(Update: CWCI Cambodia /អត្ថបទដោយ នគរ / ២៦ មីនា ២០២០)
ក្រុមអ្នកឃ្លាំមើលរឿងនយោបាយ និង​សង្គមខ្មែរ បាន​ស្តី​បន្ទោស​មេ​ដឹកនាំ​ លោក​ ហ៊ុន សែន ថា​ កំពុងប្រើ​​ប្រាស់​​ស្ថានការណ៍​​ភាព​អាសន្ន នៃ​​ជំងឺ​កូរ៉ូណា ឬ Covid-19 ជា​ល្បែង​នយោបាយ ដើម្បី​​ផាត់​ចេញ​​ការចាប់​អារម្មណ៍​នានា ចំពោះ​​ការបាត់បង់​ព្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) របស់​អឺរ៉ុប​ផង និង ​ចង់​ឲ្យ​ប្រទេស​​ចិន ជួយ​សម្រេច​​បំណង​របស់​ខ្លួន ក្នុង​ការរក្សា​​អំណាចផង និងលើកស្ទួយ​កូន​ប្រុសរបស់​​គាត់ គឺលោក ហ៊ុន ម៉ាណែត ស្នង​​​តំណែង​​ផង ទៅ​ថ្ងៃ​ក្រោយ។

អតីតសមាជិករដ្ឋសភា រដ្ឋវិតូរីយ៉ា នៃ​ប្រទេស​អូស្ត្រាលី លោក ហុង លីម (ដើម​កំណើត​ខ្មែរ) នៅ​ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២០ នេះ បាន​​ថ្លែង​​ប្រាប់​​លោក តាំង សារ៉ាដា អ្នក​​សម្របសម្រួល​​​វេទិកា​​ពិភាក្សា អំពី​​ស្ថានភាព​​កម្ពុជា​​ក្នុង​ភាព​អាសន្ន​ថា «យើង​មាន​ការអាណិត​អាសូរ​ ដល់​ពលរដ្ឋ​​ខ្មែរ ជាពិសេស​​​អ្នកក្រីក្រ​នៅ​​ទូទាំង​​ប្រទេស និង​​ពលរខ្មែរ​​ដែល​ទើបត្រឡប់​​ពី​​ប្រទេស ថៃ ក្លាយ​ជាជន​រងគ្រោះ​ទ្វេដង ក្នុង​អំឡុង​ពេល​ការរីក​រាលដាល​មេរោគកូរ៉ូណា​នេះ។ ចំណែក​លោក ហ៊ុន សែន បាន​តែ​និយាយ​ភូតកុហក់ គឺ​គ្មាន​វិធានការ​ច្បាស់លាស់ គ្មាន​​ការទទួល​ខុស​ត្រូវ​ត្រឹមត្រូវ ក្នុង​ការទប់​ស្កាត់​មេរោគ​កូរ៉ូណា​ទេ»

លោក គឹម សុខ អ្នក​វិភាគ​នយោបាយ និង​សង្គម បាន​លើក​ឡើង​ស្រប​គ្នា ជាមួយ​លោក ហុង លីម ដែរ​ថា «បើលោក ហ៊ុន សែន មាន​​វិធាន​ការ​ជាក់​លាក់​​មែន​​នោះ ម្ល៉េះ​សម​លោក ហ៊ុន សែន មិន​ត្រូវ​​ជួប​​សំណេះ​​សំណាល​​ជាមួយ​​ក្រុម​គ្រូពេទ្យ​​ស្មគ្រ​ចិត្ត ជាង ៤០០ នាក់ ដោយ​​ឲ្យ​​ពួក​គាត់ អង្គុយ​​ជាប់ក្បែរ​ៗ​គ្នា​​យ៉ាង​​នេះ​​ទេ។ ហើយ​​ក្នុង​​ពេល​​នេះ លោក ហ៊ុន សែន ខំ​​ឡង់សេ (អួត​បង្ហាញ) ទាំង​កូន​​ខ្លួន​ឯង​​គឺ ហ៊ុន ម៉ាណែត និង​​កូនប្រសារ នៅ​ចំពោះ​​មុខ​​មនុស្ស​​រាប់រយ​នាក់»។ លោក គឹម សុខ បន្តថា «បើសិន​​ជាមាន​​អ្នក​ម្នាក់ ក្នុង​មនុស្ស​ជាង ៤០០ នាក់​នោះ មាន​​ជំងឺ​​កូរ៉ូណា​ នោះ​​ពួក​គេ ច្បាស់​​ជា​​ឆ្លង​​មេរោគ​​នេះ បន្ត​​គ្នារដឹក​តែ​ម្តង។ តាម​ក្បួន​ខ្នាត​​ក្នុង​ស្ថាន​ការណ៍​រ​បៀប​នេះ គេ​​មិន​​ត្រូវ​​ធ្វើដូច​​លោក ហ៊ុន សែន បែប​​ហ្នឹង​​ទេ»

