ការកត់សម្គាល់ ៖ បំណុលបរទេសរបស់កម្ពុជា បានកើនដល់ជាង ៩,១៨ពាន់លានដុល្លារអាមេរិក គិតត្រឹមឆមាសទីមួយ ឆ្នាំ២០២១ ហើយត្រូវបានរំពឹងថា នឹងកើនដល់ជាង ១០ពាន់លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ២០២១។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែសីហា ឆ្នាំ២០២១ បង្ហាញរបាយការណ៍ថា ក្នុងចំណោមបំណុលបរទេសសរុបរបស់កម្ពុជា គឺចិន មានចំនួន ៤៣,៧៨% ខណៈពហុភាគី មាន ៣០,១៣%។
The Cambodia Daily
15-9-2023
នាយករដ្ឋមន្ត្រីបន្តពូជក្រាញអំណាចថ្មីរបស់កម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ កញ្ញា នេះ បានដឹកនាំមន្ត្រីរដ្ឋាភិបាលថ្មីរបស់ខ្លួន ដែលមានអាយុទើបតែបាន ២៣ថ្ងៃ ធ្វើដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមហាអំណាចកុម្មុយនីស្ត ជិតស្និទ្ធនឹងរដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយលោក ហ៊ុន សែន កន្លងមក។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ពីដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ថានឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះ ក្នុងបំណងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីបង្កើតទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន សម្រាប់រដ្ឋាភិបាលថ្មីនេះ ឱ្យកាន់តែខ្លាំងបន្ថែមទៀត។
ក្រសួងការបរទេសកម្ពុជា អះអាងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីមានការអញ្ជើញពីនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ដែលបង្ហាញឱ្យឃើញពីនយោបាយពូនជ្រំចំណងមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំទៅថ្ងៃអនាគត ហើយក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីមានជំនួប ជាមួយប្រធានាធិបតីមហាអំណាចកុម្មុយនីស្តចិន លោក ស៊ី ជីនពីង ក៏មានជំនួបជាមួយលោក ចាវ ឡឺជី ប្រធានសភារបស់គណបក្សកុម្មុយនីស្តចិន ផងដែរ។
ប្រភពដដែលបញ្ជាក់ថា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសចិន ទាំងពីររូបនេះ នឹងមានកិច្ចពិភាក្សាផ្លាស់ប្ដូរទស្សនៈ លើប្រធានបទមួយចំនួនផងដែរ រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រ សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្ដល់ផលប្រយោជន៍រួម រវាងប្រទេសទាំងពីរថែមទៀត។
ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នេះ ធ្វើឡើងដំបូងគេបង្អស់មុននឹងលោក ហ៊ុន ម៉ាណែត ទៅចូលរួមកិច្ប្រជុំនៅអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក លើទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានជាង ២០ ថ្ងៃមកនេះ។
ប្រធានគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអាមេរិកខាងជើង (CNRP-A) លោក អ៊ុង រិទ្ធី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសចិន នៅពេលនេះ គឺជាទម្រង់របៀបរបបនយោបាយដែលលោក ហ៊ុន សែន ជាឪពុកធ្លាប់បានធ្វើ និងបានរៀបចំ ហើយគូសបន្ទាត់ឱ្យកូនប្រុសរបស់គាត់ ដើរតាមគាត់ប៉ុណ្ណោះ មិនមែនជាផែនការយុទ្ធសាស្ត្រនយោបាយថ្មី ដែលនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជារូបនេះ បង្កើតឡើងសម្រាប់ដឹកនាំកម្ពុជា ទៅរកអនាគតភ្លឺស្វាងនៅថ្ងៃមុខនោះទេ។
