The Cambodia Daily
15-3-2023

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ប្រកាស​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​រឿង «កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ដែល​ជា​ប្រវត្តិ​ផ្ទាល់​របស់​លោក​ ក្នុង​រយៈពេល ១០​ថ្ងៃ​ទៀត ដែល​នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ផង និង​បង្ហោះ​តាម​ប្រព័ន្ធ​តេឡេក្រាម​ផង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មើល​រឿង​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន។

មេដឹកនាំ​អតីត​បក្ស​កុម្មុយនីស្ត​វៀតណាម លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ពិនិត្យ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ នៅ​ខេត្ត​ពោធិ៍សាត់ នៅ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ខ្សែ​ភាពយន្ត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី ដែល​ជា​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​តាម​ទូរទស្សន៍​បាយ័ន នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ការ​ប្រកាស​ចាក់​ផ្សាយ​ខ្សែ​ភាពយន្ត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី ធ្វើឡើង​បន្ទាប់ពី​ខ្សែ​ភាពយន្ត​នេះ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ។

អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ខ្សែ​ភាពយន្ត​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី នេះ មិន​មាន​តម្លៃ​ស្មើ​នឹង​ប្រលោមលោក​រឿង កុលាប​ប៉ៃលិន ឬ​រឿង​សុផាត ឡើយ ព្រោះ​រឿង​នេះ ​គ្រាន់តែ​ជា​រឿង​ដែល​ផលិត​ឡើង​ ដើម្បី​ឃោសនា​នយោបាយ​ឲ្យ​បក្ស​កាន់​អំណាច និង​លើក​តម្កើង​លោក ហ៊ុន សែន ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​ដែល​លោក ហ៊ុន សែន អស់​អំណាច គ្មាន​អ្នក​ណា​មើល​រឿង​នេះ​ទេ ក្រៅតែ​ពី​ក្រុម​គ្រួសារ​របស់​គាត់​នោះ។

លោក ម៉ែន ណាត អះអាង​ថា សាច់រឿង​ក្នុង​ខ្សែ​ភាពយន្ត​នេះ ​មិន​ដូច​ប្រវត្តិ​ដែល​លោក ហ៊ុន សែន ដឹកនាំ​ជាក់ស្តែង​ទេ ព្រោះ​ថា​ក្នុង​រឿង​នេះ គេ​មិន​បាន​បញ្ចូល​នូវ​ការ​ឃុបឃិត​ដែល​លោក ហ៊ុន សែន បាន​អនុវត្ត​ក្រោម​បញ្ជា​របស់​វៀតណាម ដើម្បី​សម្លាប់​ខ្មែរ​ក្នុង​ផែនការ «ក​៥» និង​ការ​ចុះហត្ថលេខា​ខុស​ច្បាប់​នានា ​ដែល​បាន​កាត់​ទឹកដី​ឲ្យ​វៀតណាម​ តាំងពី​ឆ្នាំ​១៩៨២ មក​នោះ​ទេ។

