The Cambodia Daily
27-6-2023
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន លើកឡើងថា ដោយសារតែនយោបាយសន្តិភាពរបស់កម្ពុជា ស្របគ្នាទៅនឹងនយោបាយសន្តិភាពរបស់វៀតណាម បានធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អ ផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក ហ៊ុន សែន ដែលត្រូវបានកងទ័ពវៀតណាមលើកបន្តុប ឱ្យធ្វើជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានលើកឡើងក្នុងពិធីជួបជាមួយកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះថា គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា គឺព្យាយាមប្រែក្លាយតំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងមានទីផ្សារនៅគ្រប់ទីកន្លែង។
នាយករដ្ឋមន្ត្រីខ្មែរដែលនៅក្រោមបង្គាប់វៀតណាម លោក ហ៊ុន សែន អះអាងថា កម្ពុជាមិនត្រឹមតែធ្វើតំបន់ដែលជាអតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ទេ គឺត្រូវកែប្រែតំបន់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍថែមទៀត ដូច្នេះហើយទើបតំបន់ព្រំដែនកម្ពុជា-វៀតណាម ទទួលបាននូវជោគជ័យ តាមរយៈចំនួនរោងចក្រ តំបន់ឧស្សាហកម្មកើនឡើងជាបន្តបន្ទាប់រហូតមក។
មេដឹកនាំបក្សកាន់អំណាចដែលមានវៀតណាមជាខ្នងបង្អែក លោក ហ៊ុន សែន បញ្ជាក់ថា នយោបាយធ្វើសង្គ្រាមជាមួយប្រទេសជិតខាង ជាការញុះញង់បង្កឲ្យមានការរើសអើង ដើម្បីសន្លឹកឆ្នោតតែប៉ុណ្ណោះ មិនមែនជាគោលនយោបាយដែលគួរឲ្យគាំទ្រនោះទេ ហើយនយោបាយជ្រុលនិយម បង្កអរិភាពបែបនេះ គឺជានយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់កម្ពុជា។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើងកាលពីថ្ងៃទី២៥ មិថុនា ថា ដីសម្បទានសេដ្ឋកិច្ចមួយចំនួន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ចុះហត្ថលេខាឱ្យក្រុមហ៊ុនវៀតណាម គ្រប់គ្រងរយៈពេល ៩៩ឆ្នាំ ដែលស្ថិតនៅតាមបណ្តោយព្រំដែន បានបង្កគ្រោះថ្នាក់ដល់ព្រំដែនកម្ពុជា និងប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរទៅថ្ងៃអនាគត។
លោក អ៊ុំ សំអាន លើកឡើងថា ក្នុងប្រវត្តិសាស្ត្រខ្មែរ គឺវៀតណាមបានខ្ចីដីកម្ពុជាក្រោមពីស្តេចខ្មែរ ត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះក្នុងរជ្ជកាលស្តេច ជ័យជេដ្ឋាទី២ ដែលមានមហេសីជាជនជាតិវៀតណាម ប៉ុន្តែគេមិនបានសងទឹកដីកម្ពុជាក្រោម មកខ្មែរវិញទេ ចុះទម្រាំសព្វថ្ងៃ វៀតណាមខ្ចីដីខ្មែរ រហូតដល់ទៅ ៩៩ឆ្នាំ តើវៀតណាមនឹងព្រមប្រគល់ឱ្យខ្មែរវិញដែរឬទេ នៅថ្ងៃមុខ?
អតីតតំណាងរាស្ត្ររបស់ គណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់ថា ក្រុមហ៊ុនវៀតណាមជាច្រើន ទទួលបានសិទ្ធិកាន់កាប់ដីខ្មែររយៈពេល ៩៩ឆ្នាំ ដូចជាក្រុមហ៊ុនចម្ការកៅស៊ូរ ជាដើម ដែលបានបើកផ្លូវឱ្យកម្មករវៀតណាម ចូលទៅរស់នៅលើទឹកដីខ្មែរជាបន្តបន្ទាប់ តាមរយៈក្រុមហ៊ុននោះ ដូច្នេះរយៈពេល ៩៩ឆ្នាំ ពួកគេនឹងបង្កើតបានជាកូនពូនជាចៅមិនតិចនោះទេ ហើយនៅទីបំផុត ជនជាតិវៀតណាមទាំងនោះ ក៏នឹងមិនត្រឡប់ទៅរស់នៅប្រទេសវៀតណាមវិញដែរ ពួកគេនឹងបន្តរស់នៅលើទឹកដីខ្មែរ ជារៀងរហូត។
ប្រទេសកម្ពុជា មានខេត្តចំនួន ៩ ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ដូចជា ខេត្តកណ្តាល ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តកំពត ហើយខេត្តទាំងនោះ ត្រូវគេមើលឃើញថា កំពុងបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យប្រទេសវៀតណាមទាំងអស់ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ។
ជាក់ស្តែង ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង ខេត្តរតនគិរី ត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ចូលទៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ជាមួយវៀតណាម តាំងពីឆ្នាំ១៩៩៩ មក ដែលខេត្តទាំងនេះ បានបម្រើផលប្រយោជន៍ឱ្យវៀតណាម យ៉ាងខ្លាំង លើការដឹកជញ្ជូនឈើខុសច្បាប់ ចេញពីកម្ពុជា ហើយដែលក្រុមហ៊ុនវៀតណាម បានប្រព្រឹត្តនៅក្នុងខេត្តទាំងនោះ មានដូចជាក្រុមហ៊ុន Think Biotich, ក្រុមហ៊ុន ធី ង៉ាន និងក្រុមហ៊ុន សំអឿន សុវណ្ណ ជាដើម ដែលជាក្រុមហ៊ុនរកស៊ីឈើខុសច្បាប់ នៅកម្ពុជា ដឹកចេញទៅប្រទេសវៀតណាម អស់រយៈពេលរាប់សិបឆ្នាំមកហើយ។
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត ឌី ការ៉េត ធ្លាប់បានព្រមានកាលពីពេលថ្មីៗនេះថា តំបន់អភិវឌ្ឍន៍ត្រីកោណ ដែលមានខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលបានដាក់បញ្ចូលជាមួយខេត្តឡាវ និង វៀតណាម គឺជាការរៀបចំរបស់វៀតណាមសុទ្ធសាធ ដើម្បីគ្រប់គ្រងខ្មែរជាជំហានៗ ដោយផ្តើមចេញពីតំបន់នេះ ទៅថ្ងៃអនាគត៕
.