(ប្រភព៖ ដោយលោក មាន ប្ញទ្ធិ នៃវិទ្យុអាស៊ីសេរី RFA /19-12-2019)

ចាប់​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ​២០១៧ ក្រោយ​របប​លោក ហ៊ុន សែន បើក​​យុទ្ធនាការ​​​រម្លាយ​ប្រជាធិបតេយ្យ និង​​រំលោភ​​សិទ្ធិមនុស្ស «​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​» ដើម្បី​ធានា​​ជ័យជម្នះ​​ជា​និរន្ត​ក្នុង​ការ​បោះឆ្នោត​រួច​​មក របប​នេះ​ ទទួលរង​នូវ​សម្ពាធ​​ជា​ការ​ថ្កោលទោស និង​ទណ្ឌកម្ម​ហូរហែ​ ពី​សហគមន៍​អន្តរជាតិ។ តើ​មន្ត្រី​កម្ពុជា​ណាខ្លះ កំពុង​ទទួលរង​ទណ្ឌកម្ម និង​​មាន​ប្រវត្តិ​អាក្រក់​ លើ​ឆាក​អន្តរជាតិ ក្រោយ​របប​លោក ហ៊ុន សែន សម្លាប់​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា?

សម្ពាធ​ជា​ទណ្ឌកម្ម​មក​​លើ​របប​លោក ហ៊ុន សែន ពី​សំណាក់​​សហគមន៍​​អន្តរ​ជាតិ ជាពិសេស​​សហរដ្ឋអាមេរិក និង​​សហភាព​អឺរ៉ុប ធ្លាក់​មក​ចំ​របប​នេះ ក្រោម​រូបភាព​​ចម្រុះ​។ ក្នុង​នោះ ជម្រើស​នៃ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ពី​សហភាព​អឺរ៉ុប តាមរយៈ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ពី​សហរដ្ឋអាមេរិក ក៏​កំពុង​ស្ថិត​ក្រោម​​ការពិចារណា​​នៅឡើយ។

ទន្ទឹម​នឹង​នេះ សហរដ្ឋអាមេរិក ក៏បាន​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ក្រោម​​រូបភាព​​ជា​​ការ​កាត់​ផ្ដាច់​ជំនួយ​​អភិវឌ្ឍន៍ និង​​ជំនួយ​​វិស័យ​យោធា លើកលែងតែ​​វិស័យ​​មនុស្សធម៌ ការ​មិន​ទទួល​ស្គាល់​​ពេញមុខ​​ពេញមាត់​​ជា​ផ្លូវ​​ការ​ ​នៃ​​រដ្ឋាភិបាល​អាណត្តិ​ថ្មី និង​​ការពង្រីក​​ទណ្ឌកម្ម​នៃ​​ការ​រឹតត្បិត​ទិដ្ឋាការ​ មិន​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​នៃ​របប​នេះ ជាន់​ដី​អាមេរិក​ជាដើម​។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ មក​លើ​មន្ត្រី​កម្ពុជា ដែល​​ជាប់​ពាក់ព័ន្ធ​​​​​អំពើ​រម្លាយ​​ប្រជាធិបតេយ្យ អំពើ​រំលោភបំពាន​​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ អំពើ​ល្មើសច្បាប់ ​ដូចជា​​ការប្រព្រឹត្តិ​អំពើពុករលួយ​​ជា​ប្រព័ន្ធ និង​ឧក្រិដ្ឋកម្ម​​បំផ្លាញ​​ព្រៃឈើ។

ប្រសិនបើ​ ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​ ទៅលើ​ក្បាលម៉ាស៊ីន​ដឹកនាំ ​នៃ​របប​​លោក ហ៊ុន សែន ដែល​​បាន​​បំផ្លាញ​​ប្រជាធិបតេយ្យ និង​​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ស្​នើ​ដោយ​​សមាជិក​ព្រឹទ្ធសភា និង​​តំណាងរាស្ត្រ​​អាមេរិក ចូល​​ជា​​ធរមាន នោះ​មន្ត្រី​​ជាន់ខ្ពស់​​សរុប ១៧​ រូប នៃ​របប​នេះ រួម​ទាំង​​លោក ហ៊ុន សែន និង​​កូនៗ​ផង​នោះ នឹង​​ឈរ​នៅ​​លំដាប់​មុខ​គេ ​នៃ​ការ​ទទួល​ទណ្ឌកម្ម​ ជា​ការ​បង្កក​ទ្រព្យ​សម្បតិ្ត និង​រឹតត្បិត​ទិដ្ឋាការ ​មិន​ឱ្យ​ជាន់​ដី​អាមេរិក​។ បើ​តាម​អតីត​តំណាងរាស្ត្រ​អាមេរិកាំង​ មកពី​រដ្ឋ​កាលីហ្វ័រនីញ៉ា នៃ​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​ នៃ​រដ្ឋសភា​អាមេរិក លោក Ed Royce ដែល​ធ្លាប់​បាន​ស្នើ​ឈ្មោះ​ ពួកគេ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៨ មន្ត្រី​ទាំង ​១៧ ​រូប​នេះ រួម​មាន​៖
១) លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​
២) លោក ស ខេង អនុប្រធាន​បក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​
៣) លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​
៤) លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​
៥) លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​
៦) លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​
៧) លោក កើត រិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌

ក្រៅពី​មន្ត្រី​ជាន់ខ្ពស់​នៃ ​គណៈរដ្ឋមន្ត្រី​របស់​លោក ក៏​មាន​ឈ្មោះ​មន្ត្រី​ជាន់ខ្ពស់​ ក្នុង​​ជួរ​ប៉ូលិស យោធា ក្រុម​គ្រួសារ និង​អង្គភាព​ប្រឆាំង​អំពី​ពុករលួយ ​នៃ​របប​នេះ​ដែរ ដែល​​ក្នុង​រួមមាន​៖
៨) លោក ប៉ុល សារឿន អតីត​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​
៩) លោក នេត្រ សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​
១០) លោក គន់ គីម អតីត​អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​
១១) លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
១២) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​​លោក ហ៊ុន សែន​
១៣) លោក ជួន សុវណ្ណ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​
១៤) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​​ជា​​មេបញ្ជាការ​​កងទ័ពជើងគោក
១៥) លោក សុខ ពុទ្ធិវុធ កូនប្រសា​រលោក ហ៊ុន សែន និង​ជា​ប្រធាន​​អគ្គ​នាយក​​ក្រុមហ៊ុន SOMA Group និង​
១៦) អ្នកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា​ក្រុមហ៊ុន Bayon Media Hight System និង​
១៧) លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​ឆ្លើយតប​នឹង​ច្បាប់​ដាក់ទណ្ឌកម្ម​ជាក់លាក់​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី ​២៩ ខែ​កក្កដា ឆ្នាំ ​២០១៩ ធ្លាប់​ពន្យុះ​អាមេរិក​ ឱ្យ​ដាក់ទណ្ឌកម្ម​របប​លោក ​ឱ្យ​បាន​ឆាប់ និង​ស្វាគមន៍​ ឱ្យ​អាមេរិក​រឹបអូស​យក​ទ្រព្យសម្បត្តិ​ របស់​ក្រុម​គ្រួសារ និង​បក្ខ​ពួក​លោក៖ «ហ៊ី! វីវរ​ហើយ គេ​ដាក់​ធ្វើ​ច្បាប់​ហ្នឹង វីវរ​ហើយ ហើយ​មក​ដាក់​ចំ​ខ្ញុំ​។ អើ​! ដាក់​មក ហើយ​​សូម​រឹបអូស​ទៅ​។ (​គេ​)​ថា​ទ្រព្យ​សម្បតិ្ត គ្រាន់តែ​ពូជ​អម្បូរ​របស់ ហ៊ុន សែន ត្រកូល ហ៊ុន មាន​ជាង​ ២០០០ លាន​ដុល្លារ​។ ខ្ញុំ​អំពាវនាវ​ឱ្យ​អាមេរិក មិន​ចាំបាច់​​និយាយ​ច្រើន កុំ​ចាំបាច់​​​ច្បាប់​ចេញ​អី ដកហូត​ពី​ឥឡូវ​ទៅ»។

លោក​និយាយ​ក្អេងក្អាង​ជា​សាធារណៈ​ដូច្នេះ ទាំង​ដែល​លោក​ដឹង​ច្បាស់​ថា កាលពី​ប្រមាណ ៤​ខែ​មុន​នេះ លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​ចំណាយ​លុយ​ជាង ១.២២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ជួល​ក្រុមហ៊ុន​អាមេរិក ឱ្យ​ជួយ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល និង​សភា​អាមេរិក កុំ​ឱ្យ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មក​លើ​របប​របស់​លោក​។ ការណ៍​នេះ គេ​នៅ​មិនទាន់​រាប់បញ្ចូល​ករណី​របប​នេះ ខ្វាត់ខ្វែង​ជួល​ក្រុមហ៊ុន​នៅ​អឺរ៉ុប​ជា​សម្ងាត់ ឱ្យ​ជួយ​បញ្ចុះបញ្ចូល​តំណាងរាស្ត្រ និង​មន្ត្រី​អឺរ៉ុប កុំ​ឱ្យ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា។

