VOA Khmer / ដោយ អូន ឆេងប៉រ និង ទុំ ម្លិះ
08th-10-2018
ភ្នំពេញ — នៅក្នុងអ្វីដែលអាចជាការបង្ហាញជាសាធារណៈជាលើកដំបូង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់កាសែតជប៉ុន នៅក្នុងសប្ដាហ៍កន្លងទៅថា កូនប្រុសច្បងរបស់លោក គឺលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានលទ្ធភាពក្លាយជាមេដឹកនាំប្រទេស ទៅថ្ងៃអនាគត។
ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានធ្វើបទសម្ភាសជាលាយលក្ខណ៍អក្សរ ជាមួយនឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា អំឡុងពេលលោកបំពេញទស្សនកិច្ចរយៈពេលប្រាំថ្ងៃ នៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលជប៉ុន-មេគង្គ បានចុះផ្សាយកាលពីថ្ងៃសៅរ៍ថា៖ «លោក ហ៊ុន សែន ដែលកាន់អំណាចរយៈពេល ៣៣ ឆ្នាំមកហើយ បាននិយាយដែរថា លោកបានចាត់ទុកកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ថាអាចជាមេដឹកនាំមួយរូប ទៅថ្ងៃអនាគត នៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ»។
លោកនាយករដ្ឋមន្ត្រី ទើបបានដឹកនាំ គណបក្សប្រជាជនកម្ពុជា ដោយទទួលជ័យជម្នះលើការបោះឆ្នោតជាតិកាលពីខែ កក្កដា ដោយបានទទួលសំឡេងគាំទ្រគ្រប់គ្រងអាសនៈទាំងអស់ ១២៥ នៅរដ្ឋសភាក្រោមសន្ធឹករិះគន់ថា «ការបោះឆ្នោត បានប្រព្រឹត្តទៅក្រោមបរិបទ នៃការដេញចាប់ចងអ្នកជំទាស់»។
អំឡុងពេលដែល គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេមើលឃើញថា ជាគូប្រជែងស្មើគីឡូតែមួយគត់នឹងគណបក្សប្រជាជន ត្រូវបានតុលាការកំពូល រំលាយចោលកាលពីខែ វិច្ឆិកា ឆ្នាំទៅមិញ គេបានឮលោក ហ៊ុន សែន ទន្ទេញជាប់មាត់ថា លោកនឹងបន្តកាន់អំណាចរយៈពេលយ៉ាងហោចណាស់ ១០ ឆ្នាំទៀត។
សារព័ត៌មានដដែលរបស់ជប៉ុន បានចុះផ្សាយបន្ត ដោយស្រង់សម្ដីលោក ហ៊ុន សែន ទៀតថា៖ «យ៉ាងណាក្ដី លោក [ហ៊ុន សែន] បានទទួលស្គាល់ថា មិនថា លោក…ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត មានសមត្ថភាពដល់កម្រិតណាក៏ដោយ នៅពេលដែលពេលវេលាមកដល់ មានតែអំណាចប្រជាជន នៅទូទាំងប្រទេសទេ ដែលអាចសម្រេចថា អ្នកណានឹងក្លាយជាមេដឹកនាំថ្មីរបស់ពួកគេ»។
កាលពីខែកញ្ញា កន្លងទៅ លោក ហ៊ុន ម៉ាណែត ដែលគ្មានតួនាទីនយោបាយផ្លូវការ ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជំនួសនាយឧត្តមសេនីយ៍ មាស សុភា អតីតមេបញ្ជាការចាស់វស្សា ដែលត្រូវទៅទទួលតំណែងជា ទេសរដ្ឋមន្ត្រី នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី របស់លោក ហ៊ុន សែន។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ធ្លាប់បានថ្លែងប្រាប់សាធារណជនថា មិនយូរមិនឆាប់ លោក ហ៊ុន ម៉ាណែត មុខជានឹងត្រូវបានដំឡើងឋានន្តរស័ក្ដិជា «នាយឧត្ដមសេនីយ៍ ផ្កាយមាសបួន» ជាក់ជាមិនខាន។
លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោក ហ៊ុន សែន នៅក្នុងចំណោមបងប្អូនប្រុស ៣ នាក់ ដែលត្រូវបានអ្នកតាមដាន ប្រមើមើលទុកពីនាយថា អាចនឹងស្នងតំណែងកំពូលរបស់ឪពុកពួកគេ។
លោក ហ៊ុន ម៉ានិត កូនប្រុសទីពីរ បច្ចុប្បន្នជាអគ្គនាយកចារកម្មយោធា នៅក្រសួងការពារជាតិ ខណៈដែលលោក ហ៊ុន ម៉ានី កូនប្រុសពៅ កំពុងបំពេញតួនាទីជា ប្រធានគណៈកម្មការជំនាញអប់រំ និងវប្បធម៌នៅ រដ្ឋសភា ក្នុងនាមដំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាអ្នកដឹកនាំចលនាយុវជនធំបង្អស់មួយរបស់ប្រទេស។
នៅពេលត្រូវបានសួរថា លោកមានគោលបំណងស្នងតំណែងពី លោក ហ៊ុន សែន ជាឪពុកឬទេ លោក ហ៊ុន ម៉ានី ធ្លាប់បានប្រាប់វិទ្យុក្នុងស្រុកមួយ កាលពីចុងឆ្នាំ២០១៥ ថា ការក្លាយជានាយករដ្ឋមន្ត្រី របស់ប្រទេសជាសេចក្ដីប្រាថ្នា របស់យុវជនគ្រប់រូប។
ដោយឡែក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិក West Points បានបង្ហាញនូវការប្រុងប្រយ័ត្ន ដោយមិនផ្ដល់ចម្លើយចំៗទេថា លោកចង់ ឬមិនចង់ ស្នងតំណែងជានាយករដ្ឋមន្រ្តី ពីឪពុករបស់លោក នៅពេលត្រូវបាន អ្នកសារព័ត៌មាននៃបណ្ដាញទូរទស្សន៍ ABC អូស្ត្រាលី ជជីកសួរកាលពីឆ្នាំ២០១៥។
អំឡុងពេលអមដំណើរ លោក ហ៊ុន សែន ទៅចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់ អង្គការសហប្រជាជាតិ កាលពីចុងខែមុន លោក ហ៊ុន ម៉ាណែត បានរងការចោទប្រកាន់តាមរយៈការទម្លាយដោយអនាមិក នូវសារឆ្លើយឆ្លង លើបណ្ដាញទំនាក់ទំនងសង្គម ដែលអ្នកទម្លាយទំនងជាចង់បង្ហាញ អំពីទំនាក់ទំនងស្នេហាក្រៅចំណងមង្គលការ របស់លោក ជាមួយនឹងពិធីការនីទូរទស្សន៍មួយរូប គឺនាង យ៉ុង ខេមរា ដែលមានតួនាទីក្នុងជួរកងទ័ព។ ទាំងលោក ហ៊ុន ម៉ាណែត និងពិធីការិនីខាងលើ បានច្រានចោលការលើកឡើង ថាជារឿងមិនពិត។
ការឡើងតំណែងជាមេបញ្ជាការកងទ័ពជើងគោក បាននាំឱ្យលោក ហ៊ុន ម៉ាណែត ទទួលបានបន្ថែមនូវការគ្រប់គ្រងដោយឡែក ទៅលើបណ្ដាកងពលយុទ្ធសាស្ត្រសន្តិសុខសំខាន់ៗចំនួន ៥ ដែលពីមុនធ្លាប់ស្ថិតនៅក្រោមបញ្ជាផ្ទាល់ របស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ផ្អែកទៅលើការពិសោធនិងការអង្កេតផ្ទាល់ខ្លួនទៅលើគុណភាពការងារនៃកូនប្រុសច្បងរបស់លោក ដែលលោកបានបន្ថែមថាវានឹងពឹងផ្អែកលើសេរីភាពរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការសម្រេចជ្រើសរើសបេក្ខភាពមេដឹកនាំបន្ទាប់របស់បក្សនិងជាតិ ក្រោមអ្វីដែលលោកហៅថា«ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស»។
