អត្ថបទដោយលោក ហាស់ សាន / ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 21-11-2020
មុខរបរអាជីវកម្ម ក្រុមហ៊ុនធំៗ ទាក់ទងនឹងធនធានធម្មជាតិ ជាសម្បត្តិជាតិ ក្នុងទឹកដីខ្មែរ ទាក់ទងនឹងសេដ្ឋកិច្ចជាតិ ភាគច្រើនគ្រប់គ្រង កាន់កាប់ ចាត់ចែងដោយមនុស្សក្នុងត្រកូល ហ៊ុន ឬ អ្នកជិតស្និទ្ធបំផុតនឹងត្រកូល ហ៊ុន ហើយចែករំលែកទៅដល់សាច់ញាតិ មិត្តភក្តិ ក្លើម្រាក់ ជាសាខាពីលើចុះក្រោម ប្រៀបបាននឹងដើមជ្រៃផ្តល់ម្លប់ត្រឈឹងត្រឈៃ។ គេចងចង្កោមគ្នា ជាក្រុម ជាពួក ជាបក្ស រក្សា ពឹងពាក់ រស់នឹងគ្នា ការពារគ្នាទៅវិញទៅមក។ នៅស្រុកខ្មែរ ជ្រៃជាពពួកដើមឈើ រឹតរួត ព័ទ្ធព័ន្ធគេឯងដែលដុះជិតជាប់ជាមួយ។ ចាស់បុរាណខ្មែរតាមតំបន់ខ្លះ ហៅមនុស្សជញ្ជក់យកប្រយោជន៍ពីគេឯង ថាមនុស្សជ្រៃ។ មនុស្សជ្រៃ មិនខ្វល់អំពីអ្នកដទៃទេ គឺធ្វើយ៉ាងណាឲ្យតែខ្លួនរស់ មានបានម្នាក់ឯង។ ចាស់ៗថា កុំរស់ក្បែរមនុស្សជ្រៃ។
គេថា គេបានទទួលសន្លឹកឆ្នោតគាំទ្រពីពលរដ្ឋខ្មែរ ឲ្យគេគ្រប់គ្រងនគរខ្មែរ ជាស្តេច ជានាហ្មឺន មន្រ្តី រាជការ ជាប៉ូលិស ទាហាន មានសក្តិយសខ្ពង់ខ្ពស់ត្រដែតត្រដឹម ប៉ុន្តែ គេគ្មានមេត្តា ករុណា មុទិតា ឧបេក្ខា ដល់ប្រជាពលរដ្ឋ ដែលគេគ្រប់គ្រងដឹកនាំនោះទេ។ ប្រជាពលរដ្ឋខ្មែរ គ្រាន់តែទាមទារការរស់រាន ប្រកបដោយសិទ្ធិ សេរីភាព យុត្តិធម៌ ក៏គេមិនអនុញ្ញាតដែរ។ គេតម្រូវឲ្យពលរដ្ឋរស់តាមគេ កុំតវ៉ា កុំទាមទារ កុំរិះគន់ ទោះជាពួក គេក្បត់ផលប្រយោជន៍ពលរដ្ឋយ៉ាងណាក៏ដោយ។
សប្តាហ៍មុន យើងបានផ្សាយអំពីទ្រព្យធនលួចលាក់សែ ហ៊ុន នៅក្រៅប្រទេស ជាក្មួយ ជាអាជីវករ ជាមន្រ្តីជិតស្និទ្ធនឹងគ្រួសារលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដូចជាគ្រួសារមេនគរបាលជាតិ លោក នេត សាវឿន, រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន, មេឈ្មួញឈើ និងឈ្មួញដីធ្លី អ្នកស្រី ជឹង សុភាព ហៅយាយ ភូ និង ឡាវ ម៉េងឃិន។ ក្រុមឈ្មួញខ្លះ ពួកមន្រ្តីពុករលួយខ្លះ ទទួលបានការគាំពារដោយលោក ហ៊ុន សែន, ក្រុមឈ្មួញខ្លះទៀត ពួកមន្រ្តីខិលខូចខ្លះទៀត ការពារដោយអង្គភាពនៃកងយោធពលខេមរភូមិន្ទ តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខពិសេស ចុះហត្ថ លេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ ស្តីអំពីការចងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន−អង្គភាពស៊ីវិល។
