The Cambodia Daily
អត្ថបទដោយ៖ តាំង សារ៉ាដា
17-7-2023
ក្រុមគ្រួសាររបស់បុរសខ្លាំងក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ជាអ្នកនៅពីក្រោយនៃការចរាចរគ្រឿងញៀនដ៏ធំបំផុត នៅកម្ពុជា ដែលកំពុងចែកចាយយ៉ាងអនាធិបតេយ្យ នៅតាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់ ហើយអ្នកដែលចែកចាយធំ គឺជាជនជាតិវៀតណាម និងជនជាតិចិន ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗ តាមរយៈបណ្ដាញសង្គមតេឡេក្រាម ដោយគ្មានសមត្ថកិច្ចទទួលបន្ទុកបង្ក្រាបគ្រឿងញៀនណាម្នាក់ ឬថ្នាក់ដឹកនាំរដ្ឋាភិបាលណាមួយ ហ៊ានប៉ះពាល់ឡើយ ដោយសារតែពួកគេ ខ្លាចអំណាចរបស់លោក ហ៊ុន សែន។
បើត្រឹមតែស្តាប់អំពីការអះអាងរបស់លោក ហ៊ុន សែន អំពីការប្រកាសការពារសន្តិភាព និងការអួតអាងអំពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនោះ ប្រាកដជាធ្វើឱ្យគេមានការភាន់ច្រឡំថា កម្ពុជាគឺជាប្រទេសដែលមានសន្តិភាព សុភមង្គល ភាពសុខដុមរមនា និងភាពសម្បូរសប្បាយ សឹងគ្រប់ទីកន្លែង ក្រោមការដឹកនាំរបស់រដ្ឋាភិបាលឯកបក្សនៃ គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះជាមិនខាន។
ប៉ុន្តែបើគេធ្វើការពិនិត្យ សង្កេត និងតាមដានរាល់ទង្វើរបស់លោក ហ៊ុន សែន នោះគេនឹងរកឃើញថា សែស្រឡាយ សាច់ញាតិ បក្ខពួក ទាំងមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញធំៗ ឬក្រុមឧកញ៉ា ជាដើម បានប្រព្រឹត្តនូវទង្វើល្មើសច្បាប់សឹងគ្រប់ប្រភេទ។ ជាក់ស្តែង សមត្ថកិច្ចក៏បានរកឃើញដែរថា ក្រុមគ្រួសារដែលមានអំណាចដ៏កំពូលមួយនេះ មានជាប់ពាក់ព័ន្ធនឹងការចរាចរគ្រឿងញៀនយ៉ាងខ្លាំង ជាពិសេសគឺគ្រួសាររបស់លោក ហ៊ុន សែន តែម្តង ដែលត្រូវគេទម្លាយថា ជាអ្នកនៅពីក្រោយនៃការជួញដូរគ្រឿងញៀន ដែលកំពុងចែកចាយយ៉ាងអនាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ នៅតាមក្លឹបរាត្រី រង្គសាល ហាងខារ៉ាអូខេ និងផ្ទះសំណាក់។
មន្ត្រីនគរបាលជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃម្នាក់ បានទម្លាយប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីសុវត្ថិភាព ដោយភ្ជាប់ជាមួយឯកសារជាវីដេអូ ដោយបង្ហាញពីការចែកចាយថ្នាំញៀនរាប់ពាន់គ្រាប់ក្នុងមួយយប់ៗ នៅតាមក្លឹបកម្សាន្ត។ មន្ត្រីរូបនោះ បានឲ្យដឹងថា ហាងខារ៉ាអូខេ ក្លឹបរាត្រី និងរង្គសាលនៅតាមខេត្ត និងរាជធានីភ្នំពេញ បានក្លាយជាទីតាំងចែកចាយគ្រឿងញៀនយ៉ាងពេញទំហឹង ក្នុងនោះ នៅទីក្រុងភ្នំពេញ មានក្លឹបមួយឈ្មោះ ត្រូប៉ាស់ (Tro Pas) ដែលជាកម្មសិទ្ធិនៃក្រុមគ្រួសាររបស់បុរសខ្លាំងលោក ហ៊ុន សែន ហើយដែលក្រុមអាជ្ញាធរផ្នែកបង្ក្រាបគ្រឿងញៀនណា ក៏បានដឹងអំពីករណីនេះដែរ ប៉ុន្តែពួកគេមិនហ៊ានបើកការបង្ក្រាបនោះទេ ពីព្រោះក្លឹបលេងថ្នាំគ្រវីនោះ ជាកម្មសិទ្ធិរបស់អ្នកស្រី ប៊ុន រ៉ានី ដែលកំពុងកើបលុយដ៏ច្រើនសន្ធឹកសន្ធាប់។