លោក ប៉ា ងួនទៀង នាយក​មណ្ឌល​ព័ត៌មាន​ឯករាជ្យ CCIM បាន​ថ្លែង​នៅ​ក្នុង​វេទិកា​​ពិភាក្សា​របស់​សារព័ត៌មាន ឌីខេមបូឌា ដេលី (The Cambodia Daily) ដែល​សម្របសម្រួល​ដោយ លោក តាំង សារ៉ាដា នៅ​ថ្ងៃទី ២៤ ខែមីនា ថា «របាយការណ៍ស្តីពីការរីក​រាលដាល​មេរោគកូរ៉ូណា នៅ​កម្ពុជា គឺមាន​ស្តង់ដារ ២ ដោយ​រដ្ឋាភិបាល​លោក ហ៊ុ​ន សែន បញ្ជា​ឲ្យផ្សាយ​ជា​ចំហ ចំពោះ​ជន​បរទេស​ដែលមក​ពីអឺរ៉ុប ឬពី​លោក​ខាង​លិច។ ចំណែក​រឿង​ពាក់ព័ន្ធ​នឹង​ជនជាតិ ចិន គឺរដ្ឋាភិបាល លាក់លៀម​ស្ងាត់ឈឹង។ សម្រាប់ពលរដ្ឋខ្មែរ​សាមញ្ញ ក៏ផ្សាយ​ជាចំហ​ដែរ ប៉ុន្តែ​ចំពោះ​ករណីមេរោគ ឆ្លងក្រុម​មន្រ្តីរ​ដ្ឋាភិបាល ក៏ត្រូវ​បាន​លាក់​ព័ត៌មាន»។ លោក ងួនទៀង បន្តថា «លោក ហ៊ុន សែន ខំយក​ចិត្តចិន សូម្បី​តែមេរោគ​កូរ៉ូណា ដែល​មានប្រភព​មក​ពីចិន ក៏លោក ហ៊ុន សែន មិន​ដែល​បិទជើង​ហោះហើរពីចិន​ផង ប៉ុន្តែសម្រាប់​ប្រទេស​អឺរ៉ុបមួយ​ចំនួន គឺលោក ហ៊ុន សែន បញ្ជា​ឲ្យបិទជើង​ហោះហើរ ចូល​កម្ពុជា»

លោក គឹម សុខ អ្នក​វិភាគ​សង្គម បានថ្លែង​ប្រាប់​សារព័ត៌មាន ឌីខេមបូឌា ដេលី ដែរថា «លោក ហ៊ុន សែន ឆ្លៀតឱកាស​យក​រឿង​ជំងឺកូរ៉ូណា ឬ Covid-19 ដែល​​កំពុង​រីករាល​ដាល​ជុំវិញ​ពិភពលោក និង​នៅ​កម្ពុជា​នេះ ដីម្បី​កាន់​តែ​ចូល​កៀកជាមួយ ចិន ហើយចិន ក៏ផ្តល់​អ្នកជំនាញ​មួយ​ចំនួន មកកម្ពុជា ជួយ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​នេះ»។ លោក គឹម សុខ បន្ថែមថា «លោក ហ៊ុន សែន ធ្វើដូច​នេះ​ដើម្បីឲ្យ ចិន ជួយការពារ​អំណាចគាត់ និង​ជួយកូន​ប្រុសគាត់ គឺលោក ហ៊ុន ម៉ាណែត អាច​ស្នង​តំណែង​ពីគាត់ នៅថ្ងៃក្រោយ»។ លោក គឹម សុខា សង្កត់ធ្ងន់ថា «លោក ហ៊ុន សែន ធ្វើយ៉ាងនេះ ពីព្រោះ​គាត់​ដឹង​ច្បាស់ថា វៀត​ណាម មិនអាច​ជួយ ហ៊ុន ម៉ាណែត ឲ្យស្នង​តំណែង​ពី​គាត់បាន​ទេ»។ ទោះបីជា​យ៉ាងណា វៀតណាម ក៏មិន​ពេញចិត្ត​នឹង​លោក ហ៊ុន សែន ដែល​ស្និទ្ធស្នាល​ជ្រុលពេក ជាមួយ​ចិន។ ម៉្លោះហើយ​បាន​ជា​វៀតណាម គេបិទ​ច្រក​ព្រំដែន ដោយមិន​ជូន​ដំណឹង​ដល់លោក ហ៊ុន សែន មួយម៉ាត់​សោះនោះ»