ផ្អែក​តាម ក្រសួង​យុត្តិធម៌​អាមេរិក នៅ​ថ្ងៃ​ទី​ ២៥ ខែ​មីនា ឆ្នាំ​២០១៩ តាមរយៈ​លោក អ៊ុច បូរិទ្ធ របប​លោក ហ៊ុន សែន បាន​ជួល ​ក្រុមហ៊ុន PacRim Bridges របស់​លោក Doug Erickson ក្នុង​ទឹកប្រាក់​កន្លះ​លាន​ដុល្លារ​អាមេរិក ($500,000.00) ក្នុង​មួយ​ឆ្នាំ​។ ៥ ​ថ្ងៃក្រោយ​មក​ទៀត នៅ​ថ្ងៃ​ទី ​២៩ ខែ​មីនា ឆ្នាំ​២០១៩ តាមរយៈ​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជា​ប្រចាំ​​សហរដ្ឋអាមេរិក របប​នេះ ​បាន​ចុះ​កិច្ចព្រមព្រៀង​​ទី២ ជួល​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Brownstein Hyatt Farber Schreck ក្នុង​ទឹកប្រាក់​ជាង ៧​ សែន​ដុល្លារ (US$720,000.00) ក្នុង​មួយ​ឆ្នាំ ឬ ១ ​សែន ​៨ ​ម៉ឺន​ដុល្លារ (US$180,000.00) ក្នុង​​មួយ​ត្រីមាស។ ទាំង​លោក ហ៊ុន សែន និង​ទាំង​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​នេះ បាន​​រក្សា​ភាព​​ស្ងៀមស្ងាត់​​ជុំវិញ​រឿង​នេះ ខណៈ​ទិន្នន័យ​នៃ​ការ​ចំណាយ​ថវិកា​ ជួល​ក្រុមហ៊ុន​អាមេរិក​នេះ ត្រូវ​គេហទំព័រ​​ក្រសួង​យុត្តិធម៌​​អាមេរិក លាតត្រដាង​​ជា​សាធារណៈ។

ក៏ប៉ុន្តែ ការ​ចំណាយ​ថវិកាជាតិ​យ៉ាង​សម្បើម​នេះ មិនបាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក បង្អង់​ល្បឿន​នៃ​ការ​ដាក់​ទណ្ឌកម្ម មក​លើ​របប​នេះ​ឡើយ​។ ដូច​តាម​ការ​ពន្យុះ​របស់​លោក ហ៊ុន សែន មែន គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៩ មាន​បុគ្គល​កម្ពុជា ៣ រូប ដែល​សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិតៗ​របស់​លោក ហ៊ុន សែន ត្រូវ​សហរដ្ឋអាមេរិក​ដាក់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​បង្កក ឬ​រាំង​ខ្ទប់​ទ្រព្យសម្បត្តិ​របស់​ពួកគេ ដែល​មាននៅ​អាមេរិក និង​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​រកស៊ី ឬ​ពាក់ព័ន្ធ​ជាមួយ​។ ការ​ដាក់​ទណ្ឌកម្ម​ជា​ប​ន្ត​បន្ទាប់​នេះ ធ្វើឡើង​ក្រោម​ច្បាប់ ក្លូប៊ល ម៉ែកនីតស្គី (Global Magnitsky Act) ដែល​មាន​ស្រាប់​របស់​អាមេរិក ហើយ​ដែល​មាន​ក្រសួង​រតនាគារ​ជា​អ្នក​អនុវត្ត​។ បុគ្គល​ទាំង ៣ រូប​នោះ រួមមាន លោក ហ៊ីង ប៊ុនហៀង ឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម។

