The Cambodia Daily
15-10-2021

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា បាន​អះអាង​ថា ប្រទេស​ចិន​ តែងតែ​នៅ​ជាមួយ​កម្ពុជា​រហូត ហើយ​ចិន​ក៏​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់​លើ​គ្រប់​វិស័យ មិនមែន​ត្រឹមតែ​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ​ប្រតិកម្ម​ថា កម្ពុជា​មិន​គួរ​បង្ហាញ​ជំហរ​លម្អៀង​ទៅ​ចិន ​ជ្រុល​ហួសហេតុ​ ក្នុង​នយោបាយ​ការទូត​របស់​ខ្លួន ​លើ​ឆាក​អន្តរជាតិ​បែប​នេះ​ទេ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ បាន​ប្រាប់​អ្នក​សារព័ត៌មាន ​ក្នុង​បទសម្ភាសន៍​ទទួល​វ៉ាក់សាំង​ជំនួយ​ចិន នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ​ថា ទំនាក់ទំនង​កម្ពុជា-ចិន មិនមែន​ជា​រឿង​ដែល​ពិបាក​វាយតម្លៃ​នោះ​ទេ ព្រោះថា​ប្រទេស​ចិន ​តែង​ជួយ​ដល់​កម្ពុជា​ តាំងពី​កម្ពុជា​នៅ​បាតដៃ​ទទេ​រ ហូត​កម្ពុជា​មាន​ការ​រីកចម្រើន​ដូច​សព្វថ្ងៃ​នេះ។

អ្នកស្រី​អះអាង​ថា តាមរយៈ​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន គឺ​មាន​ចំណង​មិត្តភាព​ដែកថែប​រឹង មាំ​មិន​អាច​បំបែក​បាន​ជាដាច់ខាត ព្រោះថា ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​សព្វថ្ងៃ​នេះ ដូចជា ស្ពាន ផ្លូវថ្នល់ វិស័យ​សុខាភិបាល ជាដើម ជា​ចំណែក​ដ៏​ធំ​របស់​រដ្ឋាភិបាល​ចិន ​ដែល​បាន​យកចិត្ត​ទុកដាក់​លើ​កម្ពុជា។

ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​សុខាភិបាល​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន ​បាន​ផ្តល់​ជំនួយ​វ៉ាក់សាំង​បន្ថែម​ទៀត​ ដល់​រដ្ឋាភិបាល​ខ្មែរ​ ដែល​បាន​ដឹក​ទៅ​ដល់​កម្ពុជា​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ចុង​សប្តាហ៍​នេះ។

នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២១ នេះ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ដែល​ជា​ជំនួយ​របស់​ចិន បាន​ដឹក​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន ២​ លាន​ដូស​បន្ថែម​ទៀត ខណៈ​ជំនួយ​ថ្នាំបង្ការ​ដែល​ចិន​បាន​ផ្តល់​ឱ្យ​កម្ពុជា​ រហូត​មក​ទល់នឹង​ពេលនេះ​ មាន​ចំនួន​សរុប​ដល់​ទៅ ៦ ​លាន ៨ ​សែន​ដូស​ហើយ។ បន្ថែម​ពី​នេះ ក៏​មាន​ជំនួយ​ជា​បរិក្ខារ​វេជ្ជសាស្ត្រ​ផ្សេង​ទៀត​ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២១ ធ្លាប់​បាន​អះអាង​ថា មិន​មាន​ប្រទេស​ណា​អាច​ដើរ​តួនាទី​ជំនួស​ចិន ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដូចជា​ការ​កសាង​ផ្លូវ​គមនាគមន៍ ប្រព័ន្ធ​ធារាសាស្ត្រ អគ្គិសនី និង​ការ​កសាង​សមិទ្ធផល​ដទៃ​ជាច្រើន​ទៀត។

