អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
២៨ មីនា ២០២០

ករណីលោក ហ៊ុន សែន ស្នើ​រុះរើស​មាសភាព​រដ្ឋមន្រ្តី​មួយ​ចំនួន នាំ​ឲ្យមាន​សំណួរ​ជា​ច្រើន ផ្តោត​អារម្មណ៍​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ជើង​ប្រួល​បន្ថែម​ទៀត នូវ​តុល្យភាពកម្លាំង​អំណាច​ផ្ទៃក្នុង នៅ​ក្នុង​ជួរ​មន្រ្តី​គ្រាក់ៗ នៃ​​បក្ស​កាន់អំណាច​របស់​លោក ពោលគឺ​លោក ហ៊ុន សែន បាន​មាន​ផែនការ​ជា​ជំហានៗ ឈាន​ទៅ​ការផ្ទេរ​អំណាច​បណ្តើរៗ ទៅ​ឲ្យកូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។ ការ​ស្នើ​រុះរើ​សមាស​ភាព​រដ្ឋមន្រ្តី ធ្វើឡើង​នៅ​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០២០ ដើម្បី​ឲ្យរដ្ឋសភា អនុម័ត​យល់ព្រម ហើយ​រដ្ឋសភា ក៏​បាន​ឆ្លើយ​តប​ភ្លាមៗថា ខ្លួន​នឹង​កោះប្រជុំវិសាមញ្ញ នៅ​ថ្ងៃទី ៣០ ខែ​មីនា។ សមាសភាពដែល​ត្រូវរុះរើ រួម​មាន៖

លោក ព្រុំ សុខា ដែល​ជាមនុស្ស​ជំនិត​របស់ លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ នឹងត្រូវ​ទៅកាន់​តំណែង​ជា រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ។
លោក កើត រិទ្ធ ជាមន្រ្តី​ជំនិត​លោក ហ៊ុន សែន នឹង​ទៅ​​កាន់​​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​យុតិ្តធម៌ បន្ត​ជួយ​ជ្រោម​ជ្រែង​ លោក ហ៊ុន ម៉ាណែត លើ​ផ្នែក​យុទ្ធសាស្ត្រ​ផ្លូវ​ច្បាប់។
លោក ឈិត សុខុន ជាមន្រ្តីដែល​​មិនមានឈ្មោះ​​បោះ​សម្លេង​ពីមុន នឹង​ទៅ​​កាន់​​តំណែងជា រដ្ឋមន្រ្តី​ក្រសួង​ធម្មការ និង​សាសនា។
លោក ជា វ៉ាន់ដេត ជាមន្រ្តីដែលមិន​មាន​ឈ្មោះបោះ​សម្លេង​ពីមុន​ដែរ នឹង​កាន់​តំណែង​ជា រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

ក្រោមហេតុផល «មន្ត្រីស្ពឹកស្រពន់» ត្រូវផ្ទេរ ឬដកហូតតំណែង គឺ​ជា​យុទ្ធ​សាស្ត្រ​របស់ ​លោក ហ៊ុន សែន ដែល​តែង​​តែ​​យក​​មក​ប្រើ​ជា​ញឹក​ញាប់ ដើម្បី​បង្ក្រាប​មន្ត្រី​ទាំង​ឡាយ​ណា ដែល​​មិន​នៅ​ខាង​ភាគី​លោក។ ​យុទ្ធសាស្រ្ត​នេះ ជា​ការ​កាច់​បំបាក់​កម្លាំង​​អំណាច​ប្រជែងគ្នា​ផ្ទៃក្នុង រវាង​កម្លាំង​ខាង​លោក ហ៊ុន សែន ខ្លួន​ឯង និង​កម្លាំង​ខាង​​លោក ស ខេង។ ក្រុមរបស់​លោក ស ខេង កំពុង​ស្ថិត​​នៅ​ចំ​កណ្តាល​នៃ ឥទ្ធិពល​នយោបាយ រវាង​ប្រទេស​ ចិន និង​ប្រទេស​វៀតណាម ដែល​មាន​ទំនាស់​គ្នា​យូរ​អង្វែង នៅ​ឈូង​សមុទ្រ​ចិន​ខាត្បូង។

លោក ហ៊ុន ម៉ាណែត បង្ហាញ​​មុខមាត់​កាន់​តែ​ខ្លាំង​ឡើង ដឹកនាំ​បញ្ជា​ការងារ​មួយ​ចំនួន​ ជំនួស​ឪពុក​របស់​លោក។ ក្រុម​​មន្ត្រី​ជំនិត​ៗ​វ័យក្មេងរបស់ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ផ្ទេរ​ទៅ​កាន់​តំណែង​សំខាន់ៗ ទាំង​នៅ​ក្នុង​ស្ថាប័ន​​យោធា និង​ស្ថាប័ន​ស៊ីវិល ចាប់​តាំង​ពីអាណត្តិ​ទី​៥ (២០១៣-២០១៨) ជាពិសេស​នៅ​អាណត្តិទី៦​ (២០១៨​-​២០២៣) នេះ គឺ​ក្រោយពេល​លោក ហ៊ុន សែន បញ្ជា​​ឲ្យ​តុលាការ រំលាយ​ចោល​​គណ​បក្ស​សង្គ្រោះជាតិ ហើយ​បោះ​​ឆ្នោត​​ជាតិ តែគណបក្ស​កាន់អំណាច​ម្នាក់ឯង រួចប្រកាស​ជោគជ័យ​ខ្លួនឯង។

