អត្ថបទ The Cambodia Daily
04th-8-2021

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯ​នាយ​សមុទ្រ ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​ ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​ជាតិ ជាពិសេស​គឺ​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង ​លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។

ក្រុម​អ្នក​តស៊ូ​មតិ​បាន​ថ្លែង​បែប​នេះ បន្ទាប់ពី​អ្នកវិភាគ​ខាង​ផ្នែក​គោលនយោបាយ​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក បាន​លើកឡើង​ អំពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​របស់​រដ្ឋាភិបាល​កម្ពុជា ​នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៣ ខែ​សីហា ថា លោក​ចង់​ឃើញ​សហរដ្ឋ​អាមេរិក ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ របស់​លោក ហ៊ុន សែន ដែល​កំពុង​​នាំគ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ជោគជាំ​ ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ងាយ​នឹង​រំកិល​ខ្លួន​ទៅ​រក​មហាអំណាច​ចិន​ខ្លាំង​ណាស់ នៅ​ពេល​ដែល​មាន​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក ដូច្នេះ​មុន​នឹង​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ពុករលួយ​ទាំងនោះ សហរដ្ឋ​អាមេរិក ​ក៏​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ផង​ដែរ​ថា គួរ​ប្រើ​ទណ្ឌកម្ម​កម្រិត​ណា​ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព និង​ដើម្បី​ចៀសវាង​នូវ​ផល​ប៉ះពាល់​ទៅដល់​សន្តិសុខ​ក្នុង​តំបន់។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគ​ខាង​ផ្នែក​គោលនយោបាយ​របស់​អង្គការ Heritage Foundation ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នកស្រី Olivia Enos បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា សមាជិក​គ្រួសារ​របស់​លោក ហ៊ុន សែន ជាពិសេស​គឺ​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ក្នុង​ដំណើរការ​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក​យ៉ាង​ស៊ីជម្រៅ។

អ្នកស្រី Olivia Enos អះអាង​ថា លោក ហ៊ុន សែន មិន​អាច​អនុវត្ត​ច្បាប់​ដើម្បី​បំបាត់​អំពើ​ពុករលួយ ​ទៅលើ​ក្រុម​គ្រួសារ​របស់​លោក​បាន​ទេ ដូច្នេះ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក គឺជា​មធ្យោបាយ​ត្រឹមត្រូវ​បំផុត​ ក្នុង​ការ​ដាក់​សម្ពាធ​លើ​មេដឹកនាំ​ពុករលួយ​ទាំងនោះ ដើម្បី​ឲ្យ​ប្រព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​មាន​កំណែ​ទម្រង់ ​ឲ្យ​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​បាន​អះអាង​ថា លោក ហ៊ុន ម៉ាណែត បាន​ប្រើ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អនុគណៈ​កម្មការ​​គ្រប់គ្រង​តំបន់​ចត្តាឡីស័ក​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ធ្វើ​ជំនួញ​គ្រប់​ច្រក​លើ​បរិក្ខារ​សុខាភិបាល​ សម្រាប់​ព្យាបាល​អ្នក​មាន​ជំងឺ Covid-19 ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន។

ពួកគេ​អះអាង​ថា លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​កេងប្រវ័ញ្ច​លុយ​រដ្ឋ​ លើ​ការ​ព្យាបាល​អ្នកជំងឺ Covid-19 ដែល​ធ្វើ​ចត្តាឡីស័ក​នៅ​កោះពេជ្រ និង​នៅ​មជ្ឈមណ្ឌល​ព្រីមៀម​សែនសុខ ផង​ដែរ ដោយ​ការ​ធ្វើ​របាយការណ៍​បំប៉ោង​តួលេខ​ចំណាយ​ក្នុង​ម្នាក់​ដល់​ទៅ ២០០​ ដុល្លារ​អាមេរិក​ឯណោះ​ក្នុង ១​ថ្ងៃ ខណៈ​ពលរដ្ឋ​ដែល​ធ្វើ​ចត្តាឡីស័ក​នៅ​ទីនោះ​មិន​ទទួល​បាន​សេវា​ថែទាំ​ឲ្យ​សមាមាត្រ​នឹង​ការ​ចំណាយ​នោះ​ឡើយ។

ដោយឡែក​នៅ​សណ្ឋាគារ​ឌូក ឬ​អតីត​សណ្ឋាគារ អ៊ីនធឺខន និង​នៅ​សណ្ឋាគារ សុខា ឯណេះ​វិញ លោក ហ៊ុន ម៉ាណែត បាន​ប្រើ​ទីតាំង​ទាំងនេះ​សម្រាប់​ដាក់​ពួក​អ្នក​មាន​លុយ និង​អ្នក​ចេញចូល​ពី​បរទេស​ក្នុង​យុទ្ធនាការ​ធ្វើ​ចត្តាឡីស័ក ដែល​តម្រូវ​ឲ្យ​អ្នក​ទាំងនោះ​ ចេញ​ថ្លៃ​ចំណាយ​ផ្ទាល់ខ្លួន​ក្នុង​ម្នាក់ ៤០០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ចូល​ទៅ​គណៈកម្មការ​របស់​លោក​ផ្ទាល់​តែម្តង។

ទាក់ទិន​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នេះ អង្គការ​តម្លាភាព​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២០ កន្លងទៅ​ថា វិបត្តិ​ជំងឺ Covid-19 កំពុង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ហានិភ័យ​កាន់តែ​ខ្ពស់​ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ រហូត​ដល់​ការ​បំពាន​នីតិរដ្ឋ​ថែមទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​របស់​កម្ពុជា​ បាន​ឆ្លៀត​ឱកាស​ក្នុង​វិបត្តិ​ជំងឺ Covid-19 នេះ ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រូបភាព​ផ្សេងៗ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​បក្ខពួក​របស់​ពួកគេ៕

.