លោក ហ៊ុន សែន បញ្ជាក់​ថា មហាអំណាច​ចិន បាន​ជួយ​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ ទាំង​កិច្ចការ​នយោបាយ និង​សេដ្ឋកិច្ច​របស់​ខ្លួន ស្រប​ពេល​ដែល​កម្ពុជា​ កំពុង​រង​ការ​គំរាមកំហែង​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​ ពី​ការ​ផ្តាច់​ជំនួយ​របស់​ប្រទេស​មួយ​ចំនួន​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​ផ្ទុយទៅវិញ កម្ពុជា​នៅ​ពេលនេះ ​ត្រូវ​គេ​មើល​ឃើញ​ថា គ្រាន់តែ​ជា​ទីផ្សារ​សម្រាប់​សាង​សេដ្ឋកិច្ច​ឱ្យ​ប្រជាជន​ចិន​តែប៉ុណ្ណោះ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៤ តុលា នេះ​ថា ការ​បង្ហាញ​នយោបាយ​ការទូត​ លម្អៀង​ទៅ​កុម្មុយនីស្ត​ចិន​បែប​នេះ ធ្វើ​ឲ្យ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ មាន​តែ​ការ​ខាតបង់​ប្រយោជន៍​តែប៉ុណ្ណោះ ហើយ​ជាង​នេះ​ទៀត វា​ក៏​ជា​ការ​បង្ក​នូវ​ផល​អាក្រក់​ សម្រាប់​នយោបាយ​ជាតិ​របស់​កម្ពុជា ​ទៅ​ថ្ងៃ​អនាគត​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក​អះអាង​ថា បើ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នៅតែ​ដឹកនាំ​នយោបាយ​ ដើម្បី​តែ​អំណាច​សម្រាប់​ខ្លួនឯង និង​បក្ខពួក​បែប​នេះ កម្ពុជា​នឹង​មិន​អាច​ងើប​ចេញពី​វិបត្តិ​ ដែល​ខ្លួន​កំពុងតែ​មាន​សព្វថ្ងៃ​នេះ​ទេ ដូចជា​វិបត្តិ​ជម្លោះ​ផ្ទៃក្នុង​រវាង​ជាតិ​ឯង និង​វិបត្តិ​សេដ្ឋកិច្ច​ជាតិ ដែល​នឹង​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ ដល់​ពលរដ្ឋ​ខ្មែរ​ទាំងមូល។

លោក ម៉ែន ណាត សម្ដែង​ការ​សោកស្តាយ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រុម​អ្នក​នយោបាយ​ គិតតែ​ពី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​គិត​ពី​សុខទុក្ខ​របស់​ពលរដ្ឋ រហូត​ជំពាក់​បំណុល​ចិន​វ័ណ្ឌក ដែល​ធ្វើ​ឱ្យ​មាន​ការ​ងឿងឆ្ងល់​ ពី​សំណាក់​បណ្ឌិត​បញ្ញវន្ត​ខ្មែរ​គ្រប់​គ្នា​ថា បើ​ដឹកនាំ​ប្រទេស​តាម​របៀប ​លោក ហ៊ុន សែន ដូច​សព្វថ្ងៃ​នេះ តើ​កម្ពុជា​នឹង​អាច​ដោះ​បំណុល​ចិន​បាន​ដោយ​របៀប​ណា ឬ​ត្រូវ​សម្បទាន​ធនធាន​ធម្មជាតិ​ខ្មែរ​ ជា​ថ្នូរ​នឹង​បំណុល​ទាំងនោះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា សម្ពន្ធមិត្ត​ដែកថែប​រវាង​កម្ពុជា-ចិន​សព្វថ្ងៃ​នេះ គឺ​ដោយសារ​ចិន ​សម្លឹង​ឃើញ​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន​ផង និង​សម្លឹង​ឃើញ​ផលប្រយោជន៍​ ដែល​ពួកគេ​រំពឹង​ទទួល​បាន​ពី​កម្ពុជា​ផង ដូចជា​ការ​ប្រមូល​ធនធាន​ធម្មជាតិ​នានា រួម​មាន​ព្រៃឈើ និង​ធនធាន​រ៉ែ​ដ៏​សម្បូរ​បែប ជាដើម។

ប្រភព​ដដែល​អះអាង​ថា ទំនាក់ទំនង​ចំពោះ​ចិន​លើ​កម្ពុជា គ្រាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​ជា​រដ្ឋ​មួយ​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែ​របស់​ខ្លួន​ប៉ុណ្ណោះ ប្រៀប​ដូចជា​ថៅកែ​មើល​ថែ​បុគ្គលិក ​ដើម្បី​រក​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ដូច្នេះ​ដែរ៕

.