អត្ថបទសារព័ត៌មាន The Cambodia Daily / 22-12-2020

អ្នកឃ្លាំមើលសង្គម​និយាយ​ថា ការរៀបចំ​បញ្ចេញ​រថយន្ត​កងទ័ព និង​កងទ័ព​ជា​ច្រើន ក្រោម​បញ្ជា​របស់​លោក ហ៊ុន សែន មិន​មែន​គ្រាន់​តែ​ជា​ការ​ត្រៀម​ទទួល​ពលរដ្ឋ ដែល​កំពុង​ប្រឈម​នឹង​ព្រឹត្តការណ៍​សហគមន៍​​កូវីដ-១៩ ក្នុង​ខេត្ត​សាមុត​សាខន​ ប្រទេស​ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ផែនការ ដើម្បី​​ទប់ស្កាត់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ របស់​មន្ត្រី​បក្ស​ប្រឆាំង​ផង​ដែរ។

ប្រធានក្រុមប្រឹក្សាភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិប​តេយ្យ អះអាង​ថា នេះ​គឺ​ជាយុទ្ធសាស្ត្រ​ព្រួញ​មួយ ​បាញ់​​បាន​​សត្វ​​ពីរ​ របស់​លោក ហ៊ុន សែន

ការអះអាងនេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​បញ្ជា​មន្ត្រី​យោធា​ កង​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ខ្មែរ​-​ថៃ ទាំង​យប់​ កាល​ពី​ថ្ងៃទី២០ ធ្នូ ដើម្បី​​ការពារ​ការ​​ចម្លង​វីរុស​​​​កូវីដ-១៩​ ពី​ប្រទេស​ថៃ ភ្លាមៗ ​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ បាន​​ប្រកាស​​អាស​ន្ន ដោយ​បាន​បិទ​ខេត្ត​សាមុត​សាខន យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល់​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២០ នេះ។

ទោះជា​យ៉ាងណា​ក៏ដោយ លោក ម៉ែន ណាត បញ្ជាក់​​ថា យុទ្ធនាការ​មាតុភូមិ​និវត្តន៍ របស់​​មន្ត្រី​បក្ស​ប្រឆាំង គឺ​មិន​អាច​កើត​មាន​ជា​ដាច់​ខាត ហើយ​ការ​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​កន្លង​មក​ គ្រាន់​តែ​ជា​ការ​ប្រកាស​ខ្យល់ ប៉ុណ្ណោះ។ លោក​យល់​ថា ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ក្នុង​កាលៈ​ទេសៈ​វិបត្តិ​ជំងឺ​​​កូវីដ-១៩ ដើ​ម្បី​ស្វែង​រក​កិច្ច​ចរចារ បញ្ចប់​វិបត្តិ​នយោបាយ​នោះ គឺ​ជា​រឿង​មិន​សម​ហេតុផល​​ទាល់​តែ​សោះ។

គណបក្ស​សង្រ្គោះជាតិ ភាគី​លោក​ សម រង្ស៊ី នៅ​ក្រៅ​ប្រទេស ប្រកាស​ថា ដំណើរ​មាតុភូមិ​និវត្តន៍​ ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ គ្រោង​មក​កម្ពុជា នៅ​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។ ដំណើរ​វិល​មក​កម្ពុជា​ជា​ថ្មី​ទៀត​នេះ ក្រោយ​ពេល​គម្រោង​ចូល​ប្រទេស​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃទី ០​៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ បាន​​បរាជ័យ​​ទាំង​ស្រុង។

យ៉ាងណា​គណបក្ស​សង្រ្គោះ​ជាតិ ក្រុមលោក សម រង្ស៊ី អះអាង​ថា ដំណើរ​មាតុភូមិ​និវត្តន៍​ម្តង​នេះ​ មិន​មែន​ដើម្បី​ទាញ​ទម្លាក់​លោក ហ៊ុន សែន ពី​ដំណែង​ដូច​ឆ្នាំមុន​ទេ ប៉ុន្តែ​ដើម្បី​ស្វែង​រក​ការ​ផ្សះផ្សា​ជាតិ និង​បញ្ចប់​ជម្លោះ​នយោបាយ​ នៅ​កម្ពុជា​ផង​ដែរ។