ក្រុមមន្ត្រី​ជំនិត​ជើង​ចាស់​មួយចំនួន​ របស់​លោក ហ៊ុន សែន ត្រូវ​បាន​ផ្លាស់​ប្តូរ​តួនាទី​ចេញ ​ជា​បណ្តើរៗ ក្រោម​ហេតុ​​ផល​​នេះ ឬ​ហេតុផល​នោះ មិន​ចេះ​ចប់។ ក្រុម​មន្រ្តី​ទាំង​នោះ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យកាន់​តំណែង​មិន​សំខាន់ ហើយ​​​ពួក​គេ មិន​​​អាច​​ហ៊ាន​រអ៊ូរទាំ ឬ ហ៊ាន​និយាយ​​រឿង​​អន់​ចិត្ត​​របស់​ខ្លួន នៅ​ជុំវិញ​ការផ្លាស់ប្តូរ​តំណែង​ទេ ពី​ព្រោះ​ថា ពួក​គេ​ម្នាក់ៗ សុទ្ធ​តែ​ជាប់​ជំពាក់​​ក្នុង​រឿង​ផលប្រយោជន៍ ជាមួយ​ក្រុមគ្រួសារ​លោក ហ៊ុន សែន រួម​ទាំង​ជាប់​ជំពាក់​​​អំពើ​​ពុករលួយ​​ផង។

ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ការរីក​រាល​ដាល​​មេរោគ​​កូរ៉ូណា ឬ Covid-19 នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ណែនាំ​រួច​ហើយ​ ឲ្យ​លោក ហ៊ុន ម៉ែណែត ជួប​មេដឹកនាំ​កំពូលៗ របស់ប្រទេស ចិន នៅ​ទីក្រុង​ប៉េកាំង​ថ្មីៗ​នេះ ដែល​លោក ហ៊ុន សែន តែង​ហៅថា «ចិន ជា​មិត្តដែក​ថែប»។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន តម្រូវ​ឲ្យ​លោក ហ៊ុន ម៉ាណែត បង្ហាញ​មុខមាត់​យ៉ាង​សម្បើម អង្គុយ​​អម​ឪពុករបស់ខ្លួន​ជាញឹក​ញាប់ នៅ​តាម​វេទិកា​មួយ​ចំនួន ដែល​មាន​តួនាទី​ចែក​អំណោយ​តាម​រូបភាព​ជាច្រើន​ផ្សេងៗ​គ្នា ដូចជា​ការចែក​ក្រមា ចែក​អង្ករ ចែក​សារ៉ុង ជាដើម។

ប្អូនប្រុស​របស់​លោក ហ៊ុន ម៉ាណែត មានលោក ហ៊ុន ម៉ានី សមាជិកសភា និង​លោក ហ៊ុន ម៉ានិត មេដឹក​នាំ​ក្រុម​ចារកិច្ច​យោធា មាន​ភារកិច្ច​ជួយ​ជ្រោម​ជ្រែង​ការងារ​របស់​លោក ហ៊ុន ម៉ាណែត តាម​ការចង្អុល​បង្ហាញ​ពី​លោក ហ៊ុន សែន។ ហើយ​មន្ត្រីជំនិតៗ​របស់​លោក ហ៊ុន សែន ក៏ត្រូវ​បាន​តម្រូវ​ឲ្យ​ជួយ​ជ្រោមជ្រែង​ការងារ​របស់លោក ហ៊ុន ម៉ាណែត ដែរ។

ក្នុងផែនការ ១០ ឆ្នាំ ដែលលោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​ជាសាធារណៈ​ថា «ហ៊ុន ម៉ាណែត អាច​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី បន្ត​តំណែង​ពីលោក​បាន គឺអាច​កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ ២០២៩ ទៅ​ឆ្នាំ ២០៣០ បើសិន​ ម៉ាណែត ទទួល​បាន​ការគាំទ្រ​ពី គណបក្សប្រជាជន​កម្ពុជា និង​ ពី​ពលរដ្ឋ»។ គណបក្សប្រជាជន​កម្ពុជា គឺជា​បក្ស​កាន់​អំណាច​សព្វថ្ងៃ ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហើយ​ជា​បក្ស​​កុម្មុយ​នីស្ត ក្រោម​ការជួយ​ជ្រោម​ជ្រែង​បង្កើត​​ឡើង​ដោយ​លោក ហូ ជីមីញ នៃ​ប្រទេស​​វៀតណាម តាំង​ពីឆ្នាំ ១៩៥១៕


អត្ថបទទាក់ទង៖
ការរុះរើស​មាសភាព​រដ្ឋមន្ត្រី​មួយចំនួន ក្រោម​ពាក្យ​ថា «ស្ពឹក​ស្រពន់»
លោក ហ៊ុន សែន ថាគ្មានការ​ផ្ទេរអំណាច​​​​ឱ្យ​លោក ហ៊ុន ម៉ាណែត ទេ! លោក​​​ថា​​​​កាន់​អំណាច ១០​​​ឆ្នាំ​​ទៀត

រូបភាព៖ លោក ហ៊ុន ម៉ាណែត និងលោក ម៉ែន ណាត
រូបភាព៖ លោក ហ៊ុន ម៉ាណែត និងលោក ម៉ែន ណាត

.

.