ករណីលោក ហ៊ុន សែន ស្នើរុះរើសមាសភាពរដ្ឋមន្រ្តីមួយចំនួន នាំឲ្យមានសំណួរជាច្រើន ផ្តោតអារម្មណ៍ថា លោក ហ៊ុន សែន កំពុងរៀបចំជើងប្រួលបន្ថែមទៀត នូវតុល្យភាពកម្លាំងអំណាចផ្ទៃក្នុង នៅក្នុងជួរមន្រ្តីគ្រាក់ៗ នៃបក្សកាន់អំណាចរបស់លោក ពោលគឺលោក ហ៊ុន សែន បានមានផែនការជាជំហានៗ ឈានទៅការផ្ទេរអំណាចបណ្តើរៗ ទៅឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ការស្នើរុះរើសមាសភាពរដ្ឋមន្រ្តី ធ្វើឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២០ ដើម្បីឲ្យរដ្ឋសភា អនុម័តយល់ព្រម ហើយរដ្ឋសភា ក៏បានឆ្លើយតបភ្លាមៗថា ខ្លួននឹងកោះប្រជុំវិសាមញ្ញ នៅថ្ងៃទី ៣០ ខែមីនា។ សមាសភាពដែលត្រូវរុះរើ រួមមាន៖
– លោក ព្រុំ សុខា ដែលជាមនុស្សជំនិតរបស់ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងត្រូវទៅកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
– លោក កើត រិទ្ធ ជាមន្រ្តីជំនិតលោក ហ៊ុន សែន នឹងទៅកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ បន្តជួយជ្រោមជ្រែង លោក ហ៊ុន ម៉ាណែត លើផ្នែកយុទ្ធសាស្ត្រផ្លូវច្បាប់។
– លោក ឈិត សុខុន ជាមន្រ្តីដែលមិនមានឈ្មោះបោះសម្លេងពីមុន នឹងទៅកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា។
– លោក ជា វ៉ាន់ដេត ជាមន្រ្តីដែលមិនមានឈ្មោះបោះសម្លេងពីមុនដែរ នឹងកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ (ឬចុចត្រង់នេះ អានលំអិត)។
ក្រោមហេតុផល «មន្ត្រីស្ពឹកស្រពន់» ត្រូវផ្ទេរ ឬដកហូតតំណែង គឺជាយុទ្ធសាស្ត្ររបស់ លោក ហ៊ុន សែន ដែលតែងតែយកមកប្រើជាញឹកញាប់ ដើម្បីបង្ក្រាបមន្ត្រីទាំងឡាយណា ដែលមិននៅខាងភាគីលោក។ យុទ្ធសាស្រ្តនេះ ជាការកាច់បំបាក់កម្លាំងអំណាចប្រជែងគ្នាផ្ទៃក្នុង រវាងកម្លាំងខាងលោក ហ៊ុន សែន ខ្លួនឯង និងកម្លាំងខាងលោក ស ខេង។ ក្រុមរបស់លោក ស ខេង កំពុងស្ថិតនៅចំកណ្តាលនៃ ឥទ្ធិពលនយោបាយ រវាងប្រទេស ចិន និងប្រទេស វៀតណាម ដែលមានទំនាស់គ្នាយូរអង្វែង នៅឈូងសមុទ្រចិនខាត្បូង។
លោក ហ៊ុន ម៉ាណែត បង្ហាញមុខមាត់កាន់តែខ្លាំងឡើង ដឹកនាំបញ្ជាការងារមួយចំនួន ជំនួសឪពុករបស់លោក។ ក្រុមមន្ត្រីជំនិតៗវ័យក្មេងរបស់ លោក ហ៊ុន ម៉ាណែត ត្រូវបានផ្ទេរទៅកាន់តំណែងសំខាន់ៗ ទាំងនៅក្នុងស្ថាប័នយោធា និងស្ថាប័នស៊ីវិល ចាប់តាំងពីអាណត្តិទី៥ (២០១៣-២០១៨) ជាពិសេសនៅអាណត្តិទី៦ (២០១៨-២០២៣) នេះ គឺក្រោយពេលលោក ហ៊ុន សែន បញ្ជាឲ្យតុលាការ រំលាយចោលគណបក្សសង្គ្រោះជាតិ ហើយបោះឆ្នោតជាតិ តែគណបក្សកាន់អំណាចម្នាក់ឯង រួចប្រកាសជោគជ័យខ្លួនឯង។