លោក អ៊ុង រិទ្ធី លើកឡើងថា ក្នុងឋានៈលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្នងអំណាចពីលោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីជំពាក់បំណុលចិន រហូតមក គ្មានអ្វីក្រៅតែពីការទទួលការណែនាំរបស់ប្រធានាធិបតីចិន មុននឹងលោក ហ៊ុន ម៉ាណែត ទៅចូលរួមក្នុងកិច្ចប្រជុំនៅ អង្គការសហប្រជាជាតិ នៅចុងខែកញ្ញា នេះទេ គឺដើម្បីរក្សាផលប្រយោជន៍របស់ចិន លើឆាកអន្តរជាតិ ក្នុងឋានៈកម្ពុជាដែលកំពុងយកចិន ជាខ្នងបង្អែករបស់ខ្លួននៅពេលនេះ។
ដោយឡែក អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត អះអាងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសចិន នៅពេលនេះ ក្រៅតែពីទៅទទួលការណែនាំរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ជានយោបាយការទូតបង្ហាញពីកាយវិការអរគុណចិន ដែលតែងតែផ្តល់កម្ចី ដល់រដ្ឋាភិបាលដែលលោក ហ៊ុន សែន ដឹកនាំ និងដើម្បីផ្គាប់ចិត្តមិត្តចិន ក្នុងបំណងបន្តការខ្ចីបុលបន្ថែមទៀតដែរ ដូច្នេះដំណើរទស្សនកិច្ចនេះ គឺមិនបាននាំមកនូវភាពរីកចម្រើនដល់កម្ពុជា នោះទេ គ្រាន់តែបង្ហាញថា កម្ពុជានៅតែត្រូវការចិន ធ្វើជាបងធំរបស់ខ្លួនបន្តទៀត ប៉ុណ្ណោះ។
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ លោក ហ៊ុន សែន អះអាងថា ក្រោមការជ្រោមជ្រែងរបស់ចិន ធ្វើឱ្យកម្ពុជាមានភាពឯករាជ្យទាំងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ខុសពីប្រទេសមួយចំនួន ដែលតម្រូវឱ្យកម្ពុជា ធ្វើទៅតាមការចង់បានរបស់ពួកគេ ដែលជាហេតុធ្វើឱ្យកម្ពុជាបាត់បង់ឯករាជភាពក្នុងនាមជារដ្ឋ ដែលមានអធិបតេយ្យមួយពេញលេញ ដូច្នេះហើយបានជាកម្ពុជា អាចចងមិត្តដែកថែប ជាមួយចិន រហូតមកដល់ពេលនេះបាន៕

លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរដល់ប្រទេសចិន ខណៈអ្នកឃ្លាំមើលរិះគន់ថា មេដឹកនាំកម្ពុជាទៅរណបចិន
វិទ្យុអាស៊ីសេរី RFA /ដោយ ជី វីតា
14-9-2023
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅដល់ប្រទេសចិនហើយ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោក ទៅកាន់ប្រទេសមហាអំណាចកុម្មុយនិស្តមួយនេះ ក្នុងនាមជាប្រមុខដឹកនាំកម្ពុជា។ អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅចិន ក្នុងគោលដៅរណែបរណបអែបអបចិន ដើម្បីការពារអំណាចផ្ទាល់ខ្លួន ច្រើនជាងនាំផលប្រយោជន៍ជូនជាតិ។
លោក ហ៊ុន ម៉ាណែត ចាប់ផ្ដើមបំពេញទស្សនកិច្ចនៅប្រទេសចិន ជាមួយភរិយា រួមទាំងមន្ត្រីគណៈប្រតិភូកម្ពុជា ដោយមានការទទួលស្វាគមន៍ ពីអនុរដ្ឋមន្ត្រីការបរទេសចិន លោក ណុង រ៉ុង (Nong Rong)។ ថ្ងៃទីមួយនៃដំណើរទស្សនកិច្ចនេះ លោក ហ៊ុន ម៉ាណែត បានទៅគោរពវិញ្ញាណក្ខន្ធវីរបុរស និងកងទ័ពចិន ដែលជាកន្លែងតំណាងឱ្យការពលីជីវិតរបស់កងទ័ពចិន ក្នុងបុព្វហេតុតស៊ូរំដោះប្រទេសចិន ពីការឈ្លានពាននៃជនបរទេស ដែលធ្វើឱ្យបក្សកុម្មុយនិស្តចិន បានឡើងកាន់អំណាចឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ មហាទីលានធានអានមិន (Tiananmen Square) នេះ ក៏ជាកន្លែងដែលកងទ័ពបក្សកុម្មុយនិស្តចិន ធ្លាប់បានបង្ក្រាបយ៉ាងចាស់ដៃ លើក្រុមបាតុករប្រជាធិបតេយ្យចិន កាលពីឆ្នាំ១៩៩៨ ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងតិចមួយម៉ឺននាក់ (១០.