The Cambodia Daily
30-8-2022
លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្ត្រី ដែលជាកូនប្រុសច្បងរបស់បុរសខ្លាំង ប្រើកណ្ដាប់ដៃដែក លោក ហ៊ុន សែន បានប្រកាសចែកសៀវភៅរបស់លោក ដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត»។
សៀវភៅនេះ ត្រូវបានចែកចាយដោយឥតគិតថ្លៃ ស្របពេលដែលក្រុមអ្នកឃ្លាំមើលខ្លះ ចាត់ទុកថា ជាសកម្មភាពប្រជែងប្រជាប្រិយភាពគ្នា ជាមួយលោក ហ៊ុន ម៉ានី។
លោក ហ៊ុន ម៉ាណែត បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៩ សីហា នេះថា ការចែកជូនសៀវភៅ ដែលមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ដោយឥតគិតថ្លៃនេះ គឺដោយសារតែមានអ្នកចង់បានសៀវភៅនេះយ៉ាងច្រើន នាពេលកន្លងមក។
ការប្រកាសចែកសៀវភៅនេះ ធ្វើឡើងស្របពេលដែលលោក ហ៊ុន ម៉ានី ដាក់លក់សៀវភៅរបស់លោក ដែលមានចំណងជើងថា «ក្តីសង្ឃឹម ហ៊ុន ម៉ានី» កាលពីពេលថ្មីៗនេះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ សីហា នេះថា ការប្រកាសចែកសៀវភៅនេះ អាចឆ្លុះបញ្ចាំងថា លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងប្រជែងដណ្តើមមុខមាត់គ្នាទៅវិញទៅមក ស្របពេលដែលការផ្ទេរអំណាច បន្តក្នុងការកាន់កាប់ត្រកូល ហ៊ុន កាន់តែខិតជិតមកដល់។
លោកបន្ថែមថា ការដណ្ដើមមុខមាត់គ្នាដោយចំហបែបនេះ អាចបង្ហាញថា លោក ហ៊ុន ម៉ានី មិនទាន់ទម្លាក់ចោលការតស៊ូក្នុងការប្រជែងជាមួយលោក ហ៊ុន ម៉ាណែត ដណ្តើមតំណែងជានាយករដ្ឋមន្ត្រីនោះឡើយ ហើយនេះគឺជាឧបសគ្គដ៏ធំមួយរបស់លោក ហ៊ុន សែន ព្រោះថាបើពួកគេទាំងពីរនៅតែដណ្តើមតំណែងគ្នាបែបនេះ នោះនឹងនាំឱ្យកើតវិបត្តិផ្ទៃក្នុងនៃគ្រួសារ ហ៊ុន កាន់តែធ្ងន់ធ្ងរជាមិនខាន។
លោក គឹម សុខ អះអាងថា បញ្ហាធំមួយទៀត គឺកើតមកពីមនុស្សជំនិតលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ជាអ្នកជំរុញឲ្យបងប្អូនពួកគេប្រជែងគ្នា ព្រោះថាបើនរណាម្នាក់បានតំណែងកំពូលនេះ ភាគីនោះនឹងទទួលបានប្រយោជន៍កាន់តែច្រើន និងមានឥទ្ធិពលកាន់តែខ្លាំង តាមរយៈមេដឹកនាំរបស់ខ្លួន ដែលធ្វើជានាយករដ្ឋមន្ត្រីនេះ។
ប៉ុន្តែ បើបញ្ហានេះនៅតែមិនអាចសម្រេចបាន លោក ហ៊ុន សែន ទំនងជាងាកទៅស្ទាបស្ទង់ការសម្រេចចិត្តរបស់សមាជិកគ្រួសារ ដូចជាភរិយារបស់គាត់ កូនស្រីរបស់គាត់ និងលោក ហ៊ុន ម៉ានិត ជាដើម។
អ្នកវិភាគរូបនេះ បញ្ជាក់ថា បើការអន្តរាគមន៍ពីសមាជិកគ្រួសារហើយ នៅតែមិនដាច់ស្រេចទៀត នោះចុងក្រោយរវាងលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី អាចមានម្នាក់គ្រោះថ្នាក់ធំ ដើម្បីលុបបំបាត់ការជ្រែកអំណាចពីអ្នកស្នងតំណែងកំពូលនេះ។
សៀវភៅកូនប្រុសពៅរបស់លោក ហ៊ុន សែន ដែលមានចំណងជើងថា «ក្តីសង្ឃឹម ហ៊ុន ម៉ានី» ដែលបានបោះពុម្ពចំនួន ១ ម៉ឺនច្បាប់ជាលើកដំបូង បន្ទាប់ពីប្រើពេលអស់ជាច្រើនឆ្នាំកន្លងមកនេះ បានប្រកាសដាក់លក់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងពិធីផ្សព្វផ្សាយសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» នៅខេត្តសៀមរាប នៅពេលនោះ លោក លាង ដឺលុច ដែលជាអ្នកនិពន្ធសៀវភៅ «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បានលើកឡើងថា ក្នុងចំណោមកូនប្រុសទាំង ៣ របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានលេចមុខជួយកិច្ចការលោក ហ៊ុន សែន ជាសាធារណៈមុនគេ។
លោក លាង ដឺលុច បញ្ជាក់ថា តួអង្គលោក ហ៊ុន ម៉ានី រស់នៅក្នុងសម្ពាធនៃការរិះគន់ពីមតិជាច្រើន ដែលសម្លឹងមើលលោកត្រឹមតែជាកូននាយករដ្ឋមន្ត្រី ប៉ុន្តែផ្ទុយទៅវិញ លោក ម៉ានី ត្រូវធ្វើការកាន់តែច្រើន ដើម្បីកិត្តិយសគ្រួសារផង និងដើម្បីអាចបង្កើតបានកន្លែងឈរជើងសម្រាប់ខ្លួនឯង ក្នុងនាមជាអ្នកនយោបាយបន្តវេនដ៏មានឥទ្ធិពលផងដែរ។
ទោះជាបែបនេះក្តី ចាប់តាំងពីគណបក្សប្រជាជនកម្ពុជា បានសម្រេចជាឯកច្ឆន្ទជ្រើសរើសកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ មក លោក ហ៊ុន សែន តែងបង្ហោះរូបលោក ហ៊ុន ម៉ាណែត ដោយភ្ជាប់នឹងការលើកសរសើរផ្សេងៗជាបន្តបន្ទាប់ ចំណែកលោក ហ៊ុន ម៉ានី មិនត្រូវបានលោក ហ៊ុន សែន លើកយកមកនិយាយ ឬសរសើរម្តងណាឡើយ៕

.