ក្រុមមន្ត្រីជំនិតជើងចាស់មួយចំនួន របស់លោក ហ៊ុន សែន ត្រូវបានផ្លាស់ប្តូរតួនាទីចេញ ជាបណ្តើរៗ ក្រោមហេតុផលនេះ ឬហេតុផលនោះ មិនចេះចប់។ ក្រុមមន្រ្តីទាំងនោះ ត្រូវបានលើកទឹកចិត្តឲ្យកាន់តំណែងមិនសំខាន់ ហើយពួកគេ មិនអាចហ៊ានរអូរទាំ ឬ ហ៊ាននិយាយរឿងអន់ចិត្តរបស់ខ្លួន នៅជុំវិញការផ្លាស់ប្តូរតំណែងទេ ពីព្រោះថា ពួកគេម្នាក់ៗ សុទ្ធតែជាប់ជំពាក់ក្នុងរឿងផលប្រយោជន៍ ជាមួយក្រុមគ្រួសារលោក ហ៊ុន សែន រួមទាំងជាប់ជំពាក់អំពើពុករលួយផង។
ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលមេរោគកូរ៉ូណា ឬ Covid-19 នៅកម្ពុជា លោក ហ៊ុន សែន បានណែនាំរួចហើយ ឲ្យលោក ហ៊ុន ម៉ែណែត ជួបមេដឹកនាំកំពូលៗ របស់ប្រទេស ចិន នៅទីក្រុងប៉េកាំងថ្មីៗនេះ ដែលលោក ហ៊ុន សែន តែងហៅថា «ចិន ជាមិត្តដែកថែប»។ ជាមួយគ្នានេះ លោក ហ៊ុន សែន តម្រូវឲ្យលោក ហ៊ុន ម៉ាណែត បង្ហាញមុខមាត់យ៉ាងសម្បើម អង្គុយអមឪពុករបស់ខ្លួនជាញឹកញាប់ នៅតាមវេទិកាមួយចំនួន ដែលមានតួនាទីចែកអំណោយតាមរូបភាពជាច្រើនផ្សេងៗគ្នា ដូចជាការចែកក្រមា ចែកអង្ករ ចែកសារ៉ុង ជាដើម។
ប្អូនប្រុសរបស់លោក ហ៊ុន ម៉ាណែង មានលោក ហ៊ុន ម៉ានី សមាជិកសភា និងលោក ហ៊ុន ម៉ានិត មេដឹកនាំក្រុមចារកិច្ចយោធា មានភារកិច្ចជួយជ្រោមជ្រែងការងាររបស់លោក ហ៊ុន ម៉ាណែត តាមការចង្អុលបង្ហាញពីលោក ហ៊ុន សែន។ ហើយមន្ត្រីជំនិតៗរបស់លោក ហ៊ុន សែន ក៏ត្រូវបានតម្រូវឲ្យជួយជ្រោមជ្រែងការងាររបស់លោក ហ៊ុន ម៉ាណែត ដែរ។
ក្នុងផែនការ ១០ ឆ្នាំ ដែលលោក ហ៊ុន សែន ធ្លាប់បាននិយាយជាសាធារណៈថា «ហ៊ុន ម៉ាណែត អាចក្លាយជានាយករដ្ឋមន្រ្តី បន្តតំណែងពីលោកបាន គឺអាចកើតឡើងក្នុងអំឡុងឆ្នាំ ២០២៩ ទៅឆ្នាំ ២០៣០ បើសិន ម៉ាណែត ទទួលបានការគាំទ្រពី គណបក្សប្រជាជនកម្ពុជា និង ពីពលរដ្ឋ»។ (មានអត្ថបទលំអិត សូមអានត្រង់នេះ)។ គណបក្សប្រជាជនកម្ពុជា គឺជាបក្សកាន់អំណាចសព្វថ្ងៃ ដឹកនាំដោយលោក ហ៊ុន សែន ហើយជាបក្សកុម្មុយនីស្ត ក្រោមការជួយជ្រោមជ្រែងបង្កើតឡើងដោយលោក ហូ ជីមីញ នៃប្រទេស វៀតណាម តាំងពីឆ្នាំ ១៩៥១៕
អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ២៨ មីនា ២០២០
អត្ថបទទាក់ទង៖
– ការរុះរើសមាសភាពរដ្ឋមន្ត្រីមួយចំនួន ក្រោមពាក្យថា «ស្ពឹកស្រពន់»
– លោក ហ៊ុន សែន ថាគ្មានការផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត ទេ! លោកថាកាន់អំណាច ១០ឆ្នាំទៀត

.
.