អត្ថបទសារព័ត៌មាន៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 10th-2-2020
ក្រុមអ្នកឃ្លាំមើលសង្គម រិះគន់ថា ប្រមុខរដ្ឋាភិបាលខ្មែរ លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារអចិន្ត្រៃយ៍ លើរដ្ឋធម្មនុញ្ញកម្ពុជា និងលើព្រះមហាក្សត្រខ្មែរ ខណៈមន្ត្រីរាជាការថ្នាក់ក្រោម នាំគ្នារំលោភសិទ្ធិពលរដ្ឋជារៀងរាល់ថ្ងៃ។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោក ហ៊ុន សែន កំពុងបន្តអនុវត្តជាកលយុទ្ធនយោបាយ អំណាចអាជ្ញានិយម ឬអំណាចទំនើងជាប្រចាំ ដើម្បីការពារអំណាចបក្ខពួកគ្រួសារនិយមរបស់គាត់ ឲ្យបានយូរអង្វែង។ លោកថា អ្វីដែលធ្វើឲ្យលោក ហ៊ុន សែន ព្រួយបារម្ភជាប្រចាំនោះ គឺកម្លាំងទាមទារការផ្លាស់ប្តូររបស់ប្រជាពលរដ្ឋ។ លោក អះអាងថា អ្វីដែលលោក ហ៊ុន សែន ធ្វើគឺជាអំណាចដាច់បង្ហៀររបស់នាយករដ្ឋមន្ត្រីខ្មែរ ដែលពួកគេបាននាំគ្នាប្រព្រឹត្តអំពើពុករលួយ បំផ្លាញធនធានប្រទេស កាត់ដីឲ្យបរទេស រំលោភរដ្ឋធម្មនុញ្ញកម្ពុជា និងរំលោភស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស៍ ស្ដីពីកម្ពុជា ២៣ តុលា ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរទៀតផង។
លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន អាចនៅកាន់កាប់អំណាចបាន ដោយប្រើយុទ្ធវិធីនយោបាយរដ្ឋប្រហារអចិន្ត្រៃយ៍ ដោយការដឹកនាំនយោបាយ យកប្រទេសជាតិជាឧបករណ៍ ប្រជាជនខ្មែរជាឈ្នាន់ កេងប្រវ័ញ្ចលុយជាតិ ដែលបណ្តាល ឲ្យបំណុលបរទេសកាន់តែកើនឡើងៗ ដោយមិនខ្វល់ពីការលំបាកវេទនារបស់ពលរដ្ឋខ្មែរឡើយ។
លោកថា ការធ្វើបែបនេះក៏ដើម្បីបំពេញមហិច្ឆតាបរទេសផងដែរ ដែលចង់ឲ្យខ្មែរស្ថិតក្រោមការត្រួតត្រាបែបនេះ ដែលពួកគេគ្រាន់តែផ្តល់អំណាចឲ្យបក្ខពួក និងគ្រួសារលោក ហ៊ុន សែន ដើម្បីជិះជាន់ និងបំផ្លិចបំផ្លាញខ្មែរជំនួសពួកគេបណ្តោះអាសន្នតែប៉ុណ្ណោះ។
ការអះអាងនេះ ធ្វើឡើងដើម្បីរិះគន់លើការឡើងកាន់អំណាច និងការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានប្រដូចគ្នាទៅនឹងការឡើងកាន់អំណាចរបស់មេយោធាភូមា លោក មីន អ៊ួង ហ្លាំង ដែលបានធ្វើរដ្ឋាប្រហារទម្លាក់លោក ស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១ នេះ។
កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តសេនីយ៍នៃប្រទេសភូមា លោក មីន អ៊ុងហ្លាំង (Min Aung Hlaing) បានដឹកនាំកងទ័ពធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីឡើងកាន់អំណាច បើទោះបីជាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់អ្នកស្រីទទួលបានការគាំទ្រពីប្រជាពលរដ្ឋភ្លូកទឹកភ្លូកដី តាមរយៈការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងណាក៏ដោយ។
ដោយឡែកនៅកម្ពុជា គណបក្សសង្គ្រោះជាតិ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង ៣ លាននាក់ តាមរយៈការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៧ ត្រូវបានគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ធ្វើរដ្ឋប្រហារធម្មនុញ្ញ កែច្បាប់ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។
នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងផ្អាកសកម្មភាពនយោបាយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន ១១៨ រូប រយៈពេល ៥ឆ្នាំថែមទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ធ្លាប់បានប្រាប់សារពត៌មាន The Cambodia Daily ថា អំណាចរបស់លោក ហ៊ុន សែន គឺបានមកពីការប្លន់តែប៉ុណ្ណោះ។ ជាងនេះទៀត អំណាចនោះ គឺជាអំណាចដែលយល់ព្រមបម្រើផែនការគ្រប់យ៉ាងរបស់របស់បរទេសឈ្លានពានផងដែរ។
លោក ម៉ែន ណាត បន្តថា ក្រោមការជ្រោមជ្រែងរបស់រដ្ឋការក្រុងហាណូយ លោក ហ៊ុន សែន បានដណ្តើមអំណាចពីលោក ប៉ែន សុវណ្ណ និងលោក ចាន់ ស៊ី ដើម្បីខ្លួនឯង ឡើងកាន់កាប់អំណាចជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៨៥។
លើសពីនេះទៀត លោក អះអាងថា ក្រោយចាញ់ការបោះឆ្នោតឆ្នាំ ១៩៩៣ ដែលរៀបចំឡើងដោយអ៊ុនតាក់ (UNTAC) លោក ហ៊ុន សែន បានប្លន់អំណាចម្តងទៀត ពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជានាយករដ្ឋមន្ត្រីទី១ នាពេលនោះ ដោយបានបង្កើតព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម កាលពីថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលបណ្តាលឲ្យពលរដ្ឋខ្មែរស្លាប់យ៉ាងអណោចអាធមទាំងអយុត្តិធម៌៕
{សម្គាល់៖ ឧត្តមសេនីយ៍នៃប្រទេសភូមា លោក Min Aung Hlaing បានដឹកនាំធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី ០១ កុម្ភៈ ឆ្នាំ២០២១ ចាប់ឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកនយោបាយជាច្រើនរូប។ ជុំវិញព្រឹត្តិការណ៍នេះ ធ្វើឲ្យសហគមន៍អន្តរជាតិ រួមទាំងអង្គការសហប្រជាតិ (អ.ស.ប.) ផង មានប្រតិកម្មទាមទារឲ្យប្រទេសភូមា វិលទៅរកប្រក្រតីភាពឡើងវិញ។ ជាមួយគ្នានេះ ពលរដ្ឋភូមាទាំងក្នុងប្រទេស និងក្រៅប្រទេស មានស្មារតីផុលផុសចេញទៅធ្វើការតវ៉ារាប់ម៉ឺននាក់ ប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារនោះ។}។

.