វិទ្យុអាស៊ីសេរី RFA /ដោយ ជីវីតា
16-10-2023

នកវិភាគ​នយោបាយ​ ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ផ្សះផ្សា​ជាតិ​ ស្រប​តាម​ព្រះរាជ​បណ្ដាំ​ព្រះ​បរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ។ មន្ត្រី​គណបក្សប្រឆាំង​ យល់ឃើញ​ថា ដើម្បី​ផ្សះផ្សា​ជាតិ លោក ហ៊ុន ម៉ាណែត មិន​គួរ​​បន្ត​ការ​ធ្វើ​នយោបាយ​ ចាត់ទុក​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល គឺជា​សត្រូវ​នោះ​ឡើយ។ ការ​លើក​ឡើង​នេះ គឺ​ក្នុង​ឱកាស​រដ្ឋាភិបាល ប្រារព្ធ​ខួប ​១១​ឆ្នាំ​ នៃ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមរតនកោដ្ឋ នៅ​ថ្ងៃទី​១៥ ខែ​តុលា។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​គណបក្ស​ប្រឆាំង លើកឡើង​ថា ដើម្បី​បង្ហាញ​ពី​ការគោរព​ពិតប្រាកដ ​ដល់​ព្រះ​បរម​រតន​កោដ្ឋ និង​ច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំង​អនុវត្ត​តាម​ពាក្យ​សច្ចាប្រណិធាន​របស់​ខ្លួន ពេល​ចូលកាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​​នោះ លោក ហ៊ុន ម៉ាណែត គួរតែ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ ​រស់នៅ​ដោយ​សុខដុមរមនា​ជាមួយគ្នា ពោល​គឺ​បញ្ឈប់​វប្បធម៌​ចាត់ទុក​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ ​ជា​សត្រូវ​របស់​ខ្លួន

អ្នកវិភាគ​នយោបាយ​ចាស់វស្សា​ បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា ក្នុង​ឱកាស​ប្រារព្ធ​ខួប ​១១​​វស្សា នៃ​ការ​យាង​សោយ​ទិវង្គត ​របស់​អតីត​ព្រះមហាក្សត្រ លោក ហ៊ុន ម៉ាណែត គួរ​ចាប់ផ្ដើម​លើកកម្ពស់​ការ​គោរព​រដ្ឋធម្មនុញ្ញ សិទ្ធិមនុស្ស និង​ការ​បង្រួបបង្រួម​ជាតិ ទៅ​តាម​ព្រះរាជ​បណ្ដាំ​របស់​ព្រះ​បរមរតនកោដ្ឋ។ បណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ការ​ផ្សះផ្សា​ជាតិ នឹង​មិន​អាច​កើត​មាន​នោះ​ឡើយ ប្រសិនបើ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ​នៅតែ​បន្ត​ចោទប្រកាន់ អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ថា ជា​ក្រុម​ជ្រុលនិយម ក្បត់ជាតិ ឬ​ជា​អ្នក​ចង់​ធ្វើ​បដិវត្ត​ពណ៌​នោះ។

បណ្ឌិត ឡៅ ម៉ុងហៃ​៖ «ឱ្យ​តែ​គោរព​អនុវត្ត​ធ្វើតាម​សច្ចាប្រណិធាន​របស់​ខ្លួន​ទៅ ហើយ​និង​គោរព​រដ្ឋធម្មនុញ្ញ​បង្រួបបង្រួម​ជាតិ​ហើយ ឬ​ដែល​មាន​ចាំ​ទេ ទិវា​រដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រី​ដែល​ធ្វើ​សារលិខិត​អី អបអរសាទរ​រដ្ឋធម្មនុញ្ញ​ទេ»?

ប្រតិកម្ម​របស់​អ្នកវិភាគ​នយោបាយ​ចាស់វស្សា​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរមរតន​កោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅ​រូបសំណាក​របស់​ព្រះអង្គ​ក្បែរ​វិមានឯករាជ្យ នា​ថ្ងៃទី​១៥ ខែ​តុលា ដែល​ជា​ថ្ងៃ​ខួប ​១១ វស្សា នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះអង្គ។ លោក​ចាត់​ទុក​ថា ព្រះអង្គ​គឺជា​ព្រះ​មហាវីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ​។ ក្រៅពី​នេះ លោក ហ៊ុន ម៉ាណែត និង​សមាជិក​រដ្ឋាភិបាល ក៏បាន​បង្អោនកាយ​គោរព និង​នឹករលឹក​ដល់​ព្រះគុណូបការៈ និង​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ផង​ដែរ។

ទោះជា​យ៉ាងណា គិត​មក​ដល់​ពេល​នេះ​លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​ ជិត ​១០០​ថ្ងៃ​មក​ហើយ ប៉ុន្តែ​លោក មិនទាន់​បង្ហាញ​ពី​ការ​ធ្វើ​នយោបាយ​ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ តាមរយៈ​ការ​ដោះលែង​អ្នក​ជាប់ឃុំ​ ជា​សកម្មជន​នយោបាយ​នោះ​ឡើយ។ ផ្ទុយទៅវិញ សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង ​នៅតែ​បន្ត​រង​បទ​ចោទ និង​ការ​ចាប់ខ្លួន​ដាក់គុក​ថែម​ទៀត​ផង។ លើស​ពី​នេះ ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​រិះគន់​រដ្ឋាភិបាល ​ក៏​នៅតែ​បន្ត​កើត​មាន។ ដូចគ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​ឪពុក​លោក​ដែរ នៅ​ពេល​លោក ​ថ្លែង​សារ​ពេល​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២២ ខែសីហា កន្លងទៅ លោក ហ៊ុន ម៉ាណែត មិន​បាន​លើកឡើង​ពី​ការ​ផ្សះផ្សា​ជាតិ​នោះ​ឡើយ ប៉ុន្តែ​លោក​បែរជា​ចាត់ទុក​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ថា ជា​ក្រុម​អគតិ​ទៅវិញ។