មន្ត្រីរូបនោះបានឲ្យដឹងទៀតថា ក្លឹបកម្សាន្ត សោន ក្លឹប ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា ឌួង ឆាយ ក៏ជាក្លឹបកំពុងរកស៊ីជួញដូរគ្រឿងញៀនយ៉ាងពេញនិយមផងដែរ ហើយជាក្លឹបមួយ ដែលមានការទុកចិត្ត និងលាក់ការសម្ងាត់បានយ៉ាងល្អ សម្រាប់អ្នកមានលុយ និងមានអំណាច ដែលកំពុងប្រព្រឹត្ត ឬកំពុងសេពគ្រឿងញៀននៅទីនោះ។
មន្ត្រីដដែលបានលើកឡើងថា ចំពោះការជួញដូរថ្នាំគ្រវីវិញ គឺឈ្មោះ សាន សុផល ដែលជាប្អូនប្រុសបង្កើតរបស់លោកផ្កាយ២ ឈ្មោះ សាន សុធី ដែលជាអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀនតែម្តង ដែលជាមេខ្លោងក្នុងការចរាចរថ្នាំទាំងនេះ។
មានការបែកធ្លាយនូវវីដេអូឃ្លីបខ្លះ បានឲ្យដឹងថា ឈ្មោះ សាន សុផល បានប្រើផ្ទះសំណាក់ឈ្មោះ ដូដូ ក្បែរក្លឹប (Tro Pas) នោះដើម្បីជួញដូរគ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង។
ឯកសារជាវីដេអូដែលសារព័ត៌មាន The Cambodia Daily ទទួលបានពីមន្ត្រីនគរបាលទាំងនោះ បានបង្ហាញពីការចែកចាយថ្នាំញៀនរាប់ពាន់គ្រាប់ក្នុងមួយយប់ៗ នៅក្នុងក្លឹបនោះ។ យុវជន និងមនុស្សវ័យកណ្តាលជាច្រើន បានធ្លាក់ខ្លួនប្រើប្រាស់ និងជួញដូរថ្នាំញៀនយ៉ាងអានាធិបតេយ្យ ក្នុងនោះសញ្ញានៃការទាក់ទងគ្នារបស់ពួកគេ ដូចជាការប្រើពាក្យថា «ទិញបាយ ឬទិញស្ករគ្រាប់» ជាដើម ប៉ុន្តែរូបភាពដែលពួកគេដាក់ចូលទៅក្នុងគ្រុប [Group] នៃប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនោះ គឺសុទ្ធសឹងតែរូបថ្នាំញៀនទាំងអស់ ហើយអ្នកដែលចែកចាយធំ នៅក្នុងគ្រុបនោះ គឺជាជនជាតិវៀតណាម ដែលអាចនិយាយភាសាខ្មែរបានប៉ៃឡាំៗប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថា រាល់ការបញ្ជាទិញ ពួកគេកុម្ម៉ង់ម្តងៗយ៉ាងតិចមួយឈុតតូច ដែលមានតម្លៃ ៣០ដុល្លារអាមេរិក នៅក្នុងផ្ទះសំណាក់មួយចំនួន ក្នុងទីក្រុងភ្នំពេញ ជាពិសេសផ្ទះសំណាក់ «ដូដូ» បានក្លាយជាទីតាំងដែលពួកគេយកធ្វើជាកន្លែងដោះដូរគ្រឿងញៀនញឹកញាប់បំផុត។
