អត្ថបទ វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសេចក្តីថ្លែងការណ៍ អំពាវនាវដោះលែងលោក ហ៊ុន កុសល ជាសកម្មជននយោបាយជិតស្និទ្ធលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោក យឹម ស៊ីណន អតីតប្រធានចលនាយុជនសង្គ្រោះជាតិនៅកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍នេះ ចុះហត្ថលេខាដោយលោក អ៊ាប សេង អគ្គលេខាធិការនៃវេទិកានេះ បានផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ សូមទាញយក «សេចក្តីថ្លែងការណ៍ (Download)» ឬអានអត្ថបទខាងក្រោម។
សេចក្តីថ្លែងការណ៍
សូមទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន
(ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣)
វេទិកាពលរដ្ឋ សូមអំពាវនាវដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទម្លាក់ចោលបទចោទ និងដោះលែងលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន សកម្មជននយោបាយនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាប់ខ្លួននៅទីក្រុងភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានទិតៀនលោក ហ៊ុន សែន លើបណ្តាញសង្គម ពាក់ព័ន្ធនឹងរូបភាពព្រះមហាក្សត្រ ព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ការទិតៀនរបស់លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ជាទម្រង់សេរីភាពក្នុងការបញ្ចេញមតិ មិនមែនជាការញុះញង់ ដូចការចោទប្រកាន់ឡើយ។
ការចាប់ខ្លួនសកម្មជនយោបាយទាំងពីរខាងលើ ជាការរំលោភរដ្ឋម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ កថាខណ្ឌទី១ ចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ»។ ជាងនេះទៀត ការចាប់ខ្លួននេះ ក៏ជាការរំលោភលើសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស មាត្រា១៩ ចែងថា «មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាព ក្នុងការបញ្ចេញមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាព ក្នុងការបញ្ចេញមតិ ដោយគា្មនការរជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែងរកការទទួលនិងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគា្មនព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ»។
វេទិកាពលរដ្ឋ លេីកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទប្រកាន់នានា និងដោះលែងអ្នកនយោបាយ និងសកម្មជនសង្គមទាំងឡាយ ដើម្បីជាប្រយោជន៍លេីកមុខមាត់ដល់ប្រទេសជាតិ ស្តារលទ្ធិប្រជាធិបតេយ្យ និងការផ្សះផ្សាជាតិ។
អ៊ាប សេង
អគ្គលេខាធិការវេទិកាពលរដ្ឋ



.