ឯកសារឆ្លើយឆ្លងរវាងព្រះមហាក្សត្រ នរោត្តម សីហនុ ជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ បានបញ្ជាក់យ៉ាងច្បាស់ថា «ដាក់ជាមោឃភាព ឬលុបចោល» នូវសន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ទាំងឡាយ ដែល​ធ្វើឡើងចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ ពីព្រោះវា​មិនស្រប​ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ នោះជាការឆ្លើយតបរបស់លោក ហ៊ុន សែន បំភ្លឺទៅលើព្រះរាជសារព្រះមហាក្សត្រ ក្នុងថ្ងៃទី ៣១ កក្កដា ដដែល។

គួសបញ្ជាក់ថា បញ្ហាចម្រូងចម្រាសរឿងព្រំដែន រវាងកម្ពុជា និងវៀតណាម ជារឿងស្មុគស្មាញ នាំឲ្យមានទំនាស់ផ្ទៃក្នុងកម្ពុជាគ្នាឯង ក្នុងចំណោមអ្នកធ្វើកិច្ចការព្រំដែន ដែលមានក្រុមចលនានិស្សិតខ្មែរ, គណៈកម្មាធិការព្រំដែន​កម្ពុជា នៅប្រទេសបារាំង, អ្នកជំនាញច្បាប់មួយចំនួន និង ព្រះមហាក្សត្រ នរោត្តម សីហនុ ពោលគឺ​សុទ្ធតែប្រឆាំងជំទាស់ ទៅនឹងជំហររដ្ឋាភិបាលលោក ហ៊ុន សែន។

ទោះបីលោក ហ៊ុន សែន បញ្ជាក់ជំហរថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ជាមួយ​វៀតណាម នៅមុនឆ្នាំ១៩៩០ វាមិនស្របច្បាប់យ៉ាងណាក្តី ក៏លោក ហ៊ុន សែន ខ្លួនឯងនៅតែបន្តអនុវត្តសន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងនោះ តាមការចង់បានរបស់​វៀតណាម ដោយបង្កើតសន្ធិសញ្ញាថ្មីៗបន្ថែមទៀត រួមមាន ​សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ និង សន្ធិសញ្ញបំពេញបន្ថែម ឆ្នាំ២០១៩ ដែលជាផ្នែកមួយ នៃការបែកបាក់ជាតិខ្មែរ និង វិបត្តិនយោបាយ​​ខ្មែរគ្នាឯង។
(អត្ថបទបន្ថែមដោយ លោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៧ មករា ២០២០)


ខាងក្រោមនេះ គឺជាខ្លឹមសារចម្លងទាំងស្រុង ពីសារលិខិតរបស់លោក ហ៊ុន សែន ទៅកាន់ព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ ដូចតទៅ៖

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

……………
រាជរដ្ឋាភិបាលកម្ពុជា
លេខ៖ ១១៦ លស

សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ព្រះករុណាជាម្ចាស់ជីវិតលើត្បូង

ទូលបង្គំបានទទួលរួចហើយនូវព្រះរាជសារ ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០ ដែល​ក្នុ​ងនោះ ​មានការលើកទូលថ្វាយ​ព្រះករុណា​ថ្លៃវិសេស អំពីកង្វល់​ចំពោះបញ្ហា ព្រំដែន​កម្ពុជា-វៀតណាម ដែល​មានការពាក់ព័ន្ធដល់ សន្ធិសញ្ញា និង កិច្ចព្រមព្រៀង នាឆ្នាំ ១៩៧៩ ឆ្នាំ ១៩៨២ ឆ្នាំ ១៩៨៣ និងឆ្នាំ១៩៨៥ រវាងប្រទេសកម្ពុជា និង ប្រទេសវៀតណាម។ 

ចំពោះបញ្ហានេះ ទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណា​ជាម្ចាស់​ជីវិត​តំកល់លើត្បូង ដូចមានខ្លឹមសារតទៅ៖ 

១. ក្រោយពីកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជំលោះកម្ពុជា នាថ្ងៃ​ទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ត្រូវបាន​ចូលជាធរមាន ជាពិសេសខ្លឹមសារ​ក្នុងចំណុចទី II មាត្រាទី ១ ត្រង់ចំណុច ឃ បានចែងថា «បញ្ចប់សន្ធិសញ្ញា និង កិច្ចព្រមព្រៀងទាំងឡាយ ដែលមិនសមស្រប ទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភ​បាន​នៃដែនដី អាព្យាក្រឹតភាព និង ឯកភាពជាតិរបស់ខ្លួន» គឺតាមទូល​ព្រះបង្គំ​ជា​ខ្ញុំ​យល់ឃើញថា មានអត្ថន័យគ្រប់គ្រាន់តាមផ្លូវច្បាប់ សំរាប់អនុវត្តន៏ទៅលើបណ្តាសន្ធិសញ្ញា ឬ កិច្ចព្រមព្រៀងទាំងឡាយណា ដែលមានខ្លឹមសារ ផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស

២. បន្ទាប់ពីបានបង្កើតឡើងនូវរាជរដ្ឋាភិបាលចំរុះ នាថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ការងារ​ទំនាក់ទំនង និង សហប្រតិបត្តិការ​អន្តរជាតិ ជារួមត្រូវបានពង្រឹង និង​ពង្រីកអោយ​កាន់​តែល្អ​ប្រសើរ ក្នុងនោះ កិច្ចសហប្រតិបត្តិការ​ជាមួយបណ្តា​ប្រទេសជិតខាង ជាពិសេសជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានកែប្រែ​តាមរូបភាពថ្មី ឆ្លងតាមរយៈ​នៃការផ្លាស់ប្តូរ​ទស្សនៈកិច្ចជាផ្លូវការ របស់គណៈប្រតិភូជានខ្ពស់ខាង​នីតិបញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ រវាងប្រទេសទាំងពីរ​កន្លងមក។ 

ផ្អែកតាមសភាពការណ៏បច្ចុប្បន្ន និងផ្អែក​តាមយោបល់​ទាំងពីរចំណុច ដូច​បាន​ទូល​​ថ្វាយ​ខាង​​លើ ទូលព្រះបង្គំ​ជាខ្ញុំ​យល់​ឃើញថា រាជរដ្ឋាភិបាលពុំគួរដាក់ចេញសេចក្តីថ្លែងការណ៏ជាផ្លូវការ និង ចំហរ ស្តីអំពីការដាក់មោឃភាព នៃបណ្តាកិច្ចព្រមព្រៀង និង សន្ធិសញ្ញាមួយចំនួន ជាមួយប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះទេ ដោយទុកឪកាសជូន គណៈកម្មាការចំរុះព្រំដែនកម្ពុជា-វៀតណាម ដែលបានកំពុងនឹងបន្តធ្វើការចរចារយ៉ាងស្វិតស្វាញ រហូតដល់ទទួលបានលទ្ធផលល្អក្នុងទីបញ្ចប់ ។ (?)

ទូលព្រះបង្គំជាខ្ញុំ តាងនាមរាជរដ្ឋាភិបាល សូមព្រះរាជានុញ្ញាតប្រសិទ្ធិពរថ្វាយព្រះករុណាថ្លៃវិសេស និង សម្តេចព្រះរាជអគ្គមហេសី ជាទីគោរពសក្ការៈ សូមទ្រង់ប្រកបដោយព្រះពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឈ្លៀងឃ្លាតឡើយ។ 

សូមព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះរាជអគ្គមហេសីជាទីសក្ការៈ ព្រះមេត្តាទទួលនូវគាវរភក្តីដ៏ស្មោះ និង ការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំជាខ្ញុំ។ 

រាជធានីភ្នំពេញ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០០០
(ហត្ថលេខា និងត្រា)

ហ៊ុន សែន
នាយករដ្ឋមន្រ្តី

……………….
កសារភ្ជាប់

  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០១៩ សូមទាញយក Download)
  • – សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ លើសន្ធិសញ្ញាកំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ (សូមទាញយក Download)
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និង​វៀតណាម ឆ្នាំ ១៩៨៥ ភ្ជាប់​ជាមួយ​បញ្ជី​ស្ថិតិ ផែន​ទី​​ព្រំដែន ១៩៨៥ (ដើម) Download 
  • – សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាង​កម្ពុជា និង វៀតណាម ឆ្នាំ ១៩៨៥ (សូម​ទាញ​យក Download)
  • – កិច្ចព្រមព្រៀង ស្តីពីលក្ខន្តិកៈព្រំដែនគោក ថ្ងៃ ២០ កក្កដា ១៩៨៣ Download
  • – កំណត់ហេតុ​ប្រជុំ ជាឯកសារ​សម្ងាត់ ឆ្នាំ​២០០៧ ស្តី​ពី​​​ការបោះបង្គោល​​ព្រំដែន​ ​កម្ពុជា​-​វៀតណាម Download
  • – សារាចរណ៍ណែនាំ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ១៩៨៦ ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បានផ្តល់​សិទ្ធិ និងជួយ​ការពារពលរដ្ឋ​វៀតណាម​ខុសច្បាប់ នៅ​កម្ពុជា (Download)
  • – លិខិតលោក ប្រេវីយេ (Brevie) កោះត្រល់ ថ្ងៃ ៣១ មករា ១៩៣៩ (សូមទាញយក ជាអង់គ្លេស និង ជាបារាំង និងបកប្រែក្រៅផ្លូវការ ភាសាខ្មែរ)
  • – សន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ថ្ងៃ ៧ កក្កដា ១៩៨២ រវាងលោក ហ៊ុន សែន និង ង្វៀង កូថាច់ (សូម​ទាញយក​ «ច្បាប់ដើម» Download ឬទាញ​យក​ «ចម្លង» Download)
  • – សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ១៩៧៩ Download
  • – កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ Download
  • – ច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ Download
  • – ច្បាប់ស្តីពីសញ្ជាតិខ្មែរ ឆ្នាំ១៩៩៦ Download
  • លិខិតលោក ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហនុ ថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០០០ (សូមទាញយក Download)

.

.