មន្ត្រីនគរបាលរូបនោះបញ្ជាក់ថា បច្ចុប្បន្ននេះ គ្រឿងញៀនស្ទើរតែក្លាយទៅជាថ្នាំពេញនិយម សម្រាប់អ្នកមានលុយ និងអ្នកមានអំណាចទៅហើយ ដោយពួកគេបង្ហាញឫកពារថា អ្នកដែលមិនចេះប្រើថ្នាំញៀន គឺជាប្រភេទមនុស្សដែលមិនទាន់សម័យ ឬមិនស៊ីវិល័យ ជាដើម ខណៈមន្ត្រីធំៗ និងឧកញ៉ាមួយចំនួន សុទ្ធតែបានប្រើប្រាស់វា ដើម្បីស្វែងរកការសប្បាយជាមួយស្រីក្មេង អំឡុងពេលជួញដូរផ្លូវភេទ និងក្លាយជាអ្នកផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា ដែលមានអ្នកមានអំណាចកាងពីក្រោយផងដែរ។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ទោះជារកឃើញថា ក្រុមគ្រួសាររបស់លោក ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនកម្រិតណាក៏ដោយ ក៏សមត្ថកិច្ចកម្ពុជាមិនអាចធ្វើអ្វីបានដែរ ព្រោះថា ពួកគេខ្លាចអំណាចលោក ហ៊ុន សែន ដែលកំពុងក្លាយជាខ្នងបង្អែកដ៏រឹងមាំ សម្រាប់ក្រុមគ្រួសាររបស់គាត់សព្វថ្ងៃនេះ ខណៈគ្រឿងញៀនទាំងនោះ គឺត្រូវចរាចរតាមបណ្ដាញរបស់ពួកគេយ៉ាងមានសុវត្ថិភាព។
ចាប់តាំងពីឆ្នាំ២០១៧ មក ចំនួនគ្រឿងញៀន ដែលអាជ្ញាធររឹបអូស បានកើនឡើងជារៀងរាល់ឆ្នាំ៖
- ក្នុងឆ្នាំ២០១៧ អាជ្ញាធរចាប់បានគ្រឿងញៀនជិត ៣០០ (២៩៦) គីឡូក្រាម
- ឆ្នាំ២០១៨ ចាប់បានជិត ៥០០ (៤៧២,៥៣) គីឡូក្រាម
- ឆ្នាំ២០១៩ ចាប់បាន ៧៥០គីឡូក្រាម
- ឆ្នាំ២០២០ ចាប់យកបានជិត ៤ពាន់ (៣៨៧៦) គីឡូក្រាម
- ឆ្នាំ២០២១ ចាប់យកបានជាង ៤៦០០ (៤៦៨៩) គីឡូក្រាម
- និងឆ្នាំ២០២២ ចាប់បានជាង ១ម៉ឺន ៤ពាន់ (១៤៩១៩) គីឡូក្រាម។
លោក មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់សារព័ត៌មានក្នុងស្រុកថា បច្ចុប្បន្ននេះ ការផលិតគ្រឿងញៀនសំយោគ មានការកើនឡើងនៅកម្ពុជា ដោយសារតែក្រុមឧក្រិដ្ឋជនផ្លាស់ប្ដូរពីការផលិតគ្រឿងញៀនធម្មជាតិ និងពាក់កណ្តាលសំយោគ ទៅជាសារធាតុញៀនសំយោគសុទ្ធសាធ ដែលវាផលិតចេញពីសារធាតុគីមីផ្សំ មិនរើសទីកន្លែង មិនរើសភូមិសាស្ត្រ ហើយវាចំណាយពេលខ្លី និងងាយស្រួលក្នុងការផលិត។
លោកថា ថ្នាំសំយោគដែលត្រូវបានបង្កើតដោយសារធាតុគីមី ដែលអាចពិបាកក្នុងការបង្ក្រាប មានតម្លៃថោកក្នុងការផលិត ហើយអាចផលិតបានស្ទើរតែគ្រប់ទីកន្លែង។ ដោយសារតែមូលហេតុទាំងនេះហើយ ទើបសមត្ថកិច្ចមានការលំបាកក្នុងការបញ្ឈប់ការផលិត និងការរីករាលដាលនៃគ្រឿងញៀន ដូចជាមេតំហ្វេតាមីន កេតាមីន (Ketamine) MDMA និងច្រើនប្រភេទទៀត។
លោកបានបន្ថែមទៀតថា ទីតាំងរបស់ប្រទេសកម្ពុជា ដែលតភ្ជាប់យ៉ាងងាយស្រួលទៅកាន់សមុទ្រ និង «ត្រីកោណមាស» បានធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយ ដែលករណីនេះបណ្តាលឱ្យមានការរីករាលដាលនៃគ្រឿងញៀនក្នុងប្រទេសនេះ កាន់តែច្រើន។
