The Cambodia Daily
16-3-2023
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កំពុងរៀបចំឱ្យកម្ពុជាក្លាយជាការគ្រប់គ្រងអំណាចតាមបែបសន្តតិវង្ស ដោយលោក ហ៊ុន សែន រំលោភសិទ្ធិអំណាចមន្ត្រីជាន់ខ្ពស់ផ្ទៃក្នុងបក្ស និងលុបបំបាត់អំណាចគ្រួសារមេដឹកនាំទាំងនោះ តាមរយៈការលុបបំបាត់តួនាទីកូនៗរបស់ពួកគេ នៅតាមស្ថាប័នសំខាន់ៗទាំងអស់។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃអង្គារ ថា សព្វថ្ងៃនេះលោក ហ៊ុន សែន កំពុងប្រើមនុស្សរបស់គាត់ ឱ្យទៅគ្រប់គ្រងតាមស្ថាប័នសំខាន់ៗទាំងអស់ ដើម្បីទប់ស្កាត់អំណាចមន្ត្រីជាន់ខ្ពស់ផ្ទៃក្នុងរបស់ខ្លួន ដូចជាលោក ស ខេង និងលោក ទៀ បាញ់ ជាដើម។
លោក គឹម សុខ អះអាងថា អំណាចរបស់លោក ស ខេង នៅក្រសួងមហាផ្ទៃសព្វថ្ងៃនេះ កំពុងហ៊ុមព័ទ្ធដោយមនុស្សរបស់លោក ហ៊ុន សែន យ៉ាងជុំជិត ដូចជាលោក នេត សាវឿន កាន់តួនាទីជាអគ្គស្នងការនគរបាលជាតិ លោក ឌី វិជ្ជា កាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ក់ ជីតូ កាន់តួនាទីជាអគ្គស្នងការរងនៃ អគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន ជាដើម។
ដោយឡែកកូនប្រុសលោក ស ខេង គឺលោក ស សុខា ត្រូវបានលោក ហ៊ុន សែន រៀបចំសេណារីយ៉ូឱ្យកាន់តួនាទីត្រឹមតែជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប៉ុណ្ណោះ ដូច្នេះពេលលោក ស ខេង ចូលនិវត្តន៍ មនុស្សរបស់លោក ហ៊ុន សែន នឹងឡើងគ្រប់គ្រងក្រសួងមហាផ្ទៃ ជំនួសគាត់ជាមិនខាន។
អ្នកវិភាគឯករាជ្យរូបនេះលើកឡើងថា ចំណែកអំណាចលោក ទៀ បាញ់ នៅក្នុងក្រសួងការពារជាតិ ក៏កំពុងត្រូវបានលោក ហ៊ុន សែន រៀបផែនការប្លន់យកដែរ គឺគាត់បានស្នើឱ្យព្រះមហាក្សត្រតែងតាំងលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសបង្កើតរបស់គាត់ឲ្យកាន់តួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលមានន័យថា នៅពេលដែលអវត្តមានលោក ទៀ បាញ់ លោក ហ៊ុន ម៉ាណែត នឹងជំនួសតំណែងនេះដោយស្វ័យប្រវត្តិ ខណៈលោក ហ៊ុន ម៉ាណែត នៅពេលនេះ កំពុងតែកាន់តួនាទីជាអគ្គមេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម ទៅហើយនោះ។
ដោយឡែកកូនប្រុសលោក ទៀ បាញ់ គឺលោក ទៀ សីហា ត្រូវបានលោក ហ៊ុន សែន រៀបចំឱ្យកាន់តួនាទីត្រឹមតែជាអភិបាលខេត្តសៀមរាប ប៉ុណ្ណោះ ដូច្នេះកូនៗរបស់ពួកគេ មិនអាចមានតួនាទីក្នុងស្ថាប័ន ដែលឪពុកកំពុងកាន់កាប់ដូចលោក ហ៊ុន សែន ឡើយ។
លោក គឹម សុខ បញ្ជាក់ថា បន្ទាប់ពីរៀបចំឱ្យកូនៗមន្ត្រីជាន់ខ្ពស់ នៅជួរផ្ទៃក្នុងរបស់ខ្លួន ឱ្យចេញផុតពីស្ថាប័នកងទ័ពហើយនោះ លោក ហ៊ុន សែន បានរៀបចំឱ្យកូនៗរបស់គាត់ ចូលកាន់តាមស្ថាប័ននេះទាំងអស់ ដូចជាលោក ហ៊ុន ម៉ាណែត ម្នាក់ឯងកាន់តំណែងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទផង ជាអគ្គមេបញ្ជាការកងទ័ពជើងគោកផង ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងតំណែងមួយចំនួនផ្សេងទៀតផងដែរ។
