ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​គណបក្សប្រឆាំង បន្ត​ប្រឆាំង​ជំទាស់​ការអនុម័ត​ច្បាប់ ស្តីពី​​​ការ​គ្រប់​គ្រង​ប្រទេស​ស្ថិត​ក្នុង​ភាពអាសន្ន ដែល​ព្រឹទ្ធសភា បាន​អនុម័ត​ទាំង​ស្រុង​ នៅព្រឹក​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ​២០២០។ ជាមួយ​គ្នានេះ ក៏​មាន​ប្រតិកម្ម​ពី​លោកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍​ពិសេស​របស់ អង្គការ​សហប្រជាជាតិ (អ.ស.ប) សម្តែង​ការព្រួយ​បារម្ភ ចំពោះ​ខ្លឹមសារ​ច្បាប់នេះ​ថា «មាន​ការ​រឹតត្បឹត​ធ្ងន់ធ្ងរ នូវ​សេរីភាព​ក្នុង​ការដើរហើរ សេរីភាព​ប្រមូលផ្តុំ និង​សេរីភាព​បញ្ចេញមតិ»។ (អត្ថបទ​បន្ថែមដោយ នគរ)

ព្រឹទ្ធសភា​ ឯកភាព​​ទាំងស្រុង​​លើ​សេចក្ដី​​ព្រាង​ច្បាប់​​ស្ដីពី​ការ​​គ្រប់​គ្រង​​ប្រទេស​​ក្នុង​​ភាព​​អាសន្ន

អត្ថបទពីវិទ្យុអាស៊ីសេរី RFA ដោយអ្នកស្រី ខែ សុណង /១៧ មេសា ២០២០

ព្រឹទ្ធសភា​​ អនុម័ត​យល់ព្រម​លើ​ សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន ​ហើយ​ នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ​នេះ។ អ្នកឃ្លាំមើល​សង្គម ​សោកស្ដាយ​ចំពោះ​ការ​យល់​ព្រម​របស់​​ព្រឹទ្ធសភា​ឯក​បក្ស​នេះ ព្រោះ​ពួកគេ​​យល់ថា ច្បាប់​នេះ ​មាន​ចរិត​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ និង​ មិន​បម្រើ​ផលប្រយោជន៍​​សាធារណៈ​​នោះ​ឡើយ។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា​ ចំនួន ៥៤ ​រូប បាន​ប្រើ​ពេល​​ប្រមាណ ២​ម៉ោង ដើម្បី​​ពិភាក្សា និង​​បោះឆ្នោត​​គាំទ្រ​​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ការគ្រប់គ្រង​​ប្រទេស​​ក្នុង​​ភាព​អាសន្ន ទាំងស្រុង ដោយ​គ្មាន​​ការ​កែប្រែ​​ចំណុច​ណា​មួយ​ឡើយ។

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ឱ្យ​អាស៊ីសេរី​​ដឹង​ថា សមាជិក​ព្រឹទ្ធសភា​​ទាំងអស់​យល់​ថា ច្បាប់​នេះ​មាន​សារៈសំខាន់ និង​ធ្វើឡើង​​តាម​បែបបទ​​ប្រជាធិបតេយ្យ ​ដែល​អាច​ទទួល​យក​បាន​។ លោក​បន្ថែម​ថា ច្បាប់​នេះ ​មិនមែន​ផ្ដល់​អំណាច​គ្មាន​ដែន​កំណត់​ ដល់​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​រដ្ឋសភា និង​ព្រឹទ្ធសភា គឺជា​អ្នកត្រួតពិនិត្យ​ការអនុវត្ត​ របស់​រដ្ឋាភិបាល នៅ​ពេល​ប្រទេសជាតិ​ ស្ថិត​ក្នុង​ភាព​អាសន្ន៖ «បើ​យើង​យក​ឆន្ទៈ​​នយោបាយ យក​​មក​គិត​វិញ ចេះតែ​មាន​​ការខុសឆ្គង​​ហើយ ភ័យខ្លាច​ហើយ ប៉ុន្តែ​បើ​យើង​​ក្រឡេក​ទៅ​មើល​​ពិភពលោក​ទាំងមូល ក៏​គេ​ប្រើប្រាស់​ច្បាប់​នេះ ​មិន​តិច​ជាង​រយ​ប្រទេស​ទេ​។ អ៊ីចឹង​គឺថា យើង​ក៏​ចាំបាច់​ត្រូវតែ​មាន​ដែរ ដើម្បី​ជួយ​ដល់​​ប្រទេសជាតិ​​យើង​ កុំ​ឱ្យ​ធ្លាក់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​បាន»

