន​ណាមួយ ​ដែល​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​នៅ​ឡើយ។ លើស​ពី​នេះ កម្ពុជា និង​ចិន ​ក៏​បាន​បង្កើន​សកម្មភាព​ធ្វើ​សមយុទ្ធ​ជាមួយ​ចិន ខណៈ​បណ្ដា​ប្រទេស​លោក​សេរី​​ កំពុង​ព្រួយបារម្ភ​អំពី​វត្តមាន​មូលដ្ឋាន​ទ័ព​ចិន​ នៅ​កម្ពុជា។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ កម្ពុជា​ក៏​កំពុង​មាន​វិបត្តិ​សង្គម​ជា​ច្រើន ​តាមរយៈ​ក្រុមហ៊ុន​ចិន​​មួយ​ចំនួន​ ដែល​មក​វិនិយោគ​នៅ​កម្ពុជា បាន​បង្ក​ឱ្យ​មាន​បទល្មើស​ជួញ​ដូរ​​មនុស្ស បញ្ហា​ជួញដូរ​គ្រឿងញៀន និង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ តាមរយៈ​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដី​ធ្លី​ ជា​ដើម។ ចំណែក ការ​រក​ស៊ី​វិញ បើ​ទោះ​បី​ជា​កម្ពុជា​ ខាតបង់​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន ក៏​រដ្ឋាភិបាល​កម្ពុជា​ ចាត់​ទុក​ប្រទេស​ចិន​ ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ជំរុញ​សេដ្ឋកិច្ច​ជាតិ និង​ពុំ​អើពើ​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​ ពី​បណ្ដា​ប្រទេស​លោក​ខាងលិច និង​អឺរ៉ុប​ នោះ​ទេ៕

រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។
រូបថត​៖ លោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន និង​លោក​ គឹម សុខ។