វិទ្យុអាស៊ីសេរី RFA
24-7-2023
ប្រជាពលរដ្ឋមួយចំនួន មិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នោះទេ ដោយពួកគេចាត់ទុកការបោះឆ្នោតនេះ គ្រាន់តែជាពិធីបុណ្យអភិសេកគម្រប់កិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុននឹងផ្ទេរអំណាចឱ្យកូនប្រុស ឱ្យមានឈ្មោះថា ជានាយករដ្ឋមន្ត្រីស្របច្បាប់ប៉ុណ្ណោះ។
ជាមួយនឹងជោគជ័យដែលគណបក្សប្រជាជនទទួលបាន ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ ហាក់មិនបានធ្វើឱ្យពលរដ្ឋខ្មែរមួយចំនួនពេញចិត្ត និងទទួលស្គាល់ការបោះឆ្នោតនេះឡើយ។ ពួកគាត់យល់ថា ជាការប្រកួតប្រជែងមិនស្មើភាពនោះទេ ព្រោះគ្មានគណបក្សភ្លើងទៀន ចូលរួម ហើយការរៀបចំ ការកំណត់ច្បាប់ការប្រកួត និងអាជ្ញាកណ្ដាលដែលជា គ.ជ.ប ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោកស្រី ហុង អាន មិនទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះទេ។ លោកស្រីយល់ឃើញថា ការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៣ នេះ នឹងបង្កើតឱ្យ មានសុទ្ធតែតំណាងរាស្ត្រមិនគ្រប់ទឹក ដែលចាំតែលើកដៃតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី ហុង អាន៖ «តាមការមើលឃើញរបស់បង ការបោះឆ្នោតនៅអាណត្តិនេះ វាមិនសុក្រឹត ហើយអត់មានយុត្តិធម៌ទេ ហើយក៏ជាការបោះឆ្នោត គេហៅថាសិប្បនិម្មិត ក្លែងបន្លំ។ បងមិនអាចទទួលយកបានទេ ដោយសារតែនៅលើពិភពលោកសព្វថ្ងៃ វាអត់មានការបោះឆ្នោតរបៀបនេះទេ»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋរស់នៅខេត្តបាត់ដំបង លោក ទឹង ងុកវ៉ា លើកឡើងបែបចំអកឡកឡាយ ថា ការបោះឆ្នោតអាណត្តិនេះ ទំនងប្រើប្រាស់រូបមន្តប្រជាធិបតេយ្យសេរីឯកបក្ស របស់មេដឹកនាំក្រាញអំណាច ដែលផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ។ លោកបន្តថា លោកមិនបានចាប់អារម្មណ៍ចាំមើលការប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតនេះទេ ព្រោះលោកដឹងហើយថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចចាស់វស្សានៅកម្ពុជានេះ នឹងឈ្នះភ្លូកទឹកភ្លូកដី ប៉ុន្តែអ្វីដែលលោកចាប់អារម្មណ៍នោះគឺ បន្ទាប់ពីបោះឆ្នោតហើយ តើស្ថានភាពកម្ពុជា នឹងទៅជាយ៉ាងណា? ប្រសិនបើប្រទេសលោកសេរី ចាត់ទុកការបោះឆ្នោតនេះ ជាការបោះឆ្នោតក្លែងក្លាយ និង ដកប្រព័ន្ធអនុគ្រោះពន្ធ EBA [អឺរ៉ុប] និង [GSP] អាមេរិក ពីកម្ពុជា បន្ថែមទៀតនោះ។
លោក ទឹង ងុកវ៉ា៖ «និយាយទៅខ្ជិល អត់ចង់មើលទេ បើមើលទៅខាតតែពេលវេលា ដដែលៗហ្នឹង ព្រោះការបោះឆ្នោតនៅលើគេ។ និយាយទៅថាអ្វីក៏ដោយ ការៀបចំរបស់គេ វានៅតែដដែល បើយើងតាមដាន វាខាតតែពេលវេលាយើង។ យើងទុកពេលវេលារកស៊ីដើម្បីក្រពះវិញ។ ប្រសិនជាមានគណបក្សដែលយើងគាំទ្រ បក្សដែលស្រលាញ់ហ្នឹង យើងអាចឆ្លៀតពេលតាមដានចង់ដឹងពីសង្គមជាតិ ចង់ដឹងពីការផ្លាស់ប្ដូរ តើប្រទេសជាតិយើងវាយ៉ាងម៉េច តែនេះវាដដែលៗពេក»។
ដោយឡែក ពលរដ្ឋម្នាក់ទៀត រស់នៅខេត្តសៀមរាប សុំមិនបញ្ចេញឈ្មោះ លើកឡើងថា ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋនោះទេ ដោយសារការបិទមិនឱ្យគណបក្សភ្លើងទៀន ដែលតំណាងឱ្យសំឡេងពលរដ្ឋរាប់លាននាក់ ចូលរួមប្រកួតប្រជែង។ ទន្ទឹមគ្នានេះ លោកអះអាងថា ការបោះឆ្នោតនេះ មានការរំលោភសិទ្ធិ និងបង្ខិតបង្ខំ ដូចជាការកៀរគរឱ្យពលរដ្ឋទៅបោះឆ្នោត និងមានមេភូមិចាំអង្គុយកត់ឈ្មោះអ្នកទៅឆ្នោតជាដើម។