លោក ម៉ម ប៊ុននាង បញ្ជាក់​ថា សេចក្តី​ព្រាង​ច្បាប់​នេះ ​នឹង​ត្រូវ​បញ្ជូន​​​​ទៅ​​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​ឆាប់ៗ​​នេះ មុន​នឹង​​ដាក់​​ជូន​​ស្ថាប័ន​​​ព្រះមហាក្សត្រ ហើយ​​លោក​ថា យ៉ាង​យូរ​​បំផុត​ត្រឹម​​ចុងខែ​មេសា ​នេះ ច្បាប់​នេះ ​នឹង​ត្រូវ​ប្រកាស​​ឱ្យ​ប្រើ។

សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រទេស​ក្នុង​ភាព​អាសន្ន មាន​ចំនួន ​៥ ជំពូក ចែក​​ជា​១២ មាត្រា​។ តាម​រយៈ​​សេចក្ដី​​ព្រាង​​ច្បាប់​​នេះ រដ្ឋាភិបាល​ អាច​​កម្រិត​​សិទ្ធិ​​សេរីភាព​​ជា​មូលដ្ឋាន​​របស់​​ពលរដ្ឋ ព្រមទាំង​​អាច​គ្រប់គ្រង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​បណ្ដាញ​សង្គម​​បាន​ទៀត​ផង នៅ​​ពេល​ប្រទេសជាតិ​ ត្រូវ​ប្រកាស​​ដាក់​​ក្នុង​​ភាព​អាសន្ន​។ ទន្ទឹម​គ្នា​​នេះ រដ្ឋាភិបាល​ ​មាន​សិទ្ធិ​​អំណាច​​ដាក់​ចេញ​​វិធានការ​​អ្វី​​ក៏បាន​ ​ឱ្យ​តែ​​យល់ថា សមស្រប និង​ចាំបាច់ ដើម្បី​ឆ្លើយ​តប​នឹង​​ភាព​អាសន្ន​​នោះ រហូតដល់​​អាច​គ្រប់គ្រង​​តាម​​បែប​​អាជ្ញាសឹក​ផង​ដែរ​។ ជន​ណា​ក៏​​ដោយ​​ ឱ្យ​តែ​ប្រព្រឹត្ត​ល្មើស​​នឹង​ច្បាប់​នេះ នឹង​​ត្រូវ​ប្រឈម​​ការ​ជាប់​ពន្ធ​នាគារ​​​រហូតដល់ ​១០ ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​​រហូតដល់ ​១០ លាន​រៀល​។ ចំពោះ​អង្គការ​​សង្គម​ស៊ីវិល និង​​ស្ថាប័ន​​ព័ត៌មាន​វិញ គឺ​អាច​​នឹង​ត្រូវ​​រង​ពិន័យ​​ជា​ប្រាក់​​រហូតដល់​ ២៥ ម៉ឺន​​ដុល្លារ​អាមេរិក បើ​អាជ្ញាធរ​ ចាត់ទុកថា ពួកគេ​ប្រព្រឹត្ត​​ផ្ទុយ​​នឹង​ច្បាប់​នេះ។

ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​ប្រចាំ​ប្រទេស​ន័រវេស (Norway) លោក ម៉ែន ណាត មើល​​ឃើញ​​ថា ច្បាប់​នេះ​​ ធ្វើឡើង​​ដើម្បី​​បម្រើ​​ប្រយោជន៍​​ក្រាញ​អំណាច​​របស់​ លោក ហ៊ុន សែន ជាង​បម្រើ​​ប្រយោជន៍​​សាធារណៈ​។ លោក ​ជឿ​ថា ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា ប្រាកដជា​​មិន​​ហ៊ាន​​ត្រួតពិនិត្យ​​ការអនុវត្ត​​របស់​​រដ្ឋាភិបាល​​ឡើយ ពីព្រោះ​ថ្នាក់ដឹកនាំ​​ស្ថាប័ន​​ទាំងពីរ គឺជា​មន្ត្រី​ក្រោម​​ឱវាទ​​របស់​​ លោក ហ៊ុន សែន នៅ​ក្នុង​​គណបក្ស​ប្រជាជន​កម្ពុជា៖ «បើ​យើង​និយាយ​​អំពី​ មាត្រា​២២ នៃ​រដ្ឋធម្មនុញ្ញ វា​សមស្រប​ក្នុង​ការ​អនុវត្ត​ ពេលណា​មួយ​។ ប៉ុន្តែ​ច្បាប់​ហ្នឹង ឱ្យ​វា​ស្រប​ទៅ​​តាម​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ​​ ស្ដីពី​សិទ្ធិ​​ពលរដ្ឋ​​ហ្នឹង គឺ​អត់​​ស្រប​​ទេ ពីព្រោះ​យើង​ មើល​មាត្រា​ទី​៥ រហូត​ទៅដល់​ទី​៦ ទី​៧ នៃ​ច្បាប់​ហ្នឹង តើ​ការ​រឹតត្បិត​​ហ្នឹង​​វា​កម្រិត​​ណា? លោក ហ៊ុន សែន ប្រើ​អំណាច​​អាជ្ញាសឹក ប្រើ​អំណាច​យោធា​ ​នៅ​ក្នុង​ការអនុវត្ត ប្រឆាំង​​ជាមួយ​ក្រុម​​អ្នក​រិះគន់​គាត់ សូម្បីតែ​គណបក្ស​​គ្នា​គាត់​ហ្នឹង ក៏​គាត់​​ត្រូវតែ​​បង្ក្រាប​ដែរ​។ ជាពិសេស គឺ​គាត់​អនុវត្ត​ នៅ​ពេល​ដែល​កូនប្រុស​គាត់ ​ត្រៀមខ្លួន​ឡើង​​ស្នង​​តំណែង​គាត់»

សហគមន៍​ជាតិ និង​អន្តរជាតិ ​បាន​រិះគន់​​រដ្ឋាភិបាល ​លោក ហ៊ុន សែន យ៉ាង​​ខ្លាំង ជុំ​វិញ​​ការ​​បង្កើត​​ច្បាប់​​ ស្តីពី​គ្រប់គ្រង​​ប្រទេស​​ក្នុង​ភាព​​អាសន្ន​នេះ ព្រោះ​​ពួកគេ​​ពិនិត្យ​​ឃើញ​​ថា ច្បាប់​នេះ ​មាន​ចរិត​​គាបសង្កត់​​ខ្លាំង ​លើ​សិទ្ធិ​សេរីភាព​​របស់​ពល​រដ្ឋ និង​​ចែង​ក្នុង​​ន័យ​ទូលាយ​​ពេក ដែល​​អាច​​ឱ្យ​អាជ្ញាធរ​ ប្រើ​ច្បាប់​នេះ ​ដើម្បី​បង្ក្រាប​​សំឡេង​​អ្នក​រិះគន់។

ចំណែក ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​​ចាត់​ទុក​​ការ​ធ្វើ​​ច្បាប់​​នេះ​ ថា ​​ជា​​ការ​​ធ្វើ​​រដ្ឋប្រហារ​​ជាថ្មី​​ម្ដង​​ទៀត ​ពី​សំណាក់​លោក ហ៊ុន សែន។ មេដឹកនាំ​​បក្ស​​ប្រឆាំង​​រូប​​នេះ យល់ថា លោក ហ៊ុន សែន មាន​គម្រោង​​ផ្ទេរ​អំណាច​ ​ទៅ​ឱ្យ​កូន ក្នុង​​ពេល​​ប៉ុន្មាន​​ឆ្នាំ​​ខាង​មុខ​​ទៀត​​នេះ​។ ដូច្នេះ​លោក​​ជឿ​ថា លោក ហ៊ុន សែន នឹង​ប្រើ​ច្បាប់​នេះ ​កម្ចាត់​​អ្នកណា​ក៏​ដោយ ឱ្យ​តែ​​ហ៊ាន​​ប្រឆាំង​​នឹង​គម្រោង​​របស់​គាត់ មិន​ថា ជន​នោះ​​ជា​គណបក្ស​​ប្រឆាំង ជា​​មន្ត្រី​បក្ស​​ប្រជាជន ឬ​ជា​ថ្នាក់​ដឹកនាំ​​កងកម្លាំងប្រដាប់​អាវុធ​​ឡើយ៕

.