យ៉ាងនេះក្តី លោក ម៉ែន ណាត ចង់​ឃើញ​មាន​ការ​ចរចា ដើម្បី​រក​ដំណោះ​ស្រាយ​នយោបាយ​ពិត​ប្រាកដ ​ពី​ឥស្សរជន​នយោបាយ​​​ទាំង​នោះ ដែល​​មិន​​មែន​​គ្រាន់​​តែ​​ដើម្បី​​ឈ្នះ​​ចាញ់​​គ្នា​​នោះ​​ទេ។ ប៉ុន្តែ​​ដើម្បី​​រក​​សន្តិភាព ជូន​​ជាតិ​​មាតុភូមិ និង​​ផល​ប្រយោជន៍​សម្រាប់​ពលរដ្ឋ ក៏​ដូចជា​ការ​ផ្សះ​ផ្សា​ការ​ប្រេះ​ស្រាំ រវាង​ជាតិ​ឯង​ឡើង​វិញ។ លើស​ពីនេះ​ទៀត​នោះ គឺ​ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ផង​ដែរ។

ក្រុមអ្នកឃ្លាំមើល​​សង្គម រិះ​គន់​​ថា បើ​អ្នក​នយោបាយ​មិន​អាច​រក​ការ​ចរចា​រវាង​ខ្មែរ និង​​ខ្មែរ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​បាន​ទេ​ នោះ​ពន្លឺ​សន្តិភាព និង​​សេចក្តី​សុខ​ សម្រាប់​​ពលរដ្ឋ​ខ្មែរ​ ក៏​​មិន​​អាច​​កើត​​មាន​​បាន​​ដែរ។

កាលពីថ្ងៃទី​២០ ខែធ្នូ លោក ហ៊ុន សែន បាន​បញ្ចេញ​ខ្សែ​អាត់​សំលេង​ប្រវែង​ជាង ២០ នាទី ណែនាំ​ដល់​មន្ត្រី​យោធា​ដែល​ប្រចាំ​ការ​តាម​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ ត្រូវ​​ប្រុង​ប្រយ័ត្ន​​ពី​​ការ​​ឆ្លង​​ចូល​របស់​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​បម្រើ​ការ​នៅ​ប្រទេស​ថៃ ឲ្យ​បាន​ហ្មត់​ចត់​ជា​ទីបំផុត។ កិច្ច​ការពារ​បន្ទាន់​នេះ ដើម្បី​ជៀស​វាង​ការ​ចម្លង​ព្រឹត្តការណ៍​​សហគមន៍​​​​កូវីដ-១៩ ក្នុង​ខេត្ត​សាមុត​សាខន ចូល​មក​កម្ពុជា។

លោក​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​ពួក​គេ​ទាំង​អស់ ត្រូវ​ផ្អាក​ធ្វើ​ការ​ឆ្លង​ដែន​បន្ទាន់។ លើស​ពី​នេះ​ សូម​កុំ​មាន​ការ​ភ័យ​ស្លន់​ស្លោ ត្បិត​រដ្ឋាភិបាល​របស់​លោក បាន​ត្រៀម​រួច​ជា​ស្រេច​នៅ​ការ​សង្គ្រោះ​ពលរដ្ឋ​តាម​ព្រំដែន​ និង​ពលករ​ទាំង​នោះ​ នៅ​ពេល​ដែល​ពួក​គេ​ ត្រឡប់​មក​កម្ពុជា​វិញ។ លើស​ពី​នេះ​ទៀត ដើម្បី​ងាយ​ក្នុង​ការ​គ្រប់​គ្រង​សភាព​ការណ៍ លោក  ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បិទ​ច្រក​តាម​ព្រំដែន​ខ្មែរ-ថៃ ទាំង​អស់​ ដោយ​ទុក​ឲ្យ​ដំណើរ​ការ​តែ ៣ ច្រក​ប៉ុណ្ណោះ៕

.

.