ប្រភពដដែលលើកឡើងថា រដ្ឋាភិបាលបាន និងកំពុងបង្កើនយុទ្ធនាការភូមិឃុំសង្កាត់មានសុវត្ថិភាព ការបង្កើនការអនុវត្តការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការបង្កើតគោលនយោបាយភូមិឃុំស គ្មានគ្រឿងញៀននៅតាមបណ្តាខេត្តជាប់ព្រំដែនចំនួន១៧។
លោក មាស វិរិទ្ធ បញ្ជាក់ថា អ្នកប្រើប្រាស់គ្រឿងញៀននាពេលបច្ចុប្បន្នមានចំនួនជាង ២ម៉ឺននាក់ ដែលកំណត់បានដោយអាជ្ញាធរ ដែលភាគច្រើនអាយុចន្លោះពី ១៨ឆ្នាំទៅ ៣៥ឆ្នាំ។ ចំណែកមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនមានចំនួន ៤៧២កន្លែង រួមមានមជ្ឈមណ្ឌលបណ្ដោះអាសន្នរដ្ឋ ឯកជន និងអង្គការ កន្លែងផ្តល់សេវាសុខាភិបាលតាមមូលដ្ឋាន មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ក្រុង-ស្រុក និងមណ្ឌលសុខភាព។
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ក្នុងការដឹកនាំប្រតិភូ និងសហការីកាកបាទក្រហមកម្ពុជា ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតនៅភូមិចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ អ្នកស្រី ប៊ុន រ៉ានី បានអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបំពេញការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់។
អ្នកស្រីថា ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយអាជ្ញាធរ និងរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន។ អ្នកស្រីក៏បានជំរុញឲ្យយុវជន ជាពិសេសយុវជនកាកបាទក្រហមកម្ពុជា ត្រូវធ្វើជាគំរូល្អដល់អ្នកដទៃ ខិតខំសិក្សារៀនសូត្រ និងជួយអូសទាញមិត្តភក្ដិដែលដើរផ្លូវខុសមកធ្វើអំពើល្អវិញ។
ទាក់ទិននឹងបញ្ហាគ្រឿងញៀននៅស្រុកខ្មែរ ពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើន ដូចជា បាត់ដំបង ព្រះសីហនុ និងខេត្តសៀមរាប ជាដើម បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅតាមភូមិឃុំរបស់ពួកគេសព្វថ្ងៃនេះ មានការចែកចាយគ្រឿងញៀនព្រោងព្រាត ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាននោះទេ។
ប្រភពដដែលបញ្ជាក់ថា អ្នកដែលចែកចាយគ្រឿងញៀនទាំងនោះ គ្មាននរណាផ្សេងទេ គឺកូនរបស់មេប៉ុស្តិ៍នៅក្នុងឃុំរបស់ពួកគេតែម្តង ខណៈពលរដ្ឋក៏មិនហ៊ានរាយការណ៍ពីបញ្ហានេះដែរ ព្រោះពួកគេសុទ្ធតែដឹងថាទោះជារាយការណ៍ក៏គ្មានប្រសិទ្ធភាពដែរ។ ជាងនេះទៀត អាចនឹងមានបញ្ហាដល់ខ្លួនថែមទៀត។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន បានលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជានៅតែបន្តរងការគំរាមកំហែងឥតឈប់ឈរពីការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅឡើយ។ លោកបន្ថែមថា ការចរាចរគ្រឿងញៀនទាំងតាមផ្លូវគោក ផ្លូវទឹក បញ្ញើប្រៃសណីយ៍ និងផ្លូវអាកាស ជាពិសេសករណីរក្សាទុក កែច្នៃផលិត និងជួញដូរគ្រឿងញៀននៅកម្ពុជា នៅតែបន្តកើតមានសព្វថ្ងៃនេះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ថា គ្រឿងញៀនកំពុងបំផ្លាញធនធានយុវជននៅកម្ពុជា ក្នុងការចូលរួមការពារឯករាជ្យ បូរណភាពទឹកដី អធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសជាតិ ស្របពេលដែលបទល្មើសជួញដូរ ចែកចាយ និងចរាចរគ្រឿងញៀននៅកម្ពុជា មិនថយចុះទាល់តែសោះ គឺមានតែកើតឡើងខ្លាំងជាងមុន។
លោក ស ខេង កត់សម្គាល់ថា សារធាតុជាច្រើនដែលប្រើសម្រាប់កែច្នៃថ្នាំញៀន ត្រូវបាននាំចូលដោយស្របច្បាប់ ដោយថា ជាសារធាតុគីមី សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងថែទាំសុខភាព។ លោកបានជំរុញឱ្យសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យឲ្យបានហ្មត់ចត់ នូវសារធាតុណាដែលអាចប្រើផលិតគ្រឿងញៀនបាន។
កាលពីចុងខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ក្នុងចំណោមអ្នកជាប់ឃុំជិត ៤ម៉ឺននាក់ នៅពន្ធនាគារទូទាំងប្រទេស មាន ៥០% ជាប់ឃុំដោយសារបទល្មើសគ្រឿងញៀន ខណៈមួយថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនអ្នកប្រើប្រាស់ និងជួញដូរចន្លោះពី ១០ ទៅ ២០នាក់ នៅតាមបណ្ដាខេត្តមួយចំនួនទូទាំងប្រទេស ដែលពួកគេភាគច្រើនជាយុវជន។
លោក ស ខេង អះអាងថា បញ្ហាគ្រឿងញៀននៅតែកើតមានច្រើននៅកម្ពុជា ខណៈករណីទាំងនេះ ជាបញ្ហាប្រឈម និងបង្កជាក្ដីបារម្ភដ៏ចម្បងនៅក្នុងសង្គមខ្មែរ។
ទាក់ទិននឹងបញ្ហានេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានចុះបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំជិត ១ តោន កាលពីចុងខែធ្នូ ឆ្នាំ២០២២។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរចាប់បានជនជាតិចិនចំនួន ៦ នាក់ តៃវ៉ាន់ម្នាក់ និងខ្មែរ ៣នាក់ រួមជាមួយនឹងវត្ថុតាងសារធាតុញៀន សារធាតុគីមី និងសារធាតុគីមីផ្សំ ព្រមទាំងសារធាតុផ្សំជាច្រើនផ្សេងទៀត។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញរបាយការណ៍របស់ខ្លួន កាលពីអំឡុងឆ្នាំ២០២២ កន្លងទៅថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស បានជិត ៦៣០០ ករណី និងបានឃាត់ខ្លួនមនុស្សជិត ១ម៉ឺន ៥ពាន់នាក់ ហើយរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទ ដែលមានចំនួនដល់ទៅជិត ១៥ តោន។ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិស្ដីពីឧក្រិដ្ឋកម្ម និងគ្រឿងញៀន (UNODC) កាលពីចុងឆ្នាំ២០២១ បានបង្ហាញសេចក្តីរាយការណ៍ថ្មីមួយ ដែលគេរកឃើញថា ប្រទេសកម្ពុជា ជាគោលដៅចម្បងនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ជាទីតាំង សម្រាប់ការចរាចរគ្រឿងញៀន ផលិត កែច្នៃ និងចែកចាយបន្ត ហើយក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ ភាគច្រើនជាជនជាតិចិន និងចិនតៃវ៉ាន់។ កម្ពុជាស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រភពធំបំផុតទីពីរ សម្រាប់ថ្នាំញៀនហេរ៉ូអ៊ីនផងដែរ។
កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយ នៅខេត្តកណ្តាល បានផ្ទុះអាវុធរវាងក្រុមឧក្រិដ្ឋជន ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ជាមួយនឹងសមត្ថកិច្ចស្រុកអង្គស្នួល។ ក្នុងហេតុការណ៍នោះ បានបណ្តាលឱ្យមន្ត្រីនគរបាល ២នាក់ ត្រូវគ្រាប់កាំភ្លើងរបស់ជនល្មើសចំនួន ៥ គ្រាប់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។
ទាក់ទិននឹងការចរាចរគ្រឿងញៀននេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរក្រុងភ្នំពេញ ធ្លាប់បានចាប់ខ្លួនឧកញ៉ា គិត ធាង ម្ចាស់ក្លឹបកម្សាន្ត Rock ត្រូវជាបងប្រុសបង្កើតរបស់ឧកញ៉ា គិត ម៉េង ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការចែកចាយគ្រឿងញៀនជិត ៥០ គីឡូក្រាម ដែលតុលាការ បានសម្រេចដាក់ពន្ធនាគារ PJ រយៈពេល ៤ឆ្នាំ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។ យ៉ាងណាក៏ដោយ ឧកញ៉ា គិត ធាង នៅតែអាចដើរហើរសេរីក្រៅច្បាប់ដដែលនៅពេលនោះ ដោយតុលាការក្រុងភ្នំពេញ បានសម្រេចបន្ធូរបន្ថយទោស ដល់ឧកញ៉ារូបនេះ ដែលត្រូវអនុវត្តទោសឲ្យជាប់ពន្ធនាគារមួយរយៈពេលខ្លី និងសម្រេចឲ្យព្យួរទោសរយៈពេល ២ ឆ្នាំ។
បញ្ហានេះ ត្រូវគេមើលឃើញថា វិធានការទប់ស្កាត់គ្រឿងញៀនរបស់លោក ហ៊ុន សែន ចាប់តាំងពីឆ្នាំ២០១៧ ដល់ចុងឆ្នាំ២០២២ ត្រូវបរាជ័យ ដោយសារបទល្មើសគ្រឿងញៀននៅកម្ពុជា មិនបានថយចុះទេ ផ្ទុយទៅវិញបែរជាបន្តកើនឡើងទ្វេដងពីមួយឆ្នាំទៅមួយឆ្នាំ។កាលពីឆ្នាំ២០១២ កាសែត The Sydney Morning Herald និងកាសែត The Age បានចុះផ្សាយដោយដកស្រង់ការស៊ើបអង្កេតពី គណៈកម្មការឧក្រិដ្ឋកម្មអូស្ត្រាលី ថា អាជ្ញាធរអូស្ត្រាលី បានតាមដានការផ្ទេរលុយដោយសង្ស័យថា ជាលុយបានពីការរត់ពន្ធគ្រឿងញៀន ចេញពីបនល្បែងកាស៊ីណូ Crown នៅទីក្រុងម៉ែលប៊ន ដែលគេសង្ស័យថា ស្ថិតក្រោមការត្រួតពិនិត្យរបស់ លោក ហ៊ុន តូ។