លោក ផៃ ស៊ីផាន បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ក៏ប៉ុន្តែដាច់ដោយឡែក យើងឃើញឯកឧត្ដម ហ៊ុន ម៉ាណែត មានអ្វីដែលគេហៅថា វិជ្ជាជីវៈ ជានាយទាហានដែលបានហ្វឹកហ្វឺនពី សហរដ្ឋអាមេរិក មានការទទួលវប្បធម៌ពីខាងលិច… ជាមួយហ្នឹង លោក ក៏បានចំណាយពេលច្រើន ជាមួយនឹងការងារជាតិ ការពារប្រទេសជាតិ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ដែរថា ការបង្ហើបរបស់លោកនាយករដ្ឋមន្ត្រី មិនមែនជាការបង្ហាញអំពីការរៀបចំផ្ទេរអំណាចផ្ដាច់មុខណាមួយទៅឱ្យកូនចៅ បន្តវង្សត្រកូលនោះទេ ដ្បិតអីលោកថា របបសេរីពហុបក្សរបស់ជាតិនិងបក្សនឹងបន្តបើកឱ្យមានការពិចារណាជាបន្តទៅលើបេក្ខភាពមេដឹកនាំបន្តវេន។
«ចំពោះគណបក្សប្រជាជន យើងមានរបៀបរបបការងារក្នុងការវាយតម្លៃបេក្ខជនណាមួយឱ្យក្លាយទៅជាឥស្សរជននៅក្នុងការងាររបស់រដ្ឋ រាប់ទាំងរដ្ឋមន្ត្រីរហូតទៅដល់នាយករដ្ឋមន្ត្រី។ ដូច្នេះផ្ទៃក្នុងរបស់គណបក្សប្រជាជនតាមរយៈលទ្ធិប្រជាធិបតេយ្យ មានការព្រមព្រៀងនៃការបោះឆ្នោត ផ្ដល់នូវលទ្ធភាពដល់បេក្ខជនណាមួយ ក្លាយជានាយករដ្ឋមន្ត្រី ក្នុងការប្រកួតប្រជែងតាមរយៈការបោះឆ្នោតសកលនោះឯង»។
សម្រាប់អ្នកអត្ថាធិប្បាយនយោបាយ កញ្ញា លី ស្រីស្រស់ ការបង្ហើបរបស់លោកនាយករដ្ឋមន្ត្រីអំពីបេក្ខភាពមេដឹកនាំទៅថ្ងៃអនាគត មិនមែនជារឿងចម្លែក ឬជារឿងភ្ញាក់ផ្អើលអ្វីពេកនោះទេ ដោយថាការបង្ហើបរបស់លោក ហ៊ុន សែន នៅមានលក្ខណៈទូលាយ ដោយមិនបញ្ជាក់ថា«មេដឹកនាំមួយរូប»ចង់សំដៅទៅលើតំណែង«នាយករដ្ឋមន្ត្រី»ឬយ៉ាងណា។
«ខ្ញុំឃើញថា វាអត់មានអ្វីដែលលក្ខណៈថាជាការចម្លែកទេ ពីព្រោះថា អំណាចនៅក្នុងថ្ងៃអនាគតរបស់ប្រទេសកម្ពុជាហ្នឹង លោកនាយករដ្ឋមន្ត្រីរបស់យើងហ្នឹង អាចផ្ទេរទៅកាន់កូនគាត់ ឬក៏អ្នកណាដែលជាសាច់ឈាមស្និទ្ធរបស់គាត់អ៊ីចឹងទៅ»។
តែកញ្ញា លី ស្រីស្រស់ ថា បេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត មានលទ្ធភាពនៅជួរមុខគេ ដោយសារតែការកាន់តួនាទីសំខាន់របស់លោក ក្នុងជួរយោធាកម្ពុជា ហើយកញ្ញាបន្ថែមថា បើលោកទៅគ្រប់គ្រងប្រទេសនាថ្ងៃអនាគត នឹងនាំឱ្យមានសេណារីយោមួយដែលយោធាមានតួនាទីកាន់តែសំខាន់ជាងមុនក្នុងកិច្ចការអភិបាលកិច្ចប្រទេស៕