The Cambodia Daily
09th-11-2023

កូនប្រុស​ពៅ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​រដ្ឋមន្ត្រី​​ក្រសួង​​មុខងារ​​សាធារណៈ ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​ព្រះ​បរមនាថ សីហមុនី ត្រាស់​បង្គាប់​តែងតាំង​ជា​ប្រធាន​ គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ (គ.ក.ស) តាម​សំណើ​​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ដឹកនាំ និង​សម្របសម្រួល​ការ​អនុវត្ត​ការងារ​​កែ​ទម្រង់​​រដ្ឋបាល​​សាធារណៈ​ ផ្អែក​លើ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា​កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះ​បរមនាថ សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​កាលពី​ថ្ងៃទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ ដោយ​ត្រាស់​បង្គាប់​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ លោក ហ៊ុន ម៉ានី ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​អាណត្តិ​ទី​៧ នេះ។

ព្រះរាជក្រឹត្យ​ខាងលើ​ កំណត់​ក្នុង​មាត្រា​៣ ស្ដីពី​សមាសភាព និង​រចនាសម្ព័ន្ធ​របស់​គណៈកម្មាធិការ​នេះ ដោយ​កំណត់​រដ្ឋលេខាធិការ​មួយ​រូប​របស់​ក្រសួង​ទាំង ២៨ និង​រដ្ឋលេខាធិការដ្ឋាន​ទាំង​ពីរ​របស់​កម្ពុជា ជា​សមាជិក​របស់​គណៈកម្មាធិការ​នេះ ក្នុង​នោះ​តំណាង​គណៈ​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ទាំង ២៥ ក៏​ត្រូវ​ចាត់​បញ្ចូល​ទៅ​ជា​សមាជិក​នៃ ​គណៈកម្មាធិការ​នេះ​ផង​ដែរ។

ព្រះរាជក្រឹត្យ​នេះ​ បាន​កំណត់​ឱ្យ​មាន ៦​ជំពូក ២១​​មាត្រា ដើម្បី​​ដឹកនាំ និង​​សម្រប​សម្រួល​​ការ​​អនុវត្ត​​ការងារ​​កែ​ទម្រង់​រដ្ឋបាល​​សាធារណៈ ​ផ្អែក​លើ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដូចជា កម្មវិធី​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​​យុត្តិធម៌ និង​​កម្មវិធី​​កែ​ទម្រង់​​ដទៃ​​ទៀត​​ផង​​ដែរ ហើយ​​គណៈកម្មាធិការ​នេះ ​មាន​តួនាទី​លើក​សំណើ​ឱ្យ​រាជ​រដ្ឋាភិបាល​អនុម័ត​ លើ​គោល​នយោបាយ កម្មវិធី​​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ ដែល​បម្រើ​ឱ្យ​ការ​កែទម្រង់​រដ្ឋបាល​​សាធារណៈ​ សម្រាប់​រដ្ឋាភិបាល​ថ្មី​នេះ។

នៅ​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ត្រកូល ​ហ៊ុន លោក ហ៊ុន ម៉ាណែត បាន​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ដោយ​ជំរុញ​ឱ្យ​គណៈកម្មាធិការ​នេះ ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ ឱ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ការ​ដឹកនាំ​របស់​ខ្លួន។

គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​នេះ បាន​កែសម្រួល​អនុ​គណៈកម្មាធិការ​ទាំង ៤ ដែល​មាន​ក្នុង​ព្រះ​រាជក្រឹត្យ​​ចាស់​​ផង​ដែរ ដូចជា អនុ​គណៈកម្មាធិការ​បរិវត្តកម្ម​សេវា​សាធារណៈ និង​នវានុវត្តន៍ អនុ​គណៈ​កម្មាធិការ​​ឧត្តមភាព​​សេវា​សាធារណៈ អនុ​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​មនុស្ស ស្ថាប័ន និង​បៀវត្ស និង​អនុ​គណៈ​កម្មាធិការ​កសាង​សមត្ថភាព​មន្ត្រី។

ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ប្រធាន​គណៈកម្មាធិការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​​ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​ក្តោប​ក្តាប់​អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល ​ហ៊ុន ​របស់​លោក ហ៊ុន សែន អាច​នឹង​ត្រូវ​រៀបចំ​ឱ្យ​កាន់តែ​រឹងមាំ​ សម្រាប់​ជំនាន់​ក្រោយ​នៃ​វង្ស​ត្រកូល​មួយ​នេះ ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត។

អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៨ វិច្ឆិកា នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​ របស់​លោក ហ៊ុន ម៉ាណែត រៀបចំ​ឱ្យ​លោក ហ៊ុន ម៉ានី ដែល​ជា​ប្អូន​បង្កើត​របស់​លោក​ មាន​តួនាទី​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី​នេះ ដូចជា អ្នក​ជ្រើសរើស​មន្ត្រី​រាជការ​សាធារណៈ​ទូទាំង​ប្រទេស ជាដើម នោះ​ជំហាន​នៃ​ការ​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​ សម្រាប់​ត្រកូល​ ហ៊ុន នឹង​កាន់តែ​រឹងមាំ​ថែម​ទៀត ដែល​នឹង​រុញ​ប្រទេស​កម្ពុជា​ ឱ្យ​ដើរ​តាម​គន្លង​កុម្មុយនីស្ត​ ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ ជាមិនខាន។

លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល​ថ្មី​នេះ​ អាច​អនុវត្ត​ផែនការ​ក្តោប​ក្តាប់​អំណាច​ ឈាន​ដល់​ដំណាក់កាល​នេះ​មែន នោះ​គឺ​វង្ស​ត្រកូល​ ហ៊ុន រួម​ទាំង​បក្ខពួក​របស់​សែស្រឡាយ ​នៃ​ត្រកូល​មួយ​នេះ ច្បាស់​ជា​ព្រួត​គ្នា​ប្រើ​អំណាច​ត្រួតត្រា​ប្រទេស​កម្ពុជា​ តាម​អំពើ​ចិត្ត​ ដោយ​គ្មាន​កើត​ញញើត​ច្បាប់​ឡើយ ព្រោះ​ថា​មន្ត្រី​រដ្ឋាភិបាល​​ត្រូវ​លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋមន្ត្រី​ជា​អ្នក​តែងតាំង ចំណែក​មន្ត្រី​រាជការ​តាម​ស្ថាប័ន​ជាតិ ត្រូវ​លោក ហ៊ុន ម៉ានី ជា​អ្នក​តែងតាំង ដូច្នេះ​អ្នក​ដែល​ត្រូវ​តែងតាំង​ជា​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​រាជការ គឺ​ត្រូវតែ​រៀបចំ​ឡើង​តាមរយៈ​សែស្រឡាយ​របស់​គេ​​ទាំង​អស់

អនុប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ ​បញ្ជាក់​ថា នេះ​ក៏​ទំនង​ជា​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅ​រក​ផែនការ​ ដែល​លោក​បាន​រៀប​រាប់​​ខាងលើ​ដែរ ក្រោម​លេស​ថា ដើម្បី​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​របស់​ប្រទេស ខណៈ​ក្រសួង​ស្ថាប័ន​រដ្ឋ និង​រដ្ឋលេខាធិការដ្ឋាន​របស់​ជាតិ​ទាំងអស់ បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ ​គណៈកម្មាធិការ​មួយ​នេះ​ ទៅ​ហើយ​នោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា គ្រប់​ជំហាន​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដឹកនាំ​ សម្រាប់​រដ្ឋាភិបាល​ត្រកូល​ ហ៊ុន មិន​មែន​ដើម្បី​ភាព​រីកចម្រើន​របស់​ជាតិ​ទេ គឺ​ដើម្បី​តែ​ផែនការ​ក្តោប​ក្តាប់​អំណាច ​ប៉ុណ្ណោះ។

ជាក់ស្តែង ដូចជា​ការ​តែងតាំង​សមាសភាព​សមាជិក​រដ្ឋាភិបាល​ នៅ​អាណត្តិ​ថ្មី​នេះ ទោះ​មាន​ចំនួន​រាប់​ពាន់​នាក់​ក៏ដោយ ក៏​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ ​នៅតែ​អនុវត្ត​ដែរ ព្រោះ​ជា​ផែនការ​នយោបាយ​គ្រប់គ្រង​អំណាច មិន​មែន​ជា​ផែនការ​អភិវឌ្ឍ​ប្រទេស​នោះ​ទេ ដូច្នេះ​ទោះ​ត្រូវ​ចំណាយ​លុយ​ជាតិ​ លើ​សមាជិក​រដ្ឋាភិបាល​ទាំងនេះ​ច្រើន​មហិមា​ប៉ុនណា ក៏​ពួកគេ​ហ៊ាន​ធ្វើ​ ដោយ​មិន​រួញរា​ឡើយ៕