ប្រតិបត្តិការតាមដានសំដៅលើលោក ហ៊ុន តូ រកឃើញការដឹកគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចូលប្រទេសអូស្ត្រាលី ដោយបង្កប់ក្នុងឈើដែលបានអាររួច។ គ្រឿងញៀនដែលដឹកចូលប្រទេសអូស្ត្រាលី មានទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
ការតាមដានរបស់អាជ្ញាធរអូស្ត្រាលី ធ្វើឡើងបន្ទាប់ពីតុលាការអូស្ត្រាលី ចាប់ និងផ្ដន្ទាទោសជនជាតិខ្មែរមួយរូបឈ្មោះ ថៃ ផែនី កាលឆ្នាំ២០១៥ ដែលជាមនុស្សរបស់លោក ហ៊ុន តូ។ លោក ថៃ ផែនី គឺជាបងប្អូនជីដូនមួយរបស់ភរិយាលោក ហ៊ុន តូ គឺលោកស្រី Jackie Thai។
សារព័ត៌មានដដែល បានរាយការណ៍នៅក្នុងអត្ថបទរបស់ខ្លួន ដែលមានខ្លឹមសារថា អាជ្ញាធរអូស្ត្រាលី មានគម្រោងចាប់ខ្លួនឧកញ៉ា ហ៊ុន តូ ក៏ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយសារតែស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ មិនបានផ្តល់ទិដ្ឋាការដល់លោក ហ៊ុន តូ ដោយខ្លាចប៉ះពាល់ទំនាក់ទំនងការទូត រវាងកម្ពុជា និងអូស្ត្រាលី។
កាសែតនោះក៏បានបញ្ជាក់ថា ក្នុងពេលនោះ លោក គិត ម៉េង ក៏មានទំនាក់ទំនងរកស៊ីជាមួយលោក ហ៊ុន តូ ដែរ ប៉ុន្តែមិនបានលើកឡើងថា លោក គិត ម៉េង ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋនោះទេ។ ក្រោយពីត្រឡប់មកពីប្រទេសអូស្ត្រាលី វិញ ក្នុងឆ្នាំ២០១៥ លោក ហ៊ុន តូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងអត្ថបទរបស់សារព័ត៌មាន The Sydney Morning Herald និងកាសែត The Age ថាជាការផ្សព្វផ្សាយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងច្បាស់លាស់។
លោកបញ្ជាក់ថា ប្រទេសអូស្ត្រាលីមានច្បាប់ ប្រទេសកម្ពុជាក៏មានច្បាប់ ដូច្នេះបើលោកពាក់ព័ន្ធដូចការចុះផ្សាយមែន នោះមិនចាំបាច់អាជ្ញាធរអូស្ត្រាលីចាប់នោះទេ គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន ច្បាស់ជាបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនលោក នៅក្នុងប្រទេសកម្ពុជាបាត់ទៅហើយ។
អតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កន្លងមកថា គ្រួសាររបស់លោកនាយករដ្ឋមន្ត្រី មិនត្រឹមតែពាក់ព័ន្ធក្នុងការរកស៊ីគ្រឿងញៀននោះទេ សូម្បីតែកូនប្រុសពៅរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ក៏ជាមនុស្សដែលចូលចិត្តស្វែងរកការសប្បាយជាមួយស្រីផ្សេង ក្រៅពីប្រពន្ធរបស់ខ្លួន នៅតាមក្លឹបកម្សាន្តជាញឹកញាប់ និងចូលចិត្តប្រើថ្នាំញៀន ដើម្បីពង្វក់អារម្មណ៍ជាប្រចាំផងដែរ រាល់ពេលដែលគាត់ចេញទៅសប្បាយនៅតាមក្លឹបម្តងៗ។