០០០) បាត់បង់ជីវិត។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅប្រទេសចិននេះ ត្រូវបានភាគីចិន និងកម្ពុជាអះអាងថា ជាការបង្ហាញចំណងមិត្តភាពដែកថែប កាន់តែជិតស្និទ្ធនៃរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលក្រុងប៉េកាំង (Beijing) បន្ថែមទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា លោក ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) និងក្រុមថ្នាក់ដឹកនាំផ្សេងទៀតរបស់ចិន ដើម្បីពិភាក្សាអំពីការរឹតបន្តឹងទំនាក់ទំនងក្នុងការកសាងអនាគតកម្ពុជា-ចិនរួមគ្នា ដែលជាទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគី ជជែកអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ។ ក្រៅពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនផងដែរ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក អាន សុខឿន ដើម្បីសាកសួរជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសចិននេះបានទេនៅថ្ងៃទី១៤ ខែកញ្ញា។
ទោះជាយ៉ាងណាក្ដី អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា ព្រួយបារម្ភ និងវាយតម្លៃថា លោក ហ៊ុន ម៉ាណែត កំពុងបោះជំហានតាមគន្លងសម័យកាល លោក ហ៊ុន សែន ដោយមិនខ្វល់ពីរឿងស្ដារប្រជាធិបតេយ្យ ហើយបែរមកចាប់យកចិន ធ្វើជាខ្នងបង្អែកកាន់តែខ្លាំងឡើងៗ ។ ពួកគេលើកឡើងថា ការណ៍ដែលកម្ពុជាផ្អៀងទៅចិនកាន់តែជ្រៅ ហើយធ្វើមិនដឹងមិនឮ នូវការក្រើនរំលឹករបស់ក្រុមប្រទេសលោកសេរី ឱ្យកម្ពុជាងាកមកស្ដារប្រជាធិបតេយ្យ និងនីតិរដ្ឋឡើងវិញនេះ នឹងធ្វើឱ្យប្រជាជាតិកម្ពុជាខាតបង់ច្រើន។
អ្នកវិភាគនយោបាយ លោក គឹម សុខ ថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងក្លាយជាកូនអុករបស់ចិន ដើម្បីឱ្យចិនសម្រេចគម្រោងមហិច្ឆតានានា របស់ខ្លួនទាំងនៅកម្ពុជា និងក្នុងតំបន់។ លោកមើលឃើញថា លោក ហ៊ុន ម៉ាណែត ទៅប្រទេសចិន ក្នុងគោលដៅស្នើសុំជំនួយតាមរយៈប្រាក់កម្ចីបន្ថែម ដើម្បីទ្រទ្រង់រដ្ឋាភិបាលរបស់លោក ច្រើនជាងនាំផលប្រយោជន៍ជូនជាតិ។ លោក គឹម សុខ អះអាងថា របត់នយោបាយកម្ពុជាសព្វថ្ងៃ លោក ហ៊ុន ម៉ាណែត គ្មានជម្រើសអ្វីក្រៅពីពឹងពាក់ចិនឡើយ ខណៈរដ្ឋាភិបាល កើតឡើងខ្វះភាពស្របច្បាប់ និងប្រាស់ចាកពីគន្លងប្រជាធិបតេយ្យ ដោយសារតែការបោះឆ្នោត គ្មានបក្សប្រឆាំងចូលរួមប្រកួតប្រជែង។
លោក គឹម សុខ៖ «ចំណុចសំខាន់របស់ ហ៊ុន ម៉ាណែត ប្រឹងប្រែងឱ្យមានការជ្រោមជ្រែងរបស់ចិន ក្នុងការរក្សាអំណាចរដ្ឋាភិបាលត្រកូល ហ៊ុន អត់ជម្រើសផ្សេងទេ ពីព្រោះទាំងអាស៊ាន ទាំងមូលហាក់ដូចជាមិនសូវស្វាគមន៍ ហ៊ុន ម៉ាណែត រីឯ បស្ចិមប្រទេសការពីថ្កោលទោស និងដាក់ទណ្ឌកម្ម ហើយគេបម្រុងនឹងដាក់បន្តទៀតហើយ។ ការបំពេញទស្សនកិច្ចរបស់គាត់លើកនេះ ជាពេលវេលា ឬជាកាលៈទេសៈឱ្យគាត់ឱនគំនាប់ចិន ក្នុងការបង្ហាញចរិតនយោបាយរបស់គាត់ នៅជាមួយចិន គ្រប់យុទ្ធសាស្ត្រទាំងអស់»។
កម្ពុជាបានចាត់ទុកប្រទេសចិន ជាដៃគូសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ។ ភាគីចិន និងកម្ពុជាបានប្រកាសប្ដេជ្ញាប្រកៀកស្មា កសាងជោគវាសនារួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងតែងតែប្រកាសគាំទ្រនយោបាយ ការទូត និងសេដ្ឋកិច្ចដល់គ្នាទៅវិញទៅមក ទាំងលើឆាកអន្តរជាតិ និងក្នុងតំបន់។
អ្នកឃ្លាំមើល ជំរុញឱ្យកម្ពុជា ប្រកាន់ជំហរនយោបាយអព្យាក្រឹត្យ ដើម្បីរក្សាការពារអធិបតេយ្យបូរណភាពទឹកដីខ្មែរ ខណៈបណ្ដាប្រទេសក្នុងតំបន់អាស៊ាន មួយចំនួន ព្រួយបារម្ភពីការពង្រីកឥទ្ធិពលចិន និងការជ្រៀតជ្រែកក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ក្រៅពីនេះ អ្នកជំនាញមួយចំនួនលើកឡើងថា កម្ពុជានឹងប្រឈមសម្ពាធ និងទណ្ឌកម្មបន្ថែម ពីបណ្ដាប្រទេសលោកសេរី ប្រសិនបើកម្ពុជា នៅតែអនុវត្តនយោបាយលម្អៀងទៅចិន ស្របពេលដែលកម្ពុជា កំពុងអនុញ្ញាតឱ្យយោធាចិន សាងសង់មូលដ្ឋានទ័ព នៅកំពង់ផែរាម ដែលអាមេរិកចោទថា បានសាងសង់ជិតរួចរាល់នោះ៕