លោក ហ៊ីង ប៊ុនហៀង (​កើត​ថ្ងៃ​ទី​ ០១ ខែ​មករា ឆ្នាំ​១៩៥៧) ជា​មនុស្ស​​ទីមួយ​​របស់​​កម្ពុជា ដែល​​រង​ទណ្ឌកម្ម​​ពី​ច្បាប់​នេះ កាល​ពី​ថ្ងៃ​ទី ​១២ ខែ​មិថុនា ឆ្នាំ​២០១៨ ដោយសារ​ប្រវត្តិ​​រំលោភបំពាន​​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​។ សហរដ្ឋអាមេរិក ​រក​ឃើញ​ថា លោក ហ៊ីង ប៊ុនហៀង និង​បញ្ជាការដ្ឋាន​​អង្គរក្ស​ ដែល​លោក​គ្រប់គ្រង មាន​ជាប់​ពាក់ព័ន្ធ​ នឹង​ព្រឹត្តិការណ៍​​វាយ​ប្រហារ និង​​អំពើ​ហិង្សា​​រាប់​មិន​អស់ ទៅលើ​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ ទៅលើ​សកម្មភាព​ប្រមូល​ផ្តុំ​ នៃ​ក្រុម​អ្នកតវ៉ា និង​សកម្មជន​គណបក្សប្រឆាំង យ៉ាងហោចណាស់​ ចាប់​តាំង​ពី​ឆ្នាំ ​១៩៩៧ មក រួម​ទាំង​ឧបទ្ទវហេតុ​ ទៅលើ​ជនជាតិ​អាមេរិកាំង ដែល​រង​របួស​​ដោយសារ​​ការវាយប្រហារ​​ដោយ​គ្រាប់បែកដៃ កាល​ពី​ឆ្នាំ​ ១៩៩៧​ ផង។ ចុងក្រោយ គឺ​ការ​វាយប្រហារ​​មក​​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាលពី​ឆ្នាំ ​២០១៥។

ខណៈ​លោក ហ៊ីង ប៊ុងហៀ​ង គ្រង​តំណែង​ទណ្ឌកម្ម​នេះ ​មិន​ទាន់​បាន​ស្រួលបួល​ផង ទណ្ឌកម្ម​ដូចគ្នា ​ក៏បាន​ធ្លាក់​មក​ចំ​មនុស្ស​ជំនិត ​របស់​លោក ហ៊ុន សែន ២ នាក់​ផ្សេងទៀត នៅ​ថ្ងៃ​ទី ​០៩ ធ្នូ ២០១៩ ចំ​ទិវា​ប្រយុទ្ធ​ប្រឆាំង​​នឹង​អំពើពុករលួយ​​អន្តរជាតិ។ ឧកញ៉ា ទ្រី ភាព ជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ និង​នាយ​ឧត្តមសេនីយ៍​​ផ្កាយ​មាស ៤ លោក គន់ គីម អនុប្រធាន​ទី​១​នៃ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ព្រមទាំង​អាជីវកម្ម និង​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ទទួលរង​​នូវ​​ទណ្ឌកម្ម​​បង្កក​​ទ្រព្យសម្បត្តិ​​ដូចគ្នា​នេះ​ដែរ ដោយសារ​តែ​ជាប់​ព័ន្ធ​នឹង​​ការប្រព្រឹត្តិ​​អំពើពុករលួយ និង​ឧក្រិដ្ឋកម្ម​បំផ្លាញ​ព្រៃឈើ​ ដ៏​សម្បើម​នៅ​កម្ពុជា។ ក្រសួង​រតនាគារជាតិ​អាមេរិក លាតត្រដាង​ថា លោក ទ្រី ភាព (កើត​ថ្ងៃ​ទី​ ១៥ ខែ​កក្កដា ឆ្នាំ​ ១៩៦៥) និង​លោក គន់ គីម (​កើត​ថ្ងៃទី​ ០១ ខែមករា ឆ្នាំ​ ១៩៥៤) គឺជា​​បុគ្គល​ទទួល​ខុសត្រូវ និង​ប្រព្រឹត្តិ​​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​​ ក្នុង​អំពើពុករលួយ ក្នុង​នោះ រួមមាន​អំពើ​កិបកេង​​ទ្រព្យសម្បត្តិ​រដ្ឋ ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ឯកជន​ មក​ធ្វើជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ការប្រព្រឹត្តិ​អំពើពុករលួយ​ ទាក់ទង​នឹង​​ការអនុវត្ត​​កិច្ចសន្យា ​ជាមួយ​រដ្ឋាភិបាល អំពើ​កេងប្រវ័ញ្ច​​លើ​​ធនធានធម្មជាតិ ឬ​អំពើ​​ស៊ីសំណូក ជាដើម។

