អត្ថបទ​៖ លោក ម៉ែន ណាត
07th-8-2023

ព្រះមហាក្សត្រព្រះ នរោត្តម សីហមុនី នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ បាន​ឡាយ​ព្រះហស្ថ​លេខា​លើ​ព្រះរាជ​ក្រឹត្យ​ចាត់​តាំង​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី​ហើយ សម្រាប់​នីតិ​កាល​​ទី​៧ តាម​ការ​ស្នើ​សុំ​របស់​ប្រធាន​គណបក្ស​កាន់​អំណាច និង​ជា​នាយក​រដ្ឋមន្រ្តី​បច្ចុប្បន្ន គឺ​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់។ បន្ទាប់​ពី​ការ​ចាត់​​តាំង​នេះ​ទៅ លោក ហ៊ុន ម៉ាណែត ត្រូវ​ស្នើ​សុំ​សេចក្តី​ទុក​ចិត្ត​ពី​រដ្ឋសភា ជាមួយ​បញ្ជី​សមាសភាព​សមាជិក​រដ្ឋាភិបាល​ថ្មីរបស់លោក ទៅ​តាម​នីតិ​វិធី​ច្បាប់​។

តាមពិត បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយក​រដ្ឋមន្រ្តី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​មិន​ប្រក្រតី និង​មិនយុត្តិធម៌ កាល​​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ថ្មីៗ​នេះ មិន​​មាន​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ទេ ប៉ុន្តែ​គឺ​ជា​ឈ្មោះ​របស់​លោក ហ៊ុន សែន ដែល​​ជា​បេក្ខជន​​នាយក​រដ្ឋមន្រ្តី​​ តាម​ការ​សម្រេច​របស់​គណ​បក្ស​កាន់​អំណច​របស់​ខ្លួន។ គណ​បក្ស​នេះ និង គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​ប្រកាស​ពី​ជ័យជំនះ​រហូត​ដល់​ ៨២,៣% ដោយ​ទទួល​​បាន​អាសនៈ​រដ្ឋសភា ១២០ រីឯ​​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួល​បាន ៥ កៅអី ឬ​អាសនៈ ក្នុង​ចំណោម​កៅអី​សរុប ១២៥

លុះដល់ថ្ងៃទី​២៦ កក្កដា លោក ហ៊ុន សែន បាន​ប្រកាស​ផ្ទេរ​អំណាច​ឲ្យ​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ដោយ​អត្តនោម័ត ហើយ​គំរាម​ធ្ងន់​ដល់​មន្រ្តី​កំពូលៗ​ដោយ​ប្រយោល នៅ​ក្នុង​ចំណោម​មន្រ្តី​ផ្ទៃក្នុង​​នៃ​គណ​បក្ស​កាន់​អំណាច។

ដោយមានសម្ពាធ​ខ្លាំង នៅថ្ងៃទី​០៥ ខែ​សីហា ឆ្នាំ​២០២៣ លោក ស ខេង ជា​មន្ត្រី​មាន​អំណាច​ទី២ បន្ទាប់​លោក ហ៊ុន សែន បាន​ចេញ​​ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ាណែត ជា​នាយក​រដ្ឋមន្រ្តី ដើម្បី​បំពេញ​ចិត្ត​លោក ហ៊ុន សែន។ សព្វថ្ងៃ​លោក ស ខេង ជា​អនុ​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា ជាឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ។

គួរ​បញ្ជាក់​ថា ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​សម្រាប់​នីតិកាល​ទី​៧ នេះ របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន បាន​ទទួល​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម ពី​បណ្តា​ប្រទេស​លោក​សេរី ​នាំ​មុខ​ដោយ​សហ​រដ្ឋ​អាមេរិក ដែល​ជា​ក្រុម​ប្រទេស​បញ្ជា​ទិញ លើ​ផលិតផល​នាំ​ចូល​ពី​កម្ពុជា ដូចជា GSP របស់​អាមេរិក និង EBA របស់​អឺរ៉ុប។

លោក ហ៊ុន សែន បានបញ្ជាក់ថ្មីៗ​នេះ​ថា លោក​នឹង​លែង​ជា​នាយក​រដ្ឋមន្ត្រី ចាប់​ពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ តទៅ។ ប៉ុន្តែ​លោក​ព្រមាន​ថា បើ​សិន​ជា​លោក ហ៊ុន ម៉ាណែត មាន​គ្រោះថ្នាក់​​ណា​មួយ​ដល់​ជីវិត លោក​នឹង​វិល​ត្រឡប់​មក​ធ្វើ​នាយក​រដ្ឋ​មន្រ្តី​វិញ។

លោក ហ៊ុន សែន បានថ្លែងថា រដ្ឋសភានឹងកោះប្រជុំថ្ងៃដំបូង សម្រាប់អាណត្តិថ្មីនេះ នៅថ្ងៃទី២១ ខែ​សីហា។ រួច​ហើយ​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា រដ្ឋសភា​នឹង​ប្រជុំ​អនុម័ត​ទទួល​ស្គាល់​សមាភាព​គណៈ​រដ្ឋមន្រ្តី នៃ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត។ ចំណែក​លោក ហ៊ុន សែន បាន​ប្រកាស​តែង​តាំង​ខ្លួន​ឯង ជា​ប្រធាន​ឧត្តម​ក្រុម​ប្រឹក្សា​​ព្រះ​មហា​ក្សត្រ ជា​ប្រធាន​ព្រឹទ្ធសភា​នៅ​ដើម​ឆ្នាំ​២០២៤ និង ជា​ប្រមុខ​រដ្ឋ​ស្តីទី​ពេល​អវត្តមាន​ព្រះ​មហា​ក្សត្រ​។

រដ្ឋាភិបាលរបស់​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​រំពឹង​ថា ជា​រដ្ឋាភិបាល​ផុយ​ស្រួយ ជា​ការ​ទទួល​ថ្មបាក់​ពី​លោក ហ៊ុន សែន និង នៅ​តែ​ស្ថិត​ក្រោម​ការ​កំណត់​ទិស​ដៅ​ពី​លោក ហ៊ុន សែន ដដែល។

ទោះបី​យ៉ាង​ណា​ក្តី ក្រុម​អ្នកវិភាគ និង​អ្នក​នយោបាយ​ប្រឆាំង បាន​ហៅ​ការ​ផ្ទេរ​អំណាច​នេះ​ថា «ជា​ការ​ផ្ទេរ​អំណាច​តពូជ តាម​បែប​ផ្តាច់ការ»៕

.