«ខ្ញុំគិតថា មិនមានកម្លាំងណាមួយ ដែលអាចធ្វើឱ្យគណបក្សកាន់អំណាច គាត់មានការភ័យខ្លាចក្នុងការប្រកួតប្រជែងទេ អាហ្នឹងគឺ វាអយុត្តិធម៌ចំពោះគណបក្សប្រឆាំង។ ហើយមួយទៀត វាមើលឃើញអំពីភាពមិនប្រក្រតី ជារឿងអយុត្តិធម៌មួយផងដែរនោះ គឺការគំរាមកំហែងពាក់ព័ន្ធនឹកសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ ប្រសិនបើប្រជាពលរដ្ឋណា គាត់គូសសន្លឹកឆ្នោតចោល អាចមានគេដឹង មានគេអី អ៊ីចឹង អាហ្នឹក៏ជាភាពអយុត្តិធម៌មួយសម្រាប់ពួកគាត់ដែរ ដែលពួកគាត់អត់មានជម្រើសណាផ្សេង ក្នុងការទៅបោះឆ្នោតទេ»។
ចំណែក និស្សិតផ្នែកច្បាប់ លោក លី ចាន់ដារ៉ាវុធ យល់ឃើញថា ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ មិនខុសពីការបោះឆ្នោត កាលពីឆ្នាំ២០១៨ នោះទេ ដោយសារគ្មានវត្តមានគណបក្សប្រឆាំង ដែលរឹងមាំចូលរួមប្រកួតប្រជែង ហើយសមាសភាព គ.ជ.ប ភាគច្រើន មានកូតាមកពីគណបក្សកាន់អំណាច។ លោកលើកឡើងថា យោងតាមលទ្ធផលបឋម បើទោះបីជាគណបក្សហ៊្វុនស៊ិនប៉ិច (FUNCINPEC) ទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន ៥ ក៏ដោយ ក៏គណបក្សនេះ គ្មានឥទ្ធិពលមកលើគណបក្សកាន់អំណាចនោះទេ ព្រោះកន្លងមក គណបក្សហ៊្វុនស៊ិនប៉ិច ក៏ធ្លាប់បម្រើនយោបាយឱ្យគណបក្សកាន់អំណាចផងដែរ។
លោក លី ចាន់ដារ៉ាវុធ៖ «បើនិយាយរួមទៅ លទ្ធផលឆ្នោតនេះហ្នឹង គឺឈ្នះក្នុងលទ្ធផលបោះឆ្នោត ឈ្នះនៅក្នុងរដ្ឋសភា ប៉ុន្តែបើយើងមើលពីភាពស្របច្បាប់ និងការទទួលស្គាល់ពីអន្តរជាតិ វាហាក់បីដូចជានៅឆ្ងាយ មិនអាចទទួលយកបាន»។
លទ្ធផលបណ្ដោះអាសន្នក្រៅផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា អាចទទួលបាន ១២០ អាសនៈក្នុងចំណោមអាសនៈរដ្ឋសភាទាំងអស់ ១២៥។ ចំណែកឯគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច អាចទទួលបាន ៥ អាសនៈ។ ទោះជាបែបនេះក្ដី ពលរដ្ឋមួយចំនួនយល់ថា តំណាងរាស្ត្រទាំង ១២៥ នេះ មិនមែនជាតំណាងរបស់ពួកគាត់ ដែលជួយដោះស្រាយបញ្ហា និងទុក្ខលំបាកជូនពលរដ្ឋនោះទេ ដោយសមាជិកសភាទាំងនោះ ចាំតែលើកដៃគាំទ្រលោក ហ៊ុន សែន និងបម្រើប្រយោជន៍បក្សប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ហៅការបោះឆ្នោត ឆ្នាំ២០២៣ នេះ គឺជាការបោះឆ្នោតសិប្បនិម្មិត ដែលលោក ហ៊ុន សែន បង្កើតឡើងដើម្បីធ្វើឱ្យកូនប្រុសលោក គឺលោក ហ៊ុន ម៉ាណែត មានឈ្មោះជានាយករដ្ឋមន្ត្រីស្របច្បាប់ នៅពេលបន្តតំណែងពីលោក។
លោក ម៉ែន ណាត កត់សម្គាល់ឃើញថា ទោះបីជាលទ្ធផលបោះឆ្នោតបឋម បង្ហាញថា គណបក្សកាន់អំណាចស៊ីដាច់កៅអីភាគច្រើន នៅក្នុងរដ្ឋសភាហើយក្ដី ប៉ុន្តែលោក ហ៊ុន សែន ហាក់នៅមិនអស់ចិត្តជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះនោះទេ ដោយលោកបានធ្វើទុក្ខបុកម្នេញលើអ្នកដែលគូសខ្វែងសន្លឹកឆ្នោតចោល ដែលករណីនេះ ទំនងជាដោយសារមានសន្លឹកឆ្នោតដែលគូសខ្វែងចោលមានចំនួនច្រើន ដែលជះឥទ្ធិពលអាក្រក់ ទៅលើការបោះឆ្នោតបង្គ្រប់កិច្ចនេះ។
ប្រជាពលរដ្ឋមួយចំនួន ហាក់មិនរំពឹងថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នឹងលើកស្ទួយការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យល្អប្រសើរនោះទេ ព្រោះគោលជំហររបស់គណបក្សដែលមានពន្លកដុះចេញពីបក្សកុម្មុយនិស្ត មួយនេះ តែងតែគិតគូរ ពីផលប្រយោជន៍របស់បក្សជាធំ ជាងប្រជាពលរដ្ឋ៕