លោក ហ៊ុន ម៉ាណែត៖ «ហើយក៏​ជា​ការ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​បដិសេធ យ៉ាង​ដាច់អហង្ការ​ពី​ប្រជាពលរដ្ឋ​ ដ៏​ច្រើន​លើសលប់ ចំពោះ​ទង្វើ​អគតិ​របស់​ក្រុម​ជន​មួយចំនួន ដែល​បាន​ខិតខំ​ទាក់ទាញ​ប្រជាជាតិ​កម្ពុជា ឱ្យ​ចាក​ចេញពី​គន្លង​មាគ៌ា​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ ហើយ​ញុះញង់​អុចអាល​បំផុស​ប្រជាពលរដ្ឋ​ ឱ្យ​លុះ​ទៅ​នឹង​មហិច្ឆតា​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ដែល​ប្រកប​ទៅ​ដោយ​ពិសពុល និង​គ្រោះថ្នាក់​បំផុត​ សម្រាប់​ប្រទេសជាតិ»។

វិទ្យុ​អាស៊ីសេរី​ មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៥ ខែតុលា។

ជុំវិញ​រឿង​នេះ ប្រធាន​គណៈ​ប្រតិបត្តិ​ខេត្ត​ប៉ៃលិន នៃ​គណបក្ស​ភ្លើងទៀន លោក ខឹម មុន្នីកុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃទី​១៥ ខែតុលា ថា ដើម្បី​គោរព​ទៅ​តាម​បណ្ដាំ​ព្រះ​បរមរតនកោដ្ឋ លោក ហ៊ុន ម៉ាណែត មិន​ត្រូវ​បន្ត​ការ​ធ្វើ​នយោបាយ​កម្ចាត់​ដៃគូ​ប្រជែង​នយោបាយ ​ដូច​ឪពុក​លោក​ឡើយ​។ លោក​បន្ត​ថា មូលហេតុ​សំខាន់​បំផុត ​ដែល​មិនអាច​ធ្វើ​ឱ្យ​អ្នកនយោបាយ​រួបរួម​គ្នា​បាន គឺ​ដោយសារ​លោក ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក មិន​បាន​បើក​លំហ​ប្រជាធិបតេយ្យ ឱ្យ​មាន​ការ​ប្រកួតប្រជែង​នយោបាយ​ដោយ​ត្រឹមត្រូវ​តាមច្បាប់​កំណត់។

លោក ខឹម មុន្នីកុសល៖ «ការ​ផ្សះផ្សា​ជាតិ​នេះ គឺជា​ចំណុច​សំខាន់​ណាស់ ​ដែល​អាច​នាំ​ទៅ​ដល់​ការ​ងើបឡើង នៃ​សេដ្ឋកិច្ចជាតិ​របស់​យើង​ផង ឈាន​ទៅ​ដល់​ការ​គោរព​សិទ្ធិមនុស្ស បើកទូលាយ​លំហ​សេរីភាព ទៅដល់​គណ​បក្ស​ប្រឆាំង​ ដែល​អាច​ធ្វើ​នយោបាយ​ផ្សេងៗ​បាន ហើយ​ការផ្សះផ្សា​ជាតិ វា​អត់​អាច​កើត​មាន​ឡើង​ទេ បើ​យើង​ថា យើង​​គោរព​ប្រជាធិបតេយ្យ​ ហើយ​យើង​ឱ្យ​មាន​តែមួយ​បក្ស វា​ម៉េច​អាច​ទៅរួច អ៊ីចឹង​ចំណុច​ត្រង់​នេះ គឺជា​ការ​នៅតែ​បន្ត​យល់​ខុស​របស់​ថ្នាក់ដឹកនាំ​យើង​សព្វថ្ងៃ​នេះ មានតែ​មួយ​បក្ស​ហ្នឹង យើង​ចាត់ទុកថា​ ជា​ការ​បង្រួបបង្រួម​ជាតិ វា​មិនមែន​អ៊ីចឹង​ទេ»។

ព្រះបាទ នរោត្ដម សីហនុ ព្រះអង្គ​បាន​សោយ​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ប្រទេស​ចិន ដោយ​ព្រះរាជ​អាពាធ។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ត្រូវ​បាន​មេដឹកនាំ​គណបក្ស​នយោបាយ​នានា រាប់ទាំង​លោក ហ៊ុន សែន លោក សម រង្ស៊ី និង​លោក កឹម សុខា តែងតែ​ចាត់ទុកថា ជា​ព្រះបិតា​ឯករាជ្យ បិតា​សន្តិភាព និង​ជា​បិតា​បង្រួបបង្រួម​ជាតិ​។

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង អំពាវនាវ​ឲ្យ​លោក ហ៊ុន ម៉ាណែត គួរតែ​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​មានការ​ផ្សះផ្សា​ជាតិ និង​ការ​បង្រួប​បង្រួម​ជាតិ​ឡើងវិញ ដោយ​យក​តាម​គំរូ​របស់​ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ រស់នៅ​ដោយ​សុខដុមរមនា​ជាមួយគ្នា៕