អត្ថបទ VOD | ដោយ ខាន់ លក្ខិណា
23-8-2022
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការពារជាថ្មីថា រូបលោក មិនបានកាត់ «កោះត្រល់» និង «កម្ពុជាក្រោម» ប្រគល់ទៅឱ្យវៀតណាមឡើយ ដោយថា ទឹកដីកម្ពុជាក្រោម និង កោះត្រល់ ដែលបាត់ទៅ ដោយសារបារាំង ជាអ្នកកាត់ឱ្យវៀតណាមទៅវិញទេ។
ការអះអាងនេះ ធ្វើឡើងក្រោយពេលសហស្ថាបនិកគណបក្សសង្រ្គោះជាតិ ដែលតុលាការរំលាយ លោក សម រង្ស៊ី បានចេញមុខចោទប្រកាន់លោក ហ៊ុន សែន ជាថ្មីដែរថា នាយករដ្ឋមន្ត្រីក្នុងតំណែងរូបនេះ ជាជនក្បត់ជាតិ ដែលធ្វើឱ្យបាត់បង់កោះត្រល់ កាលពីឆ្នាំ១៩៨២។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងព្រមានថា សង្រ្គាមនៅកម្ពុជា នឹងកើតឡើង បើសិនជាគណបក្សប្រជាជនកម្ពុជា មិនបានដឹកនាំប្រទេសនោះ។
លោកថា ៖ «ពួកគេនេះ ឱ្យតែប៉ះវៀតណាម ដឹងតែរករឿងតែម្ដង។ អ៊ីចឹង បានខ្ញុំថា សង្គ្រាមនៅកម្ពុជា ចៀសមិនផុតទេ បើសិនជាគណបក្សប្រជាជន មិនគ្រប់គ្រងអំណាច គឺសង្គ្រាមនឹងផ្ទុះ! ខ្ញុំហ៊ាននិយាយអ៊ីចឹង! ហេតុអី? មានកត្តាពីរសំខាន់ ចាំមើលទៅ! កត្តាប្រើពាក្យ ត្រៀមខ្លួនរឹបអូសពីអ្នកមាន ឱ្យអ្នកក្រ។ អ៊ីចឹង សង្គ្រាមផ្ទៃក្នុងនឹងផ្ទុះ ដែលម៉ែអាណា ឱ្យហ្អែងរឹប [ទ្រព្យសម្បត្តិពីអ្នកមាន ចែកទៅអ្នកក្រ]? ទី២ ត្រៀមវាយយកទឹកដី ដែលបានបាត់បង់។ អ៊ីចឹង សង្រ្គាមនៅកម្ពុជា ជាមួយវៀតណាម ជាមួយថៃ ចៀសមិនរួច»។
លោក ហ៊ុន សែន ជំរុញគណបក្សនយោបាយ ដែលបានលើកឡើងបែបនេះ ដាក់ចេញផែនការ ក្នុងគោលនយោបាយរបស់ខ្លួន ពាក់ព័ន្ធនឹងរឿងទាមទារទឹកដី ពីប្រទេសវៀតណាម មកវិញ ប្រសិនបើពួកគេចិត្តសឿងនោះ។ លោកបញ្ជាក់ថា រឿងបាត់ទឹកដី ទៅប្រទេសវៀតណាមនេះ រូបលោក បានពន្យល់ចំនួន ៥ ម៉ោងនៅក្នុងរដ្ឋសភារួចហើយ កាលពីឆ្នាំ២០១២។
លោកនាយករដ្ឋមន្ត្រី ក៏បានបន្តថ្លែងការពារជាថ្មីថា រូបលោក មិនបានកាត់ កោះត្រល់ និង កម្ពុជាក្រោម ប្រគល់ទៅឱ្យវៀតណាម ឡើយ ដោយថា ទឹកដីកម្ពុជាក្រោម និង កោះត្រល់ ដែលបាត់ទៅ ដោយសារបារាំង ជាអ្នកកាត់ឱ្យទៅវៀតណាម តែប៉ុណ្ណោះ។
លោកថា ៖ «ប្រវត្តិទឹកដីយើង វាបាត់បង់ពេលណា អ្នកណាស្នេហាជាតិជាងសម្ដេចព្រះបិតាជាតិ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋទៀត? តើព្រះអង្គដែលទារកម្ពុជាក្រោម ត្រឡប់មកវិញទេ? តើព្រះអង្គធ្លាប់ទៅទារយក កោះហ៊្វួកុក {កោះត្រល់} ហ្នឹងត្រឡប់មកវិញ? តាមដែលព្រះអង្គ ត្រឹមទាមទារតាម លីង [ខ្សែបន្ទាត់] ប្រេវីយេ (Brévié) តែប៉ុណ្ណឹង! ម៉េចក៏អ្នកឯង មកនិយាយថា ខ្ញុំជាអ្នកប្រគល់កោះត្រល់ ឱ្យទៅវៀតណាម»។
