អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 28-12-2020

ក្រុមបញ្ញវន្តខ្មែរ​នៅ​ក្រៅ​ប្រទេស ត្អូញ​ត្អែរ​ថា ការ​ដឹក​នាំ​របស់​អ្នក​នយោបាយ​ខ្មែរ កំពុង​ទាញ​កម្ពុជា​ឲ្យ​ជួប​គ្រោះ​ហានិភ័យ​យ៉ាង​ធ្ងន់​ធ្ងរ ដែល​ជា​គ្រោះ​ថ្នាក់​មិន​អាច​ស្រោច​ស្រង់​បាន និង​បណ្តាល​ឲ្យ​បាត់​អត្តសញ្ញាណ​ជាតិ​ និង​បូរណភាព​ទឹកដី​ទៅ​ថ្ងៃ​អនាគត​ដោយ​ជៀស​មិន​ផុត​នោះ​ឡើយ បើ​សិន​អ្នក​នយោបាយ​​ដែល​មាន​ឥទ្ធិពល មិន​ប្រញាប់​ផ្សះ​ផ្សា និង​​រក​ឯកភាព​ជាតិ ទេ​នោះ។

ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ លោក ម៉ែន ណាត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ថាលោក ហ៊ុន សែន កំពុង​លេង​ល្បែង​ឈាន​ទៅ​រក​ការ​ក្តោប​ក្តាប់​សិទ្ធិ​អំណាច​ទាំង​ស្រុង​ គឺ​រំលោភ​តួនាទី​ព្រះ​មហា​ក្សត្រ ដើម្បី​រៀបចំ​យន្តការ​បញ្ជា​អំណាច​របស់​ខ្លួន តាម​មធ្យោបាយ​ដាក់​កៅ​អី​អង្គុយ​ក្បែរ​រាជ​បល្លង្គ ដើម្បី​បញ្ជា​ព្រះ​​មហា​ក្សត្រ​​តែ​​ម្តង។ លោក អះ​អាង​ថា ជម្រើស​បែប​នេះ ជា​យុទ្ធសាស្ត្រ​ល្អ​បំផុត ក្រោយ​ចាក​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ ដែល​អាច​​ជួយ​ឲ្យ​លោក ហ៊ុន សែន ក្តាប់​អំណាច​ពេញ​ដៃ​ដដែល។ {តម្រុយ​នេះ លេច​​ចេញ​តាម​រយៈលោក ហ៊ុន សែន ​ខំ​សម្រួល​ដំឡើង​​តួនាទី​ឲ្យ​​លោក ហ៊ុន ម៉ាណែត ដែល​ជា​​កូន​​ប្រុស​​ច្បង​របស់​លោក ឡើង​ជិត​ផុត​កំពូល​ទៅ​ហើយ ទាំង​ក្នុង​ជួរ​គណបក្ស ​និង​ក្នុងជួរ​រដ្ឋាភិបាល មុន​នឹង​ផ្ទេរ​អំណាច​​ទាំង​ស្រុង ទៅ​ឲ្យ​កូន​ប្រុស​រូប​នេះ តាម​យុទ្ធសាស្ត្រ​របស់​ខ្លួន}។

លោក ម៉ែន ណាត ព្រមា​នថា ទោះលោក ហ៊ុន សែន មាន​អំណាច​ធំ​យ៉ាង​ណា​ក៏​ដោយ ក៏​ជា​អំណាច​នោះ​ គឺ​ដើម្បី​បម្រើ​មហិច្ឆតា​​ឈ្លាន​ពាន​របស់​វៀតណាម និង​មហា​អំណាច​ចិន​កុម្មុយ​និស្ត​ប៉ុណ្ណោះ។ លើស​ពី​នេះ ប្រសិន​បើ​មាន​ភាគី​​នយោបាយ​ប្រឆាំង​​ដែល​​មាន​​ឥទ្ធិពល​ណា​មួយ ចូល​រួម​លេង​ល្បែង​នេះ នោះ​កម្ពុជា​នឹង​ជួប​គ្រោះ​ធ្ងន់​ធ្ងរ​ទ្វេ​ដង ហើយ​ពលរដ្ឋ​ខ្មែរ នឹង​រង​ទុក្ខ​ខ្លោច​ផ្សារ​ជាង​នេះ​បន្ថែម​ទៀត។

