អត្ថបទលោក ហាស់ សាន នៃ ឌឹខេមបូឌា ដេលី (The Cambodia Daily) / 13-12-2020
សប្តាហ៍មុន យើងបានផ្សាយរាយឈ្មោះក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន ម្ចាស់ចំណែក ឬភាគហ៊ុន ដែលជាកូន កូនប្រសា ក្មួយ បង ប្អូន នៃលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពោលគឺត្រកូលហ៊ុន ហើយដែលក្តោបយកផលប្រ យោជន៍ពីសេដ្ឋកិច្ចជាតិ ក្រោយប្រែក្រឡាពីរបបកុម្មុយនិស្ត មករៀនរស់តាមបែបមូលធននិយម។ យើងមិនទាន់បានរៀបរាប់អំពីចំនួនក្រុមហ៊ុន និង ទំហំទុនដាក់រកស៊ីក្នុងក្រុមហ៊ុននិមួយៗ មានចំនួនសរុបប៉ុន្មាននៅឡើយទេ។
សេចក្តីរាយការណ៍អំពីរឿងនេះ គឺចង់ឆ្លុះបញ្ចាំងថា តើក្រុមហ៊ុនបើកមុខរបររកស៊ីដែលអាង យីហោ ឬកេរ្តិ៍ឈ្មោះ ត្រកូលហ៊ុន មានប្រៀបលើក្រុមហ៊ុនដទៃកំរិតណា ហើយមានខ្ទាស់ផលប្រយោជន៍ ហៅថា conflict of interest របៀបណា រវាងក្រុមគ្រួសារអ្នកកាន់អំណាចរដ្ឋ និង អាជីវកម្មឯកជន។
គ្រាន់តែរឿងកាត់ដី បឹងតាមោក មួយកន្លែងឲ្យកូនចៅរបស់ខ្លួនយកធ្វើអាជីវកម្មអ្វីមួយ នាយក្រសួងម្នាក់ពោលថា៖ ចុះបើអនុក្រឹត្យចេញពីនាយករដ្ឋមន្រ្តីមកទៅហើយ អ្នកណាទៅហ៊ាននិយាយ ហ៊ានសួរ?
តាមសេចក្តីរាយការណ៍ អង្គការឃ្លាំមើលអាជីវកម្មឧក្រិដ្ឋអន្តរជាតិ Global Witness ឆ្នាំ២០១៦ សមាជិកគ្រួសារត្រកូល ហ៊ុន ចុះឈ្មោះក្រុមហ៊ុនក្នុងបញ្ជីទាំងអស់មានចំនួន ១១៤ ក្រុមហ៊ុនក្នុងស្រុក មានទឹកប្រាក់ទុនចំនួនជាង ២០០ លានដុល្លារ ដោយមិនរាប់បញ្ចូលក្រុមហ៊ុនចំនួន ១៦ ដែលគ្មានឯកសារតួលេខទុន។ ក្រុមហ៊ុនចំនួន ១០៣ ឬស្មើនឹង ៩០% មានសមាជិកគ្រួសារលោក ហ៊ុន សែន គ្រប់គ្រង កាន់កាប់ ចាត់ចែងក្រុមហ៊ុនជាប្រធាន ជានាយក/នាយិកា ឬជាអ្នកមានភាគហ៊ុនជាង ២៥%។
ក្នុងបណ្តាក្រុមហ៊ុន ៤៤ ក្រុមហ៊ុន ដែលមានឯកសារបញ្ជាក់អំពីអ្នកចូលហ៊ុន ផ្តល់ចំណែកហ៊ុនដល់សមាជិកគ្រួសារទាំងអស់ ដោយគ្រាន់ដាក់ហ៊ុន ៥% ប៉ុណ្ណោះ។ ក្រុមហ៊ុនចំនួន ៣០ ក្រុមហ៊ុន ឬស្មើនឹង ២៦% ដែលមានជាប់ខ្សែជាមួយនឹងគ្រួសារ ហ៊ុន (ហ៊ុន សែន) ចុះបញ្ជីដាក់ថា ជាក្រុមហ៊ុនឯកជនសមាជិកទោលមានកំណត់ (Single Member Private Limited Company)។ ទាំង ៣០ ក្រុមហ៊ុននេះ សមាជិគ្រួសារត្រកូល ហ៊ុន ធ្វើជាប្រធាន ឬនាយក/នាយិកាទាំងអស់។