លោកថា ៖ «បើយើង [យោងតាម]ផែនទី ទៅតម្កល់នៅអង្គការសហប្រជាជាតិ ទាំងទឹក ទាំងគោក គឺព្រំដែនរាល់ថ្ងៃ ដែលយើងកំពុងប្រើ ហើយមកដល់ម៉ោងនេះ វៀតណាម មិនទាន់ព្រមប្រើប្រាស់លីងប្រេវីយេ ធ្វើជាព្រំដែននៅឡើយទេ ព្រំដែនទឹក។ បើចេះយកបាននោះ យកតាំងពីជំនាន់ព្រះករុណានោះ មិនចាំបាច់ដល់ជំនាន់ ហ៊ុន សែន ទេ! ហ៊ុន សែន កើតក្រោយ កោះត្រល់ ត្រូវបាត់ទេ! ត្រូវបានសភាបារាំង បោះឆ្នោត ប្រគល់កាត់ទៅឱ្យវៀតណាម។ ពេលខាងមុខ អ្នកឯងប្រកាសក្នុងគោលនយោបាយអ្នកឯងទៅ ខ្ញុំអត់ខ្វល់ទេ»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ ខែសីហា នេះ ទំនងឆ្លើយតបជាមួយនឹងលោក សម រង្ស៊ី ដែលបានសរសេរលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថារូបលោកជាអ្នកការពារបូរណភាពទឹកដីប្រទេសកម្ពុជា មិនមែនដូចលោក ហ៊ុន សែន ដែលកាត់ទឹកដីខ្មែរ ដូចជា កោះត្រល់ ឱ្យទៅបរទេសឡើយ។
ក្នុងកម្មវិធី “សំឡេងសង្គ្រោះជាតិ” កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ លោក សម រង្ស៊ី បានបង្ហាញឯកសារបញ្ជាក់ពីការទទួលខុសត្រូវរបស់របបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ តំណាងដោយលោក ហ៊ុន សែន និង ហេង សំរិន ក្នុងការធ្វើឱ្យប្រទេសកម្ពុជា បាត់បង់ កោះត្រល់។
លោក សម រង្ស៊ី ក៏បានលើកឡើងពីឯកសារដែលភ្ជាប់មកជាមួយនោះ គឺលោក ហ៊ុន សែន បានចុះហត្ថលេខាក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ជំនួសមុខឱ្យរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតកម្ពុជា។
លោក សម រង្ស៊ី បានថ្លែងថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បានធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ទៅប្រទេសវៀតណាម។ លោក ចាត់ទុកសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ថាជាសន្ធិសញ្ញាខុសច្បាប់ ហើយកម្ពុជា ក៏អាចតស៊ូមតិ នៅលើឆាកអន្តរជាតិ ដើម្បីទាមទារយកទឹកដីនោះ មកវិញដែរ។
លោកថា ៖ «អ្វីដែល[លោក] ហ៊ុន សែន និយាយ គឺខុសទាំងអស់គ្នា បារាំង អត់ដែលកាត់កោះត្រល់ ទៅប្រទេសវៀតណាមទេ គ្រាន់តែពេលនោះ អាណានិគមបារាំង ជាអ្នកគ្រប់គ្រងទាំងប្រទេសវៀតណាមខាងត្បូង ហៅកូសាំងស៊ីន ហើយ[នឹង]ប្រទេសកម្ពុជា»។
អតីតព្រះរាជលេខាផ្ទាល់របស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទ នរោត្តម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលថា តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយ ទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោម ទៅឱ្យវៀតណាម នោះឡើយ។ ព្រះអង្គ បញ្ជាក់ថា ការមិនទទួលស្គាល់នេះ បង្ហាញថា ទឹកដីកម្ពុជាក្រោម នៅតែជាទឹកដីរបស់ខ្មែរ ដដែល។