ចំណែកលោក ហ៊ុន ម៉ានិត សព្វថ្ងៃនេះ ក៏កំពុងកាន់តួនាទីជាអគ្គនាយកនៃ អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់ក្រសួងការពារជាតិផង ជាអនុប្រធានគណៈកម្មការដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញាផង ជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផង និងជានាយករងខុទ្ទកាល័យរបស់លោក ហ៊ុន សែន ផងដែរ។
ដោយឡែកលោក ហ៊ុន ម៉ានី កំពុងកាន់តួនាទីជាគណៈកម្មាធិការទី៧ នៃរដ្ឋសភាជាតិ និងគ្រប់គ្រងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្របដណ្តប់ទៅលើយុវជន និងស្ថាប័ននៅមូលដ្ឋាន ចាប់តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិ ដែលបង្ហាញឱ្យឃើញថា កូនប្រុសពៅរបស់លោក ហ៊ុន សែន រូបនេះកំពុងឆ្ពោះទៅរកការគ្រប់គ្រង លើមន្ត្រីរាជការស៊ីវិលទាំងអស់ នៅថ្ងៃមុខផងដែរ។
លោក គឹម សុខ គូសបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គ្មានអនុស្សាវរីយ៍ប្រវត្តិតស៊ូ ឬធ្វើការជាមួយកូនលោក ស ខេង កូនលោក ទៀ បាញ់ ឬកូនអ្នកស្រី ម៉ែន សំអន ទេ ដូច្នេះដើម្បីអំណាចរបស់គាត់កាន់តែរឹងមាំ គាត់នឹងត្រូវកម្ចាត់អ្នកទាំងនោះ ឱ្យអស់ពីតួនាទីសំខាន់ៗក្នុងស្ថាប័នរដ្ឋ ព្រោះថា មានតែកម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលអាចគំរាមកំហែងដល់អំណាចគ្រួសារ ហ៊ុន និងការស្នងអំណាចរបស់គាត់ខ្លាំងបំផុតទៅថ្ងៃមុខ។
អង្គការឃ្លាំមើលពិភពលោក គ្លប៊ល វីនេស (Global Witness) បានចេញរបាយការណ៍កម្រាស់ជិត ៦០ទំព័រកាលពីពេលកន្លងទៅថា ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃនេះបានបែងចែកគ្នាកាន់តួនាទីធំៗ ក្នុងជួររដ្ឋាភិបាលឯកបក្សរបស់លោកទាំងអស់ ដូចជា៖
- លោក ហ៊ុន សែន កាន់តំណែងជានាយករដ្ឋមន្ត្រី
- អ្នកស្រី ប៊ុន រ៉ានី កាន់តំណែងជាប្រធានកាកបាទក្រហម
- លោក ហ៊ុន ម៉ាណែត កាន់តំណែងជាអគ្គមេបញ្ជាការកងទ័ពជើងគោក
- លោក ហ៊ុន ម៉ានី កាន់តួនាទីជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា
- និងលោក ហ៊ុន ម៉ានិត កាន់តួនាទីជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ ជាដើម។
ក្រៅពីដាក់សាច់ញាតិខ្លួនឯងតាមស្ថាប័នរដ្ឋ ក៏មានការចងបណ្ដាញសាច់សាលោហិតផ្សេងទៀត តាមមុខជំនួញជាច្រើនផងដែរ ដូចជា អ្នកស្រី ហ៊ុន ម៉ាណា មានតួនាទីជាអគ្គនាយកទូរទស្សន៍បាយ័ន និងប្រព័ន្ធផ្សាយរបស់ជាតិទាំងអស់ ខណៈអ្នកស្រី ហ៊ុន ម៉ាលី គឺជាប្រធានក្រុមហ៊ុន Visa ក្រុមហ៊ុន Unilever ក្រុមហ៊ុន Procter & Gamble Honda និងមានភាគហ៊ុននៅក្រុមហ៊ុនស្រាបៀ Tiger ផងដែរ។
អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងថា អ្នកនយោបាយពិតប្រាកដ ត្រូវតែមានគំនិតដោះស្រាយបញ្ហា និងកសាងប្រទេសជាតិឱ្យបានរីកចម្រើន និងសុំឱ្យប្រជាពលរដ្ឋសហការចូលរួមសកម្ម ក្នុងការអនុវត្តផែនការស្ដារអភិវឌ្ឍន៍ប្រទេសរបស់ខ្លួន ដើម្បីជាតិមាតុភូមិរីកចម្រើន ថ្កុំថ្កើង រុងរឿងទៅថ្ងៃអនាគត មិនមែនជាការហែកហួរប្រទេសជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដើម្បីអំណាចបក្ខក្រុមណាមួយនោះឡើយ៕
.