ការផលិត និងចែកចាយគ្រឿងញៀន ត្រូវគេរកឃើញថា កំពុងតែចរាចរយ៉ាងអនាធិបតេយ្យ ក្នុងចំណោមសែស្រឡាយ សាច់ញាតិ បក្ខពួក ទាំងមន្ត្រីក្នុងជួររដ្ឋាភិបាល និងអ្នកជំនួញធំៗ ដូចជាក្រុមឧកញ៉ា ជាដើម ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមគ្រួសារ នៃមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បច្ចុប្បន្ននេះ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានមានប្រសាសន៍ប្រាប់សារព័ត៌មានក្នុងស្រុក កាលពីពេលកន្លងទៅថា កំណើនផលិតកម្ម និងចលនាគ្រឿងញៀនក្នុងស្រុក បានបង្ហាញថា រដ្ឋាភិបាលខ្វះយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយវាកំពុងរីករាលដាលដល់សហគមន៍ជនបទដាច់ស្រយាល។
លោក សន ជ័យ បន្តថា រដ្ឋាភិបាលគួរបង្កើតយន្តការគណនេយ្យភាពទៅវិញទៅមក ដោយមានការចូលរួមពីសហគមន៍ និងអាជ្ញាធរដើម្បីរួមគ្នាដោះស្រាយសកម្មភាពខុសច្បាប់នោះ។ លោកថា គ្រឿងញៀនជាបញ្ហាស្មុគស្មាញ ដោយសារកង្វះប្រព័ន្ធគ្រប់គ្រង ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ដែលមានការពាក់ព័ន្ធនឹងការរំលោភអំណាចដោយមន្ត្រីអនុវត្តច្បាប់ ហើយក៏ជាទម្រង់នៃអំពើពុករលួយធ្ងន់ធ្ងរ។ លោកបារម្ភថា អំពើពុករលួយអាចធ្វើឱ្យពិបាកក្នុងការដោះស្រាយបញ្ហាបានពេញលេញ។
ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា៤៤ ចែងថា ការបង្កលក្ខណៈងាយស្រួលដល់ការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គឺជាបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នឹងត្រូវផ្ដន្ទាទោសពី ៥ឆ្នាំទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២០លានរៀល។
ក្រុមអ្នកសង្កេតការណ៍លើកឡើងថា ក្នុងនាមលោក ហ៊ុន សែន ជាមេដឹកនាំត្រូវមានកាតព្វកិច្ច ជាពិសេសក្នុងការទប់ស្កាត់ និងលុបបំបាត់អំពើខុសច្បាប់នានា ដូចជាការជួញដូរមនុស្ស ការកាប់បំផ្លាញព្រៃឈើ ការបង្កើតបនល្បែងស៊ីសងខុសច្បាប់ ការលាងលុយកខ្វក់ និងការចរាចរគ្រឿងញៀន ជាដើម ប៉ុន្តែក្រោមការដឹកនាំជិត ៤០ ឆ្នាំរបស់គាត់ ត្រូវគេរកឃើញថា គាត់ជាអ្នកនៅពីក្រោយនៃអំពើល្មើសទាំងនោះទៅវិញ។ ជាងនេះទៀត គាត់ក៏ជាអ្នកនៅពីក្រោយអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់ជាច្រើនទៀត ដែលជាប់ពាក់ព័ន្ធនឹងកូនៗ ក្មួយៗ ព្រមទាំងភរិយារបស់គាត់ គឺអ្នកស្រី ប៊ុន រ៉ានី តែម្តង៕