លោក អ៊ាប គឹមសេង អតីត​សមាជិកស្ថាបនិក​ចលនិស្សិតខ្មែរ បាន​ផ្តល់​យោបល់​នៅ​ក្នុងវេទិកា​សារព័ត៌មាន ឌីខេមបូឌា ដេលី ថា «ករណី​វៀតណាម បិទច្រក​ព្រំដែន ក្រោមហេតុផល​​ជំងឺ​កូរ៉ូណា ឬកូវីដ១៩ ដោយ​មិនជូន​ដំណឹង​មករដ្ឋាភិបាល លោក ហ៊ុន សែន គឺ​វៀតណាម គេមិន​ទុកចិត្ត​កម្ពុជាផង និង ព្រមានទៅ​លោក ហ៊ុន សែន ដែល​ខំអោប​ចិន ព្រោះ​តែចង់​រក្សា​អំណាច​តកូនផង»។ លាក គឹមសេង បន្តថា «ការរីកដាល់ជំងឺនេះ មកពីលោក ហ៊ុន សែន ខ្លួនឯងបាន​ធ្វេស​ប្រហែស និង​មើល​ស្រាល​មេរោគនេះ តាំងពីដំបូងៗ​មក​ម្ល៉េះ។

លោក ទូច វិបុល អតីតប្រធានអង្គការ​សម័ន្ធមិត្ត​ខ្មែរ​អាមេរិកាំង និង​ជា​អតីត​អនុប្រធាន​ចលនា​និស្សិត​ខ្មែរ បាន​ផ្តល់​យោបល់​ថា «រដ្ឋាភិបាល​លោក ហ៊ុន សែន នៅមិនទាន់​មាន​ផែន​ការជាក់លាក់ ក្នុង​ការទប់ស្កាត់​មេរោគ​កូរ៉ូណា ឬកូវីដ១៩ ដែល​ការឆ្លង​នៅកម្ពុជា ជិត ១០០ នាក់​ទៅ​ហើយ មក​ទល់ពេល​នេះ»។ លោក វិបុល អំពាវនាវ​ឲ្យរដ្ឋាភិបាល ​យកចិត្ត​ទុកដាក់ប​ន្ថែម​ទៀត ក្នុង​ការបង្ការ​មេរោគនេះ និង​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋខ្មែរ ជ្រូត​ជ្រាប​ទូលំទូលាយ។

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បាន​ប្រាប់​វេទិកា​ពិភាក្សា​របស់​សារព័ត៌មាន ឌីខេបូឌា ដេលី កាល​ពីថ្ងៃទី ២១ ខែមីនាថា «រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាចបង្ហាញ​ពីអាត្រា​នៃអ្នក​ឆ្លង​កូរ់ូណា ឬ កូវីដ១៩ ទាំងអស់ទេ គឺគាត់​នៅ​លាក់លៀម​ព័ត៌មាន​មួយ​ចំនួន ដោយ​មិន​បង្ហាញតួលេខ​ជនជាតិ ចិន និង​មន្រ្តីជាន់ខ្ពស់ ដែល​បានឆ្លង​មេរោគ​នេះទេ»។ ឆ្លើយ​សំណួរ​អ្នកស្តាប់ លោក ម៉ែន ណាត គូស​បញ្ជាក់ថា «ទោះបីលោក ហ៊ុន សែន ជិតស្និទ្ធ​ជាមួយ ចិន យ៉ាងណាក្តី ក៏គាត់​មិនអាច​ដកខ្លួន ចេញ​ពី​វៀតណាម បាន​ទេ»។ លោក ម៉ែន ណាត បន្តថា «លោក ហ៊ុន សែន អន់អន់ចិត្តជាមួយ វៀតណាម យ៉ាងណា​ក៏ដោយ ក៏គាត់​នៅតែ​បន្ត​គោរពតាមការណែនាំ ពី​វៀតណាមដដែល»

កាលពីថ្ងៃទី ១៩ មីនា សារជាសម្លេងបែកធ្លាយរបស់លោក ហ៊ុន ម៉ាណែត បានឲ្យដឹងថា មានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ១ រូប ឆ្លងមេរោគកូរ៉ូណា និងមន្ត្រីយោធាមួយចំនួន នៅក្រសួងការពារជាតិ ក៏បានឆ្លងមេរោគនេះដែរ។ ប៉ុន្តែរបាយការណ៍លទ្ធផល ពីក្រសួងសុខាភិបាល អំពីការឆ្លងមេរោគកូរ៉ូណានេះ មិនមានបញ្ជាក់ថា មន្ត្រីទាំងនោះ ឆ្លងមេរោគទេ។

របាយការណ៍ស្តីពីការរីករាលដាល​មេរោគ​កូរ៉ូណា របស់ក្រសួង​សុខាភិបាល ដែល​បាន​ធ្វើ​ច្ចុប្បន្នភាព នៅ​ល្ងាច​ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២០ នេះ មាន​អាត្រាអ្នក​ឆ្លង បាន​កើន​ឡើង​ដល់ ៩៨ នាក់ហើយ៕

ខាងក្រោមនេះ ជារូបភាពមួយចំនួន ក្នុងពិធីសំណេះ​សំណាល​របស់​លោក ហ៊ុន សែន ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្មគ្រចិត្ត ជាង ៤០០ នាក់ នា​ថ្ងៃទី ២៥ មីនា ២០២០ ក្នុង​ស្ថានភាព​កម្ពុជា កំពុង​ជួប​ហានីភ័យ​រឿង​មេរោគ​កូរ៉ូណា។

.

.