ចំណែករឿងកោះត្រល់វិញ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះរាជបន្ទូលបន្តថា មុនឆ្នាំ១៩៨៥ កម្ពុជា មិនបានលើកពីបញ្ហា កោះត្រល់ ដោយសារកាលនោះ កោះត្រល់ នៅជាកម្មសិទ្ធិរបស់ខ្មែររួចទៅហើយ។ ប៉ុន្តែព្រះបរមរតនកោដ្ឋ បានទាមទារឱ្យអន្តរជាតិ ទទួលស្គាល់ព្រំដែនខ្មែរ ដែលចេញកាលពីឆ្នាំ១៩៥៣ និងព្រំដែនខ្មែរ ដែលបារាំង ផ្ទេរសិទ្ធិឱ្យកម្ពុជា គ្រប់គ្រងប្រទេសវិញ បន្ទាប់ពីទទួលបានឯករាជ្យ។
លោកថា ៖ «បារាំង ផ្ទេរសិទ្ធិទៅឱ្យខ្មែរយើងគ្រប់គ្រង យើងបានឯករាជ្យ គឺក្នុងផែនទីរបស់ខ្មែរ គឺមានកោះត្រល់ នៅក្នុងហ្នឹង។ ហេតុដូច្នេះ យើងអត់មានទៅទាមទារអ្វីដែលយើងចាត់ទុកថា ជារបស់យើងទេ។ មូលហេតុហ្នឹងហើយ ដែលព្រះបរមរតនកោដ្ឋ មិនទាមទារកោះត្រល់ គឺក្នុងផែនទីជាផ្លូវការ ដែលយើងទៅបង្រៀននៅក្នុងសាលារៀនសម័យសង្គមរាស្ត្រនិយម រហូតទៅដល់គេទម្លាក់លោក [១៨ មីនា ឆ្នាំ១៩៧០]។ ក្នុងផែនទីខ្មែរ គ្រប់ផែនទីខ្មែរជាផ្លូវការ គឺមានកោះត្រល់»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបន្លំប្រវត្តិសាស្ត្រទាំងស្រុង។ លោកថា បើតាមឯកសារប្រវត្តិសាស្ត្រ បារាំង មិនបានកាត់កោះត្រល់ ប្រគល់ឱ្យវៀតណាមឡើយ។ លោកបន្តថា លោក ហ៊ុន សែន កំពុងអះអាងជំនួសវៀតណាម ទម្លាក់កំហុសលើបារាំង ហើយបំភ្លៃប្រវត្តិសាស្ត្រពិត។
លោកថា ៖ «ទម្លាក់កំហុសលើប្រវត្តិសាស្រ្ត បន្លំប្រវត្ដិសាស្ត្រ ទម្លាក់កំហុសលើបារាំង អតីតអគ្គទេសាភិបាលកូសាំងស៊ីន ក៏ខុស គឺបំពានឯកសារដើមរបស់លោក។ លោក ហ៊ុន សែន គួរតែសារភាពថា គាត់បានធ្វើកិច្ចព្រមព្រៀងជាមួយយួន នេះ អាហ្នឹង បានត្រឹមត្រូវ ពីព្រោះគាត់បានយល់ស្របប្រគល់ កោះត្រល់ និងចង្កោមកោះក្រចកសេះ ទៅឱ្យយួន នៅឆ្នាំ១៩៨២ ហ្នឹង អត់មានពីប្រវត្តិសាស្រ្តណាទេ។ ដូច្នេះ លោក ហ៊ុន សែន ល្មមភ្ញាក់រលឹកហើយ កុំបន្តបន្លំប្រវត្តិសាស្រ្តបន្តទៀត រឿងនេះជារឿងប្រព្រឹត្តអំពើក្បត់ជាតិ ពាក់ព័ន្ធនឹងការលក់ទឹកដី»៕
……………….
ឯកសារភ្ជាប់ ៖
– លិខិតលោក ប្រេវីយេ (Brévié) អំពីកោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស – English និង បារាំង – French ហើយនិងបកប្រែក្រៅផ្លូវការជា ភាសាខ្មែរ – Khmer)។
– កិច្ចព្រមព្រៀងតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និងលោក ង្វៀង កូថាច់ (សូមទាញយក «ច្បាប់ដើម» Download ឬទាញយក «ចម្លង» Download)។
– ព្រះរាជសារសម្តេច រោត្តម សីហនុ ថ្ងៃទី ១៦ តុលា ២០០៤ អំពី កម្ពុជាក្រោម និង កោះត្រល់។ (សូមទាញយក ព្រះរាជសារ – Download)។
– អនុសញ្ញា UN ស្តីពីច្បាប់សមុទ្រ UNCLOS-1982 (សូមទាញយក «ភាសាអង់គ្លេស» Download ឬទាញយក «ភាសាខ្មែរ» Download)។
– សម្រង់ឯកសារ៖ ព្រំដែនខ្មែរ និងកោះត្រល់ ជាមួយវៀតណាម។
– ឯកសារ៖ «កោះត្រល់ មានឈ្មោះក្នុងសៀវភៅសិក្សា ១៩៨៥ របស់ខ្មែរ! តើរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើអ្វីខ្លះក្នុងរឿងនេះ?»។
.