ក្រុមហ៊ុនអាជីវកម្មធំៗ ដុះដូចផ្សិតក្នុងប្រទេសកម្ពុជា មានវត្តមាន មានទីតាំង មានឈ្មោះជាសាធារណៈ ជាអាជីវកម្មស្របច្បាប់ ប៉ុន្តែព័ត៌មានអំពីក្រុមហ៊ុនអាជីវកម្មទាំង អស់ ដែលមានឈ្មោះកូន កូនប្រសា និង ក្មួយលោក ហ៊ុន សែន ត្រូវគេលាក់ជិត គ្មាននរណាក្រៅ ដឹងបានឡើយ។
តាមសេចក្តីរាយការណ៍ស៊ើបអង្កេតពីអង្គការឃ្លាំមើលឧក្រិដ្ឋកម្មអន្តរជាតិលើអាជីវកម្ម Global Witness ឆ្នាំ២០១៦ ត្រកូល ហ៊ុន និង បក្ខពួក គ្រប់គ្រង កាន់កាប់ ចាត់ចែង ក្រុមហ៊ុន មានដូចតទៅនេះ៖
ជំនួញ, ហិរញ្ញវត្ថុ, កន្លែងសម្រាកនិងកម្សាន្ត, ទេសចរណ៍, ហាងលក់រាយ, សំណង់និងអចលនទ្រព្យ, រ៉ែ, ថាមពល, បណ្តាញសារព័ត៌មាន, ដឹកជញ្ជូន, កសិកម្ម, ទូរគមនាគមន៍, ល្បែងស៊ីសង, ការងារជំនាញវិជ្ជាជីវៈខាងច្បាប់ និងពន្ធដារ, របរផលិតកម្ម, ការងារសន្តិសុខ, តំបន់សេដ្ឋកិច្ចពិសេស, សម្លៀកបំពាក់, ព្រៃឈើ និង ឱសថដ្ឋាន។
កូនប្រសាលោក ហ៊ុន សែន គឺលោក សុខ ពុទ្ធាវុធ ជាកូនលោក សុខ អាន ដែលជាប្តីរបស់ ហ៊ុន ម៉ាលី កូនស្រីពៅលោក ហ៊ុន សែន ជាប្រធានអគ្គនាយកបណ្តុំក្រុមហ៊ុនថាមពល សោមា (Soma Energy Group) ដែលចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្មថា មានទុន ១០ លានដុល្លារ។ ហ៊ុន ម៉ាលី ជាប្រធានក្រុមហ៊ុន ទីប្រជុំហាងទំនិញទំនើបទី១ (Mall) TK Avenue, ទាំងពីរនាក់ប្តីប្រពន្ធ មានក្រុមហ៊ុនឱសថ Decampharma, Stone Grille, ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Moon Media, ក្រុមហ៊ុនផ្គត់ផ្គង់ភ្លើងអគ្គិសនីឯកជន (Cambodia Electricity Private), ក្រុមហ៊ុនផលិតគ្រឿងឧបភោគបរិភោគ (Cambodia Food Industries Co.), ជាប្រធានសមាគមអង្ករ។ ក្រៅពីក្រុមហ៊ុនសោមា សុខ ពុទ្ធាវុធ គ្រប់គ្រងកាន់កាប់ ចាត់ចែង ឬ មានចំណែកក្នុងក្រុមហ៊ុន៖ សោមា អេវើហ្រ្គីន (Soma Ever Green), Soma Kova Holding, Tela E&P, សោមា សំណង់និងអភិវឌ្ឍន៍ (Soma Construction & Development), ក្រុមហ៊ុន ភ្នំពេញកាណូត−កប៉ាល់ជិះ (Phnom Penh Boat Ride Co.)។