ការអះអាងនេះ ធ្វើ​​ឡើង​ដើម្បី​រិះ​គន់​លើ​ការ​ប្រើ​ប្រាស់​អំណាច​របស់​លោក ហ៊ុន សែន ដែល​បាន​រំលោភ​ស្ថាប័ន​ព្រះ​មហា​ក្សត្រ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដើម្បី​បើក​ដៃ​ឲ្យ​បរទេស​ឈ្លាន​ពាន​លុក​លុយ​ទឹកដី​ខ្មែរ​តាម​រយៈ​សន្ធិសញ្ញា​ខុស​ច្បាប់​នានា ដែល​ជា​ថ្នូរ​នឹង​ការ​កាន់​កាប់​អំណាច​បន្ត​ពូជ​របស់​ខ្លួន។

ទាក់ទិន​នឹង​បញ្ហានេះ កាល​ពី​ឆ្នាំ ២០០៥ លោក ហ៊ុន សែន គម្រាម​ថា​ បើ​ព្រះមហា​ក្សត្រ​​មិន​ព្រម​ចុះ​ហត្ថលេខា​យល់​​ព្រម​​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ យក​ទៅ​អនុវត្ត​ក្នុង​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​វៀត​ណាម​​ទេ​នោះ លោក​នឹង​រំលាយ​របប​រាជា​និយម​ ទៅ​ជា​របប​សាធារណៈរដ្ឋ វិញ​មិន​ខាន។

ក្រុមអ្នក​ឃ្លាំមើល​សង្គម ប្រតិកម្ម​ថា​ សន្ធិសញ្ញ​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០១៩ ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​នានា​ ដូចជា​សន្ធិ​សញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ​១៩៨៥ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​ជាមួយ​ប្រទេស​វៀតណាម គឺ​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ឆ្នាំ​១៩៩១។

ពួកគេ​រិះគន់ថា កម្ពុជា​នឹង​រអិល​ធ្លាក់​ជ្រោះ​​កាន់​តែ​ជ្រៅ ដែល​មិន​ស្រោច​ស្រង់​បាន បើ​អំណាច​ត្រកូល​ «ហ៊ុន» នៅ​តែ​បន្ត​​កាន់​កាប់​ទឹកដី​កម្ពុជា ត្បិត​ពួក​គេ​បាន​យក​បរទេស​ឈ្លាន​ពាន​ជាតិ​ឯង ធ្វើ​ជា​ខ្នង​បង្អែក ដើម្បី​ឈ្នះ​ល្បែង​ដែល​ខ្លួន​បាន​រៀប​ចំ​ឡើង ទោះ​​ត្រូវ​ជាន់​ពន្លិច​កម្ពុជា លិច​កប់​ក្នុង​ជ្រោះ​នយោបាយ​របស់​ពួកគេ​ក៏​ដោយ ក៏​ពួក​គេ​មិន​ញញើត​នឹង​ធ្វើ​ដែរ។

ក្រុមអ្នកឃ្លាំ​មើល​សង្គម ជំរុញ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ដែល​មាន​ឥទ្ធិពល​គ្រប់​និន្នាការ និង​គ្រប់​ភាគី​ទាំង​អស់ ​វិល​ទៅ​រក​ការ​ផ្សះ​ផ្សា និង​ឯកភាព​ជាតិ​ រវាង​ខ្មែរ​និងខ្មែរ ដោយ​ភាព​ស្មោះត្រង់ ដើម្បី​លើក​ស្ទួយ​ស្មារតី​ជាតិ​ឲ្យ​ខ្ពង់​ខ្ពស់ ដែល​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ និង​ប្រទេស​ជាតិ​របស់​ខ្លួន៕

.

.