អនុប្រធាន​វេទិកា​ពលរដ្ឋ​ រូប​នេះ​បញ្ជាក់​ថា ខ្សែ​ភាពយន្ត​នេះ​ នឹង​ត្រូវ​មន្ត្រី​ជាន់ខ្ពស់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ សើច​ចំអក​គ្រប់​គ្នា ព្រោះ​ថា​ នៅ​ពេល​ដែល​លោក ហ៊ុន សែន រត់​ទៅ​ប្រទេស​វៀតណាម មិនមែន​មាន​បំណង​ដើម្បី​រំដោះ​ជាតិ​ទេ គឺ​រត់​យក​តែ​រួច​ជីវិត​ប៉ុណ្ណោះ ប៉ុន្តែ​ដំណើរ​របស់​គាត់​គឺ​ត្រូវ​នឹង​ផែនការ​ឈ្លានពាន​ប្រទេស​កម្ពុជា​របស់​វៀតណាម ដែល​បាន​ត្រៀម​ទុក​នៅ​ពេល​នោះ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា ហេតុផល​មួយ​ដែល​ថា​លោក ហ៊ុន សែន រត់​ទៅ​ត្រូវ​នឹង​ផែនការ​របស់​វៀតណាម គឺ​ការ​បង្កើត​រណសិរ្ស​រំដោះ​ជាតិ​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ប៉ុន្តែ​ក្រោយ​ការ​បង្កើត​រណសិរ្ស​នេះ ​បាន​តែ ១​ខែ ៥​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ស្រាប់​តែ​ក្រុម​រណសិរ្ស​នេះ ​អាច​វាយលុក​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​តែម្តង។ លោក​បន្ថែម​ថា ក្រោម​ហេតុផល​បែប​នេះ បើ​វៀតណាម ​មិន​ត្រៀម​ផែនការ​ទុក​មុន​ទេ ពួកគេ​ក៏​មិន​អាច​ឈ្លានពាន​ទឹកដី​កម្ពុជា​បាន​លឿន​បែប​នេះ​ដែរ ហើយ​សាច់រឿង​ដែល​មាន​ហេតុផល​បែប​នេះ គេ​នឹង​មិន​ដាក់​បញ្ចូល​ក្នុង​ខ្សែ​ភាពយន្ត​នេះ​ឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ក្រោម​ស្នាដៃ​ដឹកនាំ​ដោយ​ល្បិច​ទុច្ចរិត​ នៃ​នយោបាយ​ប្រឌិត​ប្រវត្តិ​សាស្ត្រ​របស់​លោក ហ៊ុន សែន គួរតែ​កែ​ចំណងជើង​រឿង កូនប្រុស​ក្រោម​ពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី ទៅជា​រឿង កូនប្រុស​ក្រោម​ពន្លឺ​ផ្កាយ​ចោរ​វិញ ទើប​ត្រូវ​នឹង​ស្ថានភាព​ខ្ទេចខ្ទាំ​ជាក់ស្តែង ​នៃ​ប្រទេស​ខ្មែរ​ដែល​លោក ហ៊ុន សែន កំពុង​ដឹកនាំ​សព្វថ្ងៃ​នេះ ព្រោះ​ថា​ឈាម​ស្រស់ និង​ទឹកភ្នែក​ឈឺ​ចាប់​ដ៏​អយុត្តិធម៌​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស បាន​ហូរ​ធ្លាក់​មក​រាប់​លាន​តំណក់​ក្រោម​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ​របស់​កងកម្លាំង​ក្រោម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន ដោយ​ផ្ទាល់​ តាំងពី​គាត់​ឡើង​កាន់​អំណាច​ដែល​ត្រូវ​វៀតណាម​ លើក​បន្តុប​រហូត​ដល់​ពេល​នេះ។

ប្រភព​ដដែល​បញ្ជាក់​ថា សាច់រឿង​ដែល​អាច​បង្ហាញ​ខ្លឹមសារ​ពិត​ទាំងស្រុង ទើប​ចាត់ទុក​ជា​តម្លៃ​នៃ​ឯកសារ​ប្រវត្តិសាស្ត្រ​ សម្រាប់​​កូន​ខ្មែរ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទូទៅ​ពិតប្រាកដ​បាន ដើម្បី​ឱ្យ​ពួកគេ​ឈ្វេងយល់​កាន់តែ​ច្បាស់​ថា តើ​អំណាច​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដែល​ដឹកនាំ​តាម​ចរិត​ផ្ដាច់ការ​ហិង្សា​និយម​របស់​លោក ហ៊ុន សែន នេះ បាន​រុញ​ឱ្យ​កម្ពុជា​ធ្លាក់​អន់​ថយ និង​នាំ​អន្តរាយ​ដល់​ទឹកដី និង​ពូជសាសន៍​ខ្មែរ​ដល់​កម្រិត​ណា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវ​គេ​រក​ឃើញ​ថា បាន​សម្លាប់​យុវជន​ខ្មែរ​ប្រមាណ​ជា ១០​ម៉ឺន​នាក់​ក្នុង​ផែនការ «ក​៥» របស់​រដ្ឋការ​ក្រុង​ហាណូយ កាលពី​អំឡុង​ទសវត្សរ៍​ ឆ្នាំ​១៩៨០ ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោម​អំណាច​របស់​វៀតណាម ឱ្យ​លោក ហ៊ុន សែន ឡើង​កាន់កាប់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ ​ដល់​សព្វថ្ងៃ​នេះ ដូច្នេះ​ខ្សែ​ភាពយន្ត​ដែល​លោក ហ៊ុន សែន ប្រឌិត​ឡើង​នេះ ​គ្រាន់តែ​ជា​រឿង​ភូត​កុហក​ប៉ុណ្ណោះ៕

.