The Cambodia Daily
24-10-2023
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងថា អំពើពុករលួយដែលកើតឡើងជាប្រព័ន្ធនៅកម្ពុជា បានជាក្លាយជំងឺមហារីក ដោយមិនអាចព្យាបាលបានឡើយ ក្រោមការដឹកនាំរបស់គ្រួសារត្រកូល ហ៊ុន។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងនេះ បន្ទាប់ពីឧកញ៉ា សឹង ចាតវិជ្ជា (Soeng Chatvichea) បានសរសេររៀបរាប់លើហ្វេសប៊ុកពីអំពើពុករលួយ អំឡុងពេលដំណើរអាជីវកម្មនៅកម្ពុជា នាពេលថ្មីៗនេះថា គ្មានប្រទេសណាចង់មករកស៊ីនៅកម្ពុជាឡើយ ដោយសារតែមានព័ត៌មានអាក្រក់ និងអំពើពុករលួយ ហើយរឿងនេះអ្នកណាក៏ដឹងដែរ។
ប្រភពដដែលថា លោកបានសុំដៃគូពីបរទេស ជាពិសេសកូរ៉េ មកវិនិយោគនៅកម្ពុជាច្រើនណាស់ ដោយធានាអះអាងថាកម្ពុជាស្អាតស្អំ ងាយស្រួលរកស៊ី ប៉ុន្តែពេលសាងសង់រោងចក្ររួចរាល់ បែរជាមហាវេទនា ព្រោះតែការអូសបន្លាយពេលវេលា និងការតម្រូវកែនេះ កែនោះ មិនចេះគ្រប់គ្រាន់ បើទោះបីជាមានការឯកភាពលើប្លង់ក៏ដោយ។
ឧកញ៉ារូបនេះថា មកទល់ពេលនេះ ក្រុមហ៊ុនរបស់ខ្លួនមានការខាតបង់ច្រើនណាស់ រួមទាំងលោកផ្ទាល់ អស់ទាំងលុយរាប់សែនដុល្លារ អស់ទាំងទំនុកចិត្ត ដូច្នេះកុំថាគ្មានអ្នកមានចង់រកស៊ីវិស័យសហគ្រាស ផលិតកម្ម គឺគេរកដែរ តែវារបួស ហើយទើបគេមិនរក។
ឧកញ៉ារូបនេះរៀបរាប់ថា ប្រសិនបើជាលោកមានឱកាស លោកនឹងបកស្រាយរឿងនេះ ហើយបើកម្ពុជាមិនរៀបចំសម្របសម្រួលការវិនិយោគ និងមិនរៀបចំមន្ត្រីឲ្យបានត្រឹមត្រូវទេ កុំថាឡើយចង់ឃើញខ្មែររីកចម្រើន សូម្បីតែឈើចាក់ធ្មេញ និងទឹកសុទ្ធក៏ត្រូវប្រើរបស់វៀតណាមដែរ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានលើកឡើងថា អំពើពុករលួយមិនអាចលុបបំបាត់បានឡើយ បើកម្ពុជាស្ថិតនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូល ហ៊ុន នោះ។ លោកថា អំពើពុករលួយ កើតមានជាលក្ខណៈប្រព័ន្ធនៅកម្ពុជា តាំងពីលើ រហូតដល់ក្រោម ដែលវាបានក្លាយជាជំងឺមហារីកទៅហើយ។ ហេតុនេះ លោក អ៊ុំ សំអាន ថា អ្នកវិនិយោគទុនបរទេស ជាពិសេសអ្នកវិនិយោគលោកខាងលិច គេមិនទុកចិត្ត ទើបគេទៅវិនិយោគនៅប្រទេសវៀតណាម ប្រទេសថៃ ជាដើម ដូច្នេះសូម្បីតែឈើចាក់ធ្មេញ ក៏កម្ពុជានាំចូលទំនិញមកពីប្រទេសថៃ និងវៀតណាម ដែរ។
កាលពីខែកញ្ញា កន្លងទៅ នាយករដ្ឋមន្ត្រីលើកបន្តុប លោក ហ៊ុន ម៉ាណែត ជំរុញមន្ត្រីថ្នាក់ក្រោមឲ្យជួយសម្របសម្រួល និងទាក់ទាញវិនិយោគិនចូលទៅកាន់ខេត្តរបស់ខ្លួនរៀងៗខ្លួន ដោយអួតថា លោកខំប្រឹងដើរទាក់ម៉ូយដើម្បីឲ្យអ្នកវិនិយោគមកបណ្ដាក់ទុន ឬមករកស៊ីនៅស្រុកខ្មែរ។
ការប្រកាសដើរទាក់ម៉ូយរបស់លោក ហ៊ុន ម៉ាណែត នេះ ស្របពេលវិស័យអចលនទ្រព្យ និងម្ចាស់អាជីវកម្មមួយចំនួននៅកម្ពុជាដួលរលំ ហើយបិទទ្វារដោយសារតែវិបត្តិសេដ្ឋកិច្ច និងអំពើពុករលួយ ខណៈអំពើពុករលួយនៅកម្ពុជា ស្ថិតក្នុងស្ថានភាពអាក្រក់ដដែល។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញរបាយការណ៍ថ្មីមួយ ដាក់ចំណាត់ថ្នាក់អំពើពុករលួយរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ស្ថិតនៅក្នុងលេខរៀង ១៥០ ក្នុងចំណោម ១៨០ប្រទេស។
ចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជាជាប់ក្នុងកម្រិតអំពើពុករលួយធ្ងន់ធ្ងរ ឬអាក្រក់ដូច ៤ ឆ្នាំកន្លងមកដែរ បើទោះបីពេលនេះ ពិន្ទុកម្ពុជាមានការកើនឡើងជាលំដាប់ពី ២០ ពិន្ទុក្នុងឆ្នាំ២០១៨ ដល់ ២៤ ពិន្ទុក្នុងឆ្នាំ២០២២។
របាយការណ៍ដដែលថា ប្រទេសកម្ពុជា បានបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោកដែរ។ កត្តាដែលបន្តរារាំងកម្ពុជា មិនឲ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អ ដោយសារការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើងនូវអភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