ហ៊ុន តូ ជាក្មួយក្នុងត្រកូល ហ៊ុន ដែលមានឈ្មោះជំពាក់ ជំពិនក្នុងរបរជួញគ្រឿងញៀន និង លាងលុយកខ្វក់ ជានាយកគ្រប់គ្រងបណ្តាញស្ថានីយ៍ប្រេងឥន្ធនៈឈ្មោះ LHR Asean។ ក្រៅពីនោះ ហ៊ុន តូ និង ភរិយាជាជនជាតិថៃ ឈ្មោះ Thai Jackie Tai Hien គ្រប់គ្រង កាន់កាប់ ចាត់ចែង ឬ មានចំណែកក្នុងក្រុមហ៊ុន៖ HTK, HTTK, Gold Quest, LHR Asean អាហរ័ណនីហរ័ណ (Import & Export), ក្រុមហ៊ុន វិនិយោគទុន LHR Asean, ក្រុមហ៊ុន Camcorp Capital Group, និង Camcorp Capital Investment Group។
កូនស្រី ហ៊ុន ម៉ាណា ជាប្រពន្ធឧត្តមសេនីយ៍ឯកប៉ូលិស ឌី វិជ្ជា កូនប្រុសអតីតមេនគរបាលជាតិ ហុក ឡងឌី គ្រប់គ្រង កាន់កាប់ ចាត់ចែងក្រុមហ៊ុនចំនួន ១៨ និង មានចំណែកក្នុងក្រុមហ៊ុន ៤ ទៀត សរុបចំនួន ២២ ក្រុមហ៊ុន ដែលចុះបញ្ជីថា មានទុនហ៊ុនចំនួន ៦៦ លានដុល្លារ។ ក្រុមហ៊ុនទាំងនោះមាន៖ បណ្តាញផ្សព្វផ្សាយព័ត៌មាន (Media) មានដូចជា វិទ្យុ, ទូរទស្សន៍បាយ័ន, កាសែត កម្ពុជាថ្មី, មានចំណែកក្នុងក្រុមហ៊ុន ទូរគមនាគមន៍ K ថោងហួត (K Thong Huot Telecom) ចែកចាយទូរស័ព្ទដៃ ណូគ្យៀ (Nokia) ទូទាំងប្រទេស, សាជីវកម្ម NVC ផលិតទឹកបរិសុទ្ធ វីតាល់ (Vital) ផ្សព្វផ្សាយដោយក្រសួងទេសចរណ៍ សម្រាប់ក្នុងពិធីបុណ្យជាតិ, ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមផ្លូវ Moon Media, ដែលមាន ហ៊ុន ម៉ាលី ជានាយិកា មានក្រុមហ៊ុនបរទេសជួលផ្សាយ ដូចជា Credit Card Visa, ក្រុមហ៊ុនផលិតផលប្រើប្រាស់ Unilever, Procter & Gamble, ហុងដា (Honda), Mango, ក្រុមហ៊ុនសារមន្ទីរជាតិអង្គរ ដែលមានទុនហ៊ុន ២ លានដុល្លារកន្លះ។
ក្រៅពីនេះ ហ៊ុន ម៉ាណា ជាប្រធាន ក្រុមហ៊ុនអាជីវកម្មអាកាសចរណ៍ស៊ីវិលជួលជិះកម្សាន្ត Heli-star, Star Aviation, Star Airline, មានចំណែកក្នុងក្រុមហ៊ុនផ្តល់ទុន Royal Group Investment Company ដែលមានឧកញ៉ា គិត ម៉េង ជាប្រធាន, ជាតំណាងឲ្យក្រុមហ៊ុន NH Holding ទាក់ទងនឹងក្រុមហ៊ុនសំណង់ បងប្អូន ៥នាក់ របស់ឧកញ៉ា ឡាវ ម៉េងឃិន, ជាប្រធានក្រុមហ៊ុនហិរញ្ញវត្ថុ Oasis Cambo Investment Group និង Oasis Cambo Investment, មានហ៊ុន ៦% ក្នុងក្រុមហ៊ុនទូរស័ព្ទដៃ Metfone ជាសាខារបស់ក្រុមហ៊ុន វៀតតែល (Viettel) គ្រប់គ្រងដោយក្រសួង ការពារជាតិយួន។
អ្នកចូលហ៊ុននឹង ហ៊ុន ម៉ាណា គឺអ្នកស្រី ទាវ ទឿន ភរិយាលោករដ្ឋមន្រ្តីការពារជាតិ ឧត្តមសេនីយ៍ ទៀ បាញ់។ ហ៊ុន ម៉ាណា មានចំណែកហ៊ុន និង ជាប្រធានក្រុមហ៊ុន Dragon Royal Group ខាងសំណង់សណ្ឋាគារ និងផ្ទះ ល្វែងលក់ condominium សាខាក្រុមហ៊ុនទូរគនាគមន៍ Dragon Royal Telecomm ចុះក្នុងបញ្ជីទុនហ៊ុនប្រមាណ ២ លានដុល្លារ, គ្រប់គ្រងចំណែកហ៊ុន ក្នុងក្រុមហ៊ុនលក់សម្ភារៈ Lenovo IBM, Pioneer, Electrolux ផ្តាច់មុខ។
មិនទាន់អស់ទេ ហ៊ុន ម៉ាណា និងបងប្អូន ៣ នាក់ទៀត រួមជាមួយនឹងឧកញ៉ា លី យ៉ុងផាត់ និងភរិយា គិម ហ៊ាង មានហ៊ុន និង ធ្វើជានាយិកាក្នុងក្រុមហ៊ុនថាមពលអគ្គិសនី Cambodia Elec-tricity Private ជាក្រុមហ៊ុនចែកចាយភ្លើងអគ្គិសនីធំទី២ នៅប្រទេសកម្ពុជា។ ខាងមុខរបរសំណង់អចលនទ្រព្យ គ្រួសារត្រកូល ហ៊ុន គឺអ្នកស្រី ហ៊ុន ម៉ាណា ជាប្រធានក្រុមហ៊ុនអកគីដេ វីឡា ៣ (Orkidé Villa 3) ដែលម្ចាស់ក្រុមហ៊ុន Orkidé Villa គឺឧកញ៉ា ខៀវ ស ស៊ីលៀប ប្រើទុន ៣៥០ លានដុល្លារ។
ពេជ្រ ចាន់មុនី កូនប្រសាលោក ហ៊ុន សែន ត្រូវជាភរិយាឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនច្បងលោក ហ៊ុន សែន គ្រប់គ្រង កាន់កាប់ ចាត់ចែង ឬ មានចំណែកក្នុងក្រុមហ៊ុន៖ ក្រុមហ៊ុនខ្មែរកៅស៊ូក្រែប, ក្រុមហ៊ុន G Gear Co., ក្រុមហ៊ុនវិនិយោគទុនស៊ីអិមអិន ស្តារ (CMN Star Investment), សាជីវកម្មផលិតផលកែលម្អសម្ផស្សស្រ្តី (Lady Cosmetic International Corporation), ក្រុមហ៊ុន Zenoteq Solution, ក្រុមហ៊ុនភាពយន្ត (Legend Cinema), ក្រុមហ៊ុនកំដរបរិយាកាសកម្សាន្ត (PMV Entertainment), ក្រុមហ៊ុន ចាត់ចែងប្រភេទម៉ាក (Brands Management, Ltd.)។
ភរិយាលោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន នាមដើម ប៊ុន សាមហ៊ាង ក្នុងទសវត្ស ១៩៩០ ធ្លាប់មានហ៊ុនក្នុងក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជា តេឡា៕
អត្ថបទដោយលោក ហាស់ សាន នៃសារព័ត៌មាន The Cambodia Daily, រដ្ឋធានី វ៉ាស៊ិនតុន សហរដ្ឋអាមេរិក


.
.