ដោយឡែកពីសាច់ឈាមផ្ទាល់លោក ហ៊ុន សែន ឈ្មួញធំៗដែលជួយទ្រទ្រង់ត្រកូល ហ៊ុន និង បក្សប្រជាជនកម្ពុជា ហើយទាញផលពីសម្ព័ន្ធមេត្រីភាពនោះរៀងៗខ្លួន មានដូចជាឧកញ៉ា លី យ៉ុងផាត់ ហៅ ផាត់ សុផាផា ឧកញ៉ា ទ្រី ភាព ឧកញ៉ា ឡាវ ម៉េងឃិន និងភរិយា ជឹង សុភាព ហៅយាយ ភូ ជាដើម។ អំណាចឧកញ៉ា លី យ៉ុងផាត់ សូម្បីតែប្អូនស្រីលោក ហ៊ុន សែន អ្នកស្រី ហ៊ុន ស៊ីណាត ក៏ខ្លបខ្លាចដែរ។ ក្រៅពីត្រកូល ហ៊ុន ផ្ទាល់ មានដន្លងលោក ហ៊ុន សែន ទៀត គឺភរិយាអតីតមេនគរបាល ហុក ឡងឌី អ្នកស្រី ម៉ែន ភក្តី ដែលមានភាគហ៊ុន ក្នុងក្រុមហ៊ុនដូចតទៅនេះ ៖ ក្រុមហ៊ុន ឌី & អឹម បាវ៉ិត តំបន់សេដ្ឋកិច្ចពិសេស (D&M Bavet SEZ Co.), ក្រុមហ៊ុន ស៊ីវីអាយ ទីសំណាក់កម្សាន្ត (CVI Resorts), ក្រុមហ៊ុន ស៊ីវីអាយ ដីធ្លី (CVI Land), ក្រុមហ៊ុនកម្ពុជាអគ្គិសនីឯកជន (Cambodia Electricity Private)។
តទៅនេះ ជាសេចក្តីរាយការណ៍ អំពីតួលេខចំនួនទុន ជាដុល្លារអាមេរិក ដាក់រកស៊ីក្នុងក្រុមហ៊ុនទាំងអម្បាលម៉ាន ដែលគ្រប់គ្រងដោយក្រុមគ្រួសារសែ ហ៊ុន។ មានក្រុមហ៊ុនរបស់អ្នកខ្លះ មិនបង្ហាញចំនួនទុន ក្រុមហ៊ុនអ្នកខ្លះទៀត បង្ហាញចំនួនទុនមួយផ្នែក មិនបង្ហាញមួយផ្នែក៖
១. ជីដូនមួយលោក ហ៊ុន សែន ឈ្មោះ ឌី ចូច ហៅ ហ៊ុន ចូច ដាក់ទុន ១ម៉ឺនដុល្លារ
២. កូនស្រី ហ៊ុន ម៉ាលី និង ប្តី សុខ ពុទ្ធាវុធ ដាក់ទុនជិត ១៨ លានដុល្លារ
៣. កូនស្រី ហ៊ុន ម៉ាណា និង ប្តី ឌី វិជ្ជា ដាក់ទុនជិត ៦៧ លានដុល្លារ
៤. កូនប្រុស ហ៊ុន ម៉ានិត និង ប្រពន្ធ ឌី ហុក ចិន្តាវី កូនស្រីអតីតមេនគរបាល ហុក ឡងឌី ដាក់ទុន ៥២ លានដុល្លារ
៥. កូនប្រុស ហ៊ុន ម៉ានី និង ប្រពន្ធ យឹម ឆាយលីន ដាក់ទុន ៧ ម៉ឺនដុល្លារ
៦. អ្នកស្រី ម៉ែន ភក្តី ប្រពន្ធអតីតមេនគរបាល ហុក ឡងឌី ជាម្តាយ ឌី ហុកចន្តាវី និង ឌី វិជ្ជា ដាក់ទុន ៥២លានដុល្លារ
៧. យឹម លៀង ភេទប្រុស បងប្អូន យឹម ឆាយលីន ប្រពន្ធ ហ៊ុន ម៉ានី ដាក់ទុន ២ លានដុល្លារ
៨. សុខ សុភ័គ កូនស្រីឧត្តមសេនីយ៍ប៉ូលិស សុខ ផល ជាប្រពន្ធរបស់ ហ៊ុន ស៊ាងហេង កូនប្រុសលោក ហ៊ុន ណេង ដាក់ទុន ១ម៉ឺនដុល្លារ
៩. ហ៊ុន តូ កូនលោក ហ៊ុន ណេង ក្មួយប្រុសលោក ហ៊ុន សែន រួមនឹងប្រពន្ធជនជាតិថៃ ឈ្មោះ ថៃ ជាក់គីតៃហៀន (Thai Jackie Tai Hien) ដាក់ទុនជិត ៧ លានដុល្លារ ប្រទេសកម្ពុជា ខុសពីប្រទេសដទៃភាគច្រើន បានប្រគល់សិទ្ធិគ្រប់គ្រង ចាត់ចែងតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) ទៅឲ្យក្រុមហ៊ុនឯកជន។
ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៤ រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជន របស់ឧកញ៉ាជិតស្និទ្ធនឹងត្រកូល ហ៊ុន ឬសាច់ថ្លៃរបស់លោក ហ៊ុន សែន គ្រប់គ្រងចាត់ចែងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ មានដូចជា នៅខេត្តស្វាយរៀងជាដើម ដែលមានប្រពន្ធលោក ហ៊ុន ណេង អ្នកស្រី លាង វួចឆេង និងដណ្លង អ្នកស្រី ម៉ែន ភក្តី ដែលមានទុន ១៣ លានដុល្លារ។ ចំពោះបញ្ហាបាត់ចំណូលរដ្ឋមួយផ្នែកទៀត គឺការសរសេរវិក្កយបត្រខុស (mis-invoicing)។ ការសរសេរ វិក្កយបត្រខុស គឺការចុះបញ្ជីរាយនាមមុខទំនិញក្លែងបន្លំតម្លៃពិត បរិមាណពិត និងគុណភាពពិត ពេលនាំចេញ និងនាំចូល ដោយឃុបឃិតគ្នា ជាមួយមន្រ្តីពុករលួយក្នុងចេតនាចៀសការបង់ពន្ធដារ តាមច្បាប់កំណត់។ អង្គការអន្តរជាតិ Global Financial Integrity ប៉ាន់ប្រមាណឃើញថា ពីឆ្នាំ២០១៣ រដ្ឋាភិបាលបាត់ចំណូលរាប់ពាន់លានដុល្លារ ពីការបន្លំឯកសារទំនិញ ពីក្រុមហ៊ុនជំនួញ គ្រប់គ្រងដោយក្រុមគ្រួសារលោក ហ៊ុន សែន ចំនួន ១៧ ក្រុមហ៊ុន ឬប្រមាណជា ១៥% នៃក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់។
នៅឆ្នាំនោះ សកម្មភាពអា ហរ័ណនីហរ័ណ មានទឹកប្រាក់ ១៨ ពាន់លានដុល្លារ ប៉ុន្តែទឹកប្រាក់ ៤ ពាន់លានដុល្លារ មិនឃើញក្នុងបញ្ជីបង់ពន្ធ ហើយហូរចូលមកដោយមិនស្របច្បាប់ទៅវិញ។ ឧទាហរណ៍មួយទៀត គឺការនាំឈើចេញទៅ ហុងកុង នៅឆ្នាំ២០១៥ ដោយក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលគេកត់តម្លៃឈើឲ្យខុស ដើម្បីគេចពន្ធ។
តាមនិយមន័យនៃពាក្យ សរសេរវិក្កយបត្រខុស ឬរាយការណ៍ខុស អំពីមុខទំនិញ តម្លៃ បរិមាណ និង គុណភាពពិត (mis-invoice or misreport) ក្នុងសេចក្តីរាយការណ៍ពីអង្គការអន្តរជាតិ Global Financial Integrity ឈ្មួញទុច្ចរិតមានបំណង ឬចេតនា ៤ យ៉ាង៖
១. លាងលុយកខ្វក់ ទទួលបានពីប្រភពខុសច្បាប់ ដោយបង្វែរលុយទៅលាក់ក្រៅប្រទេស
២. គេចពន្ធគយ ៖ ឈ្មួញនាំទំនិញចូល បន្ទាបតម្លៃមុខទំនិញ
៣. គៃពន្ធដារ ៖ ឈ្មួញនាំផលិតផលចេញពីប្រទេសណាមួយ តម្លើងតម្លៃទំនិញ
៤. គេចវេះការត្រួតពិនិត្យដើមទុន ៖ តម្លើងតម្លៃទំនិញ ដើម្បីយកលុយចេញពីប្រទេស។
ខ្ញុំ ហាស់ សាន
The Cambodia Daily រដ្ឋធានីវ៉ាស៊ិនតុន

.
.