បើ​តាម​អាមេរិក លោក ទ្រី ភាព បាន​ប្រើប្រាស់​ខ្សែស្រឡាយ​ ដ៏​សម្បើម​របស់​លោក​ នៅ​កម្ពុជា ដើម្បី​កាង​​អាជីវកម្ម​​កាប់​​ឈើ​​ទ្រង់ទ្រាយ​​ធំ ដោយ​បាន​​ពឹងផ្អែក​​ទៅ​លើ​​អំពើ​ស៊ុម​គ្រលុំ​​ ជាមួយ​​មន្ត្រី​​រដ្ឋាភិបាល និង​ទទួល​​បាន​​កិច្ច​គាំពារ​​ពី​រដ្ឋាភិបាល និង​​មន្ត្រី​​យោធា ដើម្បី​​ដឹកជញ្ជូន​​ទំនិញ​​ឈើ​​ខុសច្បាប់​​របស់​​លោក​។ លោក ទ្រី ភាព ក៏បាន​ប្រើប្រាស់​​បណ្ដាញ​យោធា ដើម្បី​ឱ្យ​​លោក ​អាច​ធ្វើ​​សកម្មភាព​​ដឹកជញ្ជូន​​ឈើ​ហ៊ុប យក​ទៅ​លក់​​ឱ្យ​​ប្រទេស​វៀតណាម ចិន អឺរ៉ុប និង​រុស្ស៊ី ជាដើម​។ ក្រៅ​ពី​នេះ ក្រុមហ៊ុន​ចំនួន ១១ ដែល​លោក​ក្ដោបក្ដាប់ ក៏​រង​នូវ​ទណ្ឌកម្ម​នេះ​ដែរ៖

១) ក្រុមហ៊ុន​ Try​ Pheap​ Group​ Co​., Ltd​.
២) ក្រុមហ៊ុន​ M.D.S​. Import​ Export​ Co​., Ltd​.
៣) ក្រុមហ៊ុន​ Try​ Pheap​ Dry​ Port​ Co​., Ltd​.
៤) ក្រុមហ៊ុន​ Try​ Pheap​ Engineering​ &​ Construction​ Co​., Ltd​.
៥) ក្រុមហ៊ុន​ Try​ Pheap​ Grand​ Royal​ Co​., Ltd​.
៦) ក្រុមហ៊ុន​ Try​ Pheap​ Import​ Export​ Co​., Ltd​.
៧) ក្រុមហ៊ុន​ Papa​ Petroleum​ Co​., Ltd​.
៨) ក្រុមហ៊ុន​ Try​ Pheap​ Property​ Co​., Ltd​.
៩) ក្រុមហ៊ុន​ Try​ Pheap​ Travel​ &​ Tours​ Co​., Ltd​.
១០​) ក្រុមហ៊ុន​ M D S Thmorda​ S E Z Co​., Ltd​. ​និង​
១១​) ក្រុមហ៊ុន​ ​Try​ Pheap​ Oyadav​ S E Z Co​., Ltd​.

ចំណែក​ឯ​លោក គន់ គីម វិញ ក្រសួង​រតនាគារ​អាមេរិក​ លាតត្រដាង​ថា លោក​ ជា​បុគ្គល​ចម្បង នៅ​ពីក្រោយ​​គម្រោង​ការ​អភិវឌ្ឍន៍​​នៅ ​ខេត្ត​កោះកុង ហើយ​​បាន​​ទទួល​ផលប្រយោជន៍​​ហិរញ្ញវត្ថុ​​កប់ក្តោង ​ពី​ទំនាក់ទំនង​​ជាមួយ​ក្រុម​ហ៊ុន​​ គ្រប់គ្រង​​ដោយ​​រដ្ឋអំណាច​នៃ​​ប្រទេស ​ចិន។ លោក គន់ គីម បាន​ប្រើប្រាស់​ទា​ហ៊ាន​​កង​យោធពល​ខេមរភូមិន្ទ ទៅ​បំភិត​បំភ័យ រឹបអូស ឬ​ឈូស​​ឆាយ​​ដីធ្លី ដែល​ក្រុមហ៊ុន​​ចិន​ ចង់បាន​។ អាមេរិក​ រក​ឃើញ​ថា លោក គន់ គីម ត្រូវ​បាន​ដកហូត​តួនាទី​ ពី​នាយ​សេនាធិកា​ចម្រុះ​នៃ ​កង​យោធពល​ខេមរភូមិន្ទ ដោយសារតែ​លោក​ មិនបាន​ចែករំលែក​ផល​ចំណេញ​ ពី​អាជីវកម្ម​ខុសច្បាប់​របស់​លោក ទៅ​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​ ក្នុង​ជួរ​រដ្ឋាភិបាល ​របស់​លោក ហ៊ុន សែន​។ ក្រៅ​ពី​នេះ សមាជិក​​ក្រុម​គ្រួសារ​​របស់​លោក ៣ នាក់ និង​ក្រុមហ៊ុន ​ដែល​ពួកគេ​ក្តោបក្តាប់​ចំនួន ៥ ក៏​ទទួល​រង​ នូវ​ទណ្ឌកម្ម​នេះ​ដែរ​។ សមាជិក​ក្រុម​គ្រួសារ​ទាំង ៣ ​នាក់របស់​លោក គន់ គីម ទាំងនេះ រួមមាន ភរិយា​របស់​លោក គឺ​អ្នកស្រី គីង ចាន់ឌី (កើត​ថ្ងៃ​ទី ​០១ ខែ​មីនា ឆ្នាំ​១៩៥៩) កូនប្រុស​របស់​លោក គឺ​លោក គីម ផារា (​កើត​ថ្ងៃ​ទី​ ១០ ខែ​កញ្ញា ឆ្នាំ​១៩៨៤) និង​កូនស្រី អ្នកនាង គីម សុផារី (​កើត​ថ្ងៃ​ទី ​១២ ខែ​ធ្នូ ឆ្នាំ​១៩៨២) ខណៈ​ក្រុមហ៊ុន​ សរុប​ចំនួន ៥ ដែល​ពួកគេ​ក្ដោបក្ដាប់​វិញ ក៏​​រង​ទណ្ឌកម្ម​​ដែរ៖

១) ក្រុមហ៊ុន​ 7 Makara​ Phary​ Co​., Ltd​.
២) ក្រុមហ៊ុន​ K D Rubber​ Plantation​ Co​., Ltd​.
៣) ក្រុមហ៊ុន​ Cambo​ Elite​ Security​ Force​ Co​., Ltd​.
៤) ក្រុមហ៊ុន​ Romdoul​ Capital​ Pawn​ Co​., Ltd​. ​និង​
៥) ក្រុមហ៊ុន​ Romdoul​ Development​ Co​., Ltd​.

ក្រៅ​ពី​នេះ ក៏​នៅ​មាន​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ របស់​លោក ហ៊ុន សែន រួម​​ទាំង​​ក្រុម​គ្រួសារ​របស់​​ពួក​គេ​​ផង រង​ការ​រឹតត្បិត​ទិដ្ឋាការ​ មិន​ឱ្យ​ជាន់​ដី​អាមេរិក ទៅតាម​​ករណី​​ជាក់ស្ដែង​​រៀងៗ​ខ្លួន តាម​អំណាច​ដាច់​ដោយឡែក​របស់​ ក្រសួង​ការបរទេស​អាមេរិក

បញ្ជី​ទណ្ឌកម្ម​អាមេរិក ទំនងជា​មិនទាន់​បិទ​បញ្ចប់​ត្រឹមនេះ​ទេ ដោយសារ​តែ​​នៅ​​មាន​​មន្ត្រី​ខ្មែរ​​គ្រាក់ៗ​​ដទៃ​​ទៀត មិន​ទាន់​ញញើត​​នឹង​កសាង​​កេរ​ឈ្មោះ​​លើ​ឆាក​​អន្តរជាតិ សម្បូរ​​រឿងអាស្រូវ​ ខាង​រំលោភ​សិទ្ធិ​​មនុស្ស និង​ទិញដូរ​​សញ្ជាតិ​​បរទេស ដោយ​​ប្រើប្រាស់​​ទឹក​ប្រាក់​​រាប់​លាន​ដុល្លារ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch កាលពី​ថ្ងៃ​ទី ​២៨ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ដាក់​បញ្ចូល​ឧត្តមសេនីយ៍ ១២ នាក់​​របស់​លោក ហ៊ុន សែន ជា «ឧត្តមសេនីយ៍​​បាតដៃ​កខ្វក់ ឬ​មាន​បាតដៃ​ប្រឡាក់​ឈាម»។

១) លោក ប៉ុល សារឿន អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ
២) លោក គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​
៣) លោក សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
៤) លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ
៥) លោក ជា ម៉ន មេបញ្ជាការរង​ ​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី៤
៦) លោក ប៊ុន សេង មេ​បញ្ជាការ​រង​​កងទ័ព​ជើងគោក និង​​ជា​មេបញ្ជាការ​​កង​យោធភូមិ​ភាគ​​ទី​៥
៧) លោក ជឿន សុវណ្ណ​ថា មេ​បញ្ជាការរង​​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​​ទី​២
៨) លោក ចាប ភក្តី នាយរង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​​ជា​​មេបញ្ជាកា​រ​កងពលតូច​ទ័ព​ពិសេស​​ឆត្រយោង​​៩១១
៩) លោក រ័ត្ន ស្រ៊ាង មេ​បញ្ជាការរង​​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស និង​​ជា​មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​​រាជធានី​ភ្នំពេញ
១០) លោក សុខ ផល រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ
១១) លោក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​រង នៃ​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន
១២) លោក ជួន សុវណ្ណ អនុរដ្ឋលេខាធិការ​​ក្រសួងមហាផ្ទៃ និង​​ជា​អតីត​ស្នងការ​​នគរបាល​​រាជធានី​​ភ្នំពេញ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ រក​ឃើញ​ថា ឧត្ដមសេនីយ៍​បាតដៃ​​កខ្វក់​​ទាំង ​១២​ ​រូប​​នេះ បាន​ធ្វើ​ជា​​ខ្នង​បង្អែក នៃ​របប​​នយោបាយ​​មួយ​ ​ពោរពេញ​​ដោយ​​អំពើ​​រំលោភ​បំពាន​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ​​ជា​ប្រព័ន្ធ និង​​មាន​ចរិត​​ផ្ដាច់ការ​​និយម​។ អង្គការ​នេះ​ថា ឧត្ដមសេនីយ៍​ទាំង ១២​ នាក់​នេះ សុទ្ធសឹង​តែ​ជា​​ក្រុម​បុគ្គល ​ដែល​​មាន​​ជាប់​ជំពាក់​​ក្នុង​អំពើ​​រំលោភ​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ឧក្រិដ្ឋកម្ម​​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​​ប្រឆាំង​មនុស្សជាតិ ដែល​​ពួកគេ ​បាន​ប្រព្រឹត្តិ​​ ចាប់​​តាំង​ពី​ទសវត្សរ៍​​ទី​​៧០ រហូត​មក​ទល់​​បច្ចុប្បន្ន​​នេះ។​

ក្នុង​ពេល​មាន​មន្ត្រី​មួយ​ចំនួន​ សុខចិត្ត​ទទួល​រង​ទណ្ឌកម្ម​​បរទេស ជំនួសមុខ​​ឱ្យ​របប​លោក ហ៊ុន សែន មន្ត្រី​ជំនិត​​ឱកាសនិយម​​មួយ​​ចំនួន​​ទៀត​​របស់​លោក ក៏​កំពុង​​រៀបចំ​​ផែនការ​សម្ងាត់ ​ចាប់​តាំង​​ពី​ឆ្នាំ ​២០១៦ ​មក ត្រៀម​វេច​​បង្វេច​​រត់ចោល​​លោក ហ៊ុន សែន ពេល​ប្រទេស​ ​មាន​អាសន្ន និង​ទុក​ឱ្យ​លោក ​ទទួល​ខុសត្រូវ​តែ​​ម្នាក់ឯង​។ បុគ្គល​ទាំង ៨ រូប ក្នុង​នោះ​ រួម​ទាំង​ក្មួយ​ស្រី​បង្កើត​​របស់​លោក និង​សាច់ញាតិ​​របស់​​ពួកគេ បាន​​ជាប់​​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ទិញ​ដូរ​​សញ្ជាតិ​ស៊ី​ប (Cyprus) ដែល​បង្ហាញ​ថា ពួកគេ​​ត្រៀម​​ក្បត់​លោក ហ៊ុន សែន ក្នុងពេល​ដែល​លោក ហ៊ុន សែន លែង​​មាន​ប្រយោជន៍​​សម្រាប់​​ពួកគេ​។ បុគ្គល​ទាំង ៨ រូប​នេះ រួមមាន​៖

១) លោក អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​​ប្រពន្ធ​ អ្នកស្រី អឹម ប៉ូលីកា
២) អ្នកស្រី ហ៊ុន គីមឡេង ក្មួយ​ស្រី​លោក ហ៊ុន សែន និងប្តី​ លោក នេត សាវឿន ជា​អគ្គស្នងការ​​នគរបាល​​ជាតិ និង​កូនស្រី​ ២ ​នាក់​របស់​ពួកគេ​
៣) អ្នកស្រី ជឹង សុភាព ហៅ​យាយ ភូ និងប្តី​ គឺ​លោក ឡៅ ម៉េងឃីន សមាជិក​​ព្រឹទ្ធសភា​​គណបក្ស​​ប្រជាជន​​កម្ពុជា និង​​ជា​ម្ចាស់​​ក្រុមហ៊ុន ស៊ូកាគូ (Shukaku Inc.) ដែល​​ល្បី​ឈ្មោះ​ខាង​អំពើ​ច្បាម​​យក​ដី​​ពលរដ្ឋ​ នៅ​តំបន់​បឹងកក់។

បុគ្គល​កម្ពុជា​ទាំង ​៨ ​រូប​នេះ ក្រោយមក​ត្រូវ​រដ្ឋាភិបាល​ប្រទេស​ស៊ីប សម្រេច​​ដក​ហូត​​សញ្ជាតិ និង​​លុបចោល​​លិខិត​ឆ្លងដែន​​របស់​ពួក​គេ នៅ​​ចុង​ខែ​​វិច្ឆិកា ឆ្នាំ​​២០១៩ ក្រោយពី​រក​​ឃើញ​​ថា ពួកគេ បាន​ចំណាយ​ទឹកប្រាក់​​យ៉ាង​ហោច​ណាស់​​ជិត ៣​ លាន​ដុល្លារ​​ក្នុង​​ម្នាក់ៗ ដើម្បី​​ទិញ​សញ្ជាតិ​​ស៊ីប ហើយ​ដែល​​លុយ​ទាំងនេះ ​អាច​ជាប់​​ពាក់ព័ន្ធ​​នឹង​​អំពើ​​កេង​ប្រវ័ញ្ច ឬ​លួច​​លុយ​​ជាតិ ឬ​ករណី​លាង​​លុយ​កខ្វក់។

បើ​ទោះ​បី​ជា​មាន​តម្រុយ​ពី​រឿងរ៉ាវ​អាស្រូវ​លើ​ឆាក​អន្តរជាតិ និង​ប្រវត្តិ​​រំលោភ​​សិទ្ធិ​​មនុស្ស​ធ្ងន់​ធ្ងរ​​ជា​ប្រព័ន្ធ ដូចដែល​​បាន​​លាតត្រដាង​​ដោយ​ក្រុម​​ប្រទេស​​និយម​​ប្រជាធិបតេយ្យ​យ៉ាងណាក៏ដោយ របប​លោក ហ៊ុន សែន ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនដែល​​អើពើ​​បង្ហាញ​​ចេតនា​ ​បើក​ការស៊ើប​អង្កេត ដើម្បី​ដាក់​ទោស​ទណ្ឌ​ ​ទៅលើ​បុគ្គល​ទាំងនេះ​នោះ​ទេ​។ ផ្ទុយទៅវិញ របប​នេះ បែរ​ជា​ចេញមុខ​ ការពារ​ឱ្យ​មន្ត្រី​​ក្រោម​​ឱវាទ​​របស់​ខ្លួន ដោយ​អះអាង​ថា ពួកគេ​​មិន​ជាប់​ពាក់ព័ន្ធ​​នឹង​រឿង​រ៉ាវ​អាស្រូវ ​ដូចដែល​អន្តរជាតិ​​ ចោទប្រកាន់​នោះ​ទេ។

ជោគវាសនា​​នៃ​មនុស្ស​​ជំនិតៗ​​ដទៃ​ទៀត​​របស់​លោក ហ៊ុន សែន ទំនង​ជា​​គេច​​មិន​​ផុត​​ពី​បញ្ជី​​ទណ្ឌកម្ម​ របស់​សហរដ្ឋ​អាមេរិក ​នា​ពេល​ខាងមុខ​ឡើយ បើ​លោក ហ៊ុន សែន និង​​របប​លោក នៅតែ​ចរ​ចេស​​រឹងរូស​​ មិន​ព្រម​​ស្ដារ​​ប្រជាធិបតេយ្យ និង​​គោរព​​សិទ្ធិមនុស្ស​​ នៅ​កម្ពុជា ​ឡើងវិញ ខណៈ​សហភាព​អឺរ៉ុប​ ​ឯណោះ ក៏​កំពុង​​ពិចារណា​ ​បង្កើត​ច្បាប់​​ដាក់​ទណ្ឌកម្ម​ លើ​មន្ត្រី​ទុច្ចរិត​​ នៅ​ទូទាំង​ពិភពលោក៕