The Cambodia Daily
16-6-2023
ក្រុមអ្នកតស៊ូមតិ ចោទថា ការកែច្បាប់បោះឆ្នោត ដែលកំពុងព្រាងតាមបញ្ជារបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ដើម្បីគាបសង្កត់មន្ត្រីបក្សក្រៅរដ្ឋាភិបាល ឱ្យទៅបោះឆ្នោត ទាំងដែលមិនឱ្យគណបក្សរបស់ពួកគេឈរឈ្មោះបោះឆ្នោតនោះ គឺជាអំពើឧក្រិដ្ឋកម្មលើរដ្ឋធម្មនុញ្ញ របស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៤ មិថុនា ថា របបប្រជាធិបតេយ្យសេរីពហុបក្ស ដែលបានចែងក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញ គឺដើម្បីពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់និន្នាការទាំងអស់ ប៉ុន្តែផែនការកែច្បាប់ស្ដីពីការបោះឆ្នោតរបស់លោក ហ៊ុន សែន គឺបញ្ច្រាសពីរដ្ឋធម្មនុញ្ញទាំងស្រុង ព្រោះច្បាប់នេះ បានបង្កប់នូវចេតនាទុច្ចរិតដើម្បីកម្ទេចក្រុមមួយ ក្នុងបំណងការពារផលប្រយោជន៍របស់បក្សកាន់អំណាច របស់លោក ហ៊ុន សែន។
លោក គឹម សុខ អះអាងថា ដើម្បីទប់ស្កាត់នូវទង្វើទុច្ចរិតរបស់លោក ហ៊ុន សែន នេះ មានតែប្រជាពលរដ្ឋគ្រប់ផ្នែក ដូចជាអ្នកប្រជាធិបតេយ្យ ក្រុមបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល ក្រុមសហជីព និងក្រុមបណ្ឌិតបញ្ញវន្តខ្មែរ ដែលមាននិន្នាការប្រជាធិបតេយ្យ សហការគ្នាចេញតវ៉ាបង្កើតជាបណ្តឹងសង្គមប្រឆាំងតវ៉ានឹងការដឹកនាំ នៃរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន ជាពិសេសប្រឆាំងនឹងការបោះឆ្នោតនាពេលខាងមុខនេះប៉ុណ្ណោះ ទើបសង្ឃឹមថា នឹងទទួលបានយុត្តិធម៌មកវិញ។
អ្នកវិភាគឯករាជ្យរូបនេះ បញ្ជាក់ថា ការចេញតវ៉ានេះ មិនមែនដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះទេ ហើយក៏មិនមែនប្រឆាំងនឹងការបោះឆ្នោតនោះដែរ ប៉ុន្តែជាការតវ៉ាដើម្បីទាមទារយុត្តិធម៌សង្គមប៉ុណ្ណោះ ហើយការធ្វើបែបនេះ ក៏ស្របទៅនឹងស្មារតីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរ។
លោក គឹម សុខ គូសបញ្ជាក់ថា បើពលរដ្ឋខ្មែរគ្រប់ផ្នែកដែលមាននិន្នាការប្រជាធិបតេយ្យ នៅទូទាំងប្រទេសអាចសហការគ្នាធ្វើបែបនេះបាន នោះនឹងធ្វើឱ្យផែនការផ្ទេរអំណាចតាមបែបកុម្មុយនីស្តផ្ដាច់ការ ដែលលោក ហ៊ុន សែន កំពុងរៀបចំឱ្យក្រុមគ្រួសារគ្រប់គ្រងប្រទេសកម្ពុជាទៅថ្ងៃមុខ នឹងត្រូវបរាជ័យជាមិនខាន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ប្រកាសពីការកែច្បាប់បោះឆ្នោតដើម្បីគាបសង្កត់ឱ្យមន្ត្រីបក្សក្រៅរដ្ឋាភិបាលទាំងអស់ ត្រូវតែចេញទៅបោះឆ្នោត ខណៈគណបក្សរបស់ពួកគេ ត្រូវរារាំងមិនឱ្យឈរឈ្មោះបោះឆ្នោតទៅហើយនោះ។
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ដើម្បីតវ៉ាទាមទាររកយុត្តិធម៌សង្គមមកវិញ សមាជិក សកម្មជន និងមន្ត្រីបក្សក្រៅរដ្ឋាភិបាល ត្រូវតែធ្វើសកម្មភាពរបស់ខ្លួនឱ្យស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ព្រោះថាពួកគេត្រូវដឹងថា ខ្លួនកំពុងធ្វើនយោបាយក្នុងប្រទេសមួយ ដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។
លោក ស្រ៊ុន ស្រ៊ន បញ្ជាក់ថា មន្ត្រីបក្សក្រៅរដ្ឋាភិបាលទាំងអស់ មិនត្រូវធ្វើឱ្យបាត់បង់សិទ្ធិរបស់ខ្លួន ក្នុងការឈរឈ្មោះដើម្បីឱ្យគេបោះឆ្នោតឱ្យឡើយ ទោះស្ថិតក្នុងស្ថានភាព ដែលខ្លួនមិនអាចទទួលយកបានយ៉ាងណាក៏ដោយ ត្បិតការតស៊ូដើម្បីភាពជោគជ័យសម្រាប់ប្រជាធិបតេយ្យ សម្រាប់សិទ្ធិសេរីភាព និងសម្រាប់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ មិនមែនដោយសារការយកឈ្នះចាញ់គ្នាមួយពេលនោះទេ គឺត្រូវប្រើរយៈពេលវែងឆ្ងាយតទៅថ្ងៃមុខទៀត។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីបង្ខំឱ្យបេក្ខជនគណបក្សក្រៅរដ្ឋាភិបាលទាំងអស់ ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។
លោក ហ៊ុន សែន ព្រមានថា ជនណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ដែលមានបំណងឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ ប៉ុន្តែខ្លួនឯងមិនទៅចូលរួមបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ខាងមុខនេះទេ នោះពួកគេនឹងត្រូវបាត់បង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ឱ្យអស់មួយជីវិត។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ការកែច្បាប់នេះ បានបង្ហាញពីចេតនារបស់លោក ហ៊ុន សែន ពីការចង់ឈ្នះលើយុទ្ធនាការ WIFI របស់គណបក្សភ្លើងទៀន ដែលអំពាវនាវមិនឱ្យអ្នកគាំទ្រខ្លួន ចេញទៅបោះឆ្នោតនៅពេលគណបក្សរបស់ពួកគេ ត្រូវបានរារាំងមិនឱ្យឈរឈ្មោះបោះឆ្នោតយ៉ាងច្បាស់ក្រឡែត ហើយក៏ជារឿងហួសចិត្តដែរដែលលោក ហ៊ុន សែន រារាំងបក្សរបស់គេមិនឱ្យចូលរួមបោះឆ្នោត ប៉ុន្តែបែរជាបង្ខំមន្ត្រីបក្សនោះ ឱ្យទៅចូលរួមបោះឆ